យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៦កន្លងទៅនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ច-ប្រជុំ ក្រុមការងារបច្ចេកទេសសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Technical Working Group “PFMTWG”) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និងមន្ត្រី ពីគ្រប់ក្រសួង /ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រម ទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ។
កិច្ចប្រជុំក្រុមការងារបច្ចេកទេស “PFMTWG” គឺជាយន្តការសម្របសម្រួលមួយក្នុង ចំណោមយន្តការ សម្របសម្រួលថ្នាក់ជាតិទាំង១៩ របស់រាជរដ្ឋាភិបាលដែលបានបង្កើតឡើងសម្រាប់តាមដាននិងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា លើការងារត្រួតពិនិត្យ កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅធ្វើការផ្សព្វផ្សាយជាផ្លូវការ និងជាសាធារណៈនូវរបាយការណ៍សកម្មភាពកែ ទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់គ្រប់ក្រសួង-ស្ថាប័នដែលបានអនុវត្តន៍កម្លងមក ។
យោងតាមសេចក្តីប្រកាសព័ត៌មាននោះក៏បានឱ្យដឹងដែរថា ប្រធានបទ៤ត្រូវបានលើកយកមកពិភាក្សា៖ ១-ត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ ២-ការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយប្រើក្របខ័ណ្ឌរង្វាស់សមិទ្ធកម្មរបស់កម្មវិធីគណនេយ្យភាពហិរញ្ញវត្ថុ និងការចំណាយសាធារណៈ (PEFA) ៣- ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី៣សម្រាប់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង៤- របៀបវារៈពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ តំណាងដៃគូអភិវឌ្ឍន៍ក៏បានវាយតម្លៃថា កម្មវិធីមានវឌ្ឍនភាពគួរជាទីមោទនៈ និងបានថ្លែងសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលខាងមុខ និងបានផ្តល់អនុសាសន៍កែលម្អមួយចំនួនលើកិច្ចការងារកែទម្រង់កន្លងមក ក្នុងនោះរួមមាន ការងារត្រៀមរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាកិច្ចដំណើរការនៃការកែទម្រង់ប្រព័ន្ធថវិកាផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍ និងណែនាំជាវិធានការណ៍ សម្រាប់អនុវត្តបន្ត បន្ទាប់ពីបានប្រមូលនូវធាតុចូលសំខាន់ៗបន្ថែម និងអនុម័តរួមគ្នាលើគោលការណ៍ និង ខ្លឹមសារអនុវត្តបន្ត។
No comments:
Post a Comment