Thursday, October 02, 2014

ខេត្ត​​កណ្តាល​​ផ្សព្វ​ផ្សាយ​ផែន​ការ​​បុណ្យ​ជាតិ​​ធំៗ ៤

នៅក្នុងអំឡុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០១៤​នេះនៅព្រះរាជា​ណាចក្​រកម្ពុជា​នឹង​មាន​ប្រារព្ធ​ពិធី​បុណ្យធំៗចំនួន៤។​ នៅខេត្តកណ្តាល ព្រឹក​ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤នេះ  ឯកឧត្តម​ ផៃ ប៊ុនឈឿន អភិបាល​នៃគណៈ​អភិបាល​ខេត្ត​កណ្តាល​ បានធ្វើ​ការផ្សព្វផ្សាយ​ផែនការ​បុណ្យ​ជាតិ​ធំៗ ចំនួន៤នោះ ជូន​ដល់​មន្ត្រី​រាជការ​ លោក​​អភិបាល ក្រុង​​-ស្រុក និងក្រុមប្រឹក្សា​ឃុំ‑ សង្កាត់ ដែល​មានទូក​ចូល​រួមប្រកួត​។
បុណ្យធំៗ​ដែលនឹងប្រារព្ធ​ធ្វើ​នៅខែ​តុលា និងខែវិច្ឆិកា រួមមាន ទី១-ព្រះ​រាជ​ពិធី​បុណ្យ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនៈ​កោដ្ឋ​កំរប់ខួប​២ឆ្នាំ​ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៤ ទី២ -ពិធីបុណ្យ​គ្រង​រាជ្យ​សម្បតិ្ត​ ខួប​១០ឆ្នាំ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោ​ត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ​ធ្វើ​នៅថ្ងៃទី​២៨-២៩ ខែតុលា ឆ្នាំ២០១៤ ទី៣ -ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អក​អំបុក​ ឆ្នាំ២០១៤ ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី ៥ -  - ៧ ខែ​វិច្ឆិកា ឆ្នាំ២០១៤ និង​ទី៤-ពិធី​បុណ្យ​ខួប​អនុស្សា​វរីយ៍​លើក​ទី៦១ នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ និងទិវា​កំណើត​កងយោធពល​ខេមរៈ​ភូមិន្ទ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី ០៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤៕

សូមជំរាបផងដែរថា បន្ទាប់ពីអាក់ខាន​រយៈ​ពេល បីឆ្នាំ ពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះ​ព្រះខែ​ អកអំបុក នឹង​ត្រូវប្រារព្ធធ្វើជាថ្មី​ឡើងវិញ​ នាថ្ងៃទី ៥-៦-៧ ខែវិច្ឆកាឆ្នាំ ២០១៤​ខាងមុខនេះ​ ។ តាមតួលេខ​បណ្តោះអាសន្ន ខេត្តកណ្តាល​មានទូក ចូលរួម​ប្រកួត ចំនួន ៥៤ទូក ក្នុងនោះមានទូក​ អុំ ចំ​នួន​ ៣៨ ទូកចែវ ១០ និងមានទូកខ្នាត​អន្តរជាតិ​ចំនួន ៦ទូក។
ពាក់ព័ន្ធនឹងព្រះរាជពិធី​បុណ្យអុំទូក​ដែលមានកីឡាករចូលរួម ពិសេស​ប្រជាពលរដ្ឋចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​នោះ ​ឯកឧត្តម ផៃ ប៊ុនឈឿន បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក​ កងកំលាំងមាន​សមត្ថកិច្ច ត្រូវសហការកសាង​ផែនការ​​ការពារ​ជាក់ស្តែង​ និងលំអិតដើម្បីការពារ​សុវត្ថិភាព​ ជូនដល់ប្រជាពលរដ្ឋ​ដែលមកកំសាន្តទាំងផ្លូវគោក និងផ្លូវទឹក។

ឯកឧត្តម​ ផៃ​ ប៊ុនឈឿន បាន​បន្ថែម​ថា​ គណៈកម្មការទូកត្រូវមាន​ការណែនាំ​ដល់ក្រុម​កីឡាករ​ទាំងអស់​ត្រូវ​ គោរពវិន័យហ្វឹកហាត់​ដើម្បី​ពង្រឹងប្រៀបខ្លាំង រក្សាសុខភាព​ និងរស់​នៅ​ដោយមាន​អនាម័យ។​​​​ ជាមួយគ្នានេះ​ត្រូវ​ពិនិត្យ​កែលំអរទូកដោយផ្សាភ្ជាប់​ទៅនឹង​ប្រពៃណី​វប្បធម៌​ របស់ជាតិ និងសោភ័ណភាព​ រីឯសំលៀកបំពាក់​កីឡាករ ​គឺត្រូវគិតផងដែរ​ ត្រូវ​ឲ្យមានបែបផែនជាខ្មែរ​ និងមានការឯកភាពគ្នា​ក្នុងទូកនិមួយៗ​។ ឯកឧត្តម​បន្ត​ថា  លោក​អភិបាល​ស្រុក គប្បីស្វែងរក​ការគាំទ្រពីសប្បុរសជនបណ្តាក្រុមហ៊ុនរោងចក្រដែលមាន​ក្នុងមូលដ្ឋាន​ដើម្បី​ជួយឧបត្ថម្ភដល់កីឡាករ​​។​​​
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរពីបញ្ហាមួយ​ចំនួនដែលត្រូវធ្វើនាពេល​ខាងមុខ ​​គឺពេលនេះ​ជារដូវ​ទឹកសំរក​ ដូច្នេះ ថ្នាក់ស្រុក​និងមន្ទីរជំនាញត្រូវយកចិត្តទុកដាក់​លើការងារគ្រប់គ្រងទឹក​ ដើម្បីទុកឲ្យប្រជាកសិករ​មានទឹក​ធ្វើ​ស្រែ​រដូវប្រាំង​ឲ្យបាន​គ្រប់គ្រាន់ ​​​ព្រោះជីវភាពរបស់ប្រជាពលរដ្ឋ​ គឺជាបញ្ហាសំខាន់​បំផុត។ ​ទន្ទឹម​នឹង​នេះ​ការងារ​ការពារសន្តិសុខ​សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សូម​​គណៈបញ្ជាការឯកភាពស្រុក និងកងកំលាំង​ទាំង៣​ផ្នែក​ត្រូវមានផែនការ​ច្បាស់លាស់​ និងក្តាប់សភាពការណ៏​ឲ្យបានពិតប្រាកដ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ​រស់​នៅ​ដោយ​សុខសន្តិភាព ៕

អត្ថបទ៖ សាលាខេត្ត​កណ្តាល​

No comments:

Post a Comment