«ក្រមប្រតិបត្តិអង្គរ» ត្រូវបានរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១២ តាមរយៈការប្រមូលពត៌មាន កិច្ចសហការ ការស្រាវជ្រាវឯកសារអន្តរជាតិ ការអង្កេត និងការពិគ្រោះយោបល់ រវាងអាជ្ញាធរ ជាតិអប្សរា ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក៏ដូចជាតំណាងមកពីឧស្សាហកម្ម ទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងព្រះសង្ឃផងដែរ។
តើអ្វីទៅជា «ក្រមប្រតិបត្តិអង្គរ»?
តើអ្វីទៅជា «ក្រមប្រតិបត្តិអង្គរ»?
«ក្រមប្រតិបត្តិអង្គរ» គឺជាសេចក្តីណែនាំដល់ភ្ញៀវទេសចរ ដែលមកទស្សនារមណីយដ្ឋានអង្គរឲ្យ យល់ពីគុណតម្លៃនៃតំបន់អង្គរ គោរពនិងប្រកាន់នូវអាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេល ទស្សនាប្រាសាទ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើអង្គរ (ប្រាសាទ វប្បធម៌ និងបរិស្ថាន) និងទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរ។ «ក្រមប្រតិបត្តិអង្គរ» មិនមែនជាច្បាប់ដែលមានលក្ខណៈបង្ខិតបង្ខំនោះទេ។ ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ» មានលក្ខណៈជាការអប់រំដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយជំរុញលើកទឹកចិត្តឲ្យភ្ញៀវ ទេសចរយល់ និងជៀសវាងនូវរាល់ទង្វើមិនគួរគប្បី ដែលមិនគោរពទៅដល់ទីសក្ការបូជា និងវប្បធម៌ខ្មែរដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទការរំខាន ដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ការចូលទីតាំងដែលហាមឃាត់ឬប្រឈមនឹងគ្រោះថ្នាក់ ការពិសាបារីនិងចោលសំរាមពាសវាលពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ និងការ ប៉ះពាល់ព្រះសង្ឃ។
នៅក្នុងសម័យប្រជុំបច្ចេកទេស ICC Angkor លើកទី២៤ នាខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ អ្នកជំនាញអាដហុក បានគាំទ្រនិងធ្វើការកើតសសើរចំពោះអាជ្ញាធរ ជាតិអប្សរា ដែលបានសិក្សានិងរៀបចំឲ្យមាន «ក្រមប្រតិបត្តិអង្គរ» ដោយជំរុញឲ្យអាជ្ញាជាតិ អប្សរា អនុវត្តក្រមប្រតិបត្តិនេះឲ្យបានឆាប់រហ័ស។ លើសពីនេះ «ក្រមប្រតិបត្តិអង្គរ» ក៏ទទួលបាននូវការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់វិស័យឯកជន ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកពាក់ព័ន្ធដែលកំពុងបំពេញការងារនៅក្នុងតំបន់អង្គរ ព្រះសង្ឃ សារធារណជនទូទៅ អាជ្ញាធរមូលដ្ឋានក្នុងតំបន់អង្គរ និងស្រទាប់យុវជន។ អាជ្ញាធរជាតិ អប្សរានឹងធ្វើការផ្សព្វផ្សាយនិងអនុវត្ត «ក្រមប្រតិបត្តិអង្គរ» នាពេលឆាប់ខាងមុខ ដោយសហការ ជាមួយគ្រប់ផ្នែកពាក់ព័ន្ធរួមទាំងផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ។ អាជ្ញាធរជាតិ អប្សរាសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមគោរពនិងអនុវត្តតាម «ក្រមប្រតិបត្តិអង្គរ» យ៉ាងខ្ជាប់ខ្ជួន ដើម្បីរួមចំណែកថែរក្សា តំបន់អង្គរដែលដួងព្រលឹងរបស់ជាតិខ្មែរនិងជាសម្បត្តិរបស់មនុស្សជាតិ៕
No comments:
Post a Comment