នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនជនរួមជាតិកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅសិក្សារៀនសូត្រ នៅសាធារណរដ្ឋបារាំងចំនួនប្រមាណ១ពាន់នាក់។
នៅក្នុងរបាយការណ៍ដែលលើកឡើងដោយឯកឧត្តម នុត ណារ៉ាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំងមានប្រសាសន៍ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងនិស្សិតទាំងអស់ដែលមានវត្តមាននៅពេលនេះ គឺពិតជាមានមោទនភាពយ៉ាងខ្លាំងដោយបាន មកជួបជុំនិងបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី។
ឯកឧត្តមឯកអគ្គរាជទូតមានប្រសាសន៍បញ្ជាក់បន្ថែមថា បងប្អូនដែលមានវត្តមាននៅពេលនេះ សុទ្ធសឹងតែជាប្រជាពលរដ្ឋ ដែលបានមករស់នៅប្រទេសបារាំងជាច្រើនឆ្នាំមកហើយ ក្រៅពីបងប្អូនប្រជាពលរស់ដែលរស់នៅទីក្រុងប៉ារីស ក៏មានបងប្អូនប្រជាពលរដ្ឋមកពីបណ្តាក្រុងនានាក្នុងប្រទេសបារាំង និងមកពីប្រទេសស្វីស អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត ដែលមានព្រំប្រទល់ជាប់និងប្រទេសបារាំង។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែរ រស់នៅប្រទេសបារាំង និងសហព័ន្ធអាល្លឺម៉ង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រនៅថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និង របបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើនរបស់ខ្លួន មករស់នៅពីសេចក្តីស្លាប់និងសង្រ្គាមនៅបរទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខ បងប្អូនជនរួមជាតិទាំងអស់នោះដែរថា ដោយសារតែប្រវត្តិសាស្រ្តដ៏ជួរចត់នោះហើយ គឺយើងពិតជាមិនចង់បាននូវប្រវត្តិសាស្រ្តច្រំដែលបែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដីដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ គឺកម្ពុជាកំពុងបោះជំហានទៅមុខ និងកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក ពិសេសធ្វើការប្រកួតប្រជែងលើការកសាងសេដ្ឋកិច្ចមួយដ៏រឹងមាំ ជាមួយនិងបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមានប្រសាសន៍នៅពេលនេះ គឺមិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ ផ្ទុយទៅវិញគឺរូបសម្តេចនិយាយក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែលបងប្អូនបានឮនិងបានឃើញនៅ តាមបណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែបងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ។ សម្តេចតេជោមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាមិនមែនជាប្រទេសរបស់អ្នកកាន់អំណាយមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជាគឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមានរស់នៅ ក្រៅប្រទេសទាំងអស់ផងដែរ។ ជាមួយនិងការថ្លែងដែលបានចំណាយពេលជាង ២ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងពីបញ្ហាសន្តិសុខ ស្ថេរភាពក្នុងតំបន់និងអន្តរ ជាតិ បញ្ហាព្រំដែនរបស់កម្ពុជាជាមួយនិងប្រទេសជិត ពិសេសការដែលកម្ពុជាចូលរួមសមាជិកពេញសិទ្ធរបស់អាស៊ាន។ ជាមួយនិងប្រសាសន៍លើកឡើងដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន សំដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅចំពោះមុខបងប្អូនជនរួមជាតិខ្មែរ ក្នុងការការពារបូរណភាពដែនដី ដែលព្រះករុណាព្រះបរមរតនកោដិបានបន្សល់ទុក ពិសេសការខិតខំពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់មួយមានសន្តភាព ស្ថេរភាព មានការអភិវឌ្ឍខាងសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការប្រាស្រ័យទាក់ទាក់គ្នា យ៉ាងជិតស្និត ពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។
ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ជូនពរតាមរយៈបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅពេលនេះ ជូនដល់ បងប្អូប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកចូលរួមនៅពេល សូមទទួលបាននូវសេចក្តីគោរពស្រឡាញ់ និង ការនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារក៏ដូចជាប្រជាពល រដ្ឋកម្ពុជាទាំងអស់ នៅរស់នៅព្រះរាជាណាចក្រកម្ពុជា។