Thursday, December 29, 2016

យុវជន គង់ រ៉ៃយ៉ា ដែលអំពាវនាវធ្វើបដិវត្តពណ៌ ត្រូវបានតុលាការកំពូល កាត់ទោស ឱ្យជាប់ពន្ធាគារ១ឆ្នាំកន្លះដដែល

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សាលី ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានប្រកាសសាលដីកាតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ករណីប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក។
យុវជន គង់ រ៉ៃយ៉ា អាយុ២៥ឆ្នាំ ជាអតីតនិស្សិតនៅសាកលវិទ្យាល័យខេមរៈ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ១៨ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីកាត់ទោសរួចមក រូបគេបានប្តឹងទៅសាលាឧទ្ធរណ៍ ប៉ុន្តែត្រូវតុលាការជាន់ខ្ពស់ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ដដែល។

គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។ ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម៕

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសម្អាតបរិស្ថានអង្គរ នៅវិទ្យាល័យហ៊ុនសែនបាគង

ដើម្បីដាស់ស្មារតីសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សាបរិស្ថាននៅក្នុងឧទ្យានអង្គរ ឲ្យបានស្អាតជាប្រចាំនោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានដឹកនាំសិស្សានុសិស្សប្រមាណជាង២០០នាក់មកពីអនុវិទ្យាល័យហ៊ុនសែនបាគង ចុះសម្អាតបរិស្ថានតាមដងផ្លូវពីវិទ្យាល័យរហូតដល់ផ្លូវចូលទៅប្រាសាទបាគង។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា លោកនាយកសាលា លោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។
លោក ភ័ន ផល្លា បញ្ជាក់ថា កម្មវិធីសម្អាតនេះ ត្រូវបានរៀបចំឡើងជាសារដាស់ស្មារតីឲ្យប្រជាពលរដ្ឋទូទៅយកចិត្តទុកដាក់លើការងារថែរក្សាបរិស្ថាន ជាពិសេស គឺការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីភាពស្រស់ស្អាតនៃអង្គរឲ្យសមនឹងកិត្តិនាមរបស់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ “អង្គរជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះ យើងត្រូវតែរួមគ្នាដើម្បីឲ្យបរិស្ថានជុំវិញអង្គរស្អាត ទើបសមនឹងតម្លៃអង្គរ។ ការសម្អាតមួយពេលនេះ មិនគ្រប់គ្រាន់ទេ តែវាជាសារមួយដែលប្រាប់យើងគ្រប់គ្នាថា ម្នាក់ៗត្រូវតែចូលរួមទើបបរិស្ថានអាចស្អាតបាន”។
នាយកវិទ្យាល័យហ៊ុនសែនបាគង លោកគ្រូ ស៊ិន សំណាង បានសម្តែងនូវមោទនភាពដែលសាលារបស់លោកត្រូវបានអាជ្ញាធរជាតិអប្សរាជ្រើសរើសជាគោលដៅដាស់តឿនស្មារតីថែរក្សាបរិស្ថាន។ លោកបញ្ជាក់ថា រូបលោកក៏ដូចជាលោកគ្រូអ្នកគ្រូនិងថ្នាក់ដឹកនាំទាំងអស់គាំទ្រចំពោះសកម្មភាពនេះ ដោយហេតុថា វាជាការជំរុញឲ្យសិស្សានុសិស្សយកចិត្តទុកដាក់បន្ថែមទៀតលើការសម្អាតបរិស្ថាន។ លោកគ្រូបន្ថែមថា “ដោយសារខ្ញុំស្រឡាញ់បរិស្ថាន ទើបខ្ញុំជំរុញការងារដាំដុះកូនឈើក្នុងសាលាច្រើន រៀបចំសួន និងណែនាំសិស្ស ក៏ដូចជាអ្នកលក់ក្នុងសាលាឲ្យយកចិត្តទុកដាក់ខ្ពស់លើការទុកដាក់សំរាម។ ធុងសំរាមក្នុងសាលាខ្ញុំបានកាត់បន្ថយតិចទៅៗ ដោយសារសំរាមកាន់តែលែងមាន។ ខ្ញុំនឹងព្យាយាមកាត់បន្ថយឲ្យបានកាន់តែតិចជាងនេះ”។
ប្អូនស្រី ហៅ លីហឿន រៀនថ្នាក់ទី១១H បានសម្តែងនូវអារម្មណ៍រីករាយដែលបានចូលរួមក្នុងសកម្មភាពរើសសំរាមនេះ។ “ខ្ញុំគិតថាកម្មវិធីនេះល្អណាស់ ខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់ចូលរួមសម្អាតសំរាមទាំងតាមទីធ្លាសាធារណៈ ទាំងតាមផ្ទះសម្បែងរៀងៗខ្លួន”។
សូមបញ្ជាក់ថា កម្មវិធីសម្អាតបរិស្ថានក្នុងតំបន់អង្គរ គឺជាកម្មវិធីដែលអាជ្ញាធរជាតិអប្សរាតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំឭកប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថានជុំវិញអង្គរឲ្យបានស្អាតជាប្រចាំ។ ដោយឡែកក្នុងឆ្នាំ២០១៦នេះ ជាមួយគ្នានឹងកម្មវិធីសម្អាតបរិស្ថាន អាជ្ញាធរជាតិអប្សរាក៏បានចែកកង់ចំនួន៩គ្រឿង ជូនសិស្សក្រីក្រ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ក៏ដូចជាចូលរួមលើកកម្លាំងចិត្តឲ្យសិស្សក្រីក្របានបន្តការសិក្សាបានខ្ពង់ខ្ពស់ផងដែរ៕



ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក ឡុង វិសាលោ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ

លោក ឡុង វិសាលោ រដ្ឋលេខាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសថៃ។
ព្រះរាជក្រឹត្យតែងតាំង លោក ឡុង វិសាលោ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦៕
ខាងក្រោមនេះ គឺជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារ​រំលែកទុក្ខ ចំពោះការចូលទិវង្គតរបស់ សម្តច ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស

(ភ្នំពេញ)៖   នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ចំពោះការចូលទិវង្គត របស់ស្វាមីអ្នកម្នាង គឺសម្តេច ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស ក្នុងជន្មាយុ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។


(ទស្សនាវីដេអូ)៖ លោក ស្រី ចំរើន ចេញមុខទាត់ចោលព័ត៌មានបំផ្លើសរបស់វិទ្យុអាស៊ីសេរីដែលថាមានការប៉ុនប៉ងធ្វើឃាតរូបគាត់ និងអំពីការបែកបាក់ជាមួយកញ្ញា ធី សុវណ្ណថា

(ទស្សនាវីដេអូ)៖ ប្រសាសន៍បណ្ឌិត សុខ ទូច ថ្លែងអំពីមហន្តរាយដែលកើតមានដោយសារសង្គ្រាម