សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ប្រកាសឲ្យដឹងថា ការធ្វើច្បាប់ការពារថ្នាក់ដឹកនាំពេលបញ្ចប់អាណត្តិក្នុងដំណាក់កាលនេះ គឺមិនចាំបាច់ទេ ប៉ុន្តែវាអាចធ្វើនៅដំណាក់កាលក្រោយៗទៀត។ ទោះបីយ៉ាងណា សម្តេចតេជោបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃកត់ត្រាទុកនូវសម្តីមេដឹកនាំគណបក្សទាំងពីរ ពិសេសប្រសាសន៍ឯកឧត្តម សម រង្ស៊ី ស្តីពីការបញ្ចប់នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។
នៅក្នុងបទសម្ភាសន៍ខ្លី នៅឯវិមានរដ្ឋសភាក្រោយពីបញ្ចប់កិច្ចប្រជុំវិសាមញ្ញរដ្ឋសភានីតិកាលទី៥ ដើម្បីអនុម័តប្រការទី៦នៃការធ្វើវិសោធនកម្មបទបញ្ជារផ្ទៃក្នុងរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ខ្ញុំអាចនិយាយបានថា ប្រជាពលរដ្ឋកម្ពុជារបស់យើងគួរតែត្រូវបានទទួលយកការសប្បាយរីករាយមួយ ដោយឯកឧត្ដម សម រង្ស៊ី បានបញ្ជាក់នូវអ្វីដែលខ្ញុំធ្លាប់បានលើកឡើងអំពីនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីដែលរឿងនេះវាមិនល្អទេ។ អ្នកណាឡើងកាន់អំណាចវាជារឿងមួយ ប៉ុន្តែធ្វើម៉េចឲ្យអ្នកដែលមិនកាន់អំណាចនោះបានសេចក្ដីសុខផង។ សព្វថ្ងៃគណបក្សប្រជាជនកាន់អំណាចគណបក្សដទៃគេក៏អាចរស់នៅជាមួយបាន ហើយខ្ញុំសង្ឃឹមថា បក្សដទៃនឹងអាចធ្វើដូចគ្នាបែបនេះ។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា ការធ្វើច្បាប់ការពារថ្នាក់ដឹកនាំពេលបញ្ចប់អាណត្តិបានលើកឡើងដោយឯកឧត្ដម សម រង្ស៊ី កាលពីថ្ងៃទី១៦-១៧ ខែកញ្ញាម្ដង ដើម្បីដាក់សំណើច្បាប់បែបនេះ សុំឲ្យគណបក្សប្រជាជនគាំទ្រ ប៉ុន្តែក្រោយមកត្រូវបានគេធ្វើអាជីវកម្មថា គណបក្សប្រជាជនកំពុងស្វះស្វែងរកការការពារខ្លួន។ ជាថ្មីម្ដងទៀតថ្ងៃទី២២ ខែកក្កដានេះ ឯកឧត្ដម សម រង្ស៊ី បានលើកសារជាថ្មី។ សម្តេចតេជោសែនមានប្រសាសន៍ថា ខ្ញុំបានប្រាប់គាត់ថា មិនចាំបាច់ទេ ព្រោះបើធ្វើគ្រាន់តែដើម្បីទាញយកផលប្រយោជន៍ហើយឃោសនានោះមិនចាំបាច់ធ្វើទេ គឺម្នាក់ៗចេះការពារអភ័យឯកសិទ្ធិរបស់ខ្លួនហើយ មិនសំខាន់ទៅលើរឿងនេះទេ សំខាន់ត្រង់ថា តើបន្ទាប់ពីការឈប់ចាកចេញពីតំណែងទៅ តើគេគោរពទៅដល់តួនាទីអ្នកដឹកនាំមុនទេ។
សម្តេចតេជោក៏បានមានប្រសាសន៍លើកជាឧទាហរណ៍ថា បញ្ហាដែលបានកើតឡើងយើង បានឃើញជាបន្តបន្ទាប់ នៅប្រទេសមួយចំនួន ឥឡូវសូម្បីតែនៅឯប្រទេសហ្វីលីពីន អតីតប្រធានាធិបតីកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយទេ ដូច្នេះបន្ទាប់ពីប្រធានាធិបតី អាគីណូ ឈប់ទៅតើប្រធានាធិបតីថ្មី នឹងធ្វើអ្វីទៅលើអាគីណូព្រោះឥឡូវគាត់មិនទាន់ចប់អាណត្តិផង ក៏ចាប់ផ្ដើមមានការចោទប្រកាន់ទៅហើយ?។ ដូច្នេះបញ្ហានេះ តើវាមានសេចក្ដីសុខទេតាមរបៀបនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី?។
ទាក់ទងនឹងការធ្វើច្បាប់ការពារថ្នាក់ដឹកនាំពេលបញ្ចប់អាណត្តិនេះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ខ្ញុំគិតថា ដំណាក់កាលនេះមិនទាន់ចាំបាច់ទេ ហើយប្រហែលជាដំណាក់កាលក្មួយៗអាចជាដំណាក់កាលត្រូវការចាប់ផ្ដើម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ថ្ងៃនេះប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្ដាប់នូវសម្ដីរបស់ឯកឧត្ដម សម រង្ស៊ី និងសម្ដីរបស់ខ្ញុំ ដែលសុំស្នើឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋកត់ត្រាទុកនូវសម្ដីរបស់គណបក្សទាំងពីរ ហើយក្នុងនោះបញ្ហាជាមូលដ្ឋានរបស់យើង គឺការរួបរួមខ្ញុំបានក៏បានរំលឹកបន្តិចដែរថា បើសិនជារឿងនេះវាបានកើតឡើងកាលពី១០ខែមុន វាគ្មានបញ្ហាអ្វីទេ ប៉ុន្តែយ៉ាងណាក៏ដោយចុះមកយឺតប្រសើរជាងមិនបានមក។
ឆ្លើយតបនិងសំណួរអ្នកសារព័តិមានដែលថា គណបក្សប្រឆាំងបានលាបពណ៌ឲ្យគណបក្ស ប្រជាជនថា ជាអាយ៉ងរបស់យួននោះ សម្ដេចតេជោបានមានប្រសាសន៍ថា បញ្ហានេះត្រូវបានរំឮកអម្បាញ់មិញហើយៗយើងនឹងរង់ចាំមើល ថាតើការលាបពណ៌បែបនេះ នឹងមានបន្តទៀតឬទេ ក្នុងពេលដែលមេដឹកនាំបក្ស(ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) បានធ្វើការប្ដេជ្ញាថា ធ្វើការក្នុងស្មារតីរួបរួមគ្នា ដូច្នេះខ្ញុំនឹងរង់ចាំមើលអ្នកណាបើកប្រតិបត្តិការវ៉ៃអ្នកណាមុននេះ គឺជាបញ្ហាសំខាន់ណាស់ ដើម្បីប្រជាពលរដ្ឋអាចផ្ដល់នូវសញ្ញា និងផ្ដល់នូវពិន្ទុ តើអ្នកណាគោរពនូវស្មារតីនេះ។
សម្តេចតេជោបញ្ជាក់ថា យើងអប់រំស្មារតីក្នុងសមាជិក សមាជិកាអ្នកគាំទ្រ របស់យើងឲ្យមានការគោរពទៅដល់គណបក្សដទៃ ដែលមិនមាននិន្នាការដូចយើង ប៉ុន្តែគណបក្សដទៃគេគោរពយើងឬអត់ ដូចជាវប្បធម៌លាបពណ៌ស្ដីអំពីបញ្ហាអាយ៉ងវៀតណាម ឬអាយ៉ងយួននេះជាដើម អីញ្ចឹងសូមអស់លោកចាំតាមដានអស់លោកជាសារព័ត៌មាន អស់លោកមានលទ្ធភាពលើសពីខ្ញុំទៅទៀត ដូច្នេះតាមដានទៅមើលអ្នកណាបើកការប្រតិបត្តិការណ៍លាបពណ៌អំពីបញ្ហានេះ។
ទាក់ទងនឹងនយោបាយបង្រួបបង្រួមផ្សះផ្សាជាតិ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា មួយជីវិតរបស់ខ្ញុំ ២ភាគ៣ នៃជីវិតខ្ញុំ បានប្រើប្រាស់បញ្ហាការចរចា ការសន្ទនាតាមរបៀប ឈ្នះ ឈ្នះ នៅក្នុងដំណើរការនៃការបង្រួបបង្រួមជាតិ។ អស់លោកប្រហែលជាអាចដឹងបានពិតមែន តែអស់លោកជាក្មេងជំនាន់ក្រោយ ប៉ុន្តែខ្ញុំគិតថា អស់លោកបានមើលនៅក្នុងប្រវត្តិនៃកាចរចារបស់ខ្ញុំហើយប្រវត្តិនៃនយោបាយឈ្នះ ឈ្នះ ដើម្បីឯកភាពទឹកដី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ខ្ញុំសង្ឃឹមថា ជនជាតិកម្ពុជារបស់យើង គណបក្សនយោបាយនានា ក៏មានស្មារតីដូចគ្នានេះដែរ គឺមិនចង់ឲ្យប្រទេសមានការបែកបាក់ ហើយខ្ញុំមានការជឿជាក់ទៅលើសម្ដីរបស់ឯកឧត្ដម សម រង្ស៊ី ហើយសង្ឃឹមថា ឯកឧត្ដម សម រង្ស៊ី និងអប់រំផ្ទៃក្នុងរបស់គណបក្ស ដើម្បីបញ្ចប់នូវបញ្ហាការបែកបាក់ជាតិនេះ ចំណែកខាងគណបក្សប្រជាជន ក៏ធ្វើការប្រឹងប្រែងដើម្បីអប់រំផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងហើយថា ខាងគណបក្សប្រជាជនមិនមែនជាអ្នកផ្ដើមហេតុទេព្រោះក្នុងស្ថានភាពដែលខ្លួនកាន់អំណាចរាប់សិបឆ្នាំ គឺខ្លួនបានខិតខំធ្វើពីការបែកបាក់មកកាន់ការបង្រួបបង្រួមជាតិ ពីការប្រឈមមុខ មកកាន់ការសហការ ដែលនេះជាបញ្ហាដែលគណបក្សប្រជាជនបានធ្វើ។ ក្នុងរយៈពេលកន្លងទៅ តើគេជេរខ្ញុំប៉ុណ្ណា គេស្ដីបន្ទោសប៉ុណ្ណា រហូតដល់ទៅប្រមាថជីវិតខ្ញុំថែមទៀតផង ប៉ុន្តែទីចុងបំផុតខ្ញុំនៅតែជួយរៀបចំ ហើយឥឡូវនេះ ខ្ញុំកំពុងតែគិតថា ខ្ញុំត្រូវតែធ្វើឲ្យបាន ខ្ញុំអំពាវនាវសមាជិក សមាជិកាតំណាងរាស្ត្រគណបក្សប្រជាជនបោះឆ្នោតជូនតំណាងបេក្ខជន ដែលមកពីគណបក្សសង្គ្រោះជាតិ ទាំងកម្រិតអនុប្រធានរដ្ឋសភា និងកម្រិតនៃគណៈកម្មការនានា។ ព្រោះបើសិនជាសង្ឃឹមតែទៅលើសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មិនគ្រប់គ្រាន់ទេ ដូច្នេះចាំបាច់ណាស់ត្រូវមានសន្លឹកឆ្នោតរបស់គណបក្សប្រជាជនគាំទ្រ ហើយក្នុងនោះតួនាទីរបស់ខ្ញុំត្រូវធ្វើ គឺធ្វើយ៉ាងម៉េចឲ្យសន្លឹកឆ្នោតគាំទ្របេក្ខជនរបស់គណបក្សសង្ក្រោះជាតិបានច្រើនតាម ដែលអាចធ្វើទៅបាន ខ្ញុំនឹងប្រឹងធ្វើលើរឿងនេះ៕