ក៏ដូចជាពេលមុនៗដែរ
តាមសំណើសុំរបស់និស្សិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំណេះសំណាល នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ
២០១៦ ជាមួយនិស្សិតកម្ពុជាចំនួន ១៧ នាក់
ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានសម្ដែងការអបអរសាទរ និងការស្វាគមន៍ចំពោះអ្នកទទួលបានអាហារូបករណ៍ទាំងអស់
ថ្វីត្បិតតែមិនមែនជានិស្សិត តែសុទ្ធតែជាយុវជនដែលជាអនាគតរបស់ប្រទេសជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាពទីមួយក្នុងអាទិភាពទាំង
៤ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា
ដូចនេះការចេញទៅសិក្សានៅក្រៅប្រទេសរបស់យុវជន
នឹងរួមចំណែកដ៏សំខាន់ក្នុងការកសាងប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានលើកឡើងដោយត្រួសៗនូវព័ត៌មានសំខាន់ៗមួយចំនួន ជាអាទិ៍ ៖
សមិទ្ធិផល ៖
ឯកឧត្តមបានលើកឡើងពីសមិទ្ធិផលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន សម្រេចបាន ពិសេសគឺ ៖
-កំណើនសេដ្ឋកិច្ចប្រមាណជាង
៧% ក្នុងរយៈពេល ២ ទស្សវត្សកន្លងមក ហើយទទួលបានការកោតសរសើរជាច្រើនពីបណ្តាប្រទេសផ្សេងៗ។
-ក្នុងឆ្នាំ ២០១៥
កម្ពុជាបាននាំចេញអង្ករប្រមាណកន្លះលានតោន។
-កម្ពុជាមានស្រូវដែលនៅសល់ជាង
៥ លានតោន ស្មើនឹងប្រមាណ ៣ លានតោនអង្ករ។
បច្ចុប្បន្នមានប្រទេសមួយចំនួនបានចូលមកធ្វើវិនិយោគលើផ្នែកម៉ាស៊ីនកិនស្រូវ
ដូចនេះសង្ឃឹមថាការនាំចេញអង្ករក្នុងអនាគតនឹងកើនឡើង។
ទំនាក់ទំនងកម្ពុជា-នូវែលហ្សេឡង់
៖
-ឯកឧត្តមបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-នូវែលហ្សេឡង់
ពិសេសគឺជំនួយរបស់នូវែលហ្សេឡង់លើផ្នែកអភិរក្សអង្គរ កសិកម្ម កំចាត់មីន
តុលាការខ្មែរក្រហម ហើយនិងការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី
និងក្របខ័ណ្ឌអាស៊ាន-នូវែលហ្សេឡង់។
ទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់
៖
-ឯកឧត្តមបានគូសបញ្ជាក់ពីការជួយឧបត្ថម្ភរបស់នូវែលហ្សេឡង់
ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ដែលមានប្រយោជន៍ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសសមាជិកថ្មីរបស់អាស៊ាន
ហើយនិងការលុបបំបាត់គម្លាតរវាងប្រទេសសមាជិកចាស់ និងប្រទេសសមាជិកថ្មីរបស់អាស៊ាន។
ព័ត៌មានទូទៅ ៖
ឯកឧត្តមបានជម្រាបជូនអំពី ៖
-ព័ត៌មានមួយចំនួនអំពីសាកលវិទ្យាល័យនានានៅនូវែលហ្សេឡង់។
-សហគមន៍ខ្មែរ
និងចំនួននិស្សិតនៅ ៖
• វីលីងតុន (Willington)
មានប្រជាជនខ្មែរប្រមាណ ៣០០០ នាក់ និងនិស្សិតចំនួន ២០ នាក់ ក្នុងនោះ
១៨ នាក់ ជានិស្សិតអាហារូបករណ៍
• អូកលែន (Auckland)
មានប្រជាជនខ្មែរប្រមាណ ៥០០០ នាក់ និងនិស្សិតចំនួន ៨៥ នាក់
ហើយភាគច្រើនជានិស្សិតអាហារូបករណ៍
• ក្រៃឆឺច (Christchurch)
មានប្រជាជនខ្មែរប្រមាណ ២០០ នាក់ និងនិស្សិតចំនួន ១៥ នាក់។
ការផ្តាំផ្ញើ ៖
ឯកឧត្តមបានធ្វើការផ្តាំផ្ញើមួយចំនួន សំខាន់គឺ ៖
-យកចិត្តទុកដាក់ផ្សព្វផ្សាយពីសមិទ្ធផល
និងសភាពការណ៍នៅកម្ពុជាជូនសហគមន៍ខ្មែរនៅនូវែលហ្សេឡង់ និងនិស្សិតបរទេស។
-ខិតខំរៀនសូត្រដើម្បីត្រលប់មកវិញចូលរួមអភិវឌ្ឍប្រទេសជាតិតាមវិស័យផ្សេងៗគ្នាក្នុងស្ថាប័នរដ្ឋ
ក្នុងផ្នែកឯកជន។ល។
-ផ្សព្វផ្សាយអំពីការវិវត្តរបស់សហគមន៍អាស៊ាន
-យកចិត្តទុកដាក់ថែរក្សាសាមគ្គីភាព
-មានការប្រុងប្រយ័ត្នចំពោះការឃោសនាមួលបង្កាច់របស់អ្នកនយោបាយខ្លះ
-ក្នុងករណីជួបបញ្ហាផ្សេងៗ
ឲ្យទំនាក់ទំនងជាមួយស្ថានទូតកម្ពុជានៅទីក្រុងខាន់បេរ៉ា ប្រទេសអូស្រ្តាលី៕