បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភាជាតិ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៥នេះ អង្គសភាបានពិភាក្សានិងសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ ឆ្នាំ២០១៦ ដោយសំឡេង៦៦ លើ៦៦ ដែលស្មើនឹងចំនួន១០០ភាគរយ នៃសមាជិកសភា ដែលបានចូលប្រជុំ។
ការសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះ គឺស្របទៅតាមការរំពឹងទុករបស់ប្រមុខរាជរដ្ឋាភិបាលខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន។ នៅថ្ងៃនេះសម្តេចតេជោ បានបង្ហោះសារនៅក្នុងគេហទំព័រផ្លូវការរបស់សម្តេចថា សម្តេចមាន សង្ឃឹមថា រដ្ឋសភានឹងអនុម័តច្បាប់នេះ ដើម្បីរាជរដ្ឋាភិបាលដឹកនាំចាត់ចែងការងារលើគ្រប់ វិស័យបន្តទៀត ក្នុងនោះក៏មានការតម្លើងបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជនផងដែរ។
គួរបញ្ជាក់ថាការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មិនមានវត្តមានតំណាងរាស្ត្រ របស់គណបក្ស សង្រ្គោះជាតិនោះទេ។ តាមគម្រោងក្នុងឆ្នាំ២០១៦ខាងមុខនេះ កម្ពុជាគ្រោងនឹងចំណាយ ថវិកាសរុបក្នុងរង្វង់ទឹកប្រាក់១៧.៤៦២.៤៧៧លានរៀល (ប្រហែល ៤.៣៦៥លាន ដុល្លារអាមេរិក) ដែលចំនួននេះ មានកំណើន១៦,១ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ស្មើនឹង ២១,៣១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)៕

No comments:
Post a Comment