Friday, March 24, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣

 CNV:

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុង “ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣”។



ជាដំបូង ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលមន្រ្តីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាពេលកន្លងមក ដូចដែល ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានឡើងរាយការណ៍មុននេះ។ ជាក់ស្តែង ទោះបីពិភពលោកបានជួបប្រទះវិបត្តិនៃការឆ្លងរីក-រាលដាលជំងឺកូវីដ-១៩ និងឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយដែលបណ្តាលមកពីសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ុន្តែភាពរឹងមាំនៃកសិកម្មកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសបញ្ជៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារ និង អតិផរណានៃតម្លៃស្បៀង។ ក្នុងស្មារតីបុរេសកម្ម គួបផ្សំជាមួយនឹង វិធានការជាក់ស្តែងនានាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ មួយចំនួនសំដៅគាំទ្រសេដ្ឋកិច្ចឱ្យចាកចេញពីកំណើនអវិជ្ជមានក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ យ៉ាងឆាប់ជាមួយនឹងកំណើន ៣% នៅឆ្នាំ ២០២១ នៅឆ្នាំ ២០២២ មានកំណើន៥,២% ហើយនៅឆ្នាំ ២០២៣ រំពឹងថានឹងមានកំណើន៥,៦%។

ជាមួយនេះ ក្នុងពេលដែលពិភពលោកជួបវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងរបស់ខ្លួនពេញលេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអតិរេកសម្រាប់នាំចេញ ជាផលិតផល កសិកម្មបានជាង ៨ លានតោន ទៅកាន់គោលដៅ ៧៤ ប្រទេស ទៀតផង។ ក្រៅពីបញ្ហាសកល កម្ពុជាក៏ទទួលរងនូវគ្រោះទឹកជំនន់ ប៉ុន្តែគ្រួសារប្រជាជនរងគ្រោះបានទទួលគ្រាប់ពូជស្រូវ និងបន្លែពីប្រព័ន្ធស្បៀងបម្រុងកម្ពុជាសរុបជាង ៧ ៧០០ តោន ដើម្បីស្តារជីវភាពឡើងវិញ។ ការពិនិត្យវាយតម្លៃ និងចែកជូនប្រជា-ពលរដ្ឋរងគ្រោះទាន់ពេលវេលា គឺជាសកម្មភាពនៃការបំពេញការងារ ប្រកបដោយការទទួលខុសត្រូវរបស់មន្រ្តីរាជការយើង។ ជាចំណុចគួរឱ្យកត់សម្គាល់មួយទៀត នៅពេលមានបញ្ហាធ្លាក់ចុះថ្លៃស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្នុងអំឡុងចុងឆ្នាំ ២០២២ មន្រ្តីកសិកម្ម ក៏ដូចជាមន្រ្តីពាក់ព័ន្ធផ្សេងទៀតបានចុះដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ជាមួយនេះ ខ្ញុំសូមកោតសរសើរចំពោះរបកគំហើញពូជស្រូវថ្មី គឺពូជចំប៉ីស ៧០ និងពូជកង្រី ដែលជាស្នាដៃរបស់លោកបណ្ឌិត អ៊ុក ម៉ាការា និងលោកបណ្ឌិត ឃុន លាងហាក់។ ខ្ញុំនឹងបំពាក់មេដាយជូនលោកបណ្ឌិតទាំងពីរនាពេលបន្តិចទៀតនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]

(១) យុទ្ធសាស្ត្រនៃការប្តូរពូជស្រូវចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៨០

ខ្ញុំគួរតែយកចំណុចនេះបញ្ជាក់បន្ដិច។ ខ្ញុំមានការសាទរជាមួយនឹងការស្រាវជ្រាវបច្ចេកទេសជាបន្តបន្ទាប់ ដែលផ្សារភ្ជាប់ជាមួយនឹងការស្រាវជ្រាវនិងការដាំដុះ។ ប្រវត្តិប្រទេសរបស់យើង ការចាប់ផ្ដើមនៅក្នុងទសវត្សរ៍៨០ បើខ្ញុំមិនច្រឡំទេ គឺជាយុទ្ធនាការនៃការប្ដូរពូជស្រូវ។ ខ្ញុំនៅចាំបាន នៅពេលដែលខ្ញុំដើរទៅកាន់កន្លែងនេះកន្លែងនោះ ហើយនិយាយអំពីបញ្ហាពូជស្រូវនេះ ឪពុករបស់ខ្ញុំលើកឡើងថា “អញចិញ្ចឹមក្បាលហ្អែងរស់ អញប្រើតែពូជដើមរបស់អញ”។ ក្រោយមក យើងបានធ្វើពូជនេះរហូតមកដល់ឆ្នាំ២០០៤ បើខ្ញុំមិនច្រឡំទេ ឯកឧត្តម លឹម គានហោ នៅទីនេះ យើងធ្វើដំណើរទៅភ្នំក្រវាញនិងកន្លែងខ្លះទៀតនៅខេត្តពោធិ៍សាត់។ ពួកគាត់នៅប្រើប្រាស់ពូជរបស់គាត់នៅឡើយដែលធ្វើឱ្យទឹកជំនន់ចុងរដូវលិចលង់ស្រូវថែមទៀត។ ពេលនោះ ខ្ញុំបាននិយាយថា “សូម​កុំធ្វើពូជនាងពួន សូមធ្វើពូជនាងសង្ហា”។

(២) ការបង្កាត់ពូជស្រូវថ្មី ក្នុងយុទ្ធសាស្ត្រផ្ទេរការអភិវឌ្ឍដំណាំស្រូវពីបើកទូលាយទៅស៊ីជំរៅ

យើងចង់កាត់បន្ថយការធ្វើស្រូវ​ធ្ងន់ ហើយមកធ្វើស្រូវស្រាលដែលផ្ដល់នូវផល។ ទាន់ទិននឹងពូជថ្មី ដែលមានរយៈពេលខ្លីនេះ វាជាសមិទ្ធផលថ្មីមួយដែលខ្ញុំគិតថា កម្ពុជាបានបោះជំហានទៅមុខមួយជំហាននៅក្នុងការជ្រើសរើសពូជខ្លួនឯងបង្កាត់ពូជខ្លួនឯង ហើយជាប់ចំណាត់ថ្នាក់ទៀតផង។ អស់​លោក ឯកឧត្តមលោកជំទាវ អាចមើលអំពីការនេះនៅក្នុងយុទ្ធសាស្រ្តដែលខ្ញុំបាននិយាយជាបន្តបន្ទាប់ គឺការប្រែផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅកាន់ការអភិវឌ្ឍតាមបែបស៊ីជម្រៅ។ ការពិតទៅ នេះគឺជាដំណើរការនៃការអនុវត្តយុទ្ធសាស្រ្តនោះហើយ ប៉ុន្តែគ្រាន់តែយើងមិនបានរំលឹកវាតែប៉ុណ្ណោះ។ អ្វីទៅជាការអភិវឌ្ឍតាមបែបបើកទូលាយ ហើយអ្វីទៅដែលជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ? ប្រពៃណីខ្មែរយើងកាលពីដើមនេះ បើគ្រួសារមាន៥នាក់ ត្រូវប្រើប្រាស់ ត្រូវមានផ្ទៃដី២ ហិកតា ប៉ុន្តែបើគាត់ឡើងដល់១០នាក់ ត្រូវតែមានដី៤ ហិកតា។ បើសិនជាបណ្ដោយទុកឱ្យគាត់ធ្វើបែបនេះតទៅទៀត ច្បាស់ណាស់ថា ព្រៃឈើនៅកម្ពុជានឹងកាប់ខ្ទេចខ្ទី ដើម្បីបង្កបង្កើនផល(ដំណាំស្រូវ)។

(៣) ការអភិវឌ្ឍបែបស៊ីជំរៅ គឺការបង្កើនរដូវ ធ្វើប្រពលវប្បកម្ម បង្កើនទិន្នផលស្រូវប្រាំងនិងស្រូវវស្សា

ដូច្នេះជម្រើសដែលល្អជាងគេ គឺផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈនៃការរៀបចំប្រព័ន្ធស្រោចស្រព បង្កើនពីការធ្វើមួយរដូវទៅកាន់២ រដូវ ឬ៣ រដូវ ហើយបង្កើនប្រពលវប្បកម្ម ដើម្បីទទួលបានទិន្នផលខ្ពស់។ ផ្ទៃដី ១ហិកតាដដែល ដែលធ្លាប់ពីមុន ចិញ្ចឹមបាន ៥នាក់ ឥឡូវត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យផ្ទៃដីហ្នឹងអាចចិញ្ចឹមបាន១៥ នាក់ ឬ២០នាក់ ឬលើសពីនេះ។ ដោយហេតុនេះហើយ ក្រសួងធន​ធានទឹកនិងក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ត្រូវបានបង្កើតឡើងនៅក្នុងអាណត្តិទី២ ដែលនោះជាចំណុចយុទ្ធសាស្រ្តដើម្បីតម្រង់ទិសបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ។ សម​ភាព​មួយក្នុងចំណោមសមភាពនៃការការភិវឌ្ឍតាមបែបស៊ីជម្រៅទាក់ទងនឹងពូជ(ស្រូវ)នេះឯង។ ពូជវាផ្ដល់ឱកាសឱ្យ​យើង។ មុននេះ ពូជរបស់យើងគឺ(ផ្តល់ផលប្រមាណជា)១ តោនកន្លះ ឬ២ តោនតែប៉ុណ្ណឹង(ក្នុងមួយហិកតា) ឬអាចលើសបន្ដិចបន្ដួច។ (ដែលផ្តល់ផល)គ្រាន់បើ (គឺពូជ)ស្រូវប្រាំង។ ស្រូវវស្សា គឺ(បានផល)ទាបណាស់។ ប៉ុន្តែឥឡូវ យើងបានទាំងស្រូវប្រាំងទាំងស្រូវវស្សា គឺទិន្នផលយើងធ្វើបានគួរសម។

(៤) ដោះស្រាយបានទឹក ១ឆ្នាំធ្វើពីររដូវ ដោយផ្ទៃដីផលិត៣ លានហិកតា នឹងក្លាយទៅជា៦ លាន​ហិកតា

គ្រាន់តែជារំលឹកខ្លះ ដើម្បីយើងបន្ដទស្សនទានជម្រុញការស្រាវជ្រាវបច្ចេកទេស ជម្រុញការដោះស្រាយទឹក ដើម្បីឱ្យកសិកររបស់យើងទទួលបានផល។ ពីមុននេះ ដី១ ហិកតា ធ្វើបានតែម្ដងក្នុងមួយរដូវ។ យើងដោះស្រាយទឹកឱ្យគាត់ធ្វើបានច្រើនដង។ កាលពីមុន ពូជស្រូវរបស់យើងមានរយៈពេលវែង។ ឥឡូវពូជស្រូវរបស់យើងមានរយៈពេលខ្លីជាង។ អញ្ចឹងកសិកររបស់យើ​ងក៏មានឱកាស(នឹងបង្កើនទាំងរដូវទាំងទិន្នផល)។ នៅពេលដែលខ្ញុំជិះឧទ្ធម្ភាគចក្រជាមួយប្រធាន ADB ទៅកាន់ប៉ោយប៉ែតដើម្បីតភ្ជាប់ផ្លូវរថភ្លើង ខ្ញុំបានចង្អុលទៅខាងក្រោមប្រាប់គាត់ថា “នោះជាសក្ដានុពលដែលនៅសេសសល់របស់កម្ពុជា”។ គាត់ឆ្ងល់។ ពេលនោះ ក្នុងរង្វង់ខែកុម្ភៈ ដូចជាឆ្នាំពីរពាន់ប៉ុន្មានទេ។ យើងយកដែកពីម៉ាឡេស៊ី ហើយថៃជួយដឹកជញ្ជូនមក … នៅខាងក្រោមសុទ្ធតែជើងជ្រាំងស្រូវ។ ខ្ញុំបានពន្យល់គាត់ថា “ឥឡូវនេះ ខ្ញុំធ្វើម្ដង១ ឆ្នាំ ឬតែមួយរដូវទេ បើសិនជាខ្ញុំដោះស្រាយទឹកបាន១ ឆ្នាំ ធ្វើពីររដូវ។ កម្ពុជាដែលមានផ្ទៃដី៣ លានហិកតា នឹងក្លាយទៅជា៦លាន​ហិកតាលើដីដដែល ដោយមិនចាំបាច់ដាក់សម្ពាធទៅលើធនធានធម្មជាតិជាព្រៃឈើដើម្បីធ្វើស្រែធ្វើចំការនោះទេ”។

(៥) នយោបាយផលិតនិងនាំចេញអង្ករ១លានតោន សម្រេចផ្នែកផលិតកម្ម មិនទាន់សម្រេចការនាំចេញ

នេះគ្រាន់តែជាចំណុចដែល(ចង់បញ្ជាក់)ថា តាំងពីដើមមក យើងបានដាក់ចេញនូវគោលនយោបាយ ដែលកំ​ពុងតែទទួលបានផ្លែផ្កា។ ឯកសារទាំងឡាយ ដែលយើងបាននិយាយពីមុនមក ហើយដែលយើងផ្ទៀងផ្ទាត់ថា ចេញដំណើរបានដល់ដំណាក់កាលណា ពីការដែលយើងអត់ស្រូវស៊ី ខ្វះអង្កររហូតដល់យើងនៅសល់អង្ករ គួរតែត្រូវបានរក្សាទុក។ គ្រាន់តែ នយោបាយកសិកម្មដែលយើងដាក់ចេញថាជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករឱ្យបាន១ លានតោន ក្នុងនោះយើងសម្រេចបានក្នុងផ្នែកផលិតកម្ម (ធ្វើអោយស្ថានភាពប្រែប្រួល)ពីការដែលយើងខ្វះ ទៅជាសល់(ស្រូវអង្ករ)។ ប៉ុន្តែ យើង​មិនទាន់សម្រេចបានជោគជ័យក្នុងការនាំចេញ(អង្ករ)១លានតោន(នៅឡើយ)។ ជាសត្យានុម័តគឺងាយយល់ ដោយសារតែកំណើនផលិតកម្មរបស់យើងវាដើរលឿន ក្នុងពេលដែលតម្រូវការវិនិយោគទៅលើការ(កែច្នៃ) ដូចជាម៉ាស៊ីនកិនស្រូវ ឃ្លាំងស្ដុក ទុនបង្វិលស្អីជាដើម (ដើរមិនទាន់) ធ្វើឱ្យមានបញ្ហា …។

(៦) ទោះពិភពលោកប្រែប្រួលយ៉ាងណា ក៏កម្ពុជាមិនខ្វះអង្ករទេ, មិនរាប់ពោត ចេក ដំឡូងជាស្បៀងទេ

ខ្ញុំគួរតែរំលឹកបន្ដិចដើម្បីយើងទាំងអស់គ្នា (មើលឃើញថាជោគជ័យនេះ)មិនមែនជា(ការប្រឹងប្រែង)ដាច់ដោយឡែករបស់ ហ៊ុន សែន ទេ តែជា(ការប្រឹងប្រែង)រួមរបស់មន្រ្តីរបស់យើងទើបអាចអនុវត្តបាន។ មិនមែនបានសេចក្ដីថា កម្ពុជាគ្មានគោលនយោបាយត្រឹមត្រូវសម្រាប់ការដឹកនាំក្នុងវិស័យកសិកម្មទេ។ យើងដុតដៃដុតជើងទាំងអស់គ្នា ទើបបានមកដល់ត្រឹមប៉ុណ្ណឹង។ បើទោះបីជាពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ កម្ពុជាមិនខ្វះអង្ករទេ។ រឿងនេះគឺជារឿងច្បាស់លាស់។ មុននេះយើងធ្លាប់ខ្វះអង្ករ។ ពេលនេះយើងមិនអាចខ្វះអង្ករទេ ឬនិ​យាយរួមថាមិនអាចខ្វះស្បៀង។ បើអង្គការ FAO វិញ បានបបួលយើងគិតតាំងពីពោត តាំងពីចេក តាំងពីដំ​ឡូង ដោយចាត់ថាជាស្បៀងដែរ។ ឆ្នាំ ១៩៨៥ បណ្ឌិតម្នាក់ នៅ IRRI (វិទ្យាស្ថានសិក្សាស្រាវជ្រាវដំណាំស្រូវអន្តរជាតិ – International Rice Research Institute) បានមកជួបជាមួយនឹងខ្ញុំ។ គិតចុះគិតឡើង គាត់ថា កម្ពុជាអត់មានខ្វះស្បៀងផង។ (របៀប)គាត់គិត(គឺ)ស្រូវប្រាំងបានប៉ុណ្ណេះ ស្រូវវស្សាបានប៉ុណ្ណេះ ពោតប៉ុណ្ណេះ ដំឡូងប៉ុណ្ណេះ។ ខ្ញុំថា “សុំទោសឯកឧត្តម កុំនិយាយរឿងពោត ចេកអីជាមួយនឹងខ្ញុំ។ ប៉ុល ពត ឱ្យប្រជាជនស៊ី(ទាំងអស់)ហ្នឹង។ បើខ្ញុំនិយាយអាហ្នឹង រឿងតែឥឡូវហ្នឹង”។ អញ្ចឹងថាគឺកុំ(រាប់ថាមានស្បៀងទាំងហ្នឹង)អី។

(៧) អាចចែករំឡែកពូជស្រូវរយៈខ្លីទៅប្រទេសមិត្ត តែត្រូវជោគជ័យខាងក្នុងច្បាស់លាស់សិន

សុខចិត្តថាយើងខ្វះ។ ឆ្នាំ២០០២ ហើយយើងនៅខ្វះ។ ពេលនោះ ឥណ្ឌាជួយយើង២ម៉ឺនតោន។ ឥឡូវ យើងអត់ត្រូវការពីខាងក្រៅទេ។ យើងបានសហការជាមួយនឹងគូបា។ ក្នុងការជួយទៅដល់គូបា យើងអាចនាំពូជដែលយើងបានធ្វើហើយនេះ គឺពូជរយៈពេលខ្លីនេះទៅកាន់ប្រទេសគូបា។ ឥឡូវថា មានកូឌីវ័រមួយទៀត។ យើងចង់ចែករំលែកទៅឱ្យមិត្តភក្ដិ ក៏ប៉ុន្តែយើងត្រូវតែជោគជ័យខាងក្នុងឱ្យច្បាស់សិន។ កុំប្រថុយប្រថាន។ រឿងនេះ ទាក់ទងនឹងកត្តាអាកាសធាតុផងដែរ។ ការស្រាវជ្រាវពូជនានា ក៏ត្រូវតែដើរស្របជាមួយនឹងការប្រែប្រួលអា​កាស​ធាតុ។ តើវាធន់ជាមួយនឹងប៉ុន្មានអង្សារ ព្រោះឥឡូវកំដៅចេះតែឡើង។ ត្រូវស្រាវជ្រាវឱ្យបានហ្មត់ចត់។ ខ្ញុំសូមកោតសរសើរវិទ្យាស្ថាន CARDI ក៏ដូចជាផ្នែកស្រាវជ្រាវដទៃទៀត ដែលផ្តល់ឱ្យយើងមានធនធាន ដែល … ដោយសារធនធានមនុស្សហ្នឹងហើយ បានជាយើងបានបង្កាត់ពូជស្រូវនេះ។

(៨) សូមកុំបន្តលើកសំណើដោះដូរដីជាទីតាំង CARDI

រឿង CARDI នេះ សូមកុំអ្នកណាមកលូកដៃ។ ខ្ញុំសុំបញ្ជាក់ជាសាធារណៈ។ កន្លងទៅមានប្រហែលជា២០ក្រុមហ៊ុន បានលើកសំណើសុំយកដី​ CARDI យកទៅអភិវឌ្ឍ។ គេសុំប្រគល់ដីនៅកន្លែងនេះកន្លែងនោះ(តបមកវិញ)។ ខ្ញុំបានចង្អុលថា “ចាំដល់ថ្ងៃខ្ញុំងាប់សិន។ ហ៊ានតែខ្ញុំងាប់ហើយ នរណាយកដី CARDI យកទៅដោះដូរឱ្យឯកជនធ្វើនេះធ្វើនោះ ខ្ញុំនឹងដាក់បណ្ដាសារតាមកាច់កតែម្ដង”។ CARDI ជាកូនបង្កើតរបស់ខ្ញុំ។ ខ្ញុំជាអ្នកបង្កើត។ ខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ។ រឿងស្អីដែលខ្ញុំមិនស្ថិតនៅក្នុងហេតុការណ៍ទាំងអស់ហ្នឹង។ ខ្ញុំបានធ្វើសហប្រតិបត្តិការជាមួយអូស្រ្តាលី ជាមួយ IRRI។ ពីដើមរកនៅស្រុកកណ្ដាលស្ទឹងទេ … សូមផ្ដាំផ្ញើទៅវិស័យឯកជននានា សូមកុំបន្តលើកសំណើយកដី CARDI។ ខ្ញុំសូមផ្ដាំរដ្ឋមន្រ្តីក្រោយៗ ឬនាយករដ្ឋមន្រ្តីក្រោយ (បើហ៊ានដោះដូរ CARDI) បើខ្ញុំងាប់ទៅហើយ ក៏តាមកាច់យកដែរ។ ទុកទៅ។ របស់ហ្នឹងវាអត់ផ្អូមទេ។ មិនចាំបាច់រើសទៅកន្លែងណាទេ ទុកនៅកន្លែងហ្នឹងជាកេរ្ដិ៍មរតកដ៏មានតម្លៃ ដែលយើងបង្កើតបាននូវពូជស្រូវល្អៗ ចេញពី CARDI ហ្នឹង។

[បញ្ចប់សេចក្ដីអធិប្បាយ ១]

រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍ វិស័យកសិកម្ម តាមរយៈការជំរុញអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ដោយបង្កើនការវិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីជួយជំរុញផលិតកម្ម ឱ្យមានគុណភាព និងសុវត្ថិភាព លើកកម្ពស់សមត្ថភាពប្រកួតប្រជែង ផលិតផលកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ ក្នុងគោលដៅទាក់ទាញវិនិយោគបរទេស និងបើកទីផ្សារសម្រាប់ ផលិតផលកម្ពុជា រួមទាំងផលិតផលកសិកម្ម រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌតំបន់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់-អាសិប ក្នុងក្របខ័ណ្ឌទ្វេភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួនទៀត។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]

យើងទើបនឹងសម្រេចការឯកភាព(ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)ជាមួយអារ៉ាប់អេម៉ារាត។ នេះក៏ជាផ្នែកដ៏សំខាន់ ព្រោះនៅទីនោះ ក៏មានតម្រូវការទាក់ទងនឹងការនាំចេញពីយើងទៅដែរ។

[បញ្ចប់សេចក្ដីអធិប្បាយ ២]

ជាមួយនឹងសមិទ្ធផលដែលទទួលបាន និងទិសដៅការងារ ដែលបានដាក់ចេញ ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួន ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្តដូចតទៅ៖

ទី១. ត្រូវបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយ បរិយាប័ន្ន និងចីរភាព ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ការអភិវឌ្ឍកសិកម្មត្រូវមានផែនការច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ ក្រសួងពាណិជ្ជកម្មត្រូវជួយវាយតម្លៃជាប្រចាំនូវតម្រូវការទីផ្សារ និង សហការសម្រួលទីផ្សារសម្រាប់កសិផល ទាំងក្នុង និងក្រៅប្រទេស។ ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន ត្រូវផ្តល់អាទិភាព ទៅលើគ្រួសារក្រីក្រឱ្យទទួលបានលទ្ធភាពប្រកបមុខរបរកសិកម្ម ប្រកបដោយស្ថិរភាពតាមបែបប្រពលវប្បកម្ម។ ចំពោះចីរភាព កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់លើការថែរក្សាគុណភាពដី និងសន្សំសំចៃការប្រើប្រាស់ទឹកដោយប្រើប្រព័ន្ធស្រោចស្រពមានប្រសិទ្ធភាពខ្ពស់ផ្នែកថាមពល។ ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយមត្រូវរៀបចំផែនការថែរក្សាទឹកសម្រាប់រដូវប្រាំង និងព្យាករទឹកជំនន់ឱ្យបានទាន់ពេលវេលា។ ដោយឡែកការអភិវឌ្ឍន៍ ពូជសុទ្ធ (ទាំងរុក្ខជាតិ និងសត្វ) ដែលត្រូវនឹងតម្រូវការទីផ្សារ ធន់នឹងអាកាសធាតុ ធន់នឹងសមាសភាពចង្រៃ និងមានផលិត-ភាពខ្ពស់ គឺជាកត្តាចាំបាច់ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវវិនិយោគ។ ចំពោះការផលិតពូជស្រូវ ខ្ញុំសូមណែនាំឱ្យជំរុញបន្ថែមការផលិតស្រូវពូជសុទ្ធ ផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ សម្រាប់ការងារនេះ ខ្ញុំសូមផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿង ដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៣]

(បាន)ដើរទៅខេត្តកំពង់ធំជាមួយនឹងឯកឧត្តម យ៉ង​ សាំងកុមារ ឃើញ(ម៉ាស៊ីនស្ទូងនេះ) ក៏ទិញ១០០ គ្រឿងយកមក។ មាននៅខាងមុខ។ ហ្នឹងត្រូវដាក់ទៅតំបន់ផលិតពូជដើម្បីរុញ(ការផលិត)ពូជនេះ។ ពូជវាសំខាន់។ ត្រូវតែជំរុញអាហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យពូជរបស់យើងហ្នឹងគឺបើកទូលាយឱ្យប្រជាពលរដ្ឋរបស់យើងអាចដាំដុះ។ នេះជាពូជដែលវាមិនមែនគ្រាន់តែជាតម្រូវការក្នុងស្រុកទេ តែនៅក្រៅស្រុកគឺមានត្រូវការ …។

[បញ្ចប់សេចក្ដីអធិប្បាយ ៣]

ទី២. ត្រូវពន្លឿនការរៀបចំផែនការ និងការអនុវត្តគំនិតផ្តួចផ្តើមប៉ូលសេដ្ឋកិច្ចទី ៤ នៅភាគពាយ័ព្យ ដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគិនក្នុង និងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផលវារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៤]

(៩) ប៉ូលសេដ្ឋកិច្ចទី៤ ជំរុញផលិតនាំចេញកសិផលនិងវារីវប្បកម្ម, ​ចិនទិញអង្ករកម្ពុជា តែមិនខ្វះស្បៀងទេ

យើងត្រូវជំរុញទិសពាយ័ព្យរបស់យើងឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤។ ក្នុងហ្នឹង មិនមែនគ្រាន់តែសំដៅទៅលើត្រីនិងអង្ករទេ។ ត្រីក៏មិនមែនសំដៅទៅលើការចាប់ត្រីនៅទន្លេសាបនោះដែរ។ យើងសំដៅទៅលើការជំរុញការធ្វើវារីប្បកម្មនៅទីនោះ។ បន្ថែមលើនោះ ផលិតផលនៅខាងនោះគឺមានទីផ្សាររបស់ចិន ដែលកំពុងតែចាប់ផ្ដើមហើយ ដូចជាមៀនប៉ៃលិនឬតាង៉ែន មៀនទាំងប៉ៃលិនទាំងបាត់ដំបងទាំងស្អីៗ គឺមានទីផ្សារចិនដែលបានបើក ដែលមិត្តចិនផ្ដល់នូវភាពងាយស្រួលសម្រាប់ការនាំចេញត្រង់ទៅកាន់ប្រទេសចិនតែម្ដង។ កុំភ្លេចថា ចិនមានប្រជាជន ១៤០០ លាននាក់ ដែលមានតម្រូវការ។ ប៉ុន្តែក៏គួរតែត្រូវយល់ មិត្តចិនជួយទិញអង្ករយើងកន្លងទៅគឺជានយោបាយជួយកម្ពុជាទេ។ កុំភ្លេចថាចិនមានអង្ករគ្រប់គ្រាន់ ហើយមានបម្រុងទុក។ មិនដឹងថា ចិនមានបម្រុងទុកប៉ុន្មានរយលានតោនទេ។ យើងសុំឱ្យមិត្តចិនទិញស្ករស។ នាយករដ្ឋមន្រ្តី លី ខឺឈាំង បានសូមអភ័យទោសតែម្ដង ព្រោះកសិករចិន(ផលិតច្រើន)។ តិចទៅមើលចិនមានមនុស្សច្រើនអញ្ចឹង ខ្វះអង្ករឬក៏ខ្វះស្ករសគឺអត់ទេ។ ចិនមានគ្រប់ប៉ុន្តែចិនជួយទិញកម្ពុជា។

(១០) ប៉ូលសេដ្ឋកិច្ចទី៤ នៅពាយព្យ និងប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន

អ្វីដែលចិនខ្វះគឺដូចជាមៀន ចេក ជាមួយនឹងផលិតផលមួយចំនួនផ្សេងទៀត ដែលយើងត្រូវរកវិធីផលិតឱ្យត្រូវនឹងស្ដង់ដារ ដើម្បីអាចនាំទៅទីផ្សារប្រទេសចិន។ ផលិតផលមួយចំនួននៅក្នុងទីនោះ ក៏យើងក៏អាចនាំចេញទៅប្រទេសដទៃទៀត មិនមែនគ្រាន់តែនាំតម្រង់ទៅកាន់តែចិនទេ។ យើងបានដាក់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ៤ខេត្តនេះ គឺជាខេត្តធ្វើជាប៉ូលសេដ្ឋកិច្ចទី៤។ បច្ចុប្បន្ន យើងមានប៉ូលសេដ្ឋកិច្ចទី១ នៅភ្នំពេញ, ប៉ូលសេដ្ឋកិច្ចទី២ គឺខេត្តព្រះសីហនុ, ប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាប ហើយប៉ូលសេដ្ឋកិច្ចទី៤ យើងនឹងបង្កើត ៤ខេត្តតែម្ដង។ ខ្ញុំសង្ឃឹមថានឹងបង្កើតបាននូវប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន ដោយយកវិស័យកសិឧស្សាហកម្មជាស្នូល គឺរួមមានក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី … យើងមានភូមិមួយផលិតផលមួយ ប៉ុន្តែយើងដាក់ខេត្តមានសក្តានុពលខាងសេដ្ឋកិច្ចទៅជំរុញនៅកន្លែងនោះ។​

[បញ្ចប់សេចក្ដីអធិប្បាយ ៤]

ទី៣. ត្រូវរៀបចំឱ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និង ចាត់បញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសឱ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ នេះគឺជាគោលនយោបាយដែលគណបក្សប្រជាជន បានអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូនប្រជាជននៅតាមជនបទសម្រាប់អាណត្តិថ្មីក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ ។ អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយ បញ្ហាប្រឈមបានទាន់ពេលវេលាជូនកសិករ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៥]

(១១) ប្រជាពលរដ្ឋជឿទុកចិត្តលើគណបក្សប្រជាជន ដើម្បីធានាដល់សន្ដិភាពនិងការអភិវឌ្ឍ

ខ្ញុំក៏សូមបញ្ជាក់។ ជាដំបូង​ សូមអភ័យទោសពីសំណាក់បណ្ដាបក្សនយោបាយនានា។ សូមកុំវាយប្រហារខ្ញុំថា ដឹងលទ្ធផលជាមុន។ ប៉ុន្តែយើងក៏អាចដឹងកម្លាំងគ្នាហើយ រាប់ទាំងមួយចំនួនគឺគេផ្ដួចផ្ដើមគំនិតទៅគាំទ្រ ទៀ សីហា ឱ្យធ្វើជានាយករដ្ឋមន្រ្តីទៀតផង។ បើអញ្ចឹង ខ្លួនក៏បានដឹងដែរថា (នរណាក៏បាន)ធ្វើម៉េចកុំឱ្យតែកូន ហ៊ុន សែន កុំឱ្យតែជា ហ៊ុន ម៉ាណែត ទៅបានហើយ។ អញ្ចឹងអ្នកឯងក៏ទទួលយកថា គណបក្សប្រជាជននឹងឈ្នះហើយ។ អញ្ចឹងទេសុំកុំវាយ។ ប៉ុន្តែបើគណបក្សប្រជាជនមិនឈ្នះទេ យើងក៏មិនអនុវត្តនូវគោលការណ៍នេះដែរ។ ប៉ុន្តែខ្ញុំជឿថា ប្រជាពលរដ្ឋផ្ដល់ការជឿទុកចិត្តដល់គណបក្សប្រជាជនដឹកនាំតទៅទៀត ដើម្បីធានាដល់សន្ដិភាពនិងការអភិវឌ្ឍ។ ឥឡូវសាកល្បង ១០ឃុំមុននៅស្រុកជើងព្រៃ។

(១២) ជ្រើសរើសអ្នកជំនាញកសិកម្ម អោយទៅកាន់ឃុំ/ស្រុក/ខេត្តកំណើតរបស់គាត់

យើងត្រូវជ្រើសរើសឱ្យបានត្រឹមត្រូវ ហើយបើសិនជានិស្សិតកសិកម្ម អ្នកជំនាញកសិកម្ម អាចថា(អោយ)ទៅឃុំណា ទៅខេត្តណា ដែលជាខេត្តរបស់គេស្រាប់ គឺវាកាន់តែងាយស្រួល។ ជាបទពិសោធន៍ ការជ្រើសរើសមនុស្សដើម្បីទៅកាន់មូលដ្ឋាន ប្រសិនបើយើងយកពួកគាត់ទៅកាន់តំបន់ភូមិសាស្រ្តរបស់ពួកគាត់គឺងាយស្រួលជាង។ ខ្ញុំគ្រាន់តែលើប៉ុណ្ណេះទេ កុំថាឡើយដល់ទៅមន្រ្តីកសិ​កម្មនៅខាងក្រោម សូម្បីតែអភិបាលខេត្ត អភិបាលរងខេត្ត ចៅហ្វាយស្រុក អភិបាលរងស្រុក យើងយកពីកន្លែងដទៃទៅ ថ្ងៃសៅរ៍ថ្ងៃអាទិត្យ ស្រុកហ្នឹងអត់មានមនុស្សប្រចាំការទេ។ ព្រោះអី? ព្រោះគេមកលេងផ្ទះ។ ដោយហេតុនេះ រយៈពេលចុងក្រោយ ខ្ញុំឱ្យអាទិភាពទៅថា នៅខេត្តណារកមនុស្សនៅខេត្តហ្នឹងឱ្យកាន់ចៅ​ហ្វាយខេត្ត ឱ្យកាន់អនុខេត្តនៅហ្នឹង ចៅហ្វាយស្រុក អនុស្រុក ត្រូវរកនៅកន្លែងហ្នឹង។ ឧទាហរណ៍ អភិបាលខេត្តមានគ្នា៧ នាក់។ ទៅពីក្រៅ៥ នាក់ហើយ។ អញ្ចឹង នៅហ្នឹងខេត្តតែ២ នាក់តើ ៥នាក់ហ្នឹងអត់នៅ ព្រោះថ្ងៃបុណ្យថ្ងៃសៅរ៍ថ្ងៃអាទិត្យ ទៅលេងប្រពន្ធកូន ជាពិសេសមកភ្នំពេញ។

(១៣) សូមអភិបាលខេត្តយកចិត្តទុកដាក់ចំពោះមន្ត្រីកសិកម្មដូចជាការគិតគូរដល់ការពង្រាយគ្រូបង្រៀន

ហ្នឹងហើយដែលខ្ញុំតែងតែនិយាយជាមួយនឹងសម្ដេចក្រឡាហោមថាកុំបោះពីលើ។ តែបោះពីលើទៅគឺដើរចោលខេត្តរហូត។ ហ្នឹងជារឿងដែលត្រូវយកចិត្តទុកដាក់។ មន្រ្តីបច្ចេកទេសរបស់យើង បើយើងសម្របឱ្យគាត់បានទៅ វាជាការល្អ។ ហ្នឹងមួយ។ មួយទៀត ខ្ញុំសុំឯកឧត្តម លោកជំទាវអភិបាលខេត្ត យកចិត្តទុកដាក់ជាមួយនឹងមន្រ្តីកសិកម្ម ដែលចុះបញ្ជូនទៅនេះ កុំឱ្យគាត់ទៅដល់ ផ្ទះមិនដឹងនៅណាស្អីក៏មិនដឹងនៅឯណា រាងចាល រត់មកភ្នំពេញវិញ។ ខាត។ អត់មានមន្រ្តីកសិកម្ម។ ត្រូវយកចិត្តទុកដាក់។ ខ្ញុំឱ្យគិតគូរថ្នាក់ជាតិ។ គិតគូរតាមរបៀបដូចយើងពង្រាយគ្រូបង្រៀនអញ្ចឹង។ យើងបានទទួលគ្រូបង្រៀនថា នៅទីក្រុងបានប៉ុន្មាន នៅជនបទបានប៉ុន្មាន ទៅកាន់តែឆ្ងាយគឺលុយកាន់តែច្រើនសម្រាប់ថ្លៃឈ្នួលផ្ទះ។

(១៤) មន្ត្រីកសិកម្មត្រូវកោះប្រជុំនិងសហការគ្នាដើម្បីប្រមូលនិងចែរំលែកធាតុចូល

ប៉ុន្តែត្រូវតាមមើល កុំឱ្យពួកគាត់, សុំធ្វើការណែនាំអាហ្នឹងបន្ដិច៖ បើទុកឱ្យមន្រ្តីកសិកម្មម្នាក់ៗ ធ្វើសកម្មភាពតាមឃុំមួយៗដាច់ដោយឡែកពីគ្នា ដោយមិនមានកិច្ចសហការនៃមន្រ្តីតាមឃុំនានានិងខេត្ត គឺបានសេចក្ដីថា វាស្មើជាមួយនឹង “ដដែល” អត់មានលើសអត់មានខ្វះ។ អញ្ចឹងទេ ត្រូវឆ្លៀតយកធាតុចូល។ ឧទាហរណ៍ថា មួយ​ស្រុកហ្នឹងមាន១២ ឃុំ។ អញ្ចឹងឧស្សាហ៍កោះប្រជុំ ហើយសហការគ្នា។ ឃុំមួយកើតហេតុ ឧទាហរណ៍ថា ទាក់ទិនជាមួយនឹងជំងឺស្រូវឬក៏ជំងឺសត្វ គឺប្រមូលមន្រ្តីកសិកម្មដែលនៅឃុំផ្សេងមកជួយគ្នា។ អភិបាលស្រុក អភិបាលខេត្ត ឧស្សាហ៍ជួបអ្នកទាំងហ្នឹង។ និយាយដល់កសិកម្ម មិនមែនបានសេចក្ដីថា ចាំខ្សែបណ្ដោយទៅទេ។ យើងបាននឹងផ្ទេរនិងកំពុងផ្ទេរអំណាចទៅឱ្យមូលដ្ឋានហើយ។ មូលដ្ឋានត្រូវចេះគ្រប់គ្រង។

(១៥) មន្ទីរកសិកម្មនៅហ្នឹងកន្លែងចំណុះរដ្ឋបាលឯកភាព តាមនិយាមប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ

មានមន្ទីរកសិកម្មនៅហ្នឹង តែមន្ទីរកសិកម្មនៅហ្នឹងកន្លែងគឺចំណុះឱ្យរដ្ឋបាលឯកភាព។ យើងកំពុងធ្វើដំណើរការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិគឺផ្ទេរអំណាចឱ្យមូលដ្ឋាន។ ត្រូវយកចិត្តទុកដាក់ថែទាំកូនគេឱ្យបានហ្មត់ចត់ ព្រោះទៅនេះ ច្បាស់ណាស់ថាមានទាំងបុរសទាំងស្រ្តី កំលោះក្រមុំ។ ខណ្ឌចំការមន សង្កាត់ទន្លេបាសាក់ ជាដើម តិច ទាមទារមន្រ្តីកសិកម្មដែរ។ នេះអត់មានដីកសិកម្មទេ អាចមានដាំផ្កា ជីនៅផើង ហើយទារមន្រ្តីកសិកម្មអីដែរ។ ឱ្យតែកន្លែងដែលផលិតកសិកម្មទេ។ អញ្ចឹងអាចនឹងក្នុងទីក្រុងភ្នំពេញប៉ុន្មានសង្កាត់ហ្នឹង អត់មានចាំបាច់ទេ ឯបណ្ដាទីរួមខេត្តមួយចំនួន ក៏អត់មានការចាំបាច់ដែរ … យើងតម្រង់ឆ្ពោះទៅរកកន្លែងដែលកសិកម្មពិតប្រាកដ។

[បញ្ចប់សេចក្ដីអធិប្បាយ ៥]

ទី៤. ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន និង អនុវត្តការងារប្រកបដោយសហថាមពល (Synegy) ពោលគឺ ត្រូវស្ថិតក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលការអនុវត្តន៍ការងារត្រូវមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ អនុវត្តកិច្ចការព្រមគ្នាមានសង្គតិភាពជាមួយគ្នានិងមានការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង ការក្តាប់បាននូវបញ្ហាប្រឈមរបស់កសិករ និងផលិតករ ជាអាទិ៍ កង្វះទុនវិនិយោគនិងកង្វះបច្ចេក​ទេសនឹងត្រូវដោះស្រាយ ឱ្យបានទាន់ពេលវេលា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផ្ទាល់ និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ការវិនិយោគលើការបើកទីផ្សារចន្ទីកម្ពុជានៅបរទេស តាមរយៈការផ្សព្វផ្សាយបង្ហាញផលិតផលនានា ត្រូវអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ ដោយឡែកពាក់ព័ន្ធការស្រាវជ្រាវពូជល្អៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់ និងជំរុញឱ្យអនុវត្តដោយវិទ្យាស្ថានកាឌី និងវិស័យឯកជន និង ត្រូវផ្តល់ការលើកទឹកចិត្ត តាមរយៈការចុះបញ្ជីពូជជូនឱ្យបានទាន់ពេលវេលា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៦]

(១៦) ពិនិត្យតាមតួលេខ កម្ពុជាមានសមត្ថភាពប្រជែងយកលេខ១លើការនាំចេញស្វាយចន្ទី

យើងមិនមែនចេះតែស្រមើស្រមៃថាទៅជាអធិរាជ(នោះទេ) ប៉ុន្តែលើការជាក់ស្តែង កម្ពុជាមានសមត្ថភាពនឹងប្រ​ជែងយកលេខមួយលើលោកក្នុងការនាំស្វាយចន្ទីទៅប្រទេសក្រៅ ព្រោះសព្វថ្ងៃនេះ បើពិនិត្យអំពីតួលេខដែលតាំងពិព័រណ៍ថ្ងៃមុននេះ យើងដើរផុតពី(តួលេខនាំចេញរបស់)ប្រទេស Côte d’Ivoire ហើយ។ Côte d’Ivoire មានត្រឹមតែ១ លាន ១សែនតោនប៉ុណ្ណោះ។ យើងមាន១ លាន ១សែន ៨ម៉ឺនតោន រួចស្រេចទៅហើយ។ ឥឡូវផ្ទៃដីដាំដុះដែលមិនទាន់បានទទួលផលក៏កំពុងតែកើនឡើង។ ប្រសិនបើយើងអាចមានការកែច្នៃល្អ ការបង្វិលទុនបាន គឺផលិតផលរបស់យើងវានឹងកើន ប៉ុន្តែត្រូវធ្វើការឲ្យ​បានច្រើន។ វាមិនមែនត្រឹមតែការដាំដុះហើយឲ្យវាចប់រឿងទេ។ ដាំដុះហើយ មកដល់ការកែច្នៃ។ ការកែច្នៃហើយ វាទាក់ទងជាមួយទីផ្សារ។ ស្រុកយើងស៊ីមិនអស់ ស្វាយចន្ទីទេ។ ស៊ីងាប់ទាំងមនុស្សទៀត ក៏វាមិនអស់ដែរ ព្រោះវាច្រើនពេកជាង១ លានតោន។

(១៧) ជំរុញដាំដុះ ទម្លាក់ទុនកែច្នៃនិងវេចខ្ចប់ ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ស្វាយចន្ទីពិតប្រាកដ

ប៉ុន្តែ ស្វាយចន្ទីគឺមានតម្រូវការនៅលើពិភពលោក។ ប្រទេសវៀតណាមនិងប្រទេសឥណ្ឌា គឺជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីច្រើនជាងគេ។ ប៉ុន្តែប្រទេសទាំងពីរនេះ គឺជាប្រទេសដែលនាំវត្ថុធាតុដើមពីប្រទេសក្រៅមកកែច្នៃក្នុងប្រទេសខ្លួន។ ឯកម្ពុជាមានវត្ថុធាតុដើមដែលកសិករយើងដាំ។ ត្រូវជំរុញសមត្ថភាពកែច្នៃដោយពង្រឹងការស្រាវជ្រាវ ការវេចខ្ចប់ឲ្យបានត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលជាកង្វល់គឺទុន។ ខ្ញុំសង្ឃឹមថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា នឹងធ្វើកិច្ចការនេះ … បើសិនថានេះជាបញ្ហាទុន ខ្ញុំគិតថាយើងរកវិធីដោះស្រាយទុន។ យើងនឹងទម្លាក់ទុន ១០០ លាន(ដុល្លារ)នៅពេលខាងមុខបន្ថែម សម្រាប់ទីផ្សារស្រូវ។ ក៏ ស្វាយចន្ទីនេះ គឺយើងត្រូវទម្លាក់ទុនប៉ុន្មាន? ហ្នឹងយើងត្រូវធ្វើការផ្សារភ្ជាប់ ដើម្បីធានាថាគោលនយោបាយស្វាយចន្ទីដែលយើងបានអនុម័តកន្លងទៅនេះ(នឹងសំរេចបាន)ជោគជ័យ ហើយក្លាយទៅជាអ្នកផ្គត់ផ្គង់ពិតប្រាកដ … អញ្ចឹងចាប់ផ្តើមពីការដាំដុះមកដល់ការកែច្នៃ ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារខាងក្រៅ បើមិនអញ្ចឹងគឺកកកុញ។

(១៨) មិនមានរបាំងពាណិជ្ជកម្មទេ ត្បិតជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្មសេរី AFTA និង RCEP

សុំបញ្ជាក់ ត្រូវទុកឲ្យទីផ្សារកាត់សេចក្តី។ ក្រឹត្យក្រមសេដ្ឋកិច្ចគឺដូច្នេះឯង។ តិចថា ដល់ពេលឯងចេះកែច្នៃ បែរជាហាមឃាត់កសិករមិនឲ្យលក់ទៅឲ្យប្រទេសនេះឬប្រទេសនោះ ដែលមកទិញក្នុងប្រទេសយើង។ ហ្នឹងមិនមែនជាសេដ្ឋកិច្ចផ្សារទេ។ សេដ្ឋកិច្ចផ្សារគឺទីផ្សារកាត់សេចក្តី។ បានសេចក្តីថា អ្នកណាឲ្យថ្លៃច្រើន លក់ឲ្យអ្នកហ្នឹង។ កុំមានភាពផ្តាច់មុខ ហើយក៏កុំមានរបាំងពាណិជ្ជកម្ម ដែលយើងត្រូវយល់ថា ទី១ ប្រទេសយើងគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដែលត្រូវអនុវត្តឲ្យបានត្រឹមត្រូវ។ ទី២ ក្របខណ្ឌAFTA ​តំបន់ពា​ណិជ្ជកម្មសេរីនៅក្នុងក្រ​បខណ្ឌអាស៊ាន។ ទី៣ យើងកំពុងស្ថិតនៅក្នុងក្របខណ្ឌ RCEP ត្រូវគោរពនូវក្រឹត្យក្រមនោះ។ ដាក់ចេញនូវបំរាមមិនឲ្យនាំចេញបែបហ្នឹង គឺសម្លាប់កសិករខ្លួនឯង។ មានអីក្រៅពីហ្នឹងទៀត។ កសិករត្រូវការរកទីផ្សារ ហើយបើយើងហាមឃាត់ឲ្យកសិករ បិទកសិករ ហ្នឹងសម្លាប់កសិករបណ្តោយ។ ភាពប្រកួតប្រជែងសេដ្ឋកិច្ចនៅទីនេះ គឺមិនមែនដាក់កម្រិតកំណត់ថ្លៃទេ។

យើងត្រូវយកចិត្តទុកដាក់ ដោយដាក់កំណល់លើបញ្ហាផលិតនៅពេលដែលធ្លាក់ចុះ។ យើងជួយទប់។ ដូច​ដែលយើងធ្វើអន្តរាគមន៍នៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងរយៈពេលកន្លងទៅ។ បើសិនជាយើងទុកឲ្យកសិករបង់ខាតដោយសារការធ្លាក់ថ្លៃ ដែលផ្តើមចេញពីការកេងចំណេញរបស់រោងម៉ាស៊ីនកិនស្រូវ គឺមិនបានទេ ត្រូវធ្វើអន្តរាគមន៍យ៉ាងឆាប់។ ប៉ុន្តែពេលណាដែលគេឲ្យតម្លៃខ្ពស់​ សុំទុកឲ្យទីផ្សារកាត់សេចក្តី។ ប្រជាជនមានសិទ្ធិលក់ឲ្យអ្នកណាគឺស្រេចលើប្រជាជន លើកលែងតែមានករណីគេហៅថា contract farming កសិកម្មតាមកិច្ចសន្យា អាហ្នឹងគឺវាត្រូវគោរពបែបបទនោះ។ បើមិនអញ្ចឹងទេ រោងចក្រជាមួយនឹងកសិករ អត់ស៊ីចង្វាក់គ្នាធ្វើឲ្យរោងចក្រអត់មានវត្ថុធាតុដើម។

(១៩) គួររៀនសូត្រទ្រឹស្ដីក្រុមហ៊ុន CP៖ “«កសិករជាគូជីវិត អ្នកប្រើប្រាស់ជាចៅហ្វាយ»”

CP ជាក្រុមហ៊ុនដ៏ខ្លាំងរបស់ថៃ។ ខ្ញុំទៅទស្សនកិច្ចនៅឆ្នាំ ១៩៨៩។ ពេលនោះ មិនទាន់មានចរចាអីត្រឹមត្រូវទេ។ ចរចាមានតែខ្ញុំជាមួយនឹងព្រះករុណា ហើយទើបនឹងដំណើរការ JIM1 ការចរចាហ្សាកាតាទី១ តែប៉ុណ្ណោះ។ ទ្រឹស្តីរបស់ CP និយាយម៉េច? គេថា “កសិករជាដៃគូជីវិត ឯអ្នកប្រើប្រាស់គឺជាចៅហ្វាយ”។ នេះគឺជាទ្រឹស្តីដែលគួរតែត្រូវរៀនសូត្រ។ ម៉េចបានយកកសិករជាគូជីវិត? ដោយសារកសិករដាំពោត ដាំស្អីហ្នឹង ដើម្បីផលិត CP ពូកែខាងការចិញ្ចឹម ប៉ុន្តែវាមិនមែនគ្រាន់តែចិញ្ចឹមទេ វាផលិតចំណីសត្វ។ គេថ្នាក់ថ្នមកសិករ គេថែទាំ​កសិករ ដើម្បីកសិករដាំពោត ដាំសណ្ដែក សម្រាប់បញ្ជូនមកឲ្យរោងចក្រផលិត។ ដល់អ្នកប្រើប្រាស់គឺជាចៅហ្វាយ។ យើងយល់ហើយ។ ចៅហ្វាយ អ្នកឯងមិនមែនចេះតែយកទៅលក់ដោយគេមិនបានគិតអំពីគុណភាពសូម្បីតែការវេចខ្ចប់។

ខ្ញុំសុំនិយាយបន្តិចទៅចុះ អស់លោកក្រុមហ៊ុនផលិតទឹកសុទ្ធទាំងឡាយអើយ មេត្ដាធ្វើយ៉ាងម៉េច កុំឲ្យពេលដែលមួលមកនោះវាមកទាំងទឹក។ ហ្នឹងក៏ប្រកួតប្រជែងមិនឈ្នះគេទេ។ ហេតុអីបានជា EVIANS របស់បារាំង ត្រួតត្រាទីផ្សារពិភពលោក? គ្រាន់តែមើល EVIANS គេបើកមកវាស្រួល។ ឯផលិតផលប្រទេសមួយចំនួន ឬរបស់ប្រទេសយើង រវល់តែបកឯណាស្រោមហ្នឹង។ កាលណាគ្មានក្រចកទាញវាមិនរួចទៀត។ ដល់ទៅបើកមក ជួនកាលខ្ចាយមកលើអាវហ្នឹង។ វាអញ្ចឹងទៅទៀត។ រឿងវេចខ្ចប់មិនមែនជារឿងធម្មតាពេកទេ។ ប៉ុន្តែ ថ្ងៃមុនខ្ញុំចាំ​បាន(ថាជក់មើលផលិតផលដែលតាំងពិពណ៌)នៅកំពង់ធំ(ក្នុងពិធីបុណ្យទន្លេរ)។ ឆ្នាំហ្នឹងប្លែកតែម្ដង។ ក្រោយកូវីដ-១៩ ប្លែកតែម្ដង ត្រង់ថាការវេចខ្ចប់វាត្រូវតាមស្តង់ដា ត្រូវភ្នែក។ ពីមុនមក ខ្ញុំដើរមើលមិនដែលអស់ស្ដង់ទេ តែលើកនេះវាជក់ពេក។ ដល់វាជក់ទៅជាហួសម៉ោង។

(២០) សូមបណ្ឌិតប្រវត្តិសាស្ត្រសិក្សាស្រាវជ្រាវពី តេជោ បាអង្គ

គេលេងរឿង «ដាវដែកកំពង់ស្វាយ» ផង។ ឥឡូវកំពុងស្រាវជ្រាវ នៅនោះឈ្មោះជា តេជោបាអង្គ​។ អញ្ចឹង? ប៉ុន្តែក្នុងរឿងដើមដូចជា តេជោមាស និង តេជោយ៉ត ទេតើ។ នៅកន្លែងនោះ។ ហ្នឹងខ្ញុំសុំលោកបណ្ឌិត រ័ត្ន សណ្ដាប់ ស្រាវជ្រាវរឿងហ្នឹងឡើងវិញឲ្យខ្ញុំបន្តិច។ បើនិយាយពីអង្គព្រះមហាក្សត្រនៅពេលនោះ គឺព្រះសុរិយោពណ៌ គឺត្រឹមត្រូវ។ នៅក្នុងរឿងដែលមានជាបន្តបន្ទាប់ តេជោមាស និង តេជោយ៉ត​ ទេ។ ឥឡូវហ្នឹងវាមាន តេ​ជោ​បាអង្គ រឿងហ្នឹងវាយ៉ាងម៉េច? តើមានតេជោប៉ុន្មានពិតប្រាកដ? រឿងហ្នឹងវាទាក់ទងនឹងតេជោក្នុងដំ​ណាក់​កាល ព្រះសុរិយោពណ៌ គឺដំណាក់កាលដែល តេជោយ៉ត ជាអ្នកបម្រើ តេជោមាស។ ពេលដែលមកទទួលបទបញ្ជា … តេជោមាស ចេញពីសំរោងទងមកទទួលបទបញ្ជានៅម្តុំស្អាង រួចហើយបាននាំទ័ពឆ្លងកាត់ទៅកំពង់ធំ។ ប៉ុន្តែហ្នឹងគ្រាន់តែរឿងបើរង្វង់ក្រចកទេណា។ ខ្ញុំក៏ជាអ្នកស្រាវជ្រាវម្នាក់ដែរ។ ដល់ទៅឃើញអញ្ចឹង ក៏ពិនិត្យសាចុះឡើងៗ។ ព្រះនាមមហាក្សត្រគឺត្រូវហើយ ព្រះសុរិយោពណ៌ ដល់ទៅគេដាក់ តេជោបាអង្គ អញ្ចឹង ក៏វង្វេងតែម្ដង ព្រោះមិនដែលលឺសូរឈ្មោះសោះ។ អញ្ចឹងសុំអំពាវនាវទៅដល់លោកបណ្ឌិត រ័ត្ន សណ្ដាប់ (ជួយស្រាវជ្រាវរឿងហ្នឹង)។ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ដែលជាទីប្រឹក្សាខ្ញុំស្រាប់ ក៏សូមជួយមើលផងមើល។ គាត់ក៏សរសេរទាក់ទងនឹងប្រវត្តិសាស្រ្ត។ ក្រែងលោវាមានការឆ្គងអីយ៉ាងណាឬយើងភ្លេច បន្ថែមម៉េចអីម៉េច? មានតេជោច្រើនណាស់នៅនោះ។ (មានអ្នកឆ្លើយបកស្រាយ) យើងស្ដាប់តាំងពីជំនាន់វិទ្យុជាតិយើងលេងរឿង តេ​ជោ​មាស តេជោយ៉ត នោះ ហើយដល់ទៅពេល បាអង្គ យើងមិនដឹង។ ប៉ុន្តែហ្នឹងជួនកាលយើងខ្វះដែរ។ អញ្ចឹងយើងចង់សិក្សាបន្ថែមអំពីរឿងហ្នឹង។ តើនៅកម្ពុជារយៈពេលកន្លងទៅ មានតេជោប៉ុន្មាន? សម័យនេះ តេជោសតវត្សរ៍ទី២១ មាន តេជោសែន។ ព្រះមហាក្សត្រព្រះរាជទានគោរមងារតេជោហ្នឹង ក៏មិនចៃដន្យទេ។ សូមអរព្រះគុណចំពោះព្រះមហាក្សត្រដែលព្រះអង្គទុកព្រះទ័យឲ្យដឹកនាំការងារមកដល់ពេលនេះ។

(២១) ទាក់ទងទីផ្សារអន្តរជាតិ ត្រូវអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចប្រកាសនៅឆ្នាំ ២០២១

ខ្ញុំក៏សូមបញ្ជាក់ដែរ រឿងកិច្ចការទាក់ទងនឹងទីផ្សារអន្តរជាតិមិនមែនគ្រាន់តែក្រសួងពាណិជ្ជកម្មទេ ត្រូវយកកិច្ចការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសដែលជាភារកិច្ចប្រកាសនៅឆ្នាំ២០២១ ទៅដើរតួនាទី។ ទូតរបស់យើងនៅ​ទីនោះ កុំធ្វើទូតតែខាងនយោបាយ ត្រូវចេះធ្វើរឿងសេដ្ឋកិច្ច។ ឥឡូវនេះ រឿងនយោបាយតិចតួចទេ។ រឿងសំ​ខាន់គឺពន្យល់គេឲ្យស្គាល់​ទំនិញរបស់កម្ពុជា។ ពន្យល់គេឲ្យមកវិនិយោគនៅកម្ពុជា។ ពន្យល់គេឲ្យមកទស្សនកិច្ចនៅកម្ពុជាជាទេសចរ ពន្យល់គេឲ្យទិញទំនិញពីកម្ពុជា។ ហ្នឹងមិនមែនតែក្រសួងកសិកម្មទេ បណ្ដាញរបស់ក្រសួងការបរទេសមានច្រើនដែលត្រូវធ្វើកិច្ចការងារនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ ៦]

ទី៥. ត្រូវជំរុញការអភិវឌ្ឍន៍វារីវប្បកម្មឱ្យកាន់តែទូលាយ ដោយប្រើប្រាស់ពូជវារីជាតិ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងតម្រូវការទីផ្សារខ្ពស់ និងជួយពង្រឹងសមត្ថភាពវិស័យឯកជន លើស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលសំដៅទៅរកការនាំចេញ។ ជាមួយនេះ ត្រូវបង្កើន ការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានជលផលប្រកបដោយចីរភាព ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសជលផល និងការអនុវត្តច្បាប់ដោយពង្រឹង កិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ និងផ្តល់ជម្រើសមុខរបរ ផ្សេងដល់ប្រជានេសាទ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៧]

(២២) ផ្តល់មុខរបរផ្សេងនិង/ឬប័ណ្ណក្រីក្រ ដល់១៣០០ គ្រួសារនេសាទ ដើម្បីការពារជីវិតផ្សោត

ខ្ញុំគួរតែរំលឹក។ ទី១ ខ្ញុំចង់សុំឲ្យក្រោយពេលទទួលព័ត៌មានអំពីការស្លាប់ ថតបញ្ជូនមកឲ្យខ្ញុំនូវសត្វផ្សោត។ ត្រូវបន្តការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ បើយើងគិតតែពីវិធានការណ៍រដ្ឋបាលសុទ្ធគឺអត់បានទេ។ អញ្ចឹងទេយើងស្រង់មើល។ យើងសុំឲ្យបងប្អូនកុំប្រើប្រាស់មងនៅក្នុងតំបន់ស្នូលទាំងនោះ។ ប៉ុន្តែយើងអាចជំនួសមកវិញ តើប៉ុន្មានគ្រួសារទៅដែលគាត់ប្រកបមុខរបរហ្នឹង? យើងឲ្យគាត់មានមុខរបរផ្សេង។ បន្ថែមលើនោះ យើងអាចលើកទឹកចិត្តឲ្យជាប័ណ្ណក្រីក្រជូនពួកគាត់ដើម្បីជំនួសមកវិញនូវការថែទាំ។ បើមិនអញ្ចឹងទេ គឺគាត់នៅតែបន្ត ព្រោះគាត់អត់មានជម្រើស។ គាត់អត់មានប្រាក់ចំណូល។ រាជរដ្ឋាភិបាលមានលទ្ធភាពដើម្បីផ្តល់ជូន ថា(អ្នកនេសាទ)ប៉ុន្មានដែលធ្លាប់តែដាក់មងហ្នឹង? ១ ៣០០ គ្រួសារ យើងអាចធ្វើបាន។ គ្រាន់តែយើងធ្វើមុខអង្គរចូលដល់ម៉ឺនគ្រួសារ។ ដូច្នេះយើងអាចឲ្យប័ណ្ណក្រីក្រទៅពួកគាត់ដើម្បីធានាថាមិនមកដាក់មងកន្លែងហ្នឹងទៀតទេ។ បើមិនអញ្ចឹងងាប់អស់អាសត្វផ្សោតហ្នឹង។ ហ្នឹងជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។

(២៣) មិនអាចពឹងពាក់តែលើធនធានត្រីធម្មជាតិសុទ្ធសាធទេ

ការចិញ្ចឹមត្រី គឺជារឿងដែលត្រូវធ្វើ។ យើងមិនត្រូវពឹងផ្អែកហួសជ្រុលទៅលើ(ធនធាន)ត្រីធម្មជាតិ នៅតាមទន្លេក្តីនៅតាមសមុទ្រក្តីទេ។ គាប់ជួន ព្រឹកមិញរដ្ឋមន្រ្តី Dominica ដែលគាត់នៅក្នុងតំបន់អាត្លង់ទិក ដូចនៅព្រំប្រ​ទល់ប៉ាស៊ីហ្វិចនិងអាត្លង់ទិក និយាយអំពីសហប្រតិបត្តិការលើការនេសាទ។ ខ្ញុំក៏និយាយថា ការ​នេសាទប្រ​ហែលជាខាងឯកឧត្តមមានពិសោធន៍ច្រើនជាង។ ឯខាងកម្ពុជាកុំជំរុញនេសាទទាន់សម័យ។ ឲ្យតែនេសាទទាន់សម័យ វាងាប់ទាំងកូនត្រី ងាប់ទាំងមេត្រី ចៅត្រី ងាប់ទាំងចៅទួតត្រី។ ឲ្យតែចាប់ផ្តើមទំនើបហើយ វាទៅបណ្តោយរហូតដល់ប្រើការឆក់។ អញ្ចឹងយើងត្រូវមើលអំពីបញ្ហាហ្នឹង។ យើងមិនអាចពឹងពាក់ទៅលើបញ្ហាត្រីធម្មជាតិសុទ្ធសាធទេ។ ត្រូវធ្វើការចិញ្ចឹម។

(២៤) ជួនកាលការដាំដុះស្រូវបានប្រាក់ចំណូលទាបជាងការដាំស្មៅ

ជាមួយនោះដែរ ការចិញ្ចឹមសត្វ។ អម្បាញ់មិញ ខ្ញុំទស្សនានៅខាងក្រៅ។ ឥឡូវថាចង់អញ្ជើញខ្ញុំ ទៅសម្ពោធរោងចក្រផលិតទឹកដោះគោនៅភ្នំតាម៉ៅ។ ខ្ញុំនឹងទៅ។ ឥឡូវហ្នឹង កង្វះស្មៅសម្រាប់គោនេះ ជារឿងសំខាន់សំរាប់កសិករ។ ខ្ញុំនៅចាំបាន ឆ្នាំណាមួយនោះ គឺប្រជាជននៅពត់សរ នៅតាកែវ នៅទន្លេបាទី គាត់ច្រូតស្រូវដែលមិនទាន់ទុំ យកទៅលក់ឲ្យអ្នកចិញ្ចឹមគោ។ កុំហាមឃាត់គាត់។ ដីរបស់គាត់មួយចំនួន គឺប្រែក្លាយពីការធ្វើស្រូវទៅជាការដាំស្មៅវាអត់មានអីខុសទេ។ សំខាន់ឲ្យតែបានលុយច្រើនគឺវាចប់ហើយ។ កុំទៅខ្វល់ពេក។ ពីមុនថាត្រឹមរដ្ឋមន្រ្តីកសិកម្មទេ(ឆ្កួត) ឥឡូវឆ្កួតដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចាំតែឆ្កួតតើ។ វាជាតម្រូវការ។ បើកាលណាវាជាតម្រូវការកសិករនៅតំបន់ហ្នឹង … គាត់សហការជាមួយនឹងកសិករទៅ។ ជួនកាលធ្វើស្រូវកសិ​ករបាន ប្រាក់ចំណូលតិចជាងការដាំស្មៅឲ្យគោ។ ត្រូវគិតកត្តាអស់អញ្ចឹងៗ។

(២៥) ការពង្រីកការចិញ្ចឹមគោយកទឹកដោះ ធ្វើឱ្យប្រជាពលរដ្ឋអាចដូរពីដាំស្រូវមកជាការដាំស្មៅ

ខ្លះគេអាចឌឺដាក់យើង។ តែអ្នកឯងឌឺយ៉ាង​ណាក៏ដោយ រឿងពិតគឺកសិករទទួលប្រាក់ចំណូលច្រើនជាង។ យើងក៏អត់ឃាត់ដែរ។ បងប្អូនឃាត់មួយសា ថាកុំឲ្យកសិករយើងច្រូត ដូចជាខ្ទង់ឆ្នាំ២០០៩ ឬ២០១០ ប៉ុណ្ណឹង។ ស្រាប់តែនាំគ្នាច្រូតស្រូវដែលមិនទាន់ទុំ​យកទៅ។ ថាកុំឃាត់។ គាត់ចេះដឹងជាងយើងទៅទៀត។ ផលប្រយោជន៍គាត់តើ​ តែគាត់គិតថាហ្នឹងវាផលប្រយោជន៍គាត់។ គាត់ច្រូតស្រូវរបស់គាត់យកទៅលក់ធ្វើជាស្មៅគោ។ បើគង់តែអញ្ចឹងដែរ តំបន់ហ្នឹងពង្រីកការចិញ្ចឹមគោហើយយកទឹកដោះ។ ទឹកដោះនេះ បើទីផ្សារកាន់តែពង្រីកបាន កសិករនឹងទទួល(ផល) … ឯកឧត្តម សុខ ទូច នៅរាជបណ្ឌិតសភាស្រែកថាអត់មានអ្នកទិញ។ មិនដឹងថា(មកពី)ផលិតផលគាត់នៅឆ្ងាយពេកក៏មិនដឹង ឬក៏មិនគ្រប់គ្រាន់ស្តង់ដារ។ យកមកឲ្យខ្ញុំផឹក ខ្ញុំមិនហ៊ានផឹកទេ។ ហ្នឹងនិយាយឲ្យត្រង់ទៅ ព្រោះវាអត់ទាន់ចូលឡាបូអីស្រួលបួលផង។ ក្រែងដាក់ពីលើទៅធ្លាយខាងក្រោម។ យើងត្រូវពង្រឹងគុណភាពនៃការផលិត។ មិនមែនបានសេចក្តីថា យើងធ្វើឲ្យរួចពីដៃនោះទេ។

(២៦) បំផុសការចិញ្ចឹមសត្វ ត្រូវរកវិធីដោះស្រាយចំណីសត្វ ដើម្បីថ្លៃដើមចិញ្ចឹមទាប

ត្រូវតែរកវិធីដោះស្រាយចំណីសត្វ។ បើយើងចង់បំផុសការចិញ្ចឹមសត្វ ត្រូវរកវិធីដោះស្រាយចំណីសត្វដើម្បីធ្វើយ៉ាងម៉េចឲ្យតម្លៃនៃការចិញ្ចឹមរបស់ពួកគាត់ ថ្លៃដើមទាប ហើយលក់លើទីផ្សារតម្លៃសមរម្យ។ បើយើងមិនដោះស្រាយបញ្ហាហ្នឹងទេ មិនបានទេ។ ត្រូវលើកទឹកចិត្តពិនិត្យមើលការដោះស្រាយចំណីសត្វ។ ក្នុងចំណីសត្វក៏មានចំណីសត្វសម្រាប់សាច់គោ ដែលក្នុងហ្នឹងយើងអាចដោះស្រាយបាននៅហ្នឹងកន្លែង។ យើងវាសល់ស្រូវ​ច្រើន។ អញ្ចឹងទេ អាចផ្ទៃដីមួយផ្នែកណា ១០០ ២០០ ៤០០ ៥០០ ហិកតា ពួកគាត់ចុះកិច្ចសន្យានឹងកន្លែងចិញ្ចឹមគោ រួចហើយគាត់ផលិតស្មៅដើម្បីផ្គត់ផ្គង់ឲ្យកន្លែងចិញ្ចឹមគោមានអីដែលថាខុស។ ឲ្យតែគាត់គិតថា តម្លៃដែលគាត់ប្រើប្រាស់កម្លាំងពលកម្មដែលគាត់ចេញទៅវាមានផលចំណេញឲ្យគាត់។ លើកទឹកចិត្តឲ្យគាត់ផលិតទៅ។ ត្រូវស្វះស្វែងគ្រប់វិធីដោះស្រាយបញ្ហាឲ្យកសិករ មិនត្រូវព្រងើយកន្តើយនោះទេ។

[បញ្ចប់សេចក្ដីអធិប្បាយ ៧]

ទី៦.ត្រូវជំរុញឧស្សាហកម្មឈើដាំ សម្រួលការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និង ផ្តល់ជម្រើសមុខរបរផ្សេងៗដល់ប្រជាសហគមន៍ព្រៃឈើ ដើម្បី កាត់បន្ថយសម្ពាធលើធនធានព្រៃឈើ។ ជាមួយនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងកិច្ចសហការឱ្យបានខ្លាំងក្លា ដើម្បីរួមគ្នាទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ អ្នកអនុវត្តច្បាប់ត្រូវសហការគ្នាជាអន្តរស្ថាប័ន ដើម្បីស៊ើបអង្កេតកំណត់ឱ្យបានច្បាស់នូវមុខសញ្ញា មេក្លោង និងខ្សែរយៈ ដែលនៅពីក្រោយការទន្ទ្រានដី និងការបំផ្លាញព្រៃឈើយកមកដាក់ទោសតាមច្បាប់។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងដៃគូអភិវឌ្ឍដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងលើក ទិសដៅឆ្នាំ ២០២៣ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកានៃអង្គសន្និបាត សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕

**********

Selected Comments Samdech Techo Hun Sen,
Closing of the Annual Conference on Agriculture, Forestry and Fisheries in 2022 and Directive Setting for 2023
[Unofficial Translation]

---------

CNV:

(1) Changing rice seeds strategy started in the 1980s

[…] I applaud the ongoing research associated with (rice) cultivation. Historically, starting in the 1980s, if I am not mistaken, it was a rice seed changing campaign. I remember when I was talking about changing rice varieties, my father said, “I raise your head this big, I used only my original seed” […] until 2004 […] in a trip to the Mountains of Kravanh (Cardamom), I noticed that in some places in Pursat province, people are still using their own rice seeds, which at the end of the season, because of too long to be harvestable, the late flood took their rice […] I said, “Please do not grow the hidden rice, try the elegant rice” […]

(2) Breeding new rice variety in the strategy to strive from extensive to intensive rice farming

We wanted to reduce us of long-term rice production and come up with short-term rice that yields. This new short-term rice seed is a new achievement that I think Cambodia has taken a step forward in its own selection, breeding and ranking […] in fact, this is a strategic implementation process […] to achieve development between extensive and intensive rice cultivation. In the old Khmer tradition, in a family of 5 people, they had to use two hectares of land. If they had 10 people, they had to have four hectares of land […] in intensive rice farming concept, through irrigation arrangements, we will increase cultivation pattern from one time to twice or thrice a year and obtain higher yields. One the same one-hectare area that used to feed five people, now we have to work harder to make that area able to feed 15 or 20 people or more […] we have both short-term and long-term rice seed that yield […]

(3) With water, cultivate rice twice a year, a production area of 3 million hectares will become 6 million hectares

[…] previously, one hectare of land could only be cultivated once. We have solved the water problem that people can cultivate more than once. In the past, our rice varieties were long-term. Now our rice is shorter term […] flying by helicopter with the ADB President to Poipet […] I pointed below and told him, “As you can see that is the remaining potential of Cambodia.” He wondered […] I explained to him, “now I only cultivate once a year. When we deal with water successfully, we will be able to cultivate twice a year. ” With cultivable area of 3 million hectares, Cambodia will have 6 million hectares of the same land without putting pressure on natural resources for farming” […]

(4) Of the policy of producing and exporting 1 million tons of rice, the export part has not yet realized

The documents that we have mentioned so far, which we verify what we did at the departure stage, from the time we ran out of rice until we have the surplus of rice, should be kept. Of the agricultural policy that we set out to boost rice production and rice exports to 1 million tons, we achieved only in the production sector (which changes the situation) from lacking of rice to having surplus. However, we have not yet succeeded in exporting 1 million tons (of rice yet). In fact, it is easy to understand the reason. The growth of our production is fast, while the need to invest in (processing) such as rice mills, warehouses, revolving capital, etc. could not go in tandem (- that) causes problems […]

(5) No matter how the world changes, Cambodia does not lack rice

[…] It is not that Cambodia does not have the right policies for leadership in the agricultural sector […] no matter how the world changes, Cambodia will not lack rice […] previously, we used to lack rice. Now we are nor and will not be lacking rice, or in general, lacking food. In the past, one of the FAO experts asked us to think of corn, bananas, potatoes as staple food […] I said, “Sorry, Excellency, do not talk about corn and bananas with me. Pol Pot had our people eaten (all that). If I talked about that, there will be problems. Please do not (count those as staple food) okay […]

(6) To share short-term rice seeds to friendly countries, we must have clear internal success

[…] in 2002, we were still lacking (rice). India helped us with 20,000 metric tons. Now we do not need assistance from the outside anymore. We have partnered with Cuba. To provide assistance to Cuba, we can bring the seeds we have grown, and this is a short-term variety to Cuba. It seems that Côte d’Ivoire is another country that desires the seed. We wanted to share it with friends, but we must have clear inner success. Do not take risks. This also has to do with weather factors. Rice seed variety research and development must also go hand in hand with climate change […]

(7) The Northwest will be fourth and the Northeast will be the fifth economic poles

[…] What China does not have enough are bananas and longans with some other products that we need to find a way to meet the standard to be able to bring to the Chinese market. We can also export some products to other countries, not just to China. We have made Pursat, Battambang, Banteay Meanchey and Pailin provinces the fourth economic poles. We have Phnom Penh as the first economic pole, Sihanoukville as the second economic pole, Siem Reap as the third economic pole […] we hope to establish the fifth economic pole in the Northeast region with the agro-industrial sector as the core – Kratie, Stung Treng, Ratanakiri, Mondulkiri […]

(8) People trust the CPP to ensure peace and development

First, I apologize to the political parties. Please do not attack me as we all know the forthcoming results (of the elections). We can also know each other’s strengths, and some of them are initiating the idea of supporting Tea Seiha to be the Prime Minister candidate even. By saying so, you know that (anyone will do as long as that person will not be) Hun Sen’s son, Manet. You solemnly accept that the CPP will win […] if the CPP does not win, we will not apply this principle. I believe that the people will continue to trust the CPP to ensure peace and development […]

(9) Recruit agricultural extension workers/experts to his/her communes/districts/provinces of birth

We have to choose the right candidates, and if they are agricultural students, agricultural experts, we can send them to their communes/districts/provinces that they are from. It will be easier. In the experience of recruiting people to go to the local level, if we take them to their geographical area, it will be easier […] I would like to ask the provincial governor to pay attention to the agricultural officials who are sent here […] we deploy teachers (in education) that way […] if each agricultural official is allowed to operate in a separate commune without the cooperation of officials in the communes and provinces, it means that it is equal to “the same situation.” There is no excess, there is no shortage. We have to find ways to get them share their knowledge and inputs […]

(10) According to figures, Cambodia has the ability to compete for the number one position on cashew exports

We do not always dream of becoming an emperor in cashew nut export, but in reality, Cambodia has the ability to compete for world number one in exporting cashews. If we look at the figures from the previous day’s exhibition, we have surpassed Côte d’Ivoire’s export figures. Côte d’Ivoire exported 1.1 million tons. We exported 1.1 million metric tons. Now the cultivated but not yet harvestable area is also increasing. If we can have good processing, our working capital will increase. We will have to work harder. It’s not just about cultivating but it comes to processing, and to marketing. Our country will not consume all the cashews we have […]

(11) Promote cultivation, investment, processing and packaging to become a real supplier of cashew nuts

Cashews are in demand in the world. Vietnam and India are the largest distributors of cashew nuts. But both countries are importing raw materials for processing in their own countries. Cambodia has raw materials that our farmers grow. Promote processing capacity by strengthening research and proper packaging. The concern here is capital. I hope the Ministry of Economy and Finance of the National Bank of Cambodia will look into this matter […] if this is a capital issue, I think we will find a way to solve it. We will invest another 100 million (dollars) in the future for the rice market. Also, this cashew, how much do we have to invest? Well, we need to work together to ensure that the cashew policy we have approved in the past (will be achieved) successfully and become a real supplier […]

(12) Implementation of the economic diplomacy strategy announced in 2021 regarding international markets

I would emphasize that matters related to international markets. It is not just the Ministry of Commerce (that is carrying out this task). (We) must take the economic diplomacy of the Ministry of Foreign Affairs, announced in 2021, into actions and for it to play a role. Our ambassadors out there must not be ones for politics, but also economics. In this stage, we have less political matter to worry about. The important thing is to explain outside world about Cambodian goods. They must explain them to draw investment to Cambodia, to have tourists coming to visit Cambodia, and for them to buy goods from Cambodia. Well, not only the Ministry of Agriculture, the network of the Ministry of Foreign Affairs (and International Cooperation) has a lot to do regarding this […]

(13) Provide other occupations and/or poverty cards to 1,300 fishing families to protect dolphin life

I should remind something here. First of all, I would like to ask you to send me a picture of every dolphin after receiving the news of their deaths. Must continue to pay attention to this issue. If we only think about pure administrative measures, it is not going to work. How many fishing families are there? How about we give them other jobs. In addition, we can encourage them a poverty card […] the government is able to provide those who used to put a net in the river (where the dolphins are) – some 1,300 families of them. We can do. We gave poverty cards to tens of thousands of families who moved out of the Angkor temple area. We can give them poverty cards to make sure they don’t come to fish in the dolphin place anymore. If we do not take such measures otherwise, all the dolphins will die […]

(14) Cannot rely solely on natural fish resources

Raising fish is a must. We must not over-rely on (resources) of natural fish in rivers or seas. This morning, a Minister from Dominican Republic, a country on the Pacific and Atlantic border, talked with me about fisheries cooperation. I would also say that fishing is probably more experienced in their country, in the Cambodia, however, we do not wish to promote modern fishing. As long as modern fishing is concerned, we may not be able to protect our fish resources – because modern fishing may lead to electrocuting them as well. We need to look at that. We cannot rely on purely natural fish problems. Need to practice aquaculture […]

(15) Sometimes rice cultivation earns less income than grass cultivation

I heard that they wanted to invite me to inaugurate a dairy factory in Phnom Tamao. I will go. Now the lack of grass for cows is important for farmers. I still remember when the people of Puut Sar in Takeo in the Tonle Bati district harvested unripe rice to sell to cattle farmers. Do not forbid him. Some of his land has turned from rice to grass. There is nothing wrong. The important thing is people make more money. Do not worry too much. Some would say that it was only the Minister of Agriculture (who was crazy), now Prime Minister Hun Sen is too […] it is a requirement. If there is a need for farmers in that area […] let the cattle raisers cooperate with farmers (in grass growing). Sometimes rice farmers earn less than growing grass for cattle. You have to think about all these factors […] do not stop them. they know more than we do. It is in their interests […]

(16) Inspire animal feed for low raising costs in animal husbandry

People cut off rice and sell it as cow grass. In that case, cattle raisers in the area shall expand their herds and milk production. If the market expands, farmers will receive benefits […] we must find a way to deal with animal feed. If we want to inspire animal husbandry, we need to find a way to solve the problem of animal feed so that the cost of raising them is low and the market is affordable. If we do not solve that problem, we will not be able to succeed. Be encouraged to check animal feed handling […]./.

 

 

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា​ ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តមបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោកពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈក្រមខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការ ដែលនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ។

សម្តេចតេជោក៏បានស្វាគមន៍ផងដែរចំពោះបំណងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ សម្តេចក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្ត្រីឱ្យពិនិត្យលទ្ធភាព ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ជាដើម៕



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមូលនិធិនីប៉ុន (The Nippon Foundation )


នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ឯកឧត្តម សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិ នីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមាន សកម្មភាព លើវិស័យ៖

ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ ផលិតអវៈយវៈសិប្បនិម្មិត មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។ 

ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការ បង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សា នៅភ្នំពេញផង និងនៅក្រៅប្រទេសផង។ 

ទី៣- ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលលោកបានមានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេសកម្ពុជា ស្ទើរតែអស់អ្នកជំងឺ ដែលមានជំងឺឃ្លង់ហើយ។ 

ទី៤- សកម្មភាពរបស់មូលនិធិ នីប៉ុន នៅប្រទេសមីយ៉ាន់ម៉ា ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌ ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើនរបស់សកម្មភាព របស់មូលនិធិរបស់ឯកឧត្តម សាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង លើការផលិតអវយវៈសិប្បនិម្មិត ។ 

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម សាសាកាវ៉ា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំ, លើវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ហើយមិនត្រឹមតែជួយដល់កម្ពុជាទេ បានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀត ដោយជួយដល់កុមារ និងស្ត្រី លើវិស័យមនុស្សធម៌ ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យឯកឧត្តម សាសាកាវ៉ា ប្រធានមូលនិធិ នីប៉ុន បន្តជួយដល់កម្ពុជាតទៅទៀត៕





ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និង លើក ទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ សន្និបាតដែលធ្វើឡើងរយៈពេល៤ថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។

#ក្រសួងកសិកម្ម  

#ហ៊ុនសែន #HunSen 

#កម្ពុជា #Cambodia


តើសម្តីដ៏ស្មោគគ្រោគគួរឲ្យខ្ពើមរអើមរបស់ លី សុធារ៉ាយុត្តិ ឆ្លុះបញ្ចាំងពីអ្វីខ្លះ?

 

វិភាគអន្តរជាតិ៖ ចិនទៅរុស្ស៉ី ជប៉ុនទៅអ៊ុយក្រែន, មហាអំណាចអាស៊ី ផ្ដើមសម្ដែងឫទ្ធិ ក្នុងនយោបាយអន្តរជាតិ


(តូក្យូ)៖ នារយៈពេល២សប្ដាហ៍ចុងក្រោយនេះ មានរឿងភ្ញាក់ផ្អើលជាច្រើនបានកើតឡើងនៅក្នុងតំបន់អាស៊ីបូព៌ា។ ភ្លាមៗ ក្រោយចិនប្រកាសពីជោគជ័យនៃការសម្រុះសម្រួលនូវកិច្ចព្រមព្រៀង ភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃទី២០ ខែមីនា ក្នុងបេសកកម្ម ស្វែងរកបទឈប់បាញ់ និងសន្តិភាពនៅអ៊ុយក្រែន។



នៅថ្ងៃពុធ ទី២២ ខែមីនានេះ លោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងមូស្គូហើយ ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែ រឿងដែលគួរឱ្យកត់សម្គាល់ នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ច ៣ថ្ងៃរបស់ប្រធានាធិបតីចិន ស្រាប់តែមានសេចក្ដីរាយការណ៍ថានាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងមុនទៅកាន់ប្រទេស អ៊ុយក្រែន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយទីក្រុងកៀវ និងថែមទាំងបានអញ្ជើញលោក ហ្សេលេនស្គី ឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដែលឆ្នាំនេះជប៉ុនធ្វើជាម្ចាស់ផ្ទះទៀតផង។ ដំណើរទស្សនកិច្ច នៅអ៊ុយក្រែនរបស់លោក គីស៊ីដា មិនមែនជារឿងចៃដន្យទេ តែវាកើតឡើងចំពេលដែលទីក្រុងតូក្យូកំពុងចូលរួមយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន ក្នុងតំបន់ឥណ្ឌប៉ាស៊ីហ្វិក។

សម្រាប់ចិន ដំណើរទស្សនកិច្ចរបស់លោក ស៊ី មិនមែនជាការសម្ដែងឱ្យបានតែល្អមើលនោះទេ តែវាជាផ្នែកមួយនៃការលើកកម្ពស់មុខមាត់ចិនក្នុងនាមជាមហាអំណាចមួយប្រកបដោយការទទួលខុសត្រូវ ក្នុងការថែរក្សាស្ថិរភាព និងសន្តិភាពសកលលោក ជាពិសេសនៅក្នុងបរិបទដែលទីក្រុងប៉េកាំងចោទថាសហរដ្ឋអាមេរិកកំពុងព្យាយាមគ្រប់គ្រង និងឡោមព័ទ្ធចិន។ ការប្ដេជ្ញាចិត្តរបស់ចិន ចំពោះសម័យ ពហុប៉ូល ជាយុទ្ធសាស្ត្របំបែកអនុត្តរភាពផ្ដាច់មុខរបស់សហរដ្ឋអាមេរិកទាំងខាងនយោបាយ និងសេដ្ឋកិច្ចសកល។ ចំណែកឯ ជប៉ុនវិញ ដែលកំពុងមានជម្លោះដែនទឹកជាមួយចិនស្រាប់ នៅឯតំបន់ សមុទ្រចិនខាងកើត ធ្លាប់បានបង្ហាញការព្រួយបារម្ភជាខ្លាំងដោយខ្លាចក្រែងថាការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចនឹងក្លាយជាការជំរុញលើកទឹកឱ្យចិនប្រើប្រាស់កម្លាំងយោធា វាយកាន់កាប់ តៃវ៉ាន់។

បើតាមក្រុមអ្នកជំនាញ ដោយសារតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងមានទីតាំងភូមិសាស្ត្រនៅកៀកតៃវ៉ាន់ផងនោះ ជប៉ុននឹងមិនអាចរួចឡើយ ប្រសិនបើសង្រ្គាមនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ពិតជាផ្ទុះឡើងមែននោះ។ ដូច្នេះហើយទើបលោក គីស៉ីដា ផ្ទាល់តែងតែនិយាយពាក្យមួយឃ្លាថា «តំបន់អាស៊ីខាងកើត (អាស៊ីបូព៌ា) អាចជាអ៊ុយក្រែននៅថ្ងៃស្អែក»។

* លោក ស៊ី ជិនពីង នៅមូស្គូ រីឯលោក គីស៉ីដា នៅកៀវ

នៅក្នុងជំនួបជាមួយលោក ពូទីន លោក ស៊ី ជិនពីង បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៉ី និងចិន ហើយអ៊ុយក្រែនបានក្លាយជារបៀបវារៈសំខាន់នៃជំនួបកំពូលរវាង មេដឹកនាំទាំង២ ដោយផ្តោតលើផែនការសន្តិភាព ១២ចំណុចរបស់ចិន។ សហរដ្ឋអាមេរិក បាននិយាយថាផែនការសន្តិភាពរបស់ចិនមិនមានភាពប្រាកដប្រជានោះទេ រីឯអ្នកជំនាញខ្លះក៏មើលឃើញដែរថា លោក ស៊ី ជិនពីង កំពុងលើកមុខលើកមាត់ចិនជាអ្នកស្វែងរកសន្តិភាពឱ្យពិភពលោកជំនួសសហរដ្ឋអាមេរិក ខណៈសេតវិមានចោទថាទីក្រុងប៉េកាំងអាចនឹងពិចារណាបញ្ជូនអាវុធឱ្យរុស្ស៉ី។

ក៏ប៉ុន្តែ លោកស្រី Yu Jie ជាមន្ត្រីសា្រវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Chatham House យល់ថាចិនទំនងជានឹងមិនបញ្ជូនអាវុធឱ្យទីក្រុងមូស្គូទេ ដោយសារតែបារម្ភខ្លាចត្រូវប្រឈមមុខនឹងការលះបង់ តម្លៃខ្ពស់ពេកខាងការទូតដោយអាចនឹងត្រូវខូចទំនាក់ទំនងទាំងស្រុងជាមួយលោកខាងលិច។ ណាមួយក្រុមមន្ត្រីចិនកាន់តែមើលឃើញថាសង្រ្គាមនៅអ៊ុយក្រែន វាជាការទទួលខុសត្រូវ ជាជាងឱកាស ពីព្រោះពួកគេភ័យខ្លាចសង្រ្គាមរាលដាលកាន់តែធំគ្រប់គ្រងលែងបាន។ បើតាមលោកស្រី Yu Jie នៅក្នុងចំណោមក្រុមមន្ត្រីប្រតិភូចិនដែលអមដំណើរលោក ស៊ី ជិនពីង បំពេញទស្សនកិច្ចនៅរុស្ស៉ី មិនមានមន្ត្រីយោធាជាន់ខ្ពស់នោះទេ ដែលនេះជាសញ្ញាមួយបង្ហាញថាកិច្ចចរចាសន្តិភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជារបៀបវារៈសំខាន់។ វាមើលទៅហាក់ដូចជាចិនកំពុងព្យាយាមដើរតួនាទី មួយប្រកបដោយស្ថិរភាព និងធ្វើយ៉ាងណាធានាឱ្យបានថារុស្ស៉ីមិនអាចចាញ់ទាំងស្រុងជាដាច់ខាត។ នៅក្នុងចក្ខុវិស័យរបស់ចិនសម្រាប់ពិភពលោកពហុប៉ូល នោះគឺពឹងផ្អែកលើរុស្ស៉ីឱ្យដើរតួនាទី ប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាតុល្យភាពអំណាចជាមួយសហរដ្ឋអាមេរិក។ ដ្បិតទាំងចិន និងរុស្ស៉ី ដឹងយ៉ាងច្បាស់ថាមិនអាចប្រឈមមុខដោយផ្ទាល់តែម្នាក់ឯងរៀងៗខ្លួន ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបាននោះទេ។

ដោយឡែក មួយថ្ងៃបន្ទាប់ពីលោក ស៊ី ជិនពីង ចាប់ដៃលោក ពូទីន ជប៉ុនស្រាប់តែប្រកាសពីការបំពេញទស្សនកិច្ចរបស់លោក គីស៊ីដា ទៅកាន់ទីក្រុងកៀវ ក្រោយបិទបញ្ចប់កិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅក្នុងទីក្រុងញូវដេលី។ ជប៉ុននៅក្រោមការដឹកនាំរបស់លោក គីស៉ីដា បានចូលរួមកាន់តែសកម្មភាពជាមួយបណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងក៏កំពុងបង្កើនតួនាទីជប៉ុនក្នុងនយោបាយអន្តរជាតិផងដែរ។ ម្លោះហើយ ជប៉ុនចង់ចាប់យកឱកាសនេះដើម្បីបង្ហាញពិភពលោកពីភាពផ្ទុយគ្នានៃនយោបាយការទូតរវាងជប៉ុន និងចិន ហើយចង់បង្កើន តួនាទីរបស់ជប៉ុននៅក្នុងតំបន់អាស៊ីបូព៌ា និងនៅលើឆាកអន​្តរជាតិ។ ព្រោះថាទាល់តែអាចធ្វើបែបនេះបាន ទើបជប៉ុនអាចស៊ីសងជាមួយចិនបាន ហើយទោះជាជប៉ុនបង្ហាញការស្វាគមន៍ដោយប្រុងប្រយ័ត្ន ចំពោះការប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ក៏ពិតមែន ក៏ទីក្រុងតូក្យូមិនចង់ឃើញចិនអង្គុយកៅអីអ្នកបញ្ជាចង្កូតតំបន់អាស៊ីបូព៌ាតែម្នាក់​ឯងនោះដែរ។

* ឧបសគ្គរារាំងដល់ជោគជ័យនៃនយោបាយការទូតអាស៊ី

ទោះបីជាបេសកកម្មការទូតរបស់ចិន និងជប៉ុន ពិតជាបានទាក់ទាញចំណាប់អារម្មណ៍ពិតមែន តែនៅតែមានឧបសគ្គរារាំងជាច្រើនដល់ជោគជ័យសម្រាប់ប្រទេសទាំង២ រៀងៗខ្លួន។ កន្លងមក ចិន និងជប៉ុន ក៏ធ្លាប់បានសាកល្បងធ្វើជាអ្នកសម្រុះសម្រួលស្វែងរកសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ាដែរ តែទទួលបរាជ័យតាំងពីពេលចាប់ផ្ដើមដំបូងម៉្លេះ។ មិនតែប៉ុណ្ណោះគ្មាននរណាម្នាក់អាចធានា បានឡើយថាអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ដែលជាសត្រូវស៊ូពូជនឹងគ្នាអស់រាប់សិបឆ្នាំមកនេះអាចនឹងអនុវត្តតាមកិច្ចព្រមព្រៀងបានដោយជោគជ័យ។

នយោបាយការទូតរបស់ជប៉ុន ត្រូវបានគេមើលឃើញថាមានភាពប្រទាក់ក្រឡាគ្នាជាមួយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងភាពជាដៃគូសន្តិសុខ ការទូត ជាមួយលោកខាងលិច ទោះជាជប៉ុន បាន ធ្វើពិពិធកម្ម និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃក៏ដោយ។ ដូច្នេះវាអាចទៅរួចថាពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក គីស៉ីដា នៅអ៊ុយក្រែន គឺជាផ្នែកមួយនៃការប្រកួតប្រជែងគ្នារវាង សហរដ្ឋអាមេរិក និងចិន ហើយកាន់តែច្បាស់ទៅទៀតនោះ គឺមានពាក់ព័ន្ធទៅនឹងវត្ថុបំណងរបស់សហរដ្ឋអាមេរិក និងមានចេតនាប្រឆាំងនឹងឥទ្ធិពលគោលនយោបាយការបរទេសរបស់ចិនតែម្ដង។

គួរបញ្ជាក់ថា​ សហរដ្ឋអាមេរិកដែលជាតួអង្គដ៏សំខាន់ក្នុងជម្លោះ និងជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាច្រើន បានបដិសេធតួនាទីសម្រុះសម្រួលរបស់ចិន ក្នុងជម្លោះអ៊ុយក្រែន ដោយអះអាងថាទីក្រុងប៉េកាំងមិនអាចមានអព្យាក្រឹតឡើយ ដោយសារតែមិនបានថ្កោលទោស ឬរិះគន់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនោះទេ ហើយថាកិច្ចចរចាទាំងឡាយក្នុងខណៈពេលនេះ គ្រាន់តែជា ទុកពេលឱ្យរុស្ស៉ីដង្ហើម និងពង្រឹងការកាន់ទឹកដីអ៊ុយក្រែនដែលខ្លួនបានច្បាមយកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទោះជាជប៉ុន និងចិនសុទ្ធតែកំពុងព្យាយាមចាប់យកឱកាសការទូតក៏ដោយ ក៏ការសម្រេច ជាក់ស្ដែង នៅតែត្រូវអាស្រ័យទៅលើតួអង្គជាភាគីជម្លោះដដែល។ ត្រង់ចំណុចនេះត្រូវបានគេឃើញទាំងនៅក្នុងកិច្ចព្រមព្រៀងអ៉ីរ៉ង់-អារ៉ាប៊ីសាអូឌីត និងដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា នៅអ៊ុយក្រែន ដែលសុទ្ធតែធ្វើឡើងតាមសំណើរបស់ភាគីជម្លោះ។

លោក ហ្សេលេនស្គី បានបង្ហាញការបើកចំហចំពោះផែនការសន្តិភាពរបស់ចិន ប៉ុន្តែលោកក៏ធ្លាប់បានបញ្ជាក់ដែរថានឹងមិនមានឡើយការកាត់ទឹកដីឱ្យរុស្ស៉ី ជាថ្នូរនឹងការសម្រុះសម្រួល ស្របពេលការ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា អាចនឹងត្រូវចិនបកស្រាយថាអ៊ុយក្រែនមិនចាប់អារម្មណ៍នឹងផែនការសន្តិភាព និងតួនាទីសម្របសម្រួលរបស់ខ្លួន៕