Thursday, August 24, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីសមុទ្រចិនខាងត្បូង ជាមាត់ជ្រោះនៃសង្រ្គាម ក្នុងតំបន់អាស៊ី?

FN -(ម៉ានីល)៖ ការទាមទារគ្រប់គ្រងចំណែកទឹកដីរៀងៗខ្លួនរវាងចិន និងប្រទេសសមាជិកអាស៊ានមួយចំនួន ក្នុងតំបន់សមុទ្រចិនខាងត្បូងបានក្លាយជាប្រភពនៃ ភាពតានតឹងក្នុងតំបន់ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ភាពតានតឹងចុងក្រោយបំផុតបានផ្ទុះឡើងកាលពីថ្ងៃទី៥ ខែសីហាកន្លងទៅនេះ នៅពេល នាវាឆ្មាំសមុទ្រចិនត្រូវបានគេរាយការណ៍ថាបានព្យាយាមរារាំង និងប្រើកាណុងបាញ់ទឹកដាក់ទូកហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈឱ្យទាហានរបស់ខ្លួនឈរជើងនៅលើខ្មោចនាវាចម្បាំងមួយគ្រឿងក្នុងតំបន់ដែនទឹកមានជម្លោះ។

ការប៉ះទង្គិចគ្នាបែបនេះ បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចពីការគណនាខុស និងគ្រោះថ្នាក់ណាមួយអាចបង្កទៅជាជម្លោះយោធាមួយដែលអូសទាញ សហរដ្ឋអាមេរិកឱ្យចូលរួមដែរ។ ប៉ុន្តែ ហេតុអ្វីបានជាសមុទ្រចិនខាងត្បូង គឺជាចំណុចក្ដៅនៃមាត់ជ្រោះសង្រ្គាមសម្រាប់តំបន់អាស៊ី?

* តើសមុទ្រចិនខាងត្បូង ស្ថិតនៅឯណា?

សមុទ្រចិនខាងត្បូង គ្របដណ្ដប់លើផ្ទៃប្រហែល ៣លានគីឡូម៉ែត្រក្រឡា និងហ៊ុមព័ទ្ធជុំវិញដោយភាគខាងត្បូងប្រទេសចិន តៃវ៉ាន់ ហ្វីលីពីន កោះប័រណេអូ (Borneo) និងដីគោកនៃតំបន់អាស៊ីអាគ្នេយ៍។ ភាគច្រើននៃកោះតូចៗ កូនកោះ និងតំបន់ថ្មប៉ប្រះទឹករាប់រយនៃតំបន់សមុទ្រចិនខាងត្បូង ដើមឡើយគ្មាន មនុស្សរស់នៅឡើយ។ Paracel និង Spratly គឺជាទីប្រជុំកោះធំជាងគេ ខណៈ Scarborough ជាតំបន់ថ្មប៉ប្រះទឹកស្ថិតនៅភាគខាងកើតនៃ សមុទ្រចិនខាងត្បូង។

* ហេតុអ្វីសមុទ្រចិនខាងត្បូង មានសារៈសំខាន់?

សមុទ្រចិនខាងត្បូង គឺប្រៀបដូចជា «ដំណភ្ជាប់សមុទ្រដ៏សំខាន់មួយ» រវាងមហាប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយដែលទីតាំងភូមិសាស្ត្របែបនេះមាន សារៈសំខាន់ដ៏សម្បើមសម្រាប់ពាណិជ្ជកម្ម និងយោធា។ ផ្លូវទឹកដឹកជញ្ជូននៃសមុទ្រចិនខាងត្បូង គឺតភ្ជាប់តំបន់អាស៊ីខាងកើតជាមួយអឺរ៉ុប និងមជ្ឈិមបូព៌ា ហើយ ការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់សមុទ្រចិនខាងត្បូងមានទំហំរាប់ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗ។ ក្រៅតែពីជាផ្លូវទឹកដ៏សំខាន់ សមុទ្រចិនខាងត្បូងក៏សម្បូរទៅ ដោយធនធានប្រេង ឧស្ម័ន និងត្រី ដែលប្រទេសនានាប្រាថ្នាចង់បានសម្រាប់បំពេញតម្រូវការប្រជាជនរបស់ពួកគេ ផងដែរ។

* តើមានប្រទេសណាខ្លះទាមទារអធិបតេយ្យ?

ចិន និងកោះតៃវ៉ាន់ បានទាមទារអធិបតេយ្យគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ខណៈវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ក៏ទាមទារចំណែកអធិបតេយ្យរៀងៗខ្លួនដែរ។ ការទាមទារអធិបតេយ្យរបស់ទីក្រុងប៉េកាំង គឺមួយភាគធំផ្អែកលើផែនទីរបស់ចិន ចុះកាលបរិច្ឆេទតាំងតែពី ទសវត្សរ៍ឆ្នាំ១៩៤០។ ដំបូងឡើយ ចិនប្រើប្រាស់ខ្សែ​បន្ទាត់ ១១ចំណុច (11-dash line) ដើម្បីអះអាងពីអធិបតេយ្យរបស់ខ្លួនលើតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែបានកាត់បន្ថយមកនៅជាខ្សែបន្ទាត់ ៩ចំណុចវិញ (9-dash line) ក្រោមការដឹកនាំរបស់អតីតមេដឹកនាំចិន លោក ម៉ៅ សេទុង។

ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះដែរ ទីប្រជុំកោះ Paracel ត្រូវបានអះអាងទាមទារដោយចិន តៃវ៉ាន់ និងវៀតណាម បើទោះជាទីក្រុងប៉េកាំងបានកាន់កាប់កោះ ស្ទើរតែទាំងអស់នៃទីប្រជុំកោះមួយនេះចាប់តាំងពីផ្ទុះសង្រ្គាមជាមួយវៀតណាមខាងត្បូង ក្នុងឆ្នាំ១៩៧៤ក៏ដោយ។ ចិនក៏បានគ្រប់គ្រងផងដែរលើតំបន់ថ្មប៉ប្រះទឹក Scarborough ជាទីកន្លែងនេសាទដ៏សម្បូរបែបមួយស្ថិតនៅចម្ងាយ ២៣០គីឡូម៉ែត្រពីឆ្នេរនៃកោះ Luzon របស់ហ្វីលីពីន។ ចិនបានកាន់កាប់តំបន់ថ្មប៉ប្រះទឹក Scarborough ក្នុងឆ្នាំ២០១២ ក្រោយផ្ទុះភាពតានតឹងជាមួយហ្វីលីពីន ព្រមទាំងគ្រប់គ្រងតំបន់ថ្មប៉ប្រះទឹកចំនួន ៧ នៃទីប្រជុំកោះ Spratly។ វៀតណាម គ្រប់គ្រង តំបន់ថ្ម និងថ្មប៉ប្រះទឹកចំនួន២១ ក្នុងទីប្រជុំកោះ Spratly ខណៈហ្វីលីពីនមានប៉ុស្តិ៍យាមនៅលើថ្មប៉ប្រះទឹក និងកោះចំនួន៩ នៃទីប្រជុំកោះមួយនេះ។ ចំណែក តៃវ៉ាន់វិញគ្រប់គ្រងលើកោះ Itu Aba នៃទីប្រជុំកោះ Spratly ហើយម៉ាឡេស៊ីគ្រប់គ្រងថ្មប៉ប្រះទឹកចំនួន ៥ ផ្សេងទៀត។

* តើប្រទេសទាំងនេះធ្វើអ្វីខ្លះ ដើម្បីទាមទារអធិបតេយ្យ?

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសជាភាគីជម្លោះទឹកដីក្នុងតំបន់សមុទ្រចិនខាងត្បូងបាននាំគ្នាសង់ហេដ្ឋារចនាសម្ព័ន្ធលើថ្មប៉ប្រះទឹកតូចៗ និងកូនកោះ ដើម្បីពង្រឹងការទាមទារជាម្ចាស់កម្មសិទ្ធិរបស់ពួកគេ។ ត្រង់ចំណុចនេះ ចិនត្រូវបានគេរាយការណ៍ថាបានសង់ប៉ុស្តិ៍យោធា រួមទាំងផ្លូវ សម្រាប់យន្ដហោះ កំពង់ផែ និងដំឡើងប្រព័ន្ធរ៉ាដា។ ចិនក៏បានដាក់ពង្រាយផងដែរឆ្មាំសមុទ្ររាប់រយនាក់ និងនាវារាប់សិបគ្រឿងនៅតាមផ្នែកសំខាន់ នៃសមុទ្រចិនខាងត្បូង ជាពិសេស នៅតំបន់ថ្មប៉ប្រះទឹក Scarborough តែម្ដង។

* តើធ្លាប់មានជម្លោះយោធាផ្ទុះឡើងដែរឬទេ?

ជាការពិតណាស់ ធ្លាប់មានជម្លោះយោធាចំនួន ២លើកបានផ្ទុះឡើងរវាងចិន និងវៀតណាម ក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលបានបណ្ដាលឱ្យទាហានវៀតណាម ច្រើនជាង ១៣០នាក់បានស្លាប់។ ទីក្រុងប៉េកាំងបានទទួលជោគជ័យក្នុងការគ្រប់គ្រងទីប្រជុំកោះ Paracel ក្នុងឆ្នាំ១៩៧៤ ក្រោយការប៉ះទង្គិចគ្នា ជាមួយកងទ័ព ជើងទឹកវៀតណាមខាងត្បូង នៅពេលនោះ។ ចំណែក ជម្លោះទ្រង់ទ្រាយធំមួយផ្សេងទៀត បានកើតឡើងនៅពេលដែលវៀតណាម និងចិន វាយប្រយុទ្ធគ្នានៅឯ ថ្មប៉ប្រះទឹក Johnson នៃទីប្រជុំកោះ Spratlys ក្នុងឆ្នាំ១៩៩៨។

ទំនាក់ទំនងរវាងចិន និងហ្វីលីពីនក៏មានភាពតានតឹងជារឿយៗដែរជុំវិញជម្លោះដែនទឹក តែភាពតានតឹង និងការប្រឈមមុខដាក់គ្នាមិនបានបង្កទៅជា ជម្លោះយោធាឡើយ មកទល់នឹងពេលនេះ។

* តើការទូតសម្រេចបានអ្វីខ្លះ?

បណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ និងចិន បានអនុម័ត «សេចក្ដីប្រកាសក្រមប្រតិបត្តិ» ដែលសេចក្ដីប្រកាសនេះមិនមានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាម នោះទេ ក្នុងឆ្នាំ២០០២ ដើម្បីទប់ស្កាត់សកម្មភាពអរិភាពទាំងឡាយ។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចុះហត្ថលេខាយល់ព្រម មិនប្រើប្រាស់ការសម្លុតគំរាម និងកម្លាំងបាយដើម្បីទាមទារអធិបតេយ្យរបស់ខ្លួនឡើយ។

ប៉ុន្តែ កិច្ចចរចាជាច្រើន ដើម្បីកែប្រែសេចក្ដីប្រកាសនេះទៅជាកាតព្វកិច្ចស្របច្បាប់ ឬ «ក្រមប្រតិបត្តិ» បានទទួលបរាជ័យ។ ទីក្រុងម៉ានីលនឹងរៀបចំជំនួបជុំថ្មីមួយ ទៀតលើបញ្ហានេះ ក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ហ្វីលីពីនបានដាក់ពាក្យបណ្ដឹងមួយប្ដឹងទៅកាន់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ មានមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រឆាំងនឹងចិន។ តុលាការនេះបានកាត់ក្ដីឱ្យហ្វីលីពីនជាអ្នកឈ្នះ ហើយចាត់ទុកថាខ្សែបន្ទាត់ចំនួន ៩ចំណុច មិនមានមូលដ្ឋានច្បាប់។ តែទីក្រុងប៉េកាំងមិនបានអើពើ ហើយក៏មិន បានអនុវត្តតាមសេចក្ដីសម្រេចនេះនោះដែរ៕


ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ក្រោមអធិបតីភាពឯកឧត្តមនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង២០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖

១- ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ។
២- ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ។
៣- ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ។
៤- ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
៥- បញ្ហាផ្សេងៗ។
ក្រោយពីបានស្ដាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖ 













ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣

 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ អាចចាត់ទុកជាដំណាក់កាលមួយនៃការកសាងជាតិ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ឆ្នាំទៅមុខ ហើយរៀបចំឡើងវិញនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្តជាដំណាក់កាលៗ។ 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅវិមានសន្តិភាព។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា កន្លងមក យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ទុកជា ដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់លើការស្តារ និងការកសាងប្រទេសដែលទើបចេញពីសង្គ្រាម ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ការធ្វើសមារណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល ការអភិវឌ្ឍ និងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសង្គម និងការប្រឹងប្រែងលើកកម្ពស់ជិវភាពប្រជាជន។ សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី កម្ពុជាមានមហិច្ឆតាចង់លើកស្ទយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈកសាងជាតិមួយឱ្យរឹងមាំ រស់រវើករុងរឿង និងមានវិបុលភាពក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕



ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព

 ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់រយៈពេល៥ឆ្នាំដំបូង ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ គឺជាយុទ្ធសាស្រ្តសម្លឹងទៅមុខសម្រាប់រយៈពេល២៥ឆ្នាំ ដែលត្រូវបានគិតគូរ ដាក់ចេញ និងអនុវត្តជា៥ដំណាក់កាលបន្តបន្ទាប់ និងត្រូវបានតម្រង់និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលនីមួយៗនៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់បន្តថា ដំណាក់កាលនីមួយៗ នឹងត្រូវបានកែសម្រួលដោយផ្អែកលើបរិការណ៍ជាក់ស្តែង នៅក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍នៃការអនុវត្តពីដំណាក់កាលមុនៗដោយសម្លឹងទៅមុខ ឆ្ពោះទៅសម្រេចបាននូវគោលដៅនៃការកសាងជាតិស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕





ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ជោគជ័យកន្លងមក បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាលដែលប្រកាន់ខ្ជាប់នូវការតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ

 ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យដ៏ធំធេង និងត្រចះត្រចង់កន្លងមក បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាលដែលប្រកាន់ខ្ជាប់នូវការតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ព្រមទាំងការអនុវត្តការកែទម្រង់ជាប្រចាំ ដោយមានការគាំទ្រពីគ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែង និងការចូលរួមទាំងនេះ ក៏ជាមូលដ្ឋានដ៏រឹងមាំ ដែលអនុញ្ញាតឱ្យកម្ពុជារក្សាបានគត់មត់នូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយលើសពីនេះ ពង្រឹងភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ ព្រមទាំងលើកកម្ពស់វិបុលភាពជូនប្រជាជន ជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន៕





ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាមូលដ្ឋានគ្រឹះសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ នេះ គឺជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ កម្មវិធីនយោបាយរបស់ខ្លួន និងជាមគ្គុទេសក៍សម្រាប់តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ក្នុងគោលដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំ និងពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក៕






ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ បន្ទាប់ពីសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដោយសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្រ្គាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា បានក្លាយទៅជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាព មាននីតិរដ្ឋ និងស្ថិរភាពនយោបាយស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រ ជាទីគោរពសក្ការៈ គង់ប្រថាប់ជាម្លប់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហ៊ុមព័ទ្ធនិងឯកា ទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវមានសមាហរណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពនៃសកលលោក៕









សុន្ទរកថាឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ២០២៣។