Monday, April 03, 2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់

 

នៅល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាងបានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games  ឆ្នាំ២០២៣ នឹងខិតជិតមកដល់នាពេលឆាប់ៗនេះ ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលមានឱកាសបានបងប្អូនកីឡាករកីឡាការិនីសារជាថ្មីម្ដងទៀត ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះបានទៀត។ សម្តេចតេជោចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ផងដែរ ដែលបានជួយសាងសង់ពហុកីឡដ្ឋានមួយដ៏ស្រស់ស្អាត បម្រើដល់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ សម្តេចតេជោបានរំលឹកជាថ្មីថា ការដែលកម្ពុជាខកខានការធ្វើជាម្ចាស់ផ្ទះជាច្រើនឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានតម្រូវការអភិវឌ្ឍប្រទេស ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ សម្តេចតេជោបន្តថា ក្រោមម្លប់នៃសន្តិភាព គុណតម្លៃនៃសន្តិភាព បានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋានគឺ «កីឡារស់ក្នុងសន្តិភាព»។កម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលជាកំណត់ត្រាជាប្រវត្តិសាស្ត្រមួយសម្រាប់ជាតិ និងប្រជាជនដែលបានរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣)។ 

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដោយសារឃើញស្ថានភាពលំបាករបស់កីឡាករ និងកីឡាការិនី ទើបកន្លងទៅសម្តេចបានចាត់ចែងឱ្យរៀបចំមន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ការព្យាបាលពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីសុំអោយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយគោរពតាមស្តង់ដារកីឡាផង គោរពតាមទិដ្ឋភាពសង្គមវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផង។ កិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំ SEA Games-ASEAN Para Games ឆ្នាំ២០២៣   គឺជាមោទនភាពជាតិ ដែលមិនអាចកាត់ថ្លៃបាន ហើយកិត្តិយសជាតិបានមកពីឆន្ទៈនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់មហាគ្រួសារកីឡាដែលមានវត្តមានចូលរួមនាពេលនេះ។ ពេលវេលានៅសេសសល់មកដល់ពេលនេះ គឺមានតែ ៣២ថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបើកជាផ្លូវការ នឹងចូល មកដល់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ពេលវេលាសម្រាប់ម្ចាស់ផ្ទះនានាទីចុងក្រោយ ត្រូវការចាំបាច់នូវកម្លាំងសាមគ្គីភាពផ្ទៃក្នុងការងារ គោរពវិន័យការងារ និងតួនាទីភារកិច្ច មានការទទួលខុសត្រូវខ្ពស់។ 

នៅថ្ងៃនេះសម្ដេចតេជោបានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពិធីបិទ ពិធីបើក និងការប្រកួតផ្សេងៗ គឺមិនត្រូវបានឲ្យលក់សំបុត្រយកលុយពីអ្នកទស្សនានោះទេ ក៏ប៉ុន្តែសម្តេចតេជោទាមទារឲ្យអ្នកចូលទស្សនាត្រូវមានសំបុត្រចូលទស្សនាដើម្បីឲ្យការចូលទស្សនាមានរបៀបរៀបរយល្អ ជាពិសេសកន្លែងអង្គុយទស្សនា។ ដូច្នេះ សម្ដេចតេជោសុំឲ្យគណៈកម្មការរៀបចំការងារនេះឲ្យបានល្អបំផុត។

ដើម្បីឲ្យមានប្រសិទ្ធភាពលើការងារចុងក្រោយនេះ សម្តេចតេជោសូមដាក់ចេញនូវអនុសាសន៍សំខាន់ៗដូចខាងក្រោម៖

១-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងការងារ និងសុខដុមរម្យនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឲ្យមានប្រសិទ្ធភាព។

២-គណៈកម្មាធិការជាតិរៀបចំការប្រកួតប្រើប្រាស់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដូចនេះក្នុង ដំណាក់កាលចុងក្រោយនេះ បើមានករណីចាំបាច់បន្ទាន់ អនុញ្ញាតឲ្យដោះស្រាយចំណាយមុន ទើបរៀបចំសក្ខីបត្រទូទាត់ក្រោយ។

៣-រដ្ឋបាលរាជធានី-ខេត្តទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ-សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។

៤-ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការនិងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មា ធិការជាតិរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍ឲ្យទទួលបានជោគេជ័យ។

៥-សូមសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី។

៦-ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អំឡុងពេលព្រឹត្តិការណ៍ប្រកួត សូមអធ្យាស្រ័យកាត់បន្ថយ ការប្រើប្រាស់យានយន្ត និងសូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ។

សម្តេចតេជោសូមអរគុណ ចំពោះវត្តមានចូលរួមក្នុងពិធីដ៏សែនរីករាយរបស់យើងនាពេលនេះ ហើយខ្ញុំនឹងទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទនភាពជាតិ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ «កម្ពុជាឆ្នាំ២០២៣» ទទួលបានជោគជ័យដ៏ធំធេង និងធានាឲ្យ «ក្រុមជម្រើសជាតិកម្ពុជា» សម្រេចបាននូវគុណផលកីឡាដ៏ល្អបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

សម្តេចតេជោសូមកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិរៀបចំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដែលបានរៀបចំត្រៀមការប្រកួតបានយ៉ាងរលូន និងមានវឌ្ឍនភាពល្អប្រសើរ និងសូមអរគុណដល់សហព័ន្ធកីឡាជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកទេសកីឡារបស់ខ្លួន គួរជាទីសង្ឃឹមឈានទៅរកឧត្តមភាពក្នុងការប្រកួត ក្នុងនាមម្ចាស់ផ្ទះ៕


សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

 

នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរជាមួយសមិទ្ធផលថ្មីនៅលើទឹកដីក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះ គឺអគារមន្ទីរពេទ្យដ៏ធំសម្រាប់បម្រើវិស័យសុខាភិបាលនៅទីនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងដឹកនាំកសាងមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកក្រូចឆ្មារនេះ។ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះ គឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែបំរើសេវាសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបម្រើប្រជាពលរដ្ឋនៅខេត្តផ្សេងៗដែលនៅជិតនេះបានផងដែរ។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ច្រើននោះទេ ដែលពេលនោះ អ្នកជំងឺខ្លះពេលសង្គ្រោះបន្ទាន់ត្រូវរកសេវាព្យាបាលនៅកន្លែងឆ្ងាយ ដែលធ្វើអោយមានការលំបាកយ៉ាងខ្លាំង។ 

សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បានដាស់តឿនស្មារតីឱ្យយើងប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារសុខភាពប្រជាជន។ នៅពេលមានកូវីដ១៩ រាជរដ្ឋាភិបាលយើងបានពង្រឹងសមត្ថភាពការព្យាបាលជំងឺនៅគ្រប់ទីកន្លែងទាំងអស់។សម្តេចតេជោបានមានប្រសាសន៍ថា មនុស្សយើងអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក​ស្រុក​ក្រូច​ឆ្មារថា ការសាងសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខារជាការលំបាកមួយទៅហើយ ប៉ុន្តែការធ្វើឱ្យមន្ទីរពេទ្យធានាបាននិរន្តរភាព គឺរឹតតែលំបាកទៀត។ 

នៅថ្ងៃនេះ តបតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនសិស្សានុសិស្សនៅស្រុកនេះ សម្តេចតេជោ បានសម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ និងកន្លែងសម្រាប់សិស្ស និងគ្រូ ២០បន្ទប់ ដល់វិទ្យាល័យប៉ើស២ នៅស្រុកក្រូចឆ្មារ។ ជាមួយនោះដែរ សម្តេចតេជោក៏បានសម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ១៥បន្ទប់ ជូនសាលាបឋមសិក្សាអំពិល ដែលស្ថិតនៅក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នេះដូចគ្នា។ សម្តេចតេជោ រំពឹងថា អ្នកស្រុកក្រូចឆ្មារ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យមានការរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោបានថ្លែងថា ដរាបណា គណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺនឹងបន្តធានាបានសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហាមមិនឱ្យមហាអំណាចលូកដៃចូលកិច្ចការប្រទេសអាស៊ាន។ សសម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប ៤៥ឆ្នាំ នៃការបង្កើតកងកម្លាំង​ប្រដាប់​អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាកម្លាំងប្រដាប់ដែលសម្តេចបង្កើតឡើង ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាមួយនឹងការប្រកាស និងអញ្ជើញកាន់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕