ដោយ ពង្ស សុក្រឹត្យ
ក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងបារីស
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មកព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតជាសកល
នៅឆ្នាំ១៩៩៣ ហើយបង្កើតបាននូវរដ្ឋធម្មនុញ្ញមួយប្រកាន់យកនូវរបបរាជានិយម
អាស្រ័យធម្មនុញ្ញ និងជ្រើសយកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីឲ្យមានការប្រកួតប្រជែងគ្នា
រវាងគណបក្សនយោបាយទាំងអស់។ ដូច្នេះហើយ
ទើបយើងឃើញមានគណបក្សជាច្រើនតែងតែបានចូលរួមប្រកួតប្រជែងគ្នានៅរៀងរាល់ការបោះឆ្នោត
ទាំងសកល និងអសកល មិនដែលខកខាន ឬលើកពេលម្តងណាឡើយ។
ទាក់ទងទៅនឹងការប្រកួតប្រជែងនេះ
ប្រជាពលរដ្ឋតែងតែធ្វើការជ្រើសរើសយកគណបក្សដែលខ្លួនពេញចិត្ត ជាពិសេសជ្រើសរើសគណបក្សដែលមានស្នាដៃ
ក្នុងការការពារ និងកសាងប្រទេសជាតិ
និងគណបក្សនយោបាយដែលមានបទពិសោធន៍ ព្រមទាំងមានភាពចាស់ទុំខាងនយោបាយ
ដើម្បីមកដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ។
អ្នកវិភាគ
និងប្រជាពលរដ្ឋ មើលឃើញថា ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានបទពិសោធន៍ដ៏យូរលង់មកហើយ
និងមានភាពចាស់ទុំខាងនយោបាយ ហើយតែងតែបានបង្ហាញជូនប្រជាពលរដ្ឋនូវស្នាដៃពិតៗ
មិនសន្យា តែធ្វើ។ គណបក្សប្រជាជនកម្ពុជាក៏បានសម្រេចជាជំហ៊ានៗរបស់ខ្លួន
ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ ដែលបានបង្ហាញជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់
ដូចជា រាល់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក
គឺមានតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ
ដែលហ៊ានលះបង់ខ្ពស់ក្នុងការជួយប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាក់ស្តែង គុណបំណាច់ដ៏ថ្លៃថ្លា ក្នុងការរំដោះជីវិតប្រជាជនកម្ពុជាឲ្យបានរស់រានមានជីវិតឡើងវិញ
វាគឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា
ដែលបានចាប់ផ្តើមតាំងពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
សមិទ្ធផល
ដែលលេចធ្លោ ជាបន្តបន្ទាប់នោះ គឺ ការកសាងប្រទេសតាំងពីបាតដៃទទេ រហូតប្រទេសជាតិបានទទួលនូវវឌ្ឍនៈភាព
គួរជាទីមោទនៈ។ ក្រោមការដឹកនាំ
និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន
ជាប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធដែលខ្ទេចខ្ទាំដោយសារសង្គ្រាមបានល្អប្រសើរឡើងវិញ
នៅទូទាំងប្រទេស។សាលារៀន វត្តអារាម
និងទីប្រជុំជននានា នៅតាមមូលដ្ឋាន មានការអភិវឌ្ឍន៍គួរជាទីមោទនៈ
ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ មានការកើនឡើងជារៀងរាល់ឆ្នាំ។
ជាលទ្ធផល ភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយជាបន្តបន្ទាប់
និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ
ជាពិសេស ភាពស្មើមុខមាត់គ្នារបស់ជាតិក្នុងពិភពលោក។
ដោយសារបទពិសោធន៍
និងស្នាដៃដ៏ថ្លៃថ្លាកន្លងមកនេះហើយ ទើបគណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសនាំមុខគេ
របស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីដឹកនាំប្រទេសក្នុងអាណត្តិទី៥ នេះ
និងអាណត្តិក្រោយៗខាងមុខទៀត។
អ្នកវិភាគក៏មើលឃើញផងដែរថា
កន្លងមកគណបក្ស ហ៊្វុនស៊ីនប៊ិច ក៏ជាគណបក្សនយោបាយមួយដែលមានប្រវត្តិចាស់ទុំផងដែរ
ប៉ុន្តែ ដោយសារតែថ្នាក់ដឹកនាំនៃគណបក្សនេះ ក្រោយពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋហើយ
ក៏លែងយកចិត្តទុកដាក់ពីទុក្ខលំបាករបស់រាស្ត្រ ហើយប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម
ទើបប្រជាពលរដ្ឋឈប់គាំទ្រ រហូតមកដល់ពេលនេះ។
រីឯ គណបក្សសង្គ្រោះជាតិ
គឺជាគណបក្សមួយថ្មី មិនដែលមានប្រវត្តិ ឬស្នាដៃក្នុងការដឹកនាំប្រទេស
ឬធ្វើនយោបាយពីមុនៗមកនោះទេ ហើយមូលហេតុដែលគណបក្សនេះ មានសម្លេងកើនឡើងក្នុងអាណត្តិទី៥នេះ
ក៏ដោយសារការប្រើយុទ្ធសាស្ត្រ សន្យាជាមួយប្រជាពលរដ្ឋ
នូវចំណុចរាប់រយជំពូកដើម្បីទាក់ទាញនូវសន្លឹកឆ្នោតរបស់ពលរដ្ឋ។
យុទ្ធសាស្ត្រនេះ បើតាមអ្នកវិភាគយល់ឃើញថា នឹងមិនអាចទទួលបាននូវលទ្ធផលយូរអង្វែងឡើយ
ព្រោះទង្វើបច្ចុប្បន្នរបស់គណបក្សសង្គ្រោះជាតិនេះ បានធ្វើឲ្យប្រជារាស្ត្រមានការខកចិត្តគ្រប់ៗគ្នា
ដោយសារតែនយោបាយសន្យាហួសព្រំដែននៃតថៈភាពសង្គម និងការភូតកុហក់បោកប្រាស់របស់ខ្លួន
ដែលប្រជាពលរដ្ឋយល់ឃើញថា ជាការសន្យារបៀបធ្វើឲ្យប្រជាពលរដ្ឋរំភើប
បែបស្រមើស្រមៃ ហើយទីបំផុត គឺមេដឹកនាំគណបក្សនេះជាអ្នកទទួលផលប្រយោជន៍ទៅវិញ។
ការប្រើនូវនយោបាយប្រជាភិថុតិ
តាមបែបបំភ្លៃការពិត និងការសន្យាថា នឹងដោះស្រាយបញ្ហា
ដែលមិនអាចធ្វើទៅរួចនេះ គឺក្នុងបំណងតែមួយគត់គឺ ការច្បាមយកអំណាច
និងផលប្រយោជន៍ដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ ជាក់ស្តែង មកដល់បច្ចុប្បន្ននេះ
មេបក្សទាំងពីរ បានទទួលលាភសក្ការៈយ៉ាងក្រាស់ក្រែល ដូចជាបុណ្យសក្តិ
តួនាទីនៅក្នុងស្ថាប័នរដ្ឋសភា រថយន្តទំនើបៗ ផ្ទះវីឡា និងដីចម្ការម្រេច
ឬចម្ការដំឡូងមី រាប់សិបហិកតា យ៉ាងហឺហា។ បន្ថែមលើសនេះទៀត គ្រាន់តែក្នុងរយៈពេលមិនដល់១ឆ្នាំផង
មានព័ត៌មានដែលគួរឱ្យជឿទុកចិត្តបានបង្ហាញថា នៅក្នុងគណនីធនាគាររបស់មេដឹកនាំគណបក្សប្រឆាំង
មានលុយរហូតដល់រាប់លានដុល្លារ ទៅហើយ ចុះទម្រាំដល់ពេលឡើងកាន់អំណាច
តើនឹងប្រព្រឹត្តិអំពើពុករលួយដល់កម្រិតណា?
អ្វីដែលប្រជាពលរដ្ឋគួរឲ្យឈឺចាប់នោះគឺរយៈពេលកន្លងមក
គណបក្សសង្គ្រោះជាតិ បានអូសទាញកម្លាំងគ្រប់ស្រទាប់
ទាំងប្រជាពលរដ្ឋនៅជនបទ និងទីក្រុង ឲ្យមកចូលរួមកំដរឆាកនយោបាយរបស់ខ្លួន
ហើយទីបំផុតបាននៅត្រឹមតែការសន្យា នៅតែជាការសន្យាដដែល ។
ប្រជាពលរដ្ឋខ្លះ លក់មាន់ លក់ទា ខ្លះទៀតលក់ដល់ឆ្កែ និងផ្អើលតាមការញុះញង់របស់លោក
សម រង្ស៊ី និងលោក កឹម សុខា មកភ្នំពេញធ្វើបាតុកម្ម ។ ប៉ុន្តែ មកដល់ពេលនេះ
ប្រជាពរដ្ឋបានសំដែងការខកចិត្តជាខ្លាំង បន្ទាប់ពីបានចាញ់បោកគេ
គឺពួកគាត់នៅទីណា នៅទីនោះដដែល ជីវភាពពីមុនយ៉ាងណា គឺនៅតែយ៉ាងនោះដដែល
ហើយអ្នកខ្លះបានបាត់បង់ជីវិតថែមទៀតផង ដោយសារនយោបាយញុះញង់
បំផុសកំហឹងជាតិសាសន៍ និងការទាមទារផ្សេងៗដែលមិនសមស្រប
និងមិនអាចធ្វើទៅរួច ក្នុងស្ថានភាពបច្ចុប្បន្ន នៅកម្ពុជា។
បើនិយាយពីបទពិសោធន៍ក្នុងការដឹកនាំប្រទេសវិញ ទាំងធនធានមនុស្ស
និងស្នាដៃកសាងជាតិ គឺគណបក្សសង្គ្រោះជាតិ មិនធ្លាប់ដែលបានបង្ហាញឲ្យឃើញជាក់ស្តែងម្តងណាឡើយ
ដូចជាការកសាងវត្តអារាម ផ្លូវថ្នល់ សាលារៀន ស្រះទឹក ឬសង់ផ្ទះ ជូនជនក្រីក្រ
នៅតាមជនបទ ។ ល ។ គឺមិនមានទាល់តែសោះ។
បើចុះទៅមូលដ្ឋាន ម្តងៗ គឺមានតែការបំផុសនូវកំហឹងចងអាឃាត
ឲ្យប្រជាពលរដ្ឋស្អប់គណបក្សនេះ ឬគណបក្សនោះ និងឆ្កឹះឆ្លៀលប្រជាពលរដ្ឋឲ្យស្អប់អ្នកមាន
ឬអ្នកវិនិយោគទុន បង្កការរំខានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើឲ្យប្រទេសមានអសន្តិសុខ
ប្រជាជនមានការភ័យខ្លាចមិនហ៊ានបោះទុនរកស៊ីធំដុំ នៅពេលមានបាតុកម្ម ជាដើម។
ដូច្នេះ អ្វីៗគឺគណបក្សសង្គ្រោះជាតិមានតែក្នុងទ្រឹស្តី
ដូចពាក្យចាស់ពោលថា « សាលាថា មិនដូចសាលាធ្វើ » នោះទេ។
រាល់ពេលដែលប្រជាពលរដ្ឋមានទុក្ខ មេដឹកនាំគណបក្សសង្គ្រោះជាតិ
តែងគេចវេសទៅបរទេស ឬពេលមានគ្រោះមហន្តរាយ ដូចជាទឹកជំនន់ ឬគ្រោះរាំងស្ងួត
គឺមិនដែលជួយដោះស្រាយ និងសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋសោះឡើយ។
សរុបមក
ក្រៅតែពីការលើកឡើងនូវការសន្យាដដែលៗនៅចំពោះមុខម្ចាស់ឆ្នោត
ជំនាញរបស់មេបក្សទាំងពីរ ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី
គឺគ្មានអ្វីក្រៅតែពីការប្រកូកប្រកាសប្រជាពលរដ្ឋឲ្យមកធ្វើបាតុកម្ម
និងបង្កឲ្យមានអស្ថេរភាពសង្គមម្តងហើយម្តងទៀតតែប៉ុណ្ណោះ។ ជាក់ស្តែង
នៅពេលដែលមានវត្តមានរបស់ពួកគេនៅក្នុងប្រទេសម្តងៗ លោក កឹម សុខា
និងលោក សម រង្ស៊ី តែងតែធ្វើព្យុះ ធ្វើភ្លៀង បង្កចលាចលក្នុងសង្គម
ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការប្រកបរបរទទួលទាន និងគម្រាមដល់អ្នកដែលមកបណ្តាក់ទុននៅកម្ពុជា
ថានឹងលុបចោលនូវកិច្ចសន្យានានា នៅពេលដែលបក្សគេបានឡើងកាន់អំណាច និងបង្កដល់ការរំខានពេលវេលាក្នុងការធ្វើស្រែចម្ការរបស់កសិករ
ជាប្រចាំ។ ដូច្នេះ មានន័យថា «
គណបក្សសង្គ្រោះជាតិមិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋដើម្បីយកមកដឹកនាំប្រទេសឡើយ
» ៕