ដើម្បីឈានទៅសម្រេចនូវគោលដៅ
ខាងលើនេះ រាជរដ្ឋាភិបាលបានសម្រេចជាជំហ៊ានៗ
ក្នុងការទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគនៅកម្ពុជា
តាមរយះការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោគ ផ្លូវអាកាស
និងកំពង់ផែអន្តរជាតិ ឲ្យមានភាពល្អប្រសើរ។ ថ្មីៗនេះទៀត
ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៥ លោក ហ៊ុន សែន បានប្រកាសធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអគ្គិសនី
ដោយបញ្ចុះតម្លៃសមរម្យសម្រាប់ការប្រើប្រាស់ ទាំងបងប្អូនកម្មករ
និងការប្រើប្រាស់សម្រាប់រោងចក្រ និងសហគ្រាសឯកជន។
ទន្ទឹមនឹងស្ថានភាពនយោបាយ និងមានស្ថិរភាពល្អប្រសើរ
រាជរដ្ឋាភិបាលនឹងបន្តរៀបចំកែសម្រួលពង្រឹងច្បាប់ទាំងឡាយដើម្បីផ្តល់នូវភាពកក់ក្តៅ
និងទំនុកចិត្តខ្ពស់ដែលធានា និងការពារផលប្រយោជន៍ពាណិជ្ជករដែលកំពុងប្រកបអាជីវកម្ម
និងអាជីវករដែលមានបំណងមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនថែមមួយកម្រិតទៀត។ គោលនយោបាយទាំងនេះ គឺជាមូលដ្ឋានគ្រឹៈសម្រាប់ទាក់ទាញ
និងសម្រួលដល់ការងារធុរៈកិច្ច និងការងារវិនិយោគ
ក្នុងបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ តម្លាភាព និងគណនេយ្យភាព។
ជាក់ស្តែង នៅក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៥
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥
ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០១៥នៅទីក្រុងដាវ៉ូស
ក្លូស្ទ័រ ប្រទេសស្វីស កន្លងទៅ គឺជាការបន្តពង្រឹង និងពង្រីក
នូវនយោបាយការទូតរបស់កម្ពុជាក្នុងឆាកអន្តរជាតិ
និងជំរុញធ្វើឱ្យកម្ពុជាមានទំនាក់ទំនងកាន់តែធំទូលាយជាងមុន
ក្នុងការបង្ហាញពីសក្តានុពលវិនិយោគ ដល់វិនិយោគិនពិភពលោក។
វត្តមានរបស់ប្រមុខនៃរាជរដ្ឋាភិបាលនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក
នៅក្នុងប្រទេសស្វីសនេះ
គឺមានសារៈសំខាន់ណាស់ ជាពិសេសគឺការទាក់ទាញការចាប់អារម្មណ៍
របស់វិនិយោគិនពិភពលោកឱ្យមានការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក
នៅក្នុងប្រទេសកម្ពុជា
ដែលគ្រោងនឹងឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា
សេដ្ឋកិច្ចពិភពលោកនេះនៅឆ្នាំ២០១៦ខាងមុខ។
ជាលទ្ធផល
គណៈប្រតិភូកម្ពុជា បានជួបធ្វើការងារជាមួយតំណាងក្រុមហ៊ុនធំពីររបស់ប្រទេសស្វីស
ទី១គឺក្រុមហ៊ុនផ្តល់សេវាកម្មម្ហូបអាហារលើយន្តហោះ ដែលជាក្រុមហ៊ុនធំមួយបម្រើសេវាម្ហូបអាហារ
នៅលើយន្តហោះអន្តរជាតិទូទាំងពិភពលោក ដែលក្រុមហ៊ុននេះមានការចាប់អារម្មណ៍ទីផ្សារ
របស់ប្រទេសកម្ពុជាដោយសម្លឹងឃើញពីកំណើនភ្ញៀវទេសចរណ៍ នៅមានការរីកចម្រើន។
និងទី២គឺ ក្រុមហ៊ុនផលិត និងកែច្នៃស្បៀងដែលមានបច្ចេកទេសខ្ពស់។
ទាំងអស់នេះ
គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការងារ
និងបង្កើនចំណូលដល់ពលរដ្ឋឲ្យមានជីវភាពកាន់ធូរធារឡើងជាលំដាប់
និងបានកាត់បន្ថយគម្លាតនៃភាពក្រីក្រ ពី១ឆ្នាំ ទៅ១ឆ្នាំ
កាន់តែតិចទៅៗ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ
កំណើនវិនិយោគលើផ្នែកអចលនៈទ្រព្យ បានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីៗជាច្រើន
ជាពិសេសសំណង់អគារខ្ពស់ៗ ផ្សារទំនើបធំៗ ទាំងនៅទីក្រុង
និងទីប្រជុំជនតាមខេត្ត។ នេះបញ្ជាក់ថា វិនិយោគិនកាន់តែច្រើនឡើងៗ
បានមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជា។
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម
ទំហំពាណិជ្ជកម្មកម្ពុជាសរុប ទាំងការនាំចេញ និងនាំចូល ក្នុងឆ្នាំ២០១៤ មានតម្លៃប្រមាណ ១៨,១ ពាន់លានដុល្លារកើន ១៣,៨ ភាគរយធៀបនឹងតម្លៃសរុប ១៥,៩ ពាន់លានដុល្លារ កាលពីឆ្នាំ២០១៣។ តួលេខនេះឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា
និងពីការកើនឡើងនូវសកម្មភាពពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនៅក្នុងតំបន់។
តួលេខក្នុងការបង្កើន ការនាំចេញត្រូវបានរំពឹងថានឹងកើនឡើងទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះ
តាមរយៈការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
អ្នកវិភាគសេដ្ឋកិច្ច
ក៏ដូចជាធនាគារអភិវឌ្ឍអាស៊ី (ADB)
នៅតែបន្តព្យាករណ៍ថាកម្ពុជានឹងអាចរក្សាបានកំណើនសេដ្ឋកិច្ច៧ ឬ៨ភាគរយនៅឆ្នាំ២០១៥នេះ
ខណៈសន្ទុះនៃការផលិតក្នុងស្រុកទាំងផ្នែកឧស្សាហកម្ម
និងកសិកម្មបង្ហាញពីនិន្នាការនៃការរីកចម្រើន។
ដូច្នេះ រាល់ទស្សនៈរបស់ក្រុមប្រឆាំង
និងសម្ព័ន្ធមិត្តបស្ចិមប្រទេស របស់បក្សប្រឆាំង
ដែលតែងតែវាយតម្លៃជាអវិជ្ជមាន អំពីការដែលមិនមានទំនុកចិត្តពីអ្នកវិនិយោគ
នៅកម្ពុជា គឺជាការវាយតម្លៃ ដែលមិនទទួលស្គាល់នូវសច្ចៈធម៌
ហើយក្រុមប្រឆាំងទាំងនោះតែងតែបន្តបំភ្លៃអំពីសភាពការណ៍អភិវឌ្ឍពិតនៅកម្ពុជា
ក្នុងន័យតែមួយគត់ គឺដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ដើម្បីឲ្យក្រុមដែលស្និត និងជាកូនជឹងរបស់ខ្លួនបានឡើងកាន់អំណាចជំនួសតែប៉ុណ្ណោះ។
ដូច្នេះហើយទើប លោក ហ៊ុន សែន
បានអំពាវនាវថា៖ « អ្វី ដែលបងប្អូនបានឮ និងបានឃើញនៅតាមបណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួនវាមិនទាន់គ្រប់គ្រាន់នោះទេ
គឺមានតែបងប្អូន ជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតទើបអាចដឹងថា
តើកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ » ៕