Tuesday, December 08, 2020

កូនៗទាំង៥នាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមគ្នាបរិច្ចាគថវិកា៥ម៉ឺនដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ

កូនៗទាំង៥នាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរួមគ្នាបរិច្ចាគថវិកាចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ការបរិច្ចាគរបស់កូនទាំង៥នាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន៖
១៖ លោក ហ៊ុន ម៉ាណែត និងភរិយា ថវិកា១ម៉ឺនដុល្លារ
២៖ លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ថវិកា១ម៉ឺនដុល្លារ
៣៖ លោក ហ៊ុន ម៉ានិត និងភរិយា ថវិកា១ម៉ឺនដុល្លារ
៤៖ លោក ហ៊ុន ម៉ានី និងភរិយា ថវិកា១ម៉ឺនដុល្លារ
៥៖ លោកស្រី ហ៊ុន ម៉ាលី និងលោក សុខ ពុទ្ធិវុធ ថវិកា១ម៉ឺនដុល្លារ

ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា ១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា១លានដុល្លារ ជូនលោកនាយករដ្ឋមន្រ្ដី ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើជូនលោកឧកញ៉ា ឡេង ណាវ៉ាត្រា។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណដោយស្មោះចំពោះលោកឧកញ៉ា និងលោកជំទាវ ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារជំងឺ COVID-19 នៅក្នុងកាលៈទេសៈដែលគ្រោះភ័យ នៃជំងឺនេះកំពុងតែគំរាមមកលើសុខភាពរបស់ប្រជាជនកម្ពុជាយើង។


ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្នេហាជាតិ និងប្រជាជនរបស់លោកឧកញ៉ា និងលោកជំទាវ។ សូមលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ» ៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានបរិច្ចាគថវិកា ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនក្រុមហ៊ុន ជីបម៉ុង គ្រុប។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថា «នៅក្នុងកាលៈទេសៈដែលគ្រោះភ័យនៃជំងឺកូវីដ១៩ កំពុងញាំញីសុខភាព និងគំរាមអាយុជីវិតរបស់ប្រជាជនកម្ពុជា វិភាគទានរបស់អ្នកឧកញ៉ា និងលោកជំទាវ ជាទឹកប្រាក់ចំនួន៣ ០០០ ០០០ (បីលាន) ដុល្លារអាមេរិក សម្រាប់ជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាន»។


ខ្ញុំសូមកោតសរសេរយ៉ាងស្មោះចំពោះស្មារតីស្នេហាជាតិ និងប្រជាជនកម្ពុជា របស់អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សហការី និងអតិថិជនទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»។


សូមបញ្ជាក់ថា ក្រុមហ៊ុន ជីបម៉ុង គ្រុប បានប្រកាសបរិច្ចាគថវិកា៣លានដុល្លារ ជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសនេះ កើតឡើងភ្លាមៗ ក្រោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូន ប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕