ចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០១៤ ពិសេសនៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជាបានទទួលយកវត្ថុបុរាណរបស់ខ្លួនដែលបានបាត់ បង់ត្រឡប់មកវិញសរុបមានចំនួន ៣៥០វត្ថុបុរាណ។ នេះជាសេចក្តីរាយការណ៍របស់លោក គង់ វីរះ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៅក្នុងពិធីបើកការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរជាតិ កម្ពុជា នូវបដិមាមានប្រភពពីប្រាសាទកោះកេរដែលបានបញ្ជូនត្រឡប់ពីសហរដ្ឋ អាមេរិក នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
លោក គង់ វីរះ បានឲ្យដឹងថា វត្ថុបុរាណទាំងនោះត្រូវបានប្រគល់ត្រឡប់មកវិញពីបណ្តាប្រទេសនានា ដូចជា សហរដ្ឋអាមេរិក ប្រទេសបារាំង ថៃឡង់ថ៍ អូស្រ្តាលី ស្វីស ឥណ្ឌូនេស៊ី ហូឡង់ ជប៉ុនចក្រភពអង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី កាណាដា និងតៃវ៉ាន់។
លោកជុំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ជូលី ចុង (Julie Chung) អគ្គរដ្ឋទូតស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជុំទាវ អាន ឡឺម៉េស (Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏មានវត្តមានក្នុងពិធីតាំងពិព័រណ៍នេះដែរ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះអង្គការយូណេស្កូ និងស្ថានទូតសហរដ្ឋអាមេរិកចំពោះកិច្ចសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិដោយផ្តល់ថិវកាក្នុងការរៀបចំតាំងពិព័រណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ការជួបជុំគ្នានៅថ្ងៃនេះ (បើកតាំងពិព័រណ៍) មិនត្រឹមតែបញ្ជាក់អំពីសមិទ្ធផលដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីសាមគ្គីភាពជាអន្តរជាតិនៅក្នុងយុទ្ធនាការដ៏ទូលំទូលាយមួយ ដើម្បីការពារបេតិកភណ្ឌរបស់មនុស្សជាតិទៀតផង។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា នៅចុងបញ្ចប់នៃសម័យដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្ររបស់យើង និងជាជាពិសេសនៅពេលសន្តិភាពពេញលេញ សន្តិសុខ និងស្ថេរភាពនយោបាយបានកើតមានឡើងនៅទូទាំងប្រទេស តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កិច្ចការពារបេតិកភណ្ឌវប្បធម ក៏ទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងផងដែរ នៅក្នុងគោលនយោបាយជាតិរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា ការបេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារ និងការអភិរក្សបេតិកភណ្ឌ ត្រូវបានបង្ហាញតាមរយៈការអនុម័ត និងការអនុវត្តច្បាប់ជាតិ និងតាមរយៈការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ។ ជាលទ្ធផល កិច្ចប្រឹងប្រែងរបស់កម្ពុជាទទួលបាននូវការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ដូចបានបង្ហាញតាមរយៈការចុះបញ្ជីរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកបន្ថែមលើរមណីយដ្ឋានអង្គរ និងការបញ្ចូនវត្ថុបុរាណ ដែលត្រូវបានគេលួច និងជួញដូរដោយខុសច្បាប់ត្រឡប់មកកាន់ទីឋានកំណើតវិញ។

ជាសក្ខីភាពនៃកិច្ចប្រឹងប្រែងទាំងនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឯកិច្ចប្រជុំលើកទី៣៨ របស់ខ្លួននៅទីក្រុងដូហារ កាលពីខែមិថុនាកន្លងទៅ នៅក្នុងការវាយតម្លៃជាវិជ្ជមាន និងការអនុម័តជាឯកច្ឆ័នលើរបាយការណ៍ ស្តីពីស្ថានភាពអភិរក្សនៃរមណីយដ្ឋានអង្គរ បានធ្វើការកោតសរសើរចំពោះការងារប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា និង ICC-Angkor។ យន្តការអន្តរជាតិនេះ ដែលបានបំពេញការងារយ៉ាងសកម្មចាប់តាំងពីឆ្នាំ១៩៩៣ ដោយមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន ត្រូវបានចាត់ទុកជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានឲ្យដឹងទៀតថា ឆ្នាំ២០១៣-២០១៤កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនក្នុងផ្នែកបេតិកភណ្ឌជាពិសេស គឺការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ នៃកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលនៅក្នុងឱកាសនោះដំណាក់កាលដំបូងនៃដំណើរបញ្ជូនត្រឡប់មកវិញនូវបដិមាទាំង៥ មានប្រភពមកពីប្រាសាទកោះកេរ ត្រូវបានចាប់ផ្តើមឡើង ពោលគឺបដិមាចំនួន២ នៃត្រកូល បាណ្ឌព ត្រូវបានប្រគល់ឲ្យកម្ពុជាវិញតាមរយៈសណ្តានចិត្តសប្បុរសនៃសារមន្ទីរ Metropolitan Museum of Art នៃទីក្រុងញូវយ៉ក។
ហើយនៅឆ្នាំនេះ បដិមាចំនួន៣ទៀត ត្រូវបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកវិញ ដោយក្នុងនោះមាន ពលរាម តាមរយៈសុច្ឆន្ទៈរបស់ក្រុមហ៊ុន Christie’s ទុរយោធន៍ ពីក្រុមហ៊ុន Sotherby’s តាមរយៈសេចក្តីសម្រេចរបស់តុលាការ និង ភីម ពីសារមន្ទីរ Norton Simon តាមរយៈការចរចារដោយផ្ទាល់ និងវែងអន្លាយ ប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។
បដិមាទាំង៥ នេះសុទ្ធតែស្ថិតនៅក្នុងឆាកប្រយុទ្ធមួយរវាង ភីម និង ទុរយោធន៍ នៅក្នុងទេវកថាសាសនាហិណ្ឌូ មហាភារតៈ។ ប៉ុន្តែនៅមានបដិមា ៣ទៀត នៃក្រុមចម្លាក់នេះនៅបាត់បង់នៅឡើយ ខណៈដែលបដិមាមួយទៀតនៃត្រកូល បាណ្ឌព កំពុងត្រូវបានថែរក្សាទុកនៅឯអភិរក្សដ្ឋាននៅខេត្តសៀមរាប។ “ការបញ្ជូនត្រឡប់មកវិញនៃបដិមាករទាំងនេះ នឹងមិនអាចធ្វើទៅបាននោះទេ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អ និងជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការយូណេស្កូ និងសាលាបារាំងចុងបូព៌ា (EFEO) ក៏ដូចជាសុច្ឆន្ទៈនៃបណ្តាសារមន្ទីរ និងអ្នកប្រមូលវត្ថុបុរាណ”។ ឯកឧត្តមបណ្ឌិត សុខ អាន មានប្រសាសន៍បញ្ជាក់ និងថ្លែងអំណរគុណ។
ទាក់ទងនឹងការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ នៅសារមន្ទីរជាតិកម្ពុជា នូវបដិមាមានប្រភពពីប្រាសាទកោះកេរដែលបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក ឯកឧត្ដម សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលដៅចម្បងដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន អំពីបញ្ហានៃការជួញដូរវត្ថុបុរាណខុសច្បាប់នៅក្នុងពិភពលោកនាសម័យទំនើបនេះ ដែលមិនត្រឹមតែបំផ្លិចបំផ្លាញបេតិកភណ្ឌនៃប្រជាជាតិមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបេតិកភណ្ឌមនុស្សជាតិទាំងមូល ហើយក៏ជាការបង្ហាញដល់សាធារណជនអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាប់ទាំងអស់នេះផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានខិតខំប្រឹងប្រែងក្នុងការស្វះស្វែងអំពាវនាវដល់សារៈមន្ទីរជាដៃគូរ និងសប្បុរជនជាតិ និងអន្តរជាតិនានាក្នុងការទទួលយកវត្ថុបុរាណខ្មែរមកវិញ ដែលធ្វើឡើងក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនិងក្របខណ្ឌឯកជនផងដែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានអំពាវនាវចំពោះប្រទេសលើពិភពលោកបានឃើញមានទុកវត្ថុបុរាណខ្មែរដែលបានមកពីការជួញដូរវត្ថុបុរាណខ្មែរ សូមយកមកប្រគល់ឱ្យខ្មែរវិញតាមចិត្តសប្បុរធម៌។
លោកជំទាវ ជូលី ចុង (Julie Chung) អគ្គរដ្ឋទូតស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជុំទាវ អាន ឡឺម៉េស (Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍ឲ្យដឹងអំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកិច្ចការពារ និងនាំមកកម្ពុជាវិញនូវបេតិកភណ្ឌដែលបានបាត់បង់នាពេលកន្លងមក ក៏ដូចជាបានអះអាងអំពីការបន្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខបន្តទៀត៕