Friday, October 03, 2014

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ​ សុខ អាន ប្រកា​ស​​បើក​​ការ​​តាំង​​ពិព័រណ៍​​មិន​​អចិន្ត្រៃយ៍​​បដិមា​​ប្រាសាទកោះ​​កេរ​នៅ​​សារ​មន្ទីរ​ជាតិ​

ចាប់ពី​ឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០១៤ ពិសេស​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ទទួល​យក​វត្ថុបុរាណ​របស់​ខ្លួន​ដែល​បាន​បាត់​ បង់​ត្រឡប់​មកវិញ​សរុបមាន​ចំនួន ៣៥០​វត្ថុបុរាណ។ នេះ​ជា​សេចក្តី​រាយការណ៍​របស់​លោក គង់ វីរះ ប្រធាន​នាយកដ្ឋាន​សារមន្ទីរជាតិ នៅ​ក្នុង​ពិធី​បើក​ការ​តាំង​ពិព័រណ៍​មិន​អចិ​ន្ត្រៃយ៍​នៅ​សារមន្ទីរ​ជាតិ​ កម្ពុជា នូវ​បដិមា​មាន​ប្រភព​ពី​ប្រាសាទ​កោះ​កេរ​ដែល​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​ អាមេរិក នា​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ក្រោម​អធិបី​ភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។
លោក គង់ វីរះ បានឲ្យ​ដឹង​ថា វត្ថុបុរាណទាំង​នោះ​ត្រូវ​បាន​ប្រគល់​ត្រឡប់​មកវិញពី​បណ្តា​ប្រទេស​នានា ដូចជា សហរដ្ឋអា​មេរិក ប្រទេស​បារាំង ថៃឡង់ថ៍ អូស្រ្តាលី ស្វីស ឥណ្ឌូនេស៊ី ហូឡង់ ជប៉ុនចក្រភព​អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី កាណាដា និង​តៃវ៉ាន់។

លោកជុំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ជំទាវ ជូលី ចុង (Julie Chung) អគ្គ​រដ្ឋ​ទូត​ស្តីទី​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក​ជុំ​ទាវ អាន ឡឺម៉េស (Anne Lemaistre) តំណាង​អង្គការ​យូណេ​ស្កូ​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក៏មាន​វត្ត​មាន​ក្នុង​ពិធី​តាំង​ពិព័រណ៍​នេះ​ដែរ។

ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណចំពោះ​អង្គការ​យូណេស្កូ និង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​សហការជាមួយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សារមន្ទីរ​ជាតិ​ដោយ​ផ្តល់​ថិវកា​ក្នុង​ការ​រៀប​ចំ​តាំងពិព័រណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ (បើក​តាំង​ពិព័រណ៍) មិន​ត្រឹម​តែ​បញ្ជាក់​អំពី​សមិទ្ធផល​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​អំពី​សាមគ្គីភាព​ជា​អន្តរ​ជាតិ​នៅ​ក្នុង​យុទ្ធនាការ​ដ៏​ទូលំទូលាយ​មួយ ដើម្បី​ការ​ពារ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​ទៀត​ផង​។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ចុង​បញ្ចប់​នៃ​សម័យ​ដ៏ខ្មៅ​ងងឹត​នៃ​ប្រវត្តិ​សាស្ត្រ​របស់​យើង និង​ជា​ជា​ពិសេស​នៅ​ពេល​សន្តិភាព​ពេញ​លេញ សន្តិ​សុខ និង​ស្ថេរភាព​នយោបាយ​បាន​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស តាម​រយៈនយោបាយ​ឈ្នះឈ្នះ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម ក៏​ទទួល​បានការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ផង​ដែរ នៅ​ក្នុង​គោល​នយោបាយ​ជាតិ​របស់កម្ពុជា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បេជ្ញាចិត្ត​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារ និង​ការ​អភិរក្ស​បេតិកភណ្ឌ ត្រូវ​បាន​បង្ហាញ​តាម​រយៈការ​អនុម័ត និង​ការ​អនុវត្ត​ច្បាប់​ជាតិ និង​តាម​រយៈការ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​សហគមន៍​អន្តរ​ជាតិ។ ជាលទ្ធផល​ កិច្ច​ប្រឹង​ប្រែង​របស់​កម្ពុជា​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់ ជា​លក្ខណៈ​អន្តរ​ជាតិ​ ដូច​បាន​បង្ហាញតាម​រយៈការ​ចុះ​បញ្ជី​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ប្រាសាទព្រះ​វិហារ​ ជា​បេតិ​កភណ្ឌ​ពិភពលោកបន្ថែម​លើ​រមណីយដ្ឋាន​អង្គរ និង​ការ​បញ្ចូន​វត្ថុ​បុរាណ ដែល​ត្រូវ​បាន​គេ​លួច និង​ជួ​ញ​ដូរ​ដោយ​ខុស​ច្បាប់​ត្រឡប់​មក​កាន់​ទីឋាន​កំណើត​វិញ។

ជាសក្ខីភាព​នៃកិច្ច​ប្រឹង​ប្រែង​ទាំង​នេះ គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ឯកិច្ច​ប្រជុំ​លើក​ទី​៣៨ របស់​ខ្លួននៅ​ទីក្រុង​ដូហារ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ នៅ​ក្នុង​ការ​វាយ​តម្លៃ​ជា​វិជ្ជ​មាន និង​ការ​អនុម័ត​ជា​ឯកច្ឆ័ន​លើ​របាយការណ៍​ ស្តីពី​ស្ថាន​ភាព​អភិរក្ស​នៃ​រមណីយដ្ឋាន​អង្គរ បាន​ធ្វើការ​កោត​សរសើរចំពោះការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​កម្ពុជា និង​ ICC-Angkor​។ ​យន្តការ​អន្តរជាតិ​នេះ ដែល​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដោយ​មាន​ប្រទេស​ជប៉ុន និង​បារាំង​ជា​សហប្រធាន​ ត្រូវ​បាន​ចាត់​ទុក​ជា​គំរូសម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ក្នុង​ការ​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​២០១៣-២០១៤កន្លងទៅ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផលជា​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ក្នុង​ផ្នែក​បេតិកភណ្ឌ​ជា​ពិសេស​ គឺការ​ធ្វើជា​ម្ចាស់​ផ្ទះ​ប្រកប​ដោយ​ជោគជ័យ នៃកិច្ច​ប្រជុំ​លើកទី​៣៧ នៃគណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌពិភពលោក ដែល​នៅ​ក្នុង​ឱកាស​នោះ​ដំណាក់​កាល​ដំបូង​នៃដំណើរបញ្ជូន​ត្រឡប់​មក​វិញ​នូវ​បដិមា​ទាំង​៥ មាន​ប្រភព​មក​ពី​ប្រាសាទកោះកេរ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ ពោល​គឺ​បដិមា​ចំនួន​២ នៃ​ត្រកូល បាណ្ឌព ត្រូវ​បាន​ប្រគល់​ឲ្យ​កម្ពុជា​វិញ​តាម​រយៈសណ្តាន​ចិត្ត​សប្បុរស​នៃ​សារមន្ទីរ Metropolitan Museum of Art នៃទីក្រុង​ញូវយ៉ក។

ហើយ​នៅ​ឆ្នាំ​នេះ បដិមា​ចំនួន​៣ទៀត ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ ដោយ​ក្នុង​នោះ​មាន ពលរាម តាម​រយៈសុច្ឆន្ទៈរបស់​ក្រុម​ហ៊ុន Christie’s ទុរយោធន៍ ពីក្រុមហ៊ុន​ Sotherby’s តាម​រយៈសេចក្តី​សម្រេច​របស់​តុលាការ​ និង​ ភីម ពីសារមន្ទីរ Norton Simon តាម​រយៈការ​ចរចារ​ដោយ​ផ្ទាល់ និង​វែង​អន្លាយ ប្រកប​ដោយ​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក។

បដិមា​ទាំង៥ នេះ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ឆាក​ប្រយុទ្ធ​មួយ​រវាង ភីម និង ទុរយោធន៍ នៅ​ក្នុង​ទេវកថា​សាសនា​ហិណ្ឌូ មហាភារតៈ។ ប៉ុន្តែ​នៅ​មាន​បដិមា​ ៣ទៀត នៃក្រុម​ចម្លាក់​នេះ​នៅ​បាត់​បង់​នៅ​ឡើយ ខណៈ​ដែល​បដិមា​មួយ​ទៀត​នៃ​ត្រកូល បាណ្ឌព កំពុង​ត្រូវ​បាន​ថែរក្សា​ទុក​នៅ​ឯ​អភិរក្ស​ដ្ឋាន​នៅ​ខេត្ត​សៀម​រាប។ “ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃបដិមាករ​ទាំង​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ប្រសិន​បើ​គ្មានកិច្ច​សហប្រតិបត្តិការ​ល្អ និង​ជំនួយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការ​យូណេស្កូ និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) ក៏ដូចជា​សុច្ឆន្ទៈ​នៃ​បណ្តា​សារមន្ទីរ និង​អ្នក​ប្រមូល​វត្ថុ​បុរាណ”។ ឯកឧត្តម​បណ្ឌិត​ សុខ អាន មាន​ប្រសាសន៍​បញ្ជាក់ និង​ថ្លែង​អំណរ​គុណ។

ទាក់​ទង​នឹង​ការ​តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា នូវ​បដិមា​មាន​ប្រភព​ពី​ប្រាសាទ​កោះ​កេរ​ដែល​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក ឯកឧត្ដម សុខ អាន បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពិព័រណ៍​មិន​អចិន្ត្រៃយ៍​នេះ មានគោល​ដៅ​ចម្បង​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​សាធារណជន អំពី​បញ្ហា​នៃការ​ជួញដូរវត្ថុ​បុរាណខុស​ច្បាប់​នៅ​ក្នុង​ពិភពលោក​នា​សម័យ​ទំនើប​នេះ ដែល​មិន​ត្រឹមតែ​បំផ្លិច​បំផ្លាញ​បេតិកភណ្ឌ​នៃ​ប្រជា​ជាតិ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បេតិកភណ្ឌ​មនុស្ស​ជាតិទាំងមូល ហើយក៏ជា​ការ​បង្ហាញ​ដល់​សាធារណ​ជន​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើខុ​ស​ច្បាប់​ទាំង​អស់​នេះ​ផង​ដែរ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី ​បាន​ជំរុញឲ្យក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បះ បាន​ខិតខំ​ប្រឹង​ប្រែងក្នុង​ការ​ស្វះ​ស្វែង​អំពាវ​នាវ​ដល់​សារៈមន្ទីរជាដៃគូរ និងសប្បុរជន​ជាតិ និង​អន្តរជាតិ​នានា​ក្នុង​ការទទួលយកវត្ថុបុរាណ​ខ្មែរ​មក​វិញ ដែល​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​រាជ​រដ្ឋា​ភិបាល​និង​ក្របខណ្ឌ​ឯកជន​ផងដែរ។

ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ អាន បានអំពាវនាវចំពោះ​ប្រទេសលើពិភពលោក​បាន​ឃើញមាន​ទុក​វត្ថុបុរាណខ្មែរ​ដែល​បាន​មកពីការជួញដូរ​វត្ថុបុរាណខ្មែរ សូម​យក​មកប្រគល់ឱ្យ​ខ្មែរវិញតាម​ចិត្តសប្បុរធម៌។


លោក​ជំទាវ ជូលី ចុង (Julie Chung) អគ្គ​រដ្ឋ​ទូត​ស្តីទី​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក​ជុំ​ទាវ អាន ឡឺម៉េស (Anne Lemaistre) តំណាង​អង្គការ​យូណេ​ស្កូ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជានៅ​ក្នុង​ឱកាស​នោះ​ដែរ​ ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹង​អំពីកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កិច្ច​ការពារ និង​នាំ​មកកម្ពុជា​វិញនូវ​បេតិ​ក​ភណ្ឌ​ដែល​បាន​បាត់​បង់​នា​ពេលកន្លង​មក ក៏ដូច​ជាបាន​​អះអាង​អំពី​ការ​បន្ត​កិច្ច​សហ​ប្រតិ​បត្តិការ​នាពេល​ខាង​មុខ​បន្តទៀត៕

No comments:

Post a Comment