Monday, October 03, 2022

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក នឹងធ្វើបែបណា បើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ?


(វ៉ាស៊ីនតោន)៖ ជាលើកដំបូងបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបា នៅខែតុលា ឆ្នាំ១៩៦២មក មេដឹកនាំកំពូលរបស់រុស្ស៉ីដូចជាលោក វ្ល៉ាឌីមៀ ពូទីន បានសម្លុតគំរាមត្រង់ៗពី ការប្រើអាវុធនុយក្លេអ៊ែរ ខណៈក្រុមមន្ត្រីនៅក្នុងទីក្រុងវ៉ាស៊ីនតោន កំពុងតាមដាន និងព្យាយាមស្វែងយល់ពីសេណារីយ៉ូដែលលោក ពូទីន អាចនឹងសម្រេចចិត្តប្រើ អាវុធនុយក្លេអ៊ែរ ដើម្បីប៉ះប៉ូវឡើងវិញនូវបរាជ័យរបស់កងទ័ពរុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែន។


នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ទី២៨ ខែកញ្ញាកន្លងទៅ លោក ពូទីន បានហៅសហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធយោធាណាតូថា «ជាសត្រូវ» ពេញៗមាត់ដែល​មានបំណង ចង់ផ្ដួលរំលំរុស្ស៉ី ហើយថាលោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងតំបន់ចំនួន ៤របស់អ៊ុយក្រែនដែលលោកបាន​ប្រកាសបញ្ចូលក្នុង ឧបសម្ព័ន្ធរុស្ស៉ី។ ថ្លែងនាឱកាសនោះ លោក ពូទីន ក៏បានរំឮកឡើងវិញដែរពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក ហារីទ្រូ ម៉ាន់ ក្នុងការទម្លាក់គ្រាប់បែក នុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្កាសាគី ប្រទេសជប៉ុនកាលពីជាង៧០ឆ្នាំមុន ដែលនេះត្រូវបានគេមើលឃើញថាលោក ពូទីន ចង់បានន័យថាសហរដ្ឋអាមេរិក អាចប្រើអាវុធនុយក្លេអ៊ែរបាន រុស្ស៉ីក៏អាចធ្វើបានដូចគ្នាដែរ។


នៅក្នុងពេលបច្ចុប្បន្ន ការព្រួយបារម្ភខ្លាចក្រែងលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ គឺមានសភាពធ្ងន់ធ្ងរជាងកាលពីសង្រ្គាមផ្ទុះឡើងដំបូងកាលពីខែកុម្ភៈទៅទៀត ជាពិសេស នៅចំពោះមុខបរាជ័យរបស់កងទ័ពរុស្ស៉ី បញ្ហានៅក្នុងការកែនកងទ័ព និងចុងក្រោយបំផុត នោះគឺការបាត់បង់ទីក្រុងឡាយមិន (Lymen) ទាំងស្រុង​ក្រោមថ្វីដៃកងទ័ពអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី០២ ខែតុលានេះ។ ការសម្លុតគំរាមរបស់លោក ពូទីន វាមិនមែនជារឿងថ្មីថ្មោងនោះទេ​ តែរឿងដែលសំខាន់នៅលើក​នេះ សហរដ្ឋអាមេរិកបានគំរាមធ្ងន់ៗ បកទៅវិញថារុស្ស៉ីអាចប្រឈមមុខនឹង «ផលវិបាកដ៏មហន្តរាយ» បើហ៊ានប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។


ការព្រមានបែបនេះធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់។ លោក ស៊ូលីវ៉ាន់ មិនបានបញ្ជាក់ថាតើអាមេរិកនឹងឆ្លើយតបដោយរបៀប​ណានោះទេ ក្នុងករណីដែលលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរមែននោះ ហើយក៏មិនបានលម្អិតថាតើអ្វីទៅជា «ផលវិបាកដ៏មហន្តរាយ» នោះដែរ? តែច្បាស់ណាស់ ទាំងសហរដ្ឋអាមេរិក និងណាតូ ប្រាកដជានឹងមិនបណ្ដោយឱ្យរុស្ស៉ីរួចខ្លួន ដោយមិនបានធ្វើអ្វីសោះនោះទេ។


នៅក្រោយពេលដែលកងទ័ពអ៊ុយក្រែន ទទួលបានជ័យជម្នះយ៉ាងធំធេង នៅក្នុងប្រតិបត្តិការវាយបកកាលពីខែកញ្ញាកន្លងទៅ រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន បានបង្កើន ការសិក្សា និងព្យាករពីជំហានបន្ទាប់របស់លោក ពូទីន។ ការព្យាករនេះបានក្លាយជាការពិត ក្រោយលោក ពូទីន ប្រកាសកែនទ័ពបន្ថែមជាង ៣០០,០០០​នាក់ និងបញ្ចូលទឹកដី អ៊ុយក្រែនចំនួន ៤តំបន់ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី ដោយធ្វើឱ្យការព្រួយបារម្ភនៅក្នុងចំណោមក្រុមមន្ត្រីអាមេរិក​បានកើនឡើងជាលំដាប់។ នៅម្ខាងពួកគេបារម្ភខ្លាចថាអ៊ុយក្រែន បរាជ័យផង រីឯម្ខាងទៀតគឺបារម្ភខ្លាចថាប្រសិនបើអ៊ុយក្រែនបន្តទទួលបានជ័យជម្នះ នោះវាអាចនឹងបង្ខំឱ្យលោក ពូទីន ជ្រើសរើសដើរតាមជំហានដែលនៅសេសសល់នោះគឺ ប្រើអាវុធនុយក្លេអ៊ែរ។


សម្រាប់លោក ពូទីន ឃ្លាំងអាវុធនុយក្លេអ៊ែរជាអំណាចចុងក្រោយបំផុតរបស់រុស្ស៉ី ក្នុងនាមជាមហាអំណាច ហើយនេះជាការពិត។ ដ្បិត សង្រ្គាមនៅអ៊ុយក្រែនបង្ហាញថា​អាវុធ ទូទៅធម្មតា​របស់លោកខាងលិចដែលផ្ដល់ឱ្យអ៊ុយក្រែន វាមានប្រសិទ្ធភាពជាងអាវុធទូទៅធម្មតារបស់រុស្ស៉ីដែលនេះនឹងធ្វើឱ្យលោក ពូទីន នឹងកាន់តែពឹងផ្អែកលើ​អាវុធ នុយក្លេអ៊ែរ។ នេះបើតាមលោក វ៉ាស៊ីលី កាស៊ីន (Vasily Kashin) ជាអ្នកជំនាញខាងយោធាម្នាក់មកពីសាកលវិទ្យាល័យ Higher School of Economics ក្នុងទីក្រុងមូស្គូ។ លោក វ៉ាស៊ីលី បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលឧត្តមភាពនៃអាវុធទូទៅធម្មតា (ឬមិនមែននុយក្លេអ៊ែរ) កំពុងស្ថិតនៅក្នុងដៃរបស់លោកខាងលិច ...ហើយអំណាចរបស់រុស្ស៉ីសព្វថ្ងៃ គឺពឹងផ្អែកតែទៅលើអាវុធនុយក្លេអ៊ែរ»។


ក្រុមអ្នកវិភាគភាគច្រើនយល់ស្របដូចគ្នាថាលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែនៅក្នុងករណីដែលរុស្ស៉ី ឬលោក ពូទីនផ្ទាល់មានអារម្មណ៍ថារងការគំរាម​កំ​ហែង តែប៉ុណ្ណោះ។ តួយ៉ាង លោក ហ្ក្រាហាំ អាលីសសុន (Graham T. Allison) ជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកបានលើកឡើងថា «ឱកាសដែលលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរ គឺមានតិចតួចបំផុត»។ លោក អាលីសសុន បន្ថែមថាលោក ពូទីន អាចនឹងជ្រើសរើសយកជម្រើសប្រើអាវុធនុយក្លេអ៊ែរ លើកលែងតែនៅក្នុង​ករណីអ៊ុយក្រែនអាចវាយបណ្ដេញ កងទ័ពរុស្ស៉ីឱ្យចេញពីតំបន់ចំនួន៤ ដែលរុស្ស៉ីទើបតែកាត់យកពីអ៊ុយក្រែន»។ ដូច្នេះរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ គឺជាពេលវេលា​ដ៏​គ្រោះ​ថ្នាក់បំផុត។


ជាមួយការគំរាមប្រើអាវុធនុយក្លេអ៊ែរ លោក ពូទីន មានគោលដៅសំខាន់២។ ទីមួយគឺបំភ័យ ឬកំញើញកុំឱ្យសហរដ្ឋអាមេរិក និងណាតូធ្វើអន្តរាគមន៍ដោយផ្ទាល់​ជួយ​អ៊ុយក្រែន និងទី២ គឺបង្ខំឱ្យលោកខាងលិចបញ្ឈប់ការផ្ដល់អាវុធឱ្យអ៊ុយក្រែន ព្រមទាំងបង្ខំឱ្យទីក្រុងកៀវ ត្រឡប់មករកតុចរចាសន្តិភាពដែលអំណោយផលដល់រុស្ស៉ី។ ក្រុមមន្ត្រីជំនាញមួយ ចំនួនរបស់រុស្ស៉ីធ្លាប់បានផ្ដល់យោបល់ឱ្យបំផ្ទុះអាវុធនុយក្លេអ៊ែរតាក់ទិក នៅឯតំបន់ដាច់ស្រយាលណាមួយដូចជានៅតំបន់សមុទ្រខ្មៅ ជាការកំញើញ ឬក៏ប្រើប្រាស់អាវុធប្រភេទនេះ ប្រឆាំងនឹងមូលដ្ឋានទ័ពណាមួយរបស់អ៊ុយក្រែនតែម្ដង។ អាវុធ​នុយក្លេអ៊ែរតាក់ទិកខុសពី​អាវុធនុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​ត្រង់ថា វា​មាន​ទំហំតូចជាង​។ ជាទូទៅ អាវុធនុយក្លេអ៊ែរ​តាក់ទិក ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​ប្រើ​ក្នុង​សមរភូមិប្រយុទ្ធ និង​ក្នុង​រយៈចម្ងាយ​តិចជាង ៥,០០០​គីឡូម៉ែត្រ។ ចំណែកឯ អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត​ វិញ ភាគច្រើន​គឺ​គេបំពាក់​នៅ​លើ​មីស៊ីល​អន្តរទ្វីប សម្រាប់​បាញ់​ចេញ​ទៅ​ទីកន្លែង​ឆ្ងាយៗ។


តែទោះជា​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក​អាច​ប្រើសម្រាប់​ចម្ងាយជិត ឬ ក្នុង​សមរភូមិ តែមិនប្រាកដថាវាមានកម្លាំងបំផ្លាញ​តិច​ជាងគ្រាប់បែកនុយក្លេអ៊ែរ​យុទ្ធសាស្រ្ត ​នោះដែរ​ដោយ វានៅតែអាច​បង្កមហន្តរាយសម្លាប់មនុស្ស​ដូចតែគ្នា។ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ បាននិយាយថាប្រសិនបើរុស្ស៉ីត្រូវបង្ខំឱ្យប្រើអាវុធ​នុយ​ក្លេអ៊ែរប្រឆាំងនឹង អ៊ុយក្រែនពិតមែន នោះណាតូនឹងមិនហ៊ានធ្វើឱ្យអន្តរាគមន៍យោធាដោយផ្ទាល់នោះទេ ដោយសារតែពួកគេខ្លាចផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។


ការលើកឡើងបែបនេះ វាក៏មិនមែនខុសទាំងស្រុងនោះដែរ ដ្បិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកលោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងជារឿយៗថាការបញ្ចៀស​សង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៉ី គឺជាអាទិភាពមួយរបស់លោក។ ជាការពិតណាស់ ដូចដែលអ្នកជំនាញបានលើកឡើងអាវុធទូទៅធម្មតារបស់លោកខាងលិច​ដែល​ផ្ដល់​ឱ្យអ៊ុយក្រែន វាមាន ប្រសិទ្ធភាពជាងអាវុធទូទៅធម្មតារបស់រុស្ស៉ី តែបើនិយាយពីអាវុធនុយក្លេអ៊ែរវាជារឿងផ្សេងមួយទៀត។ រុស្ស៉ីត្រូវបានគេវាយតម្លៃថាមាន​គ្រាប់​បែកនុយក្លេអ៊ែរសរុប ៥,៩៩៧គ្រាប់ ហើយក្នុងនោះមាន១,៥៨៨គ្រាប់ត្រូវបានដាក់ពង្រាយ និងបំពាក់រួចជាស្រេចនៅលើមីស៊ីលផ្លោងអន្តរទ្វីប និងយន្ដហោះ​ទម្លាក់គ្រាប់​បែក។


ក្នុងន័យនេះទោះបីជាលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរតាក់ទិកលើទឹកដីអ៊ុយក្រែនក៏ដោយ ក៏មិនប្រាកដថាសហរដ្ឋអាមេរិកនឹងដឹកនាំ​ណាតូធ្វើសង្រ្គាមដោយផ្ទាល់ជា​មួយ​រុស្ស៉ីភ្លាមៗ នោះដែរ ហើយណាមួយបើអាវុធនេះត្រូវបានប្រើពិតមែន អ្នកដែលមានជម្រើសច្រើនគឺសហរដ្ឋអាមេរិកទៅវិញដោយមិនចាំបាច់​ធ្វើអន្តរាគន៍ដោយ​ផ្ទាល់ទេ។ ទីក្រុង វ៉ាស៊ីនតោននឹង មានឱកាសបញ្ចុះបញ្ចូលឱ្យអឺរ៉ុបបង្កើនការបញ្ជូនអាវុធទំនើបៗឱ្យអ៊ុយក្រែន, ជាន់សេដ្ឋកិច្ចរុស្ស៉ីឱ្យរាបដល់ដី និងធ្វើឱ្យមូស្គូកាន់តែ​ឯកោនៅលើឆាកអន្តរជាតិ ពីព្រោះថាសូម្បីតែចិន ឬឥណ្ឌា ឬក៏ប្រទេសដទៃទៀតដែលមានទំនាក់ទំនងល្អជាមួយ រុស្ស៉ី ក៏នឹងមិនមានហេតុផលត្រូវឈរនៅស្ងៀម​មិនអើពើចំពោះទង្វើបែបនេះរបស់រុស្ស៉ីទៀតនោះដែរ។


សម្រាប់សហរដ្ឋអាមេរិក គូប្រជែងធំបំផុតរបស់ខ្លួន មិនមែនរុស្ស៉ីនោះទេ តែគឺចិន។ ដូច្នេះបើសង្រ្គាមរវាងណាតូ និងរុស្ស៉ីផ្ទុះឡើង សហរដ្ឋអាមេរិកដឹងយ៉ាង​ច្បាស់ថាអ្នកដែលអង្គុយ រង់ចាំទទួលផលគឺមានតែចិន ហើយរឿងដែលអាមេរិកបារម្ភបំផុតនោះខ្លាចចិនឆ្លៀតឱកាស​ប្រើកម្លាំងយោធាវាយកាន់កាប់តៃវ៉ាន់។ ពោលគឺសហរដ្ឋអាមេរិក មានភាគរយតិចណាស់ ដែលអាចឈ្នះនៅក្នុងសង្រ្គាមជាមួយចិនផង និងរុស្ស៉ីផង។ ដ្បិត សង្រ្គាមជាមួយមហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៉ី នឹងតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវប្រមូលកងទ័ព និងធនធាន មកពីគ្រប់ទិសទី ដើម្បីតតាំងជាមួយទីក្រុងមូស្គូ រីឯអឺរ៉ុបក៏មិនអាចបញ្ជូនកងទ័ពឱ្យមកជួយ​អាមេរិកប្រយុទ្ធ​ជាមួយចិន នៅតៃវ៉ាន់បាននោះដែរ។ មួយវិញទៀត បើទោះជាអាមេរិក ចង់ក៏ដោយ ក៏បណ្ដាប្រទេសអឺរ៉ុបមួយចំនួនដូចជាហុងគ្រី បារាំង និងអាល្លឺម៉ង់ ដែលសុទ្ធសឹងតែ​មិនមានឆន្ទៈនយោបាយម៉ឺងម៉ាត់ក្នុងការប្រឈមមុខជាមួយលោក ពូទីន ក៏នឹងមិន យល់ព្រមចំពោះការធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីនោះដែរ។ ព្រោះពួកគេដឹង​យ៉ាងច្បាស់ពីទំហំនៃមហន្តរាយ ហើយក៏មិនហ៊ានយកអាយុជីវិតប្រជាជនរបស់ពួកគេទៅប្រថុយ នឹងគ្រោះថ្នាក់ ដើម្បីតែការពារអ៊ុយក្រែននោះដែរ ដោយអ្វីដែលពួកគេចង់បាន នោះគឺជួយឱ្យអ៊ុយក្រែនអាចចរចាជាមួយរុស្ស៉ី ក្នុងលក្ខខណ្ឌដែលអាចទទួលយក៕ (Fresh News)

No comments:

Post a Comment