Wednesday, October 05, 2022

រាជរដ្ឋាភិបាលបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ រហូតដល់ដំណាច់ឆ្នាំនេះ និងបន្តពិនិត្យវាយតម្លៃរាល់៣ខែម្តង

 (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យ វាយតម្លៃស្ថានភាពនៅរៀងរាល់ ៣ ខែម្តង។


សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីភាពចាំបាច់ ក្នុងការបន្តជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាពិសេសក្នុងបរិបទនៃការទទួលរងនូវផលប៉ះពាល់ទ្វេដង ពីវិបត្តិជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃទំនិញខ្ពស់ ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគាត់, រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យ និងវាយតម្លៃស្ថានភាពនៅរៀងរាល់ ៣ ខែម្តង»។


សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។


កម្មវិធីនេះ មានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ប្រមាណជាង ៦0ម៉ឺនគ្រួសារ មានសមាជិកប្រមាណជិត៣លាននាក់ ហើយទទួលបានការសាទរពីអ្នកទទួលផល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។


ការរផ្តល់បណ្ណសមធម៌ និងការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺធ្វើឡើងដោយមិនរើសអើងនិន្នាការនយោបាយឡើយ គឺផ្តល់ទៅគ្រប់គ្រួសារទាំងអស់ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពក្រីក្រពិតប្រាកដ។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានថ្លែងបញ្ជាក់ថា គិតចាប់ពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ខែមិថុនា ឆ្នាំ២០២០ មកដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួន១០ជុំរួចមកហើយ ដោយរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ៕





រាជរដ្ឋាភិបាលសម្រេចរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យអតិផរណា

 

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់ នៃអតិផរណានេះក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារ​ប្រជាពលរដ្ឋ​ងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។






សម្តេចតេជោ​ ហ៊ុន​ សែន​៖​ រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែល ធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ

នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ (41st GENERAL ASSEMBLY)​ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។


ថ្លែងក្នុងឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែល ធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខ នេះឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗឱ្យកាន់តែស៊ីជម្រៅ។ 


សម្តេចបានបន្ថែមទៀតថា​ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តវិធានការកែទម្រង់ ព្រមទាំងវិធានការគាំទ្រចាំបាច់នានាសំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់ និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗដែលកើតចេញ ពីការប្រែប្រួលនិន្នាការនានាក្នុងពិភពលោក ជាពិសេសការផ្លាស់ប្ដូរ និងការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម និងការកើន ឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីៗ និងបច្ចេកវិទ្យា ឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេស តំបន់ និងសកល៕



សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ ២ចំណុច ក្នុងការលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី ឱ្យទទួលបានជោគជ័យខ្ពស់

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជាទីកត់សំគាល់នូវចំណុច២យ៉ាង ចំនុចទី១ តើមានកត្តាអ្វីខ្លះបានជាកីឡាករនៅតំបន់អាស៊ី នៅមានភាពទន់ខ្សោយ បើពិនិត្យមើលចំនួនកីឡាបាល់ទាត់បានឱ្យឃើញថា នៅក្នុងតំបន់អាស៊ី ចិន និងឥណ្ឌា គឺមានប្រជាជនជិត ៣ពាន់លាននាក់ បូកនឹងអាស៊ានប្រមាណ៦០០លាននាក់ទៀត និងបូកបណ្តាប្រទេសនានា គឺមានចំនួនច្រើនណាស់ តែដល់ពេលចូលប្រកួតជាអន្តរជាតិ បានឱ្យឃើញការកីឡាករក្នុងតំបន់អាស៊ី ហាក់ពិបាកសុតបាល់ចូលទី នេះជាមូលហេតុ តើមានកត្តាអ្វីខ្លះ បានជាប្រជាជននៅតំបន់អាស៊ីមានចំនួនច្រើន បែរជាកីឡាមានភាពទន់ខ្សោយជាងទ្វីបដទៃ បើប្រៀបធៀបទ្វីបអឺរ៉ុប និងទ្វីបអាមេរិកឡាទីន គឺទ្វីបអាស៊ីមានភាពទន់ក្រោយជាង នេះជាចំណុចត្រូវសិក្សាឡើងវិញ។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ (41st GENERAL ASSEMBLY) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។


សម្តេចតេជោ ថ្លែងបន្តថា ចំនុចទី២ វិធានការពង្រឹងក្រមសីលធម៌ ដោយគោរពទៅតាមលក្ខខណ្ឌនៃការប្រកួត ជាក់ស្តែងមានប្រទេសមួយចំនួនមានសោកនាថកម្មបានកើតមានឡើង និងនៅបណ្តាប្រទេសផ្សេងៗទៀត បានប្រើអំពើហិង្សា រត់ជាន់គ្នាបង្កឱ្យមានស្លាប់ និងរងរបួស ដូចនេះវិស័យកីឡា មិនត្រឹមតែប្រកួតដើម្បីភាពឈ្នះតែមួយមុខនោះទេ តែត្រូវគោរពលក្ខខណ្ឌនៃការប្រកួត ប្រកបដោយស្មារតីសាមគ្គី ក្នុងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ប្រទេសរវាងប្រទេសផងដែរ៕