ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងអំណគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥតសំណងជាសម្ភារៈបរិក្ខាគ្រឿងចក្រដែលមានតម្លៃចំនួន៩៤លាន៧រយពាន់យ៉េន(៩៤.៧០០.០០០យ៉េន) សម្រាប់ផ្គត់ផ្គង ក្នុងការប្រើប្រាស់ជួសជុលផ្លូវចូលខាងលិចនៃប្រសាទអង្គរវត្ត។
ការប្រកាសផ្តល់ជំនួយនេះបានធ្វើឡើង នៅសាលសន្និសីទ អាជ្ញាធរអប្សរា ខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ធ្នូឆ្នាំ២០១៥ នៅក្នុងកិច្ច ប្រជុំពេញអង្គគណកម្មាធិការសម្របសម្រួលអន្តរជាតិលើកទី២២ ដើម្បីកិច្ចគាំពារអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាព តំបន់បេតិកភណ្ឌអង្គរ(ICC-Angkor) ក្រោមអធិបតីភាពឯ.ឧ បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានអជ្ញាធរអប្សរា និង ឯ.ឧ គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ឲ្យដឹងថា៖ ផ្លូវចូលខាងលិចប្រាសាទអង្គរនេះគឺជាច្រកចូលដ៏ធំ នាសម័យអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី១២ផ្លូវនេះទាំងព្រះមហាក្សត្រក៏ដូចជាដូនតាខ្មែរនាសម័យនោះដែលរស់នៅតំបន់
អង្គរប្រមាណ១លាននាក់បានប្រើប្រាស់ផ្លូវនេះជាមូលដ្ឋានឆ្លង ចេញចូលប្រាសាទអង្គរ។
ឯកឧត្តមមានប្រសាសន៍ថារហូតមកដល់សព្វថ្ងៃនេះផ្លូវនេះមានអាយុកាល១០សតវត្ស៍មកហើយបច្ចុប្បន្នផ្លូវនេះនៅតែនៅមានភាពរឹងមាំ ដែលបានប្រើប្រាស់សម្រាប់ការឆ្លងកាត់របស់អ្នកទេសចរ ជាតិ និងអន្តរជាតិមកទស្សនាអង្គរក្នុងមួយថ្ងៃៗរាប់ពាន់នាក់ជារៀងរាល់ថ្ងៃដែលអាចធ្វើឲ្យទ្រុឌទ្រោម។ សម្រាប់ឆ្នាំ២០១៤កន្លងមកនេះមានភ្ញៀវទេសចរណ៍បរទេសជាង៤លាននាក់មកទស្សនាព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះមានជាង២លាននាក់មកទស្សនារមនីយ៍ដ្ឋានប្រាសសាទអង្គររួមនិងទេសចរណ៍ក្នុងស្រុកជាង២លាននាក់ទៀត។
ឯកឧត្តមបណ្ឌិត សុខ អាន បានគូសបញ្ជាក់ថាជោគជ័យនៃគណកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចគាំពារអភិរក្សអភិវឌ្ឍន៍ប្រកបដោយចិរភាពតំបន់បេតិកភណ្ឌអង្គរ(ICCAngkor)ទទួលបានគឺមិនអាចកាត់ផ្តាច់ពីការវិភាគទានចូលរួមរបស់ប្រទេសជប៉ុនដែលជាសហប្រធាន ICC- Angkor ជាមួយប្រទេសបារាំង ក្នុងការអនុវត្តន៍តួនាទីថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះបានទេ។ថ្ងៃនេះបង្ហាញពីការចូលរួមពីភាគីជប៉ុនដែលតែងបានចូលរួមចំណែកជួយលើការថែទាំជួសជុលប្រាសាទនានាហើយពេលនេះបានបន្តជួយលើការជួសជុលផ្លូវនេះឲ្យបានគង់វង្សយូអង្វែងទៅទៀត។
ឯកឧត្តមបណ្ឌិត សុខ អាន បានថ្លែងអំណគុណដល់រដ្ឋាភិបាលជប៉ុនដែលបានចូលរួមវិភាគទានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងការជួយស្តានូវគម្រោងជួសជុលប្រាសាទនានាចាប់តាំងពីឆ្នាំ១៩៩៤ មានប្រសាទ បាយន្ត ប្រសាទអង្គរវត្ត និងប្រាសាទសូព្រ័តហើយពេលនេះបានផ្តល់ជំនួយជាង៩៤លានយ៉េនបន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ឧបករណ៍ប្រើការលើកដាក់ដំថ្មដើម្បីជួសជុលផ្លូវចូលពីខាងលិចនេះ ដើម្បីធានានូវសុវត្ថិភាព និងប្រសិទ្ធិភាពនៃការដ្ឋាន។
តាមរយៈជំនួយនេះឯកឧត្តមបណ្ឌិតសុខអានបង្ហាញនូវក្តីសង្ឃឹមថាការបញ្ចប់ការងារជួសជុលផ្លូវចូលខាងលិចអង្គរក្នុងរយៈកាលពី៤ទៅ៦ឆ្នាំដែលមិនត្រឹមតែអាចកែលម្អសោភណ្ឌ័ភាព របស់ប្រាសាទអង្គរវត្ត និងការពារទម្រង់នៃផ្លូវចូលខាងលិចនាពេលអនាគតប៉ុណ្ណោះទេ តែថែមទាំងអាច ផ្តល់បរិស្ថានដែលមានសុវត្ថិភាពដល់ទេសចរណ៍ ដែលមកទស្សនា ប្រាសាទអង្គរវត្តផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អានមាន ប្រសាសន៍ឲ្យដឹងថា៖ដោយបានការចូលរួមជ្រោមជ្រែងពីអន្តរជាតិរហូតមកដល់ពេលនេះមានប្រទេសចំនួន២៣ បានមកជួយថែរក្សា និងអភិរក្សាតំបន់អង្គរនេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមបណ្ឌិត សុខ អាន ដែលជាប្រធានអាជ្ញាធរជាតិអប្សារាផងដែរបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងការពារ និងអភិរក្សតំបន់អង្គរ ។
សេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA)បានឲ្យដឹងថា ដើម្បីអាចជួសជុលផ្លូវចូលខាងលិចប្រសាទអង្គរវត្តបាន ចាំបាច់ត្រូវធ្វើការផ្លាស់ទីដុំថ្មធំៗ ក្នុងការធានានូវប្រសិទ្ធិភាព និងសុវត្ថិភាពរវាង វាលដាក់ថ្មដែលនៅក្បែរច្រកចូលផ្លូវខាងលិច និងការដ្ឋានដែលស្ថិតនៅកណ្តាលផ្លូវ ចូលច្រកខាងលិច ដែលមានចម្ងាយប្រមាណ១០០ម៉ែត្រ ។
សូមបញ្ចាក់ថា ទម្ងន់មធ្យមនៃថ្មបាយក្រៀម ដែលត្រូវផ្លាស់ទី គឺមានទម្ងន់ប្រមាណ ពី៣០០ទៅ៤០០ គីឡូក្រាម ហើយទម្ងន់ថ្មភក់ពីប្រមាណ៥០០ទៅ៨០០គីឡូក្រាមនិងថ្មខ្លះទៀតមានទម្ងន់ដល់ទៅ១តោនកន្លះឯណោះទើបមានតម្រូវការនូវម៉ាស៊ីនស្ទូចដែលមានសមត្ថភាព និងដងវែងដើម្បីអាចផ្លាស់ទីថ្ម ទាំងនោះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។
តាមរយៈគម្រោងនេះ ម៉ាស៊ីនស្ទូច និងគ្រឿងបរិក្ខាធុនធ្ងន់ផ្សេងៗ ទៀតដែលត្រូវការចាំបាច់ក្នុងការជួសជុលផ្លូវ ចូលខាងលិច នឹងត្រូវផ្តល់ជូនអជ្ញាធរអប្សរា ដើម្បីអាចបញ្ចប់កិច្ចការជួសជុលផ្លូវចូលខាងលិច ។
No comments:
Post a Comment