Tuesday, December 03, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

បន្ទាប់ពីបានអញ្ជើញទទួលជួបជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំងរួចហើយនោះ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)
ក្នុងជំនួបនេះ ប្រតិភូអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា ប្រតិភូរបស់លោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែមិនទាន់បានធ្វើទស្សនកិច្ចនៅទូទាំងទីក្រុងភ្នំពេញក៏ដោយ ក៏ប៉ុន្តែអ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់ សង្កេតឃើញ និងវាយតម្លៃនោះបានឃើញថា រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានភាពចំណាស់ ហើយក៏មានភាពធន់និងស្រស់បំព្រងផងដែរ ក្នុងន័យនេះលោកនិងប្រតិភូទាំងមូល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ និងសិក្សាពីកម្ពុជាដើម្បីយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅតាមប្រទេសរបស់គាត់រៀងៗខ្លួនថែមទៀត ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រធានបទនៃការកសាងក្រុងនៃកិច្ចប្រជុំនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ទីក្រុងភ្នំពេញក៏បានកសាងឡើងជំនាន់បារាំង ហើយក៏បានកសាងឡើងថែមទៀត នៅជំនាន់ ដែលកម្ពុជាទទួលបានឯករាជ្យ ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ទីក្រុងភ្នំពេញគឺត្រូវបានបំផ្លាញដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅពេលដែលលោកបានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ទីក្រុងទាំងមូល គឺមានប្រជាជនប្រមាណតែ ៧០នាក់តែប៉ុណ្ណោះ ហើយទីក្រុងទាំងមូលពុំមានបញ្ហាប្រឈមច្រើននោះទេ ដែលបញ្ហាប្រឈមនៅពេលនោះគឺក្នុងទីក្រុងពុំមានមនុស្សរស់នៅ ពុំមានចរាចរណ៍ឡានបើកបរ ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះរាជធានីភ្នំពេញ គឺជួបប្រឈមនឹងបញ្ហាថ្មីៗជាច្រើន មានដូចជា ១)បញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំទៅដល់ការស្លាប់ប្រជាពលរដ្ឋជាច្រើន ហើយការធ្វើដំណើរមានការយឺតយ៉ាវ។ ២) គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត ក្នុងន័យនេះ លោកនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន ប្រតិភូទាំងមូលថា លោក បានណែនាំ លោកអភិបាលរាជធានីភ្នំពេញ ពិនិត្យនិងធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគទៅលើការបង្កើតចំណតរថយន្តនៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ និងទី៣)បញ្ហាសំរាមដែលកំពុងតែប្រឈមលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រាជធានីភ្នំពេញគឺមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។ ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងការដោះស្រាយបញ្ហានេះ គឺយើងកំពុងជំរុញឲ្យមានការចូលរួមពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណាកែប្រែសំរាមនេះឲ្យទៅជាថាមពលអគ្គិសនីយកមកប្រើប្រាស់ឡើងវិញ និង៤)បញ្ហាអាងសំណល់រាវ រាជធានីភ្នំពេញ គឺជារាជធានីមួយដែលមានកំពស់ទាប ហើយពីដើមឡើយ សុទ្ធសឹងតែបឹងបួរ ក្នុងន័យនេះ ការបង្ហូរសំណល់រាវ ទៅទន្លេបឹងបួរនោះ ពុំទាន់មានការធ្វើអាងប្រព្រឹត្តិកម្មឬក៏អាងចម្រោះបានត្រឹមត្រូវនៅឡើយ នេះក៏ជាបញ្ហាប្រឈមផងដែរ។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា បញ្ហាទាំងនេះគប្បីណាយកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ ទន្ទឹមនឹងបញ្ហាប្រឈមនេះ លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា បញ្ហាប្រឈមនេះគឺបណ្ដាលមកពីការអភិវឌ្ឍដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះ ទៀតសោតគឺបានមកអំពី កត្តាសុខសន្តិភាព ស្ថិរភាព ដែលកម្ពុជាមាន។ សុខសន្តិភាព ស្ថិរភាព គឺជាកត្តាទាក់ទាញនៃការវិនិយោគ ហើយការវិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗដែលកម្ពុជាកំពុងតែជួបប្រទះ។
លោកនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើជូនដល់ប្រតិភូទាំងមូល នូវការគោរព និងសួរសុខទុក្ខដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរបស់ប្រទេសទាំងអស់ដែលបានចូលរួម ហើយបានជូនពរឱ្យកិច្ចប្រជុំ លើប្រធានបទ ការកសាងទីក្រុងដែលជាប្រធានបទដ៏មានសារៈសំខាន់នេះទទួលបានជោគជ័យ៕








និស្សិតកម្ពុជា ៣៧នាក់ ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅអូស្ត្រាលី និងណូវែលហ្សេឡង់

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៧នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។
ក្នុងចំណោមនិស្សិទាំង ៣៧រូបនោះ មាននិស្សិតអាហារូបករណ៍អូស្រ្តាលី ចំនួន២១នាក់ និងនិស្សិតអាហារូបករណ៍ ណូវែលហ្សេឡង់ ចំនួន១៦នាក់។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការអបអសាទរ ដល់និស្សិតទាំងអស់ ដែលទទួលបានការជោគជ័យលើការប្រឡង ក្នុងការទទួលបានអាហាររូបករណ៍ ទៅសិក្សានៅប្រទេសទាំងពីរនេះ។ លើសពីនេះ លោកបានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសគេ ដើម្បីយកមកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា អាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មកឲ្យកម្ពុជាសរុប តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩នេះ មានប្រមាណ ៨៥៣នាក់។ លោកបន្តថា អាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ ផ្តល់មកកម្ពុជា តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ មានប្រមាណ ២៨៥នាក់ផងដែរ ៕



រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្ត ខេត្តសៀមរាប បានសេចក្តីប្រកាសព័ត៌មានស្តីពីការបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សូម អាន សេចក្ដី ប្រកាស ព័ត៌មានលម្អិតទាំងស្រុងដូចខាងក្រោម ៖

រដ្ឋមន្រ្តីក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារវិស័យធនធានទឹក និងឧតុនិយម

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម ដោយមានការឡើងធ្វើបទបង្ហាញពីគ្រប់បណ្តាមន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុក តាមមុខព្រួញរាជធានី-ខេត្ត។
កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
លោករដ្ឋមន្រ្តី លឹម គានហោ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងទី១៖ ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ, ទី២៖ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០ ដោយពិនិត្យលើស្ថានភាពទឹកជាក់ស្តែង និងមានវិធានការយ៉ាងណានៅពេលជួបការខ្វះខាតទឹក, ទី៣៖ បណ្តាវិធានការដែលក្រសួងបាន និងកំពុងអនុវត្តនាពេលកន្លងមក, ទី៤៖ មូលហេតុអ្វីបានជាបណ្តារាជធានី ខេត្តមួយចំនួនផ្ទៃដីបង្កបង្កើនផល ត្រូវបានបាត់បង់ ឬរួមតូច បណ្តាលមកពីអ្វី? និងទី៥៖ ការត្រួតពិនិត្យលំអិតបន្ថែមពាក់ព័ន្ធនឹងការរៀបចំនូវផែនទី ស្តីពីទឹកជំនន់ (Flood Mapping) ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង


នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង។
លោកស្រី Louise Mushikiwabo បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីសកម្មភាពរបស់កម្ពុជានៅក្នុងអង្គការនិយាយភាសាបារាំង និងមានប្រសាសន៍ថាកម្ពុជាពិតជាមានសកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងនាមជាបិតាស្ថាបនិកនៃអង្គការនិយាយភាសាបារាំងនេះ។ ជាមួយគ្នានេះលោកស្រីសូមគោរពថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហើយក៏បានស្នើសុំធ្វើយ៉ាងណាឲ្យកម្ពុជាយើងមានសកម្មភាពកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងកិច្ចការងារនេះ។ទន្ទឹមនឹងនេះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់លោកស្រីមកចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនិយាយភាសាបារាំងនៅពេលនេះគឺដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិនិយាយភាសាបារាំងឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀត ហើយនិងជំរុញនូវគម្រោងទាំងឡាយឲ្យមានភាពជាក់លាក់។ លោកស្រី ក៏បានស្នើឲ្យកម្ពុជាចូលអនុវត្តគម្រោងដែលមានភាពជាក់លាក់ទាំងឡាយនោះរួមមាន៖ ១)ការលើកស្ទួយការបង្រៀនភាសាបារាំង ២)ការលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសនិយាយភាសាបារាំង និង ៣)ដើម្បីរៀបចំនូវខួបទី៥០ឆ្នាំនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះនៅឆ្នាំ២០២០ខាងមុខ។
លើសពីនោះទៅទៀត លោកស្រីក៏បានសម្ដែងនូវការអបអរជូនដល់កម្ពុជាយើងដែលបានប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវពីអង្គការសហប្រជាជាតិ មកជា
ប្រទេសមួយដែលបញ្ជូនទ័ពទៅជួយក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិឡើងវិញ។ជាមួយនោះដែរ លោកស្រីក៏បានលើកទឹកចិត្តជាថ្មីម្ដងទៀតឲ្យកម្ពុជាយើងចូលរួមកាន់តែខ្លាំងឡើងថែមទៀតក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍ថា កម្ពុជាក្នុងនាមជាស្ថាបនិកមួយនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះនឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌអង្គការនេះ ហើយកម្ពុជាក៏នឹងចូលរួមរៀបចំខួប៥០ ឆ្នាំ របស់អង្គការអន្តរជាតិនិយាយភាសាបារាំងនេះ។ តាមគោលការណ៍ និងការរៀបចំឡើងរបស់អង្គការនេះ នឹងអាចរៀបចំឲ្យនិស្សិតកម្ពុជាដែលរៀនភាសាបារាំងនៅប្រទេសបារាំងរៀបចំសកម្មភាពផ្សេងៗដើម្បីចូលរួមអបអរនៅក្នុងខួប ៥០ឆ្នាំនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថាចំពោះកិច្ចសហការរវាងបណ្ដាប្រទេសនិយាយភាសាបារាំងនេះ យើងគប្បីពិនិត្យឲ្យបានជាក់លាក់លើគម្រោងមួយចំនួនដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីចង់ធ្វើយ៉ាងណាដើម្បីលើកស្ទួយទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដាប្រទេសនិយាយភាសាបារាំង ព្រោះថាទំនាក់ទំនងនយោបាយគឺចាប់ផ្ដើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរ លោកស្រី Louise Mushikiwabo ទទួលបានសុខភាពល្អ និងជោគជ័យក្នុងកិច្ចការងារជាបន្តបន្ទាប់ទៀត៕










លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧។
សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសសន្និបាត បូកសរុបការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧នេះផងដែរ។
ក្នុងសារលិខិតដែលទទួលបាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា សិទ្ធិរបស់ជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើងអើងចំពោះ ជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នា នៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាព និងមិនមានពិការភាព។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឱ្យដឹងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៩នេះ ជនមានពិការភាព បានចូលបម្រើការងារសរុប ចំនួន២,៨៦០នាក់ ស្រ្តីមានពិការភាព ចំនួន៧៨៩នាក់។ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន១,៥៥៧នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤,៤១៧នាក់ ស្មើនឹង១,៩៥ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរដ្ឋកំពុងជ្រើសរើស ឱ្យគ្រប់តាមអត្រាកំណត់ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩។
ដោយឡែកនៅវិស័យឯកជន ចំនួន១០២អង្គភាព ដែលបានចុះបញ្ជី បានជ្រើសរើសនិយោជិកមានពិការភាពសរុប ចំនួន៣,៧៩២នាក់ ស្មើ២,៩៤ភាគរយ ក្នុងនោះមានស្រ្តីមានពិការភាព ចំនួន២,១៦២នាក់ ៕