Monday, November 30, 2015
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦ ដូចការរំពឹងទុករបស់ប្រមុខរាជរដ្ឋាភិបាល
បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភាជាតិ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៥នេះ អង្គសភាបានពិភាក្សានិងសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ ឆ្នាំ២០១៦ ដោយសំឡេង៦៦ លើ៦៦ ដែលស្មើនឹងចំនួន១០០ភាគរយ នៃសមាជិកសភា ដែលបានចូលប្រជុំ។
ការសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះ គឺស្របទៅតាមការរំពឹងទុករបស់ប្រមុខរាជរដ្ឋាភិបាលខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន។ នៅថ្ងៃនេះសម្តេចតេជោ បានបង្ហោះសារនៅក្នុងគេហទំព័រផ្លូវការរបស់សម្តេចថា សម្តេចមាន សង្ឃឹមថា រដ្ឋសភានឹងអនុម័តច្បាប់នេះ ដើម្បីរាជរដ្ឋាភិបាលដឹកនាំចាត់ចែងការងារលើគ្រប់ វិស័យបន្តទៀត ក្នុងនោះក៏មានការតម្លើងបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជនផងដែរ។
គួរបញ្ជាក់ថាការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មិនមានវត្តមានតំណាងរាស្ត្រ របស់គណបក្ស សង្រ្គោះជាតិនោះទេ។ តាមគម្រោងក្នុងឆ្នាំ២០១៦ខាងមុខនេះ កម្ពុជាគ្រោងនឹងចំណាយ ថវិកាសរុបក្នុងរង្វង់ទឹកប្រាក់១៧.៤៦២.៤៧៧លានរៀល (ប្រហែល ៤.៣៦៥លាន ដុល្លារអាមេរិក) ដែលចំនួននេះ មានកំណើន១៦,១ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ស្មើនឹង ២១,៣១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)៕
សម្តេចតេជោ អនុញ្ញាតិឲ្យគណៈប្រតិភូបច្ចេកទេស សាងសង់ពហុកីឡដ្ឋានមរតកតេជោ ចូលជួបពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៥នេះ បានអនុញ្ញាតឲ្យលោកជំទាវ ប៊ូ ឈៀងគ័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដឹកនាំ គណៈប្រតិភូបច្ចេកទេស សាងសង់ពហុកីឡដ្ឋានជាតិ មរកតតេជោ ចូលជួបពិភាក្សាការងារ នៅវិមាន សន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយ ជំនួបនេះថា នៅក្នុងជំនួបនេះ គណៈប្រតិភូបច្ចេកទេស បានគោរពរាយការណ៍ជូនសម្តេចតេជោថា បន្ទាប់ពីរាជរដ្ឋាភិបាលបានជ្រើសរើសយក ជម្រើសសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោហើយ ក្រុម ប្រឹក្សាបច្ចេកទេសបានរៀបចំកែសម្រួល ដាក់បញ្ចូលរចនាបទផ្ការំដួល ដែលឆ្លុះបញ្ចាំង អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពហុកីឡដ្ឋានជាតិនេះផងដែរ។លោកជំទាវបានបន្តថា ពហុកីឡដ្ឋានជាតិនេះ ត្រូវបានសាង់សង់មានដំបូល ដែលអាចចាំងពន្លឺ និងខ្យល់ចេញចូលបាន ដើម្បីធ្វើយ៉ាងណាឲ្យមានពន្លឺ និងខ្យល់ត្រជាក់នៅក្នុងនោះ ដោយមានស្រះទឹកព័ទ្ធជុំវិញ ហើយអាចទទួលទស្សនិកជន បានប្រមាណ៦ម៉ឺននាក់។ ជារួមស្ថាបត្យកម្មពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានឆ្លុះបញ្ជាំងពីវប្បធម៌ខ្មែរពិតៗ និងបរិស្ថានបៃតង បន្ថែមទៅដោយរចនានិងការធ្វើចរាចរណ៍យ៉ាងងាយស្រួល។
ជាមួយគ្នានេះពហុកីឡដ្ឋានជាតិនេះ អាចធ្វើជាកន្លែងប្រគុំតន្រ្តីការិយាល័យធ្វើការ កីឡាបាល់ទាត់ កន្លែងតាំងពិព័រណ៌ អត្តពលកម្មទៀតសោតគឺអាចជួលសម្រាប់ទាញយកកំរៃ ដើម្បីយកមកថែទាំពហុកីឡដ្ឋានជាតិដោយខ្លួនឯង។ លោកជំទាវបានបញ្ជាក់ថា បើតាមគម្រោងនៃសាងសង់ពហុកីឡដ្ឋានមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមឆ្នាំ២០២០។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការជ្រើសរើសគំរូប្លង់ដោយយកលំនាំតាមរាងសំពៅ គឺមានមូលហេតុថា ប្រវត្តិសាស្ត្រចិនធ្វើទំនាក់ទំនង ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់សំពៅ ។ បន្ថែមលើសពីនេះ យុទ្ធសាស្ត្រថ្មីរបស់ចិន គឺផ្លូវសូត្រសមុទ្រសតវត្សន៍ទី២១ រួមទាំងនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយផងដែរ ។មូលហេតុនេះហើយបានជាសម្តេចជ្រើសរើសគំរូប្លង់ជារាងសំពៅនេះ។ សម្តេចបានសម្តែងនូវការរីករាយ ដែលក្រុមបច្ចេកទេសបានយកចិត្តទុកដាក់ទៅលើបញ្ហាជម្លៀស និងថែទាំពហុកីឡដ្ឋានជាតិនេះ។ សម្តេចបានបន្តថា តាមបទពិសោធន៍កន្លងមក ការសាងសង់គឺជារឿងលំបាកមួយហើយ ប៉ុន្តែការថែទាំគឺជារឿងលំបាកមួយទៀត៕
សម្តេច តេជោ ថ្លែងពីសារៈសំខាន់នៃការអនុម័តច្បាប់ថវិកាឆ្នាំ២០១៦
យោងតាមគេហទំព័រផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋសភានឹងពិនិត្យអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ២០១៦ នៅថ្ងៃនេះ។ សម្តេចបានលើកឡើងថា សង្ឃឹមថារដ្ឋសភានឹងអនុម័តច្បាប់នេះ ដើម្បីរាជរដ្ឋាភិបាលដឹកនាំ
ចាត់ចែងការងារលើគ្រប់វិស័យបន្តទៀត ក្នុងនោះក៏មានការតម្លើងបៀវត្សជូនមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជនផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ច្បាប់ថវិកាឆ្នាំ២០១៦ក៏លុបចោលផងដែរនូវពន្ធ តាមរបបម៉ៅការ ដើម្បីសម្រួលដល់អាជីវករតូចតាច ដែលលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជិវិត។ សម្តេចបន្ថែមថា ច្បាប់នេះក៏នឹងលុបចោល ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ មួយចំនួនដូចជា ទោចក្រយានយន្ត ត្រីចក្រយាន្តយន្ត ត្រាក់ទ័រ គោយន្ត និងជលយាន្តតូចៗ ដើម្បីជួយកាត់បន្ថយការចំណាយ និងលើកកំពស់ជីវភាពប្រជាជន។ ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាចុងខ្សែពីរនៃចំណងមួយ ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណារទាប។
សម្តេចតេជោ បានមានប្រសាសន៍ថា យើងបាននឹងកំពុងមានសន្តិភាព និងស្ថេរភាពខាង នយោបាយល្អ ដែលជាមូលដ្ឋានសំរាប់ការលូតលាស់ខាង សេដ្ឋកិច្ច សង្គម ដែលយើង
ត្រូវប្រឹងប្រែងរួមគ្នាដើម្បីសំរេចគោលដៅដែលយើងបានដាក់ចេញ៕
Subscribe to:
Posts (Atom)