វាមិនមែនជារឿងនយោបាយដូចមតិមួយចំនួនបានលើកឡើងនោះទេ យោងតាមដីការកោះអញ្ជើញរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជាក់ថា ដើម្បីសាកសួរពីដំណើររឿង បរិហាកេរ្តិ៍តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមអញ្ជើញឈ្មោះសម រង្ស៊ី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាស័យដ្ឋាន ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
សាមីខ្លួនត្រូវចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទីព្រឹក ហើយយោងលើដីកាកោះនេះ គឺសាមីខ្លួនត្រូវចូលខ្លួនឱ្យបានទាន់ពេលវេលា។
ក៏ប៉ុន្តែស្រាប់តែនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានហៅការចេញដីកាចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងជាបន្តបន្ទាប់ ថាជារឿងនយោបាយ និងកៀបសង្កត់លើគណបក្សប្រឆាំងទៅវិញ ដែលតាមការពិតលោក សម រង្ស៊ី បានប្រព្រឹត្តនូវទោសកំហុសជាច្រើនដូចជា ការសមគំនិតក្នុងការបង្ហោះឯកសារសាធារណៈក្លែង បទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង និងបទញុះញង់ជាច្រើន ករណីផ្សេងទៀត។ ហើយយើងក៏សូមសួរទៅកាន់មន្រ្តីរូបនោះថា តើនៅប្រទេសណាដែលរារាំងមន្រ្តីមានសមត្ថកិច្ច ដែលជានគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ មិនឱ្យអនុវត្តតាមសាលដីកា ឬដីកាកោះរបស់តុលាការនោះ?
តាមការពិតពាក្យបណ្តឹងព្រហ្មទណ្ឌចោទទៅលើបុគ្គលមួយចំនួនក្នុងគណបក្សសង្រ្គោះជាតិ មានចំនួនច្រើនជាងនេះទៅទៀត ដែលតុលាការមិនទាន់បានអនុវត្ត ព្រោះជានីតិវិធីផ្លូវច្បាប់របស់តុលាការ ដែលវាជាផ្នែកមួយ នៃការបង្ហាញគោលជំហរឥតងាករេ ក្នុងការពង្រឹងនីតិរដ្ឋ ហើយក៏បញ្ជាក់ថាប្រទេសកម្ពុជាជាប្រទេសនីតិរដ្ឋពិតប្រាកដ ហើយតុលាការជាស្ថាប័នឯករាជ្យ មានសិទ្ធិទទួលពាក្យបណ្តឹង និង ធ្វើការចោទប្រកាន់ចំពោះជនជាប់ចោទគ្រប់រូបដោយមិនប្រកាន់ថា បុគ្គលនោះស្ថិតនៅក្នុង គណបក្សណានោះឡើយ៕

No comments:
Post a Comment