គណៈកម្មាធិការអន្ដរជាតិ
ដើម្បីសម្របសម្រួលកិច្ចគាំពារ ការអភិវឌ្ឍនិងអភិរក្សនៅតំបន់រមណីយដ្ឋាន អង្គរ ដែលហៅកាត់ថា ICC អង្គរ នៅព្រឹកថ្ងៃទី៣
ខែធ្នូ ឆ្នាំ២០១៥ ដែលបានបើកសម័យប្រជុំពេញអង្គលើកទី២២របស់ខ្លួន នៅសាលសន្និសីទនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា
ក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី
និងជាប្រធានអាជ្ញាធរ ជាតិអប្សរា សហប្រធាន អាយស៊ីស៊ី-អង្គរ ឯកឧត្តម Jean Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
ឯកឧត្តម
Yuji KUMAMARU ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីសមាជិកមកពីបណ្ដាប្រទេសជាច្រើនទៀតផងដែរ។
កិច្ចប្រជុំពេញអង្គរលើកទី២២នេះ
ធ្វើឡើងដើម្បីពិភាក្សា និងត្រួតពិនិត្យលើរបាយការណ៍សកម្មភាពការងារដែលបានអនុវត្តគម្រោង អភិរក្ស
ការជួសជុលប្រាង្គប្រាសាទ ដោយអាជ្ញាធរជាតិអប្សរា និងរបាយការណ៍របស់លេខាធិការដ្ឋាន
ICCអង្គរ រយៈពេល៦ខែកន្លងមក។ អង្គប្រជុំបានលើកឡើង អំពីរបក
គំហើញ និងការអភិវឌ្ឍថ្មីៗ ដូចជាការអភិរក្ស ការជួសជុលប្រាង្គប្រាសាទ ការស្រាវជ្រាវ
និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់រមណីយដ្ឋានអង្គរដោយផ្តោតទៅ និងប្រធានបទសំខាន់ៗ រួមមានការអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍អង្គរ និងការបំពុលបរិស្ថាននៅក្នុងឧទ្យានអង្គរ
ដោយបានដាក់ចេញនូវអនុសាសន៍ ជាផ្លូវការសម្រាប់គម្រោងអភិរក្ស និងអភិវឌ្ឍបន្ដ ។
ថ្លែងក្នុងសន្និសីទកាសែត
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គ ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន
បានមានប្រសាសន៍ឲ្យដឹងថា៖ រយៈពេល៦ខែកន្លងមកនេះ អាជ្ញាធរជាតិអប្សរា
និងសហគមន៏អន្តរជាតិបានប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន រួមមាន ការអភិរក្សប្រាសាទ
និងតំបន់នៅជុំវិញអង្គរដោយសម្រេចបានលទ្ធផលយ៉ាងធំធេង ដូចជាប្រាសាទលលៃ ជួសជុលប៉មឥដ្ឋជ្រុងឥសាន្ត និងជ្រុងពាយ័ព្យ។ ក្រៅពីការងារជួសជុល និងអភិរក្សប្រាសាទ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅមានការងារយ៉ាងច្រើនទៀតដែលត្រូវធ្វើ
ក្នុងនោះការថែទាំផ្លូវ និងជួសជុលផ្លូវវាងខាងលិច បានជាង៥ពាន់ម៉ែត្រ និងកសាងបន្ថែមផ្លូវពីកសិណខាងជើងអង្គរវត្តទៅជុំវិញប្រាសាទបាយ័ន
ជួសជុលថែទាំផ្លូវពីព្រលានយន្តហោះ កាត់មកប្រាសាទអង្គររួម និងផ្លូវមួយចំនួនទៀត។ ការគ្រប់គ្រងទឹកក៏ជាការងារសំខាន់ដ៏ធំ
ដែលអំឡុងពេល៤ឆ្នាំមកនេះយើងបានបញ្ចៀសមិនឲ្យមាន ទឹកជំនន់នៅក្នុងក្រុងសៀមរាបទៀតឡើយ
ហើយក៏គ្មានទឹកជំនន់មកចូលក្នុងតំបន់ប្រាសាទនោះដែរ ដោយសារផ្លូវជលសាស្ត្រពីបុរាណ្យក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ត្រូវបានស្តារឲ្យដំណើរការឡើងវិញ
ក្នុងនោះមានប្រឡាយប្រវែង ១៦គីឡូម៉ែត្រ ត្រូវបានស្តារ និងបានធ្វើថ្មីសំណង់ទ្វាទឹក៦កន្លែង ស្ពានបេតុង២កន្លែង និងផ្លូវអមប្រឡាយប្រវែង៧គីឡូម៉ែត្រ
ក៍ត្រូវបានកសាងឡើងដែរ។
ទិដ្ឋភាពមួយទៀត គឺអាជ្ញាធរអប្សរាធ្វើការងារជាមួយសហគមន៍ ប្រជាពលរដ្ឋដែលមានចំនួន១២១ភូមិក្នុងស្រុកចំនួន៥ ដែលមានទីតាំងស្ថិតក្នុងរមណីយដ្ឋានអង្ករ គឺអាជ្ញាធរអប្សរាបានចុះជួបប្រាស្រ័យជាមួយ ប្រជាពលរដ្ឋក្នុងការជួយដោះស្រាយបញ្ហាជូនសហគមន៍
ដូចជាការកសាងស្ពានតូចៗដែលប្រជាពលរដ្ឋ ស្នើសុំការសាងប្រឡាយ ទ្វាទឹក និងការងារមួយចំនួនទៀតក្នុងវិស័យសាសនានៅក្នុងសហគមន៍ ។
ក្រៅពីនេះការងារដ៏សំខាន់មួយទៀត គឺការរគ្រប់គ្រងទេសចរណ៍ (pmp)
ដោយអាជ្ញាធរជាតិអប្សរា បានរៀបចំក្រមប្រតិបត្តិទេសចរ។ ករណីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអះអាងថា រមណីយដ្ឋានធំៗលើសកលលោកភាគច្រើន មិនទាន់ធ្វើបានទេ ប៉ុន្តែអង្គរយើងធ្វើបាន ដោយយើងបោះពុម្ភជាសៀវភៅ សម្រាប់ផ្សព្វផ្សាយជាសាធារណៈ។ ឯកឧត្តមបណ្ឌិត សុខ អាន បានឲ្យដឹងថា៖ ជារួមយោងតាមការវាយតម្លៃពីអ្នកជំនាញ នៅក្នុងកិច្ចប្រជុំបានសាទរពីភាពជោគជ័យយ៉ាងធំ ដែលអាជ្ញាធរជាតិអប្សរាខិតខំសម្រេចបានក្នុងរយៈពេល៦ខែមកនេះ៕


