Tuesday, April 26, 2022

ក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានីខេត្ត អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈ នៅទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញលិខិតមួយ ប្រាប់ដល់អភិបាលរាជធានីខេត្ត អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស និងការចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាពនៃភាពរឹងមាំនៃភាពស៊ាំសហគមន៍។

លិខិតរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើទៅកាន់អភិបាលរាជធានីខេត្ត បានឱ្យដឹងថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សូមស្នើដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់សាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការបន្តអនុវត្ត វិធានការចាំបាច់នានា ដូចខាងក្រោម៖

១៖ ប្រជាជនទាំងអស់នៅទូទាំងប្រទេស ពុំតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយនៅទីសាធារណៈដែលជា ទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ (ដូចជា នៅផ្លូវ ឬសួនច្បារសាធារណៈ អគារ ឬបន្ទប់បើកបង្អួច ឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ជាដើម) ដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯង ពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ប៉ុន្តែការពាក់ម៉ាស់នេះ ត្រូវបានលើកទឹកចិត្តឱ្យបន្តអនុវត្តនៅពេលមានការ ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំ ទីតាំងសកម្មភាពសង្គម-សេដ្ឋកិច្ចនានាដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករកកកុញ (ជាអាទិ៍ ការរៀបចំសន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ) និងទីតាំងបិទជិតនានាដែលពុំមាន ប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ឬទីកន្លែងដែលមានការសង្ស័យថាមានបុគ្គលដែលពា នឹងជំងឺកូវីដ-១ ចំពោះ ទីតាំងបិទជិត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ឬការពាក់ម៉ាស់ជាជម្រើស ដោយផ្អែកទៅតាមការកំណត់នៅ

គោលការណ៍ប្រតិបត្តិស្តង់ដារនានា (SOPs) ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញនាពេលកន្លងមក។ ប៉ុន្តែ កាតព្វកិច្ចពាក់ម៉ាសនេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩។

២៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តអប់រំនិងជំរុញលើកទឹក ចិត្តប្រជាជនទាំងអស់ដែលគ្រប់អាយុចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានចាក់ដូសមូលដ្ឋានពេញលេញរួច ឱ្យចូលរួមចាក់ វ៉ាក់សាំងដូសទី៣ ដែលត្រូវបានកំណត់ជាដូសអប្បបរមាសម្រាប់ប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជា។ ការចូលរួមនេះ ត្រូវបានចាត់ទុកជាកាតព្វកិច្ចផ្នែកស្មារតីរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការរក្សាសុខុមាលភាពផ្ទាល់ខ្លួន ការពារអាយុជីវិត ខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាពនៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់។

៣៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវចូលរួមអនុវត្តសេចក្តីសម្រេច ស្ដីពីការធ្វើសមាហរណកម្មការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រព័ន្ធថែទាំព្យាបាលតែមួយ (ការរៀបចំបន្ទប់ដាច់ ដោយឡែក និងការរៀបចំរំហូរអ្នកជំងឺត្រឹមត្រូវ) នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន និងបន្តយកចិត្តទុកដាក់ ត្រៀមលក្ខណៈពង្រឹងសមត្ថភាពឆ្លើយតបរបស់ប្រព័ន្ធសុខាភិបាល តាមរយៈការបន្តត្រៀមក្រុមការងារឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យព្យាបាល គ្រែសង្គ្រោះបន្ទាន់ សម្ភារៈបរិក្ខារពេទ្យ និងឱសថព្យាបាលជំងឺកូវីដ-១៩ រួមទាំងឧបករណ៍តេស្ត រហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍ហានិភ័យណាមួយដែល អាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ អ្នកផ្តល់សេវាក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងប្រជាជន ទាំងអស់ ត្រូវចូលរួមគោរពនិងអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាធរមាន ហើយក៏ត្រូវប្រញាប់ធ្វើ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីមានការសង្ស័យ ដូចជាមានរោគសញ្ញាក្តៅខ្លួន ក្អក ឬ រោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើ (តឹងច្រមុះ ហៀរសំបោរ រមាស់ក ស្អកក ឈឺក ជាដើម) និងដាក់ខ្លួននៅដាច់ដោយឡែក ព្យាបាលនៅតាមផ្ទះក្នុងករណីមានជំងឺកូវីដ-១៩ កម្រិតស្រាល ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារដែលមាន ជាធរមាន ព្រមទាំងត្រូវចូលរួមសហការ និងរាយការណ៍ពីករណីសង្ស័យដែលអាចនាំឱ្យមានការផ្ទុះឡើងវិញនៃការឆ្លង វីរុសកូវីដ-១៩ ជូនដល់មន្ទីរសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

៤៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នីមួយៗ ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃពីករណីវិជ្ជមាន កូវីដ-១៩ ដែលរកឃើញចាប់ពីចាប់ផ្តើមអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ រហូតដល់មានការណែនាំជាថ្មី ទៀត ជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត រៀងៗខ្លួន និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃ ក្រសួងសុខាភិបាល ដែលនាយកដ្ឋាននេះ នឹងត្រូវផ្តល់ទិន្នន័យពាក់ព័ន្ធជូនទៅអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្ត្រ ដើម្បីធ្វើការតាមដាន វាយតម្លៃស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងភាពសុំសហគមន៍៕




សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិត ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ២៦មេសា

 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ ដែលរៀបចំឡើង នៅថ្ងៃទី២៦ ខែមេសា ជារៀងរាល់ឆ្នាំ។

ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ត្រូវបានបង្កើតឡើង ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បី «លើកកម្ពស់ការយល់ដឹងអំពីរបៀបដែលប៉ាតង់ ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងការរចនាមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃ» និង «ដើម្បីអបអរសាទរការច្នៃប្រឌិត និងការរួមចំណែកដែលធ្វើឡើងដោយអ្នកបង្កើត និងអ្នកច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍ នៃសង្គមជុំវិញពិភពលោក»។ ថ្ងៃទី២៦ ខែមេសា ត្រូវបានជ្រើសរើសជាកាលបរិច្ឆេទ សម្រាប់ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ព្រោះវាស្របនឹងកាលបរិច្ឆេទ ដែលអនុសញ្ញាស្តីអំពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជាធរមានក្នុងឆ្នាំ១៩៧០។

WIPO ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៦៧ ដើម្បីផ្សព្វផ្សាយ និងការពារកម្មសិទ្ធិបញ្ញា (IP) នៅទូទាំងពិភពលោក ដោយកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាអង្គការអន្តរជាតិនានា។ គិតត្រឹមដើមឆ្នាំ២០២២ WIPO មានរដ្ឋសមាជិកចំនួន ១៩៣ ហើយសកម្មភាពរួមមានការរៀបចំវេទិកា ដើម្បីពិភាក្សា និងរៀបចំច្បាប់ IP អន្តរជាតិ និងគោលនយោបាយ ការផ្តល់សេវាសកលដែលចុះឈ្មោះ និងការពារ IP នៅក្នុងប្រទេសផ្សេងៗគ្នា ការដោះស្រាយជម្លោះ IP ឆ្លងដែន ជួយភ្ជាប់ប្រព័ន្ធ IP តាមរយៈស្តង់ដារឯកសណ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ និងបម្រើជាមូលដ្ឋានទិន្នន័យយោងទូទៅលើបញ្ហា IP ទាំងអស់។

សម្រាប់កម្ពុជា បានចូលរួមជាមួយអង្គការ WIPO ក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីការប្តេជ្ញាចិត្ត ក្នុងការអនុម័តច្បាប់សំខាន់ៗមួយចំនួន រួមទាំងច្បាប់កម្មសិទ្ធិបញ្ញាជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធមួយចំនួន។ ក្រោយចូលរួមបាន ២ឆ្នាំ ពោលគឺនៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចចេញអនុក្រឹត្យ បង្កើតនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រោមក្រសួងពាណិជ្ជកម្ម៕