នារសៀលថ្ងៃទី២ ខែធ្នូ
ឆ្នាំ២០១៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
បានអញ្ជើញសម្ពោធសមិទ្ធផលជាតិថ្មីមួយទៀត ខាងវិស័យកីឡា
គឺមណ្ឌលកីឡាហែលទឹកតេជោសែន ដែលស្ថិតក្នុងខេត្តកំពង់ចាម រួមនិងការ
ប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់កីឡាហែលទឹកតេជោសែន ឆ្នាំ២០១៥ផងដែរ។
ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា
មណ្ឌលកីឡាហែលទឹកតេជោសែននេះ ត្រូវបានសាងសង់ក្នុង កំរិតអន្តរជាតិមួយ ដែលចំណាយថវិកាសាងសង់អស់ជាង១លាន៥សែនដុល្លារអាមេរិក
ក្នុងនោះ មានអាងហែលទឹកទំហំ ២៥ម៉ែត្រ គុណ៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ២ និងអាងលោតទឹក
ទំហំ២៥ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ៥ម៉ែត្រ។ អាងហែលកំដៅសាច់ដុំមុនប្រកួត មានទំហំ
១០ម៉ែត្រ គុណ១៥ម៉ែត្រ ជម្រៅ១ម៉ែត្រ៥០។
អាងទឹកសម្រាប់រក្សាតុល្យភាពប្រព័ន្ធចម្រោះ ទំហំ២៥ម៉ែត្រ គុណ៨ម៉ែត្រ ជម្រៅ១ម៉ែត្រ៥០។
មណ្ឌលកីឡាហែលទឹកតេជោសែននេះ មានកន្លែងអង្គុយធម្មតា ចំនួន៦១៥កន្លែង
រួមនិងកន្លែងទស្សនាVIPចំនួន៩០កន្លែង។
មណ្ឌលកីឡាហែលទឹកនេះ ចាប់ផ្តើមសាងសង់ពីខែមីនា ឆ្នាំ២០១៣
និងបានបញ្ចប់ការសាងសង់ក្នុងចុងឆ្នាំ២០១៥នេះ។
នៅក្នុងពិធីសម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែននេះ
ក៏មានការរៀបចំការប្រកួតដណ្តើម ពានរង្វាន់កីឡាហែលទឹកតេជោសែនឆ្នាំ២០១៥
ដែលមានកីឡាករចំនួន១១៥នាក់ មកពីក្លឹបកីឡា ហែលទឹកចំនួន៧
ក្នុងនោះក៏មានកីឡាករពិការផងដែរ ដែលបានចូលរួមប្រកួតទាំងក្នុងវិញ្ញាសារ
ហែលទឹកនិងលោតទឹក។ ដែលជ័យលាភីលេខ១
បានទៅលើកីឡាករមកពីក្លឹបកីឡាហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន។ ជ័យលាភីលេខ២
បានទៅលើកីឡាករ របស់ក្លឹបក្រសួងមហាផ្ទៃ។ និងជ័យលាភីលេខ៣ បានទៅលើកីឡាករ
នៃក្លឹបជ្រោយចង្វារ។
ថ្លែងនៅក្នុងពិធីមណ្ឌលកីឡាហែលទឹកតេជោសែននេះ
សម្តេចតេជោ ហ៊ុនសែន បានកោតសរសើរ ចំពោះសប្បុរសជនរួម និងអាជ្ញាធរខេត្តកំពង់ចាម
ដែលបានសាងសង់មណ្ឌលកីឡាហែលទឹកនេះ ដែលជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យកីឡា
ស្របពេលដែលប្រទេសកម្ពុជា កំពុងឆ្ពោះទៅមុខ ដោយប្រសិទ្ធភាព
និងគ្មានការគំរាមគំហែងក្នុងបញ្ហាភេរវកម្មនោះទេ។ ជាងនេះទៀត សម្តេចតេជោ
ក៏បានកោតសរសើរដល់ការប្រឹងប្រែងហ្វឹកហាត់របស់កីឡាករហែលទឹក ខេត្តកំពង់ចាម
ដែលកន្លង មកពេលមិនទាន់មានអាងហែលទឹកនេះ ក៏កីឡាករនៅតែហ្វឹកហាត់នៅតាមទន្លេបិទ
និងបឹងទន្សោង ជាដើម។ ប៉ុន្តែនៅពេលនេះមណ្ឌលហែលទឹកនេះ
នឹងត្រូវប្រើប្រាស់សំរាប់ការហ្វឹកហាត់ថ្នាក់ជាតិ និងសំរាប់ត្រៀមក្នុងការ ប្រកួតនៅក្នុងកីឡាស៊ីហ្គេម
ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះទៀតផង។
ក្នុងឱកាសនេះដែរ
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការកកើតឡើងនៃរណសិរ្ស
សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៣៧ ដែលចំថ្ងៃទី២ធ្នូនេះដែរ។ ដោយសម្តេច
បានគូស បញ្ជាក់ថា សត្រូវពិតប្រាកដរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
គឺអង្គការ ចាត់តាំង នយោបាយយោធាប៉ុលពត ដែលបានសម្លាប់ប្រជាជនកម្ពុជា។
ហើយការបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨នេះ
ក៏បានធ្វើអោយឈានទៅដល់ការចរចារ ហ៊ុនសែន សីហនុ នៅហ្វែអង់តាដឺន័រ ដើម្បីស្វែងរកសន្តិភាព
និងឈានទៅដល់ការចុះកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ផងដែរ។
ជាងនេះទៀតសម្តេចតេជោ ហ៊ុន
សែន ក៏បានរំលឹកពីថ្ងៃទី០២ ធ្នូ១៩៩៨ ដែលសភាបានអនុម័ត
យុទ្ធសាស្រ្តត្រីកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយុទ្ធសាស្រ្តនោះ
មានមុំសំខាន់ចំនួន៣ គឺទី១ ដើម្បីពង្រឹងសន្តិភាព ក្នុងប្រទេស
ទី២ដើម្បីធ្វើសមាហរណកម្ម ឆាប់បំផុតចូលទៅក្នុងអន្តរជាតិ
និងទី៣ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ តាមរយៈការកែទម្រង់លើ
គ្រប់វិស័យ។ ទើបបន្តមកយុទ្ធសាស្ត្រចតុកោណត្រូវបានអនុវត្ត រហូតមកដល់ពេលនេះ។
គួររំលឹកថាកាលពីទសវត្សរ៍ទី៦០
ខេត្តកំពង់ចាម មានវិញ្ញាសារកីឡាហែលទឹកខ្លាំងជាងគេ នៅកម្ពុជា
ហើយកីឡាករហែលទឹករបស់ខេត្តកំពង់ចាម បានទទួលមេដាយច្រើនជាងគេទាំង មេដាយមាស
ប្រាក់ និងសំរឹទ្ធក្នុងការប្រកួតអន្តរជាតិដូចជាការប្រកួតកីឡាស៊ីហ្គេម
អាស៊ានហ្គេម និងកីឡាអូឡាំពិកជាដើម៕
No comments:
Post a Comment