Wednesday, October 05, 2022

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ ២ចំណុច ក្នុងការលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី ឱ្យទទួលបានជោគជ័យខ្ពស់

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជាទីកត់សំគាល់នូវចំណុច២យ៉ាង ចំនុចទី១ តើមានកត្តាអ្វីខ្លះបានជាកីឡាករនៅតំបន់អាស៊ី នៅមានភាពទន់ខ្សោយ បើពិនិត្យមើលចំនួនកីឡាបាល់ទាត់បានឱ្យឃើញថា នៅក្នុងតំបន់អាស៊ី ចិន និងឥណ្ឌា គឺមានប្រជាជនជិត ៣ពាន់លាននាក់ បូកនឹងអាស៊ានប្រមាណ៦០០លាននាក់ទៀត និងបូកបណ្តាប្រទេសនានា គឺមានចំនួនច្រើនណាស់ តែដល់ពេលចូលប្រកួតជាអន្តរជាតិ បានឱ្យឃើញការកីឡាករក្នុងតំបន់អាស៊ី ហាក់ពិបាកសុតបាល់ចូលទី នេះជាមូលហេតុ តើមានកត្តាអ្វីខ្លះ បានជាប្រជាជននៅតំបន់អាស៊ីមានចំនួនច្រើន បែរជាកីឡាមានភាពទន់ខ្សោយជាងទ្វីបដទៃ បើប្រៀបធៀបទ្វីបអឺរ៉ុប និងទ្វីបអាមេរិកឡាទីន គឺទ្វីបអាស៊ីមានភាពទន់ក្រោយជាង នេះជាចំណុចត្រូវសិក្សាឡើងវិញ។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ (41st GENERAL ASSEMBLY) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។


សម្តេចតេជោ ថ្លែងបន្តថា ចំនុចទី២ វិធានការពង្រឹងក្រមសីលធម៌ ដោយគោរពទៅតាមលក្ខខណ្ឌនៃការប្រកួត ជាក់ស្តែងមានប្រទេសមួយចំនួនមានសោកនាថកម្មបានកើតមានឡើង និងនៅបណ្តាប្រទេសផ្សេងៗទៀត បានប្រើអំពើហិង្សា រត់ជាន់គ្នាបង្កឱ្យមានស្លាប់ និងរងរបួស ដូចនេះវិស័យកីឡា មិនត្រឹមតែប្រកួតដើម្បីភាពឈ្នះតែមួយមុខនោះទេ តែត្រូវគោរពលក្ខខណ្ឌនៃការប្រកួត ប្រកបដោយស្មារតីសាមគ្គី ក្នុងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ប្រទេសរវាងប្រទេសផងដែរ៕



No comments:

Post a Comment