Friday, October 03, 2014

កម្ពុជា និង ឡាវ​បាន​ឯកភាព​គ្នា​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់

ក្នុងជំនួប​​ពិភាក្សារវាង​ឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្រ្តី និង ឯកឧត្តម Prasith SAYASITH ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិតឡាវប្រចាំនៅព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅ​វិមាន​មិត្តភាព​នាព្រឹក​ថ្ងៃទី​០៣ ​ខែ តុលា ឆ្នាំ ២០១៤នេះ​ ភាគី​ទំាងពីរ​​បានលើកឡើងពីបញ្ហាបើកច្រកព្រំដែនអន្តរជាតិមួយ នៅត្រពាំង​គ្រាល និង​បានពិភាក្សា​គ្នា​អំពីការ​សាង​សង់ស្ពាននៅព្រែកល្ពៅ សម្រាប់តភ្ជាប់ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធ​​រវាង​ប្រទេសទាំងពីរ ដើម្បី​សម្រួល​ដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម សេដ្ឋកិច្ច កម្ពុជា-ឡាវឲ្យកាន់តែមាន​ប្រសិទ្ធិភាព។

នៅក្នុងជំនួប​នោះ ភាគី​ទាំង​ពី​រក៏​បាន​ឯកភាពផង​ដែរ ថា នឹងខិតខំធ្វើយ៉ាងណាជំរុញការបោះ​បង្គោ​ល​​ព្រំដែន​ នៃ​ប្រទេសទាំងពីរឲ្យបានឆាប់។


ឯកឧត្តម Prasith SAYASITH បានមាន​ប្រសាសន៏​​ស្នើរឲ្យ​ភាគី​កម្ពុជា​ពន្លឿនការ​បោះ​បង្គោល​​ព្រំដែន​កម្ពុជា-ឡាវឲ្យបានឆាប់ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​ទាំងហេដ្ឋារ​ចនាសម្ព័ន្ធ​ និង​សម្រាប់ដំណើរ​ការ​ពាណិជ្ជ​កម្ម សេដ្ឋកិច្ច ដឹក​ជញ្ជូនទៅវិញទៅមកឆ្លង​កាត់ព្រំដែន​នៃប្រទេស​ទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បាន​បញ្ជាក់​ថា ​ប្រទេសឡាវ​ចង់ឲ្យ​មាន​ការបើកស្ថាន​កុងស៊ុលឡាវ​ប្រចាំ​​នៅ​ខេត្តសៀមរាប គឺដើម្បីជួយ​សម្រួល​ដល់ដំណើរ​ទស្សនកិច្ច​របស់​ប្រជា​ជនឡាវ​ទៅកាន់​កម្ពុជា​។
ជាមួយគ្នានេះដែរ ឧត្តមឧបនាយករដ្ឋមន្រ្តី​សុខ អាន បានមានប្រសាសន៏ឯកភាព​ទៅលើការលើក​ឡើងរបស់ឯកឧត្តមឯក​អគ្គ​រដ្ឋ​ទូតឡាវ គឺធ្វើយ៉ាងណាជំរុញឲ្យមានការបោះបង្គោលឲ្យបានឆាប់ សំដៅ​ចូលរួមចំណែក​អភិ​វឌ្ឍន៍​ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការ​បោះ​​បង្គោល​ព្រំដែនកម្ពុជា-ឡាវនេះ បានសម្រេច ៨៦%ហើយ ភាគីទាំងពីរនឹង​ខិតខំបញ្ជប់​ឲ្យបាន​ឆាប់ ដើម្បីធ្វើ​សន្ធិ​សញ្ញារួម​គ្នា​យកទៅតម្កល់នៅអង្គការសហប្រជាជាតិ ។
ចំ​ពោះ​បញ្ហានេះ ឧត្តមឧបនាយករដ្ឋមន្រ្តី​ សុខ  អាន​  បានគាំទ្រឲ្យ​មានការបើកស្ថានកុងស៊ុល​ឡាវ​ប្រចាំ​នៅខេត្ត​សៀម​រាប​​។

សូមរំលឹកថា ក្នុងឆ្នាំ២០១៣កន្លងមកនេះ ទេស​ចរណ៍​ឡាវ​បានមកកម្ពុជា​យើង​មាន​ជាង៤៤​ម៉ឺន​នាក់ ដែលជាទំហំគួរឲ្យចាប់អារម្មណ៍។ ​បើ​និយាយ​អំ​ពី​ពាណិជ្ជកម្មទ្វេភាគីរ​វាងកម្ពុជា​និង​ឡាវវិញ នៅ​ឆ្នាំ​២០១៣​មកនេះ បាននាំចេញ​ពីកម្ពុជា​ទៅ​ឡាវ មានចំនួនជាង ៥៨៦​ពាន់​ដុល្លារ ហើយនាំចូល​ពីឡាវ​មកកម្ពុជាវិញមានជាង ៥លានដុល្លារ ដែលទំហំ​ពាណិជ្ជកម្ម​ទ្វេ​រ​ភាគីនេះ​មានការកើន​ឡើង​ជានិច្ច។
អត្ថបទដោយ៖ ខេមរា

No comments:

Post a Comment