ព្រះមហាក្សត្រ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៤នេះ
បានផ្ញើព្រះរាជសារ ជូនថ្នាក់ដឹកនាំ និងសមាជិកសភានៃគណបក្សទាំងពីរ
ដោយព្រះអង្គសំដែងនូវសេចក្តីសោមនស្សរីករាយ
ក្នុងពិធីបើកបវេសនកាលរដ្ឋសភាដែលប្រារព្ធឡើង
ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៥ នៅថ្ងៃទី១ ខែតុលា
ឆ្នាំ២០១៤នេះ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ
ត្រូវបានអានក្នុងសម័យប្រជុំរដ្ឋសភា ដោយសម្តេចពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភា។
ព្រះមហាក្សត្រ
បានបញ្ជាក់នៅក្នុងព្រះរាជសារថា « រដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិ
ដែលសមាជិករដ្ឋសភា
គឺជាតំណាងរាស្ត្រដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសជាសកល
ដោយសេរី និងដោយសម្ងាត់ មកពីមណ្ឌលផ្សេងៗគ្នានៅទូទាំងប្រទេស
ដើម្បីធ្វើជាតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភា
ជាអ្នកផ្តួចផ្តើមធ្វើច្បាប់ អនុម័តច្បាប់
និងតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល
បានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធភាព។
ព្រះរាជសារ ក៏បានសង្កត់ធ្ងន់ផងដែរថា
ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នរដ្ឋកំពូលៗ មានព្រឹទ្ធសភា
ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល អង្គការអន្តរជាតិនានា
និងអង្គការក្រៅរដ្ឋាភិបាល
រដ្ឋសភាបានបំពេញការងារដោយការទទួលបានលទ្ធផលល្អប្រសើរ
ក្នុងការតាក់តែង និងអនុម័តច្បាប់
ឲ្យសមស្របនឹងស្ថានភាពរបស់សង្គមជាតិយើងនាពេលបច្ចុប្បន្ន
ស្របតាមបរិបទកម្ពុជា ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ និងពិភពលោក
និងសមាជិកនៃសមាគមប្រជាជាតិអាស៊ី‑ អាគ្នេយ៍
ដែលនឹងក្លាយជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥។
ព្រះមហាក្សត្រ ព្រះអង្គនៅបានបន្ថែមទៀតថា
ក្នុងរយៈពេលកន្លងមកថ្មីៗនេះ រដ្ឋសភាបានអនុម័តច្បាប់ និងសន្ធិសញ្ញា សំខាន់ៗជាច្រើន
ដើម្បីពង្រឹងស្ថាប័នរដ្ឋបាល នយោបាយ យុត្តិធម៌ ហិរញ្ញវត្ថុ សេដ្ឋកិច្ច
សង្គម និងបរិស្ថានល្អ។ ជាពិសេស
រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការចាត់តាំងអង្គការតុលាការ និងអយ្យការ
ច្បាប់ស្តីពី លក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការធានារ៉ាប់រង។ល។
ជាមួយគ្នានេះផងដែរ ព្រះមហាក្សត្រ បានបញ្ជាក់ថា
នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥
រដ្ឋសភាបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ជាអាទិ៍
បានស្រុះស្រួលគ្នាដោះស្រាយបញ្ហាដ៏សំខាន់របស់ប្រទេសជាតិ
ដោយផ្អែកលើនីតិរដ្ឋ និងច្បាប់ជាធរមាន
ព្រមទាំងតាមទម្លាប់នៃលទ្ធិប្រជាធិបតេយ្យ។
សូមអានព្រះរាជសារទាំងស្រុងរបស់ព្រះមហាក្សត្រ៖



No comments:
Post a Comment