យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញ
អង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេច
អនុម័ត លើសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ
និងផលិតកម្មសត្វ ដោយក្នុងនោះ
សេចក្តីព្រាងច្បាប់នេះ មាន ២២ជំពូក និង ១២៥មាត្រា
មានវិសាលភាពគ្របដណ្តប់លើវិស័យសុខភាពសត្វ
និងផលិតកម្មសត្វនៅព្រះរាជាណាចក្រកម្ពុជា
ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាកំណត់ថ្ងៃទី៨ ខែមករា រៀងរាល់ឆ្នាំ
ជាសត្តទិវាជាតិរួមជាមួយនឹងសត្តទិវាអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រី
បានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជាទទួលបាន ឯករាជ្យ ពីប្រទេសបារាំងពីឆ្នាំ១៩៥៣
ដល់ឆ្នាំ១៩៧៥ តាមការស្រាវជ្រាវបានបង្ហាញថា
ផ្នែកសេវាផលិតកម្ម និងបសុព្យាបាល (Service
de la Production
et de la Santé animale) នៅជំនាន់នោះ
មិនទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិដើម្បីបំពេញតម្រូវការសេវាសាធារណៈក្នុងផ្នែកនេះនៅឡើយទេ
គឺមានតែសេចក្តីសម្រេចប៉ុណ្ណោះសម្រាប់យកមកប្រើប្រាស់។
បន្ទាប់មកនៅឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះមានៈ (១) អនុក្រឹត្យលេខ១៤
ស្តីពីការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ
(ឆ្នាំ១៩៨៨)។ (២) អនុក្រឹត្យលេខ២៩ ស្តីពីសត្តឃាតដ្ឋាន និងកន្លែងពិឃាតសត្វ
(ឆ្នាំ១៩៩០)។ (៣) អនុក្រឹត្យលេខ២៦ ស្តីពីការបង្កើត
និងការគ្រប់គ្រងភ្នាក់ងារសុខភាពសត្វភូមិ (ឆ្នាំ២០០១)
ព្រមទាំងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត។
បច្ចុប្បន្ននេះ
ដោយសារតែការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូលមានការវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ ស្របទៅនឹងអត្រាកំណើនរបស់ប្រជាជនពីមួយឆ្នាំទៅមួយឆ្នាំ។
តម្រូវការសាច់សត្វមានការកើនឡើង ផលិតកម្មសត្វកាន់តែមានភាពទំនើប
ហើយគុណភាពអនាម័យសាច់ត្រូវបានលើកកម្ពស់។ ស្ថិតក្នុងបរិការណ៍នេះ
រាជរដ្ឋាភិបាលបានសម្រេចធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៤ (ឆ្នាំ១៩៨៨)
ស្តីពីការត្រួតពិនិត្យអនាម័យសត្វ
និងផលិតផលមានដើមកំណើតពីសត្វ (ឆ្នាំ២០០៣) និងធ្វើវិសោធនកម្មអនុក្រឹត្យលេខ
១៦អនក្រ.បក ស្តីពីការត្រួតពិនិត្យអនាម័យសត្វ
និងផលិតផលមានដើមកំណើតពីសត្វ (ឆ្នាំ២០០៧)។ ប៉ុន្តែ
ទោះបីជាមានបទដ្ឋានគតិយុត្តមួយចំនួនក្នុងការអនុវត្តការងារផ្នែកផលិតកម្ម
និងបសុព្យាបាលក៏ដោយ ក៏នៅមានកម្រិតក្នុងការគ្រប់គ្រង
និងការបំពេញភារកិច្ចឲ្យបានសមស្រប។
សេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ
គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍ក្របខណ្ឌគតិយុត្តរបស់រាជរដ្ឋាភិបាល
ដើម្បីគាំទ្រយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល
សម្រាប់នីតិកាលទី៥នៃរដ្ឋសភា ដែលមានចែងយ៉ាងច្បាស់នៅក្នុងមុំទី២
ស្តីពីការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មនៃចតុកោណទី១
ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា
ត្រូវបំពេញក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)
អង្គការសុខភាពសត្វពិភពលោក (OIE) ការធ្វើសមាហរណកម្មកម្ពុជាជាមួយអាស៊ាន
និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។ សេចក្តីព្រាងច្បាប់ ស្តីពីសុខភាព
និងផលិតកម្មសត្វនេះពិតជានឹងរួមចំណែកផ្តល់នូវអត្ថប្រយោជន៍ជាច្រើនមានជាអាទិ៍៖
១. ធ្វើទំនើបកម្ម និងភាពទាន់សម័យ ការពាសុខភាពមនុស្ស សត្វ
សុខុមាលភាពសត្វ និងការពារបរិស្ថាន បង្ការទប់ស្កាត់
និងលុបបំបាត់ជំងឺឆ្លងសត្វ ការពារសុខភាពសាធារណៈ សម្រួលពាណិជ្ជកម្មសត្វ
និងផលិតផលសត្វប្រកបដោយប្រសិទ្ធភាព។ ២. បម្រើឲ្យការនាំចេញ នាំចូល
នាំឆ្លងកាត់ និងចរាចរក្នុងស្រុកនូវសត្វ និងផលិតផលសត្វ ចំណីសត្វ
និងបសុឱសថប្រព្រឹត្តទៅដោយរលូន និងស្របតាមបទដ្ឋានអន្តរជាតិ
ពិសេសកិច្ចព្រមព្រៀងអនាម័យ
ឆ្លើយតបនឹងតម្រូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសុខភាពសត្វពិភពលោក OIE។ ៣.
លើកកម្ពស់ការចិញ្ចឹមសត្វដើម្បីធានានូវការផ្គត់ផ្គង់ផលិតសត្វប្រកបដោយគុណភាព
និងសុវត្ថភាព សម្រាប់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ។ ៤.
ការពារធនធានសត្វ និងពូជសត្វរបស់ជាតិ
ក៏ដូចជាការបង្កាត់ពូជតាមបែបវិទ្យាសាស្រ្តទំនើបដើម្បីបង្កើនសក្តានុពលផលិតកម្ម
និងការប្រកួតប្រជែង។ ៥.
ពង្រឹងភាពជាដៃគូរវាងផ្នែកឯកជនផ្នែកសាធារណៈ
និងការវិនិយោគឧស្សាហកម្មចិញ្ចឹមសត្វ៕