រាជធានីភ្នំពេញ ថ្ងៃទី០១
ខែតុលា ឆ្នាំ២០១៤
- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ
- លោកស្រី Julie Chung អគ្គរដ្ឋទូតស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិក
- លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីបើកការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរជាតិកម្ពុជា
នូវបដិមាមានប្រភពពីប្រាសាទកោះកេរ
ដែលបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នក ទាំងឡាយ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេចឡើងបាន
ជាពិសេសគឺ អង្គការ យូណេស្កូ និងស្ថានទូតសហរដ្ឋអាមេរិក
ចំពោះកិច្ចសហការផ្ដល់ថវិកាសម្រាប់រៀបចំពិព័រណ៍នេះរួមជាមួយនឹងទីស្ដីការគណៈរដ្ឋមន្ត្រី
ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិកម្ពុជា ចំពោះការរៀបចំបច្ចេកទេស
ផងដែរ។
ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែបញ្ជាក់អំពីសមិទ្ធផលដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីសាមគ្គីភាពជាអន្តរជាតិ នៅក្នុងយុទ្ធនាការដ៏ទូលំទូលាយដើម្បីការពារបេតិកភណ្ឌរបស់មនុស្សជាតិ។ នេះ គឺជាឱកាសដើម្បីប្រារព្ធពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់មួយ
ខណៈដែលកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការយូណេស្កូ
និងអ្នកពាក់ព័ន្ធដទៃទៀត បាននាំដល់ការបញ្ជូនត្រឡប់មកទីឋានកំណើតវិញនូវបដិមានៃប្រាសាទកោះកេរ ដែលត្រូវបានគេលួច
និងជួញដូរទាំងនេះ។ បន្ទាប់ពីមានការប្រារព្ធពិធីស្វាគមន៍ការវិលត្រឡប់មកវិញនៃបដិមាទាំងនេះ
កាលពីខែមិថុនាកន្លងទៅ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះមានគោលដៅចម្បង
ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន អំពីបញ្ហានៃការជួញដូរវត្ថុបុរាណខុសច្បាប់នៅក្នុងពិភពលោកនាសម័យទំនើបនេះ
ដែលមិនត្រឹមតែបំផ្លិចបំផ្លាញបេតិកភណ្ឌនៃប្រជាជាតិមួយប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបេតិកភណ្ឌមនុស្សជាតិទាំងមូល ហើយក៏ជាការបង្ហាញដល់សាធារណជនអំពីកិច្ចខិតខំប្រឹងប្រែង
ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាប់ទាំងអស់នេះផងដែរ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ដូចដែលយើងទាំងអស់គ្នាបានដឹងរួចហើយថា ប្រទេសកម្ពុជា
ជាប្រទេសសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌
ដូចដែលគេបានដាក់ឈ្មោះឱ្យថា «ព្រះរាជាណាចក្រនៃវប្បធម៌»។ ក្រៅពីរមណីយដ្ឋានអង្គរ
និងប្រាសាទព្រះវិហារដ៏ល្បីល្បាញរបស់យើង ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ នៅមានរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនទៀតនៅទូទាំងប្រទេស
ដែលរមណីយដ្ឋាននីមួយៗសុទ្ធសឹងតែមានសារសំខាន់ផ្សេងៗពីគ្នា ទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកសិល្បៈ ដូចជារមណីយដ្ឋានសំបូរព្រៃគុក
ប្រាសាទអង្គរបូរី ប្រាសាទបន្ទាយឆ្មារ ប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទព្រៃនគរ ភ្នំគូលេន និងប្រាសាទកោះកេរ ជាដើម។
រមណីយដ្ឋានប្រាសាទកោះកេរ ដែលជាទីឋានកំណើតនៃបដិមាទាំងនេះ មានលក្ខណៈពិសេសដោយឡែកពីគេជាច្រើន។ រមណីយដ្ឋាននេះមិនត្រឹមតែជារមណីយដ្ឋានបុរាណវិទ្យាមួយ
ដែលពិពណ៌នាអំពីរឿងរ៉ាវនានាតាមរយៈបដិមា ប៉ុណ្ណោះទេ ប៉ុន្តែរមណីយដ្ឋាននេះថែមទាំងជាអតីតរាជធានីមួយរបស់ចក្រភពខ្មែរកាលពីឆ្នាំ៩២៨
ដល់ឆ្នាំ៩៤៤ ទៀតផង។ លើសពីនេះទៅទៀត
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានរកឃើញថា កោះកេរគឺជារមណីយដ្ឋានបុរាណវិទ្យាតែមួយគត់នៅក្នុងទ្វីបអាស៊ី ដែលមានប្រាសាទរាងជាពីរ៉ាមីត
ស្រដៀងនឹងរមណីយដ្ឋានផ្សេងទៀតដែលស្ថិតនៅម្ខាងទៀតនៃផែនដីក្នុងទ្វីបអាមេរិក
ដែលគេបានរកឃើញសំណល់បុរាណវិទ្យាជាច្រើននៃអរិយធម៌
Maya ដ៏ចំណាស់។
ជាអកុសល នៅអំឡុងពេលដែលប្រទេសកម្ពុជារងគ្រោះដោយសារសង្គ្រាម និងអស្ថិរភាពនយោបាយ
បេតិកភណ្ឌរបស់យើងក៏ទទួលរងគ្រោះផងដែរ។ រមណីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួន
រួមទាំងរមណីយដ្ឋានប្រាសាទកោះកេរ ពុំត្រូវបានថែទាំដិតដល់
ហើយវត្ថុបុរាណមួយចំនួនត្រូវបានគេលួច និងជួញដូរទៅក្រៅប្រទេស
ទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក ដូចដែលបានលាតត្រដាងតាមរយៈរឿងរ៉ាវនៃដំណើររបស់បដិមាដ៏អស្ចារ្យទាំងនេះ។
នៅចុងបញ្ចប់នៃសម័យដ៏ខ្មៅងងឹងនៃប្រវត្តិសាស្ត្ររបស់យើង
និងជាពិសេសនៅពេលដែលសន្តិភាពពេញលេញ
សន្ដិសុខ និងស្ថិរភាពនយោបាយ បានកើតមានឡើងទូទាំងប្រទេស តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចការពារបេតិកភណ្ឌវប្បធម៌ក៏ទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងផងដែរនៅក្នុងគោលនយោបាយជាតិរបស់យើង។
ការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារ និងការអភិរក្សបេតិកភណ្ឌ
ត្រូវបានបង្ហាញតាមរយៈការអនុម័ត និងការអនុវត្តច្បាប់ជាតិ
និងតាមរយៈការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ។ ជាលទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទទួលបាននូវការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ
ដូចបានបង្ហាញតាមរយៈការចុះបញ្ជីរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ
ជាបេតិកភណ្ឌពិភពលោក បន្ថែមលើរមណីយដ្ឋានអង្គរ និងការបញ្ជូនវត្ថុបុរាណដែលត្រូវបានគេលួចនិងជួញដូរដោយខុសច្បាប់
ត្រឡប់មកកាន់ទីឋានកំណើតវិញ។ ជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឯកិច្ចប្រជុំលើកទី៣៨របស់ខ្លួន
នៅទីក្រុង Doha កាលពីខែមិថុនាកន្លងទៅ
នៅក្នុងការវាយតម្លៃជាវិជ្ជមាន និងការអនុម័តជាឯកច្ឆន្ទលើរបាយការណ៍ស្ដីពីស្ថានភាពអភិរក្សនៃរមណីយដ្ឋានអង្គរ
បានធ្វើការកោតសរសើរ ចំពោះការងារប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា
និង ICC-Angkor។ យន្តការអន្តរជាតិនេះ ដែលបានបំពេញការងារយ៉ាងសកម្មចាប់តាំងពីឆ្នាំ១៩៩៣
ដោយមានប្រទេសជប៉ុន និងបារាំង ជាសហប្រធាន ត្រូវបានចាត់ទុកជាគំរូ
សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារ និងអភិរក្សបេតិកភណ្ឌ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ឆ្នាំ២០១៣ និងឆ្នាំ២០១៤ កន្លងទៅនេះ
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនក្នុងផ្នែកបេតិកភណ្ឌ ជាពិសេសគឺការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃកិច្ចប្រជុំលើកទី៣៧
នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលនៅក្នុងឱកាសនោះ ដំណាក់កាលដំបូងនៃដំណើរបញ្ជូនត្រឡប់មកវិញនូវបដិមាទាំង៥ មានប្រភពមកពីប្រាសាទកោះកេរ
ត្រូវបានចាប់ផ្ដើមឡើង ពោលគឺបដិមាចំនួន២ នៃត្រកូល បណ្ឌវ
ត្រូវបានប្រគល់ឱ្យកម្ពុជាវិញ
តាមរយៈសណ្ដានចិត្តសប្បុរសនៃសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក។
ហើយនៅឆ្នាំនេះ បដិមាចំនួន៣ ទៀត ត្រូវបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកវិញ គឺ៖ ពលរាម
តាមរយៈសុច្ឆន្ទៈរបស់ក្រុមហ៊ុន Christie’s
ទុរយោធន៍ ពីក្រុមហ៊ុន Sotheby’s តាមរយៈការសម្រុះសម្រួលរបស់តុលាការសហរដ្ឋអាមេរិក
និង ភីម ពីសារមន្ទីរ Norton Simon តាមរយៈការចរចារដោយផ្ទាល់និងវែងអន្លាយ
ប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។
បដិមាទាំង៥ នេះ
សុទ្ធតែស្ថិតនៅក្នុងឆាកប្រយុទ្ធមួយ រវាង ភីម និង ទុរយោធន៍ នៅក្នុងទេវកថាសាសនាហិណ្ឌូ
មហាភារតៈ។ ប៉ុន្តែនៅមានបដិមា៣
ទៀត នៃក្រុមចម្លាក់នេះ នៅបាត់បង់នៅឡើយ
ខណៈដែលបដិមាមួយទៀតនៃត្រកូល បណ្ឌវ កំពុងត្រូវបានថែរក្សាទុកនៅឯអភិរក្សដ្ឋានអង្គរ
នៅខេត្តសៀមរាប។
បន្ទាប់ពីត្រូវបានជួសជុលដោយអ្នកជំនាញរបស់សារមន្ទីរជាតិ ឥឡូវនេះ បដិមាទាំង៥នេះ ត្រូវបានដាក់តាំងពិព័រណ៍ឱ្យភ្ញៀវចូលទស្សនា។ បន្ទាប់ពិព័រណ៍មិនអចិន្ត្រៃយ៍ នេះយើងបានគ្រោងរៀបចំវិចិត្រសាលមួយនៅក្នុងសារមន្ទីរជាតិ
ដែលរចនាជាពិសេស ដើម្បីតាំងបង្ហាញបដិមាទាំងអស់ក្នុងឆាកប្រយុទ្ធដ៏ល្បីល្បាញនេះ
រួមជាមួយនឹងបដិមាដទៃទៀតរបស់ប្រាសាទកោះកេរ ដែលត្រូវបានគេចាត់ទុកថាជាស្នាដៃកំពូលនៃចម្លាក់ខ្មែរ។
ខ្ញុំក៏សូមលើកឡើង
និងថ្លែងអំណរគុណផងដែរ ដែលសិលាចារិកសតវត្សទី១១
ឬទី១២ ចំនួនមួយផ្ទាំង សរសេរជាភាសាខ្មែរបុរាណ និងភាសាសំស្ក្រឹត ទើបតែត្រូវប្រគល់ឱ្យសារមន្ទីរជាតិវិញកាលពីពេលថ្មីៗនេះ
តាមរយៈសុច្ឆន្ទៈរបស់សារមន្ទីរ
Metropolitan Museum of Art ។
ខ្ញុំជឿជាក់ថា សិលាចារិកនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការយល់ដឹងរបស់យើងអំពីប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ។
ឆ្លៀតក្នុងឱកាសនេះ
ខ្ញុំសូមបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃបដិមាទាំងនេះ នឹងមិនអាចធ្វើទៅបាននោះទេ
ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អ និងជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការយូណេស្កូ និងសាលាបារាំងចុងបូព៌ា (EFEO) ក៏ដូចជាសុច្ឆន្ទៈនៃបណ្ដាសារមន្ទីរ
និងអ្នកប្រមូលទុកវត្ថុបុរាណ ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀត។
ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ជាពិសេសផងដែរចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ
ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងក្រុមការងារនៃទីស្ដីការគណៈរដ្ឋមន្ត្រី
ជាពិសេសឯកឧត្តមរដ្ឋលេខាធិការ ច័ន្ទ តានី ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់ ក្រោមការណែនាំដោយផ្ទាល់ពីខ្ញុំ ហើយមានការគាំទ្រនិងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់អ្នកទាំងអស់
ដែលកំពុងរក្សាទុកនូវបដិមាដទៃទៀតនៅក្នុងឆាកប្រយុទ្ធនេះ សូមធ្វើតាមគំរូដ៏ល្អប្រពៃនេះ
ដោយប្រគល់បដិមាទាំងនោះឱ្យមកម្ចាស់ដើមវិញ ដើម្បីឱ្យបដិមាទាំងអស់បានមកជួបជុំគ្នា។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម
លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់
សូមមានសុខភាពល្អ ទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងគ្រួសារ។
ខ្ញុំសូមប្រកាសបើក ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នៃបដិមាដែលទទួលបានពីសហរដ្ឋអាមេរិក ចាប់ពីពេលនេះតទៅ។
សូមអរគុណ!
No comments:
Post a Comment