Friday, March 13, 2015

សូមចូលរួម បោះឆ្នោត ជូនអ្នកគ្រូ នាង ផល្លា បេក្ខភាព ដណ្តើមពានរង្វាន់ គ្រូឆ្នើមពិភពលោក ទឹកប្រាក់ ១លានដុល្លារ

សូមបងប្អូនជនរួមជាតិ ខ្មែរទាំងអស់ មេត្តាចំណាយពេលវេលាដ៏តិចតួចរបស់អ្នកចូលរួមVote ដល់អ្នកគ្រូ នាង ផល្លា (គ្រូបង្រៀនកុមារ គ.ថ្លង់ និងពិការភ្នែក) ដើម្បីឈ្នះពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោកឆ្នាំ២០១៥។
អ្នកគ្រូ នាង ផល្លា ជាប់ក្នុងបញ្ជី ១០ រូប ចុងក្រោយ សម្រាប់ទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក ឆ្នាំ២០១៥។
អ្នកគ្រូ នាង ផល្លា ជាគ្រួបង្រៀនកុមារគ.ថ្លង់ និងពិការភ្នែកនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានជាប់ឈ្មោះក្នុងបញ្ជី បេក្ខជន ១០នាក់ ចុងក្រោយ ដែលជ្រើសរើស សម្រាប់ពានរង្វាន់ គ្រូឆ្នើមពិភពលោក Global Teacher Prize មានទឹកបា្រក់១លានដុល្លារ ។
ក្រោយពីជម្រុះ នៅវគ្គមុនៗ ដែលមានបេក្ខភាព គ្រូបង្រៀនចូលរួម ជាច្រើន ពាន់នាក់ មកពីជុំវិញពិភពលោក រួចមក ខណះពេលនេះដែរ បេក្ខភាពសរុប នៅសល់តែ ១០នាក់ ចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវ មានវត្តមាន ចូលរួម ក្នុងពិធី នៃការជជែកពិភាក្សាសកល អំពីប្រធានបទ ចំណេះដឹង និង ទេពកោសល្យ (Global Education and Skills Forum)  ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម នាថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។
សូមប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមបោះឆ្នោតជូន អ្នកគ្រូ នាង ផល្លា បេក្ខភាពរបស់ប្រទេសកម្ពុជា តាមរយ: ៖ http://bit.ly/1GrhFHF រឺតាមគេហទំព័រដែលមាន រូបថតអ្នកគ្រូ ដូចជា Page របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister) និងទំព័រហ្វេសប៊ុកជាច្រើនទៀត៕
(ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ មោទនភាពជាតិខ្មែរ)


ស្ត្រីខ្មែររងគ្រោះនៅប្រទេសចិន៤នាក់ បានមកដល់កម្ពុជាវិញហើយ នៅថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០១៥


តាមសេចក្តី​ប្រកាសរបស់ ឯកឧត្តម​ កុយ ​គួង ​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅថ្ងៃទី១៣ ​ខែមីនា​ ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា​ ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​តាមរយៈ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាងចូវ​ ប្រទេសចិន​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ ជួយ​សង្គ្រោះ​ស្រ្តីខ្មែរ​ចំនួន៤​នាក់​ក្នុងនោះ​រួមមាន៖​ ១- ឈ្មោះ   សែ ​សុខណៃ ​រស់នៅ​ខេត្តកំពង់ចាម, ២- ឈ្មោះ ​  ស៊ុន សុខគា​ រស់នៅ​រាជធានី​ភ្នំពេញ, ៣- ឈ្មោះ ​  សៅ ​ស្រីមិច​ រស់នៅខេត្ត​ កំពង់ស្ពឺ ​និង​ ៤- ឈ្មោះ ​  ស៊ន ​សុខា ​រស់​នៅខេត្ត​កំពង់ចាម។
ជាមួយ​គ្នានេះដែរ​ ក្នុងនាម​រាជរដ្ឋា​ភិបាល​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​ ជាពិសេស ​នារីខ្មែរ​ដែល​ជាជន​ ងាយរងគ្រោះ ​សូម​ធ្វើការ​ប្រុងប្រយ័ត្ន​ខ្ពស់​ កុំឲ្យចាញ់​បោក​តាមការ​អូសទាញ​ បញ្ចុះ បញ្ចូល​ពី​សំណាក់​មេខ្យល់​ ដែលប៉ុន​ប៉ង​នាំបងប្អូន​ទៅធ្វើការ​ ឬ​ទៅ​រៀបការ​ជាមួយ​ បុរសជន​ជាតិចិន​នៅ​ប្រទេសចិន​ ដោយ​ធ្វើការ​សន្យា​កុហក​ថា ​នឹង​ទទួល​បានលាភ​សក្ការៈ​ ប្រាក់កាស់​ជាច្រើន​ឲ្យសោះ។​ កន្លងមក​ ក្រសួង​ក៏ដូចស្ថានទូត​ និងស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា​ប្រចាំ​នៅបរទេស​ ជាពិសេស​នៅប្រទេស​ចិន​បាន​ទទួល​ពាក្យបណ្តឹង​យ៉ាងច្រើន​ពី​ជនរងគ្រោះ ​គ្រួសារ​ជនរងគ្រោះ ​និង​តាមរយៈ​អង្គការ​មួយចំនួន​។
ឯកឧត្តម កុយ គួង ក៏បានឲ្យដឹងដែរថា ​បច្ចុប្បន្ន​ ក្រសួង​ការបរទេស​ ស្ថានទូត​ និង​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ បាន​ និង​កំពុង​ជួយ​សង្គ្រោះនារី​ខ្មែរ​រងគ្រោះ​ទាំងនោះ​មក​កម្ពុជា​វិញ​ ជា​បន្តបន្ទាប់​។
គួរបញ្ជាក់ថា​ ស្រ្តីខ្មែរ​ទាំង៤រូបនេះ បាន​រងគ្រោះ​ដោយសារ​មេខ្យល់​នាំយក​ទៅរៀបការ​ ជាមួយ​បុរសជន​ជាតិចិន​ នៅ​ប្រទេសចិន​ នាពេលកន្លង​ទៅនេះ​។ ស្រ្តីរងគ្រោះ​ទាំង៤នាក់​ នេះ​ ត្រូវបាន​បញ្ជូន​ មកដល់​មាតុប្រទេស​យើងវិញ​ កាលពីថ្ងៃ១២​ ខែមីនា​ ឆ្នាំ២០១៥៕


អត្ថបទ៖ ច័ន្ទ ទេវី

អ្នកគ្រូ នាង ផល្លា គឺជាគំរូនៃវីរៈភាព គ្រួបង្រៀនឆ្នើមរបស់កម្ពុជា

វាពិតជាមោទន​ភាពមួយ​របស់ក​ម្ពុជា​ ដែល​មាន​គ្រូបង្រៀន​ ជនជាតិ​ខ្មែរ​មួយរូប​ត្រូវបាន​ ជ្រើសរើស​ជាបេក្ខ​ភាព​គ្រូ​ឆ្នើម​ពិភពលោក​នៃ​មូលនិធិ​ VARNKEY Foundation ​និង​ជា​គ្រូបង្រៀន​ដែលស្ថិតនៅក្នុង​ចំណោមគ្រូ​បង្រៀន១០នាក់​ចុងក្រោយ​ ដែលនឹង​មានឱកាស​ទទួល​បាន​ពានរង្វាន់​គ្រូឆ្នើមរបស់​ពិភពលោក ​ក្នុងពេលដ៏​ខ្លីខាងមុខ។
អ្នកគ្រូ​ នាង​ ផល្លា​ ដែលបង្រៀន​កុមារគ​.ថ្លង់ ​និងពិការ​ភ្នែក​នៅ​សង្កាត់​ឃ្មួញ ​ខណ្ឌសែន​សុខ ​អ្នកគ្រូ ​ជាអ្នកគ្រូ​ដំបូង​បំផុត​ បាន​ពាំនាំ​ភាសា ​គ ថ្លង់​ បង្រៀន​ដល់​ក្មេង​ គ​ ថ្លង់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យទទួល​ ចំណេះដឹង​ និង​ការ​សិក្សា​ដូចក្មេង​ដទៃទៀត​។ ​អ្នកគ្រូ​ នាង​ ផល្លា​ ជាអ្នកគ្រូ​បង្រៀន ​ក៏ជានា​យ​ក​សាលា ​និង​ ជាអ្នកសម្រប​សម្រួល ​កម្មវិធី​អប់រំ​បង្រៀន​សិស្ស ​គ​  ថ្លង់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អស់​រយៈពេល​ ២០​ឆ្នាំ​មកហើយ ។
អ្នកគ្រូ​បានចាប់​ផ្តើម​ធ្វើការ​ និង​ បង្រៀន​ក្មេង គ ថ្លង់​ តាំង​ពី​ឆ្នាំ១៩៨៦​ ជា​នាយក​សាលា​របស់អង្គ​ការសហ​ប្រជាជាតិ​ ក្នុង​ជំរុំភៀស​ខ្លួននៅ​ប្រទេសថៃ។ ​បន្ទាប់មក​អ្នកគ្រូ ​បានត្រឡប់​មកប្រទេស​កម្ពុជាវិញ ​នៅឆ្នាំ១៩៩១ ​ចាប់​  ផ្តើមធ្វើការ​ឲ្យអង្គការ​គ្រួសារថ្មី​ ហើយ​នៅឆ្នាំ១៩៩៣ ​អ្នកគ្រូបាន​ក្លាយជាអ្នក​គ្រូដំបូង​ក្នុងប្រវត្តិ​សាស្រ្ត​ កម្ពុជាពាំ​ នាំ​ ភាសាគ​ ថ្លង់ ​បង្រៀន​ដល់ក្មេង ​គ ថ្លង់ ក្នុង​ប្រទេស​កម្ពុជា ​។ អ្នកគ្រូបាន​បើកសាលា​ដំបូង​សម្រាប់​សិស្សគ ​ថ្លង់ ​ក្នុងប្រទេស​កម្ពុជា ​និង​បាន​បង្កើត​របៀប​បង្រៀន​ភាសាគ​ ថ្លង់ ​ ដំបូងគេ ​។ នៅក្នុង​អំឡុង​ពេលនោះ ​ប្រជាជន​កម្ពុជា​ជឿថា អ្នក គ ​ថ្លង់ ​គ្មានសមត្ថភាព​រៀន​ដូចក្មេង​ដទៃ​នោះទេ។
អ្នកគ្រូ​ត្រូវបាន​ Global Teacher Prize ​ដកស្រង់​សម្តីថា​ «ចាប់ផ្តើម​ការបង្រៀន​កម្មវិធីគ​ ថ្លង់ ​ជាពេលវេលា​ដ៏ ​លំបាកបំផុត​ ព្រោះ​មិនទាន់​ការអប់រំ​ដល់ពួកគេ​នៅឡើយ​ទេ​ ដែលទាមទារ​ឲ្យពួកគេ​រៀន​ចំណាំ​ក្នុងការ​ចងចាំ ​សញ្ញា​ នៃភាសា​ គ ថ្លង់​ នេះ ខណៈ​ដែលយើង​ទើបតែ​នឹង​ចាប់ផ្តើម។ យ៉ាងណា​ក៏ដោយ ​ខ្ញុំអាច​និយាយ​បានថា​  ខ្ញុំនៅ​តែបន្តការ​ងារនេះ»
ក្នុងការ​បង្រៀន​អ្នកគ្រូ​ បាន​ត្រួសត្រាយ​វិធីសាស្រ្ត ​ក្នុងការ​រៀន​នៅ​ក្នុងបែបបទ​ ដែល​មាន​ច្រើន​ជាង​ធម្មជាតិ​ សម្រាប់​  មនុស្ស ​គ ថ្លង់។​ អ្នកគ្រូ​ មាន​គោលដៅ ​ក្នុងការ​បង្រៀន​វិធីនេះ ​តាមរយៈការ​យល់ដឹង​ ការចងចាំ ​និង​ ជំនឿទុកចិត្ត​របស់អ្នកគ្រូ។​  បន្ថែមនេះ​ អ្នកគ្រូបាន​ផ្តល់ការ​បង្រៀនជាអាទិភាព​ នូវភាសា​អង់គ្លេស​ និងជំនាញ​កុំព្យូទ័រ ​ដល់ពួកគេ​ថែមទៀត​  ផង។​ សិស្ស ​នៅអង្គការ​គ្រួសារថ្មី​ បានចាប់​ផ្តើមរៀន​ភាសា​អង់គ្លេស​ ដោយក្មេង​ គ ថ្លង់​នោះបាន​បន្ថែមតន្រ្តី ​និង  ​ភាសាបរទេស។
ដោយសារ​ប្រព័ន្ធអប់រំ​ កម្មវិធី​បង្រៀន​សិស្ស ​គ ថ្លង់​ ត្រូវបាន​អនុវត្ត​ជាមួយ​ក្រសួង​អប់រំ​ ជាលក្ខណៈ​ជាតិ ​កម្មវិធី​ បង្រៀន​ ត្រូវ​បានពង្រីក​ដោយ​មានគ្រូ ​រហូត​ទៅដល់​ ៦៩នាក់​ និង​មាន​សិស្សចំនួន ​២៥០នាក់​ នៅអង្គការ​គ្រួសារ ​ថ្មីចំនួន ​៤ សាខា​ និង ​សាលានានា ​ជាសាធារណៈ​ចំនួន ​២៩ទូទាំងប្រទេស។​ ក្រោយពីជម្រុះ ​នៅវគ្គមុនៗ​ ដែលមាន​បេក្ខភាព ​គ្រូបង្រៀន​ចូលរួម​ ជាច្រើន ​ពាន់នាក់​ ពីជុំវិញ​ពិភពលោក​ រួចមក​ ខណៈ​ពេលនេះ​ដែរ​ បេក្ខភាព​សរុប​ នៅសល់តែ ​១០នាក់​ ចុងក្រោយប៉ុណ្ណោះ ​ដែល​នឹងត្រូវ​ មានវត្ត​មាន​ ចូលរួម​ ក្នុងពិធី ​នៃកិច្ច​ជជែក​ពិភាក្សា​សកល ​អំពី​ប្រធានបទ​ ចំណឹង​ដឹង​ និង​ ទេពកោសល្យ ​(Global Education and Skills Forum) ដែលនឹង​ប្រារព្ធធ្វើឡើង ​នៅក្នុងទីក្រុង ​ឌូបៃ​ ប្រទេស​ អារ៉ាប់រួម​ នាថ្ងៃទី ​១៥ ខែ មិនា​ ឆ្នាំ២០១៥​ ខាងមុខនេះ​។
បេក្ខជន​បេក្ខនារី០៩​រូបផ្សេង​ទៀត​ ដែលជាប់​ឈ្មោះ ​ចុងក្រោយ ​ក្នុងការប្រកួត​ប្រជែង​ ជាមួយអ្នក​គ្រូ នាង​ ផល្លា​ដែរនោះ​រួមមាន​៖ លោក​ Azizullah Royesh ​មក​ពីប្រទេស​អាហ្វហ្កា​នីស្ថាន​ , លោកស្រី​ Kiran Bir Sethi មក​ពីប្រទេស​ឥណ្ឌា​ , លោក​ Guy Etienne ​មកពី​ប្រទេស​ហៃទី , ​លោកស្រី Jacqueline Jumbe Kahura ​មកពី​ប្រទេស​កេនយ៉ា , ​លោកស្រី ​Nancie Atwell ​មកពី​សហរដ្ឋ​អាមេរិក , ​លោក​ Richard Spencer ​មកពីចក្រ​ភពអង់គ្លេស ​, លោក​ Stephen Ritz ​មកពីសហរដ្ឋ​អាមេរិក ​, លោកស្រី​ Naomi Volain មកពី​សហរដ្ឋ​អាមេរិក ​និង​ លោក​ Madenjit Singh មកពីប្រទេស​ម៉ាឡេស៊ី។
ពេល​វេលាប្រកាស​លទ្ធផល​ពានរង្វាន់​ គ្រូឆ្នើម​ពិភពលោក ​នៃមូលនិធិ​ VARNKEY Foundation ​បានខិត​ជិត​មកដល់ហើយ ​គឺនៅថ្ងៃអាទិត្យ ​ ទី១៥ ​ខែមីនា​ ឆ្នាំ២០១៥​នេះ​ខាងមុខគេ​នឹងប្រកាសជា​ផ្លូវការ​ នៅទីក្រុង​ឌូប៉ៃ​ ប្រទេស​អារ៉ាប់រួម។​ ទន្ទឹម​និង​ការប្រកាស​លទ្ធផល​ផ្លូវការ​ខិតជិត​មកដល់នេះ​ ទំព័រហ្វេស​ប៊ុក ​ VARKEY Foundation ​ក៏បានដាក់​បង្ហាញនូវខ្សែ​វីឌី​អូ​បេក្ខភាព​គ្រូឆ្នើមទាំង​ ១០រូប រួមមាន​កម្ពុជា​ផងដែរ​ ឲ្យអ្នកប្រើប្រាស់​បណ្តាញ​សង្គមហ្វ៊េស​ប៊ុក​ធ្វើការ​បោះឆ្នោត​ ដើម្បី​បង្ហាញការគាំទ្រ​លើបេក្ខភាព​ ដែលចូលចិត្ត។​ យោងតាមទំព័រ​ហ្វេសប៊ុក​របស់ ​VARKEY Foundation ​បានបញ្ជាក់ថា​ វីឌីអូ ​ដែលដាក់​បង្ហាញ ​និង​ បើកឲ្យមាន​  ការបោះ​ឆ្នោតនេះ​ គឺជាផ្នែក​មួយក្នុង​ចំណោមលក្ខន្តិកៈ​ជាច្រើនទៀត ​សម្រាប់បេក្ខភាព​ទាំង ​១០រូបដណ្តើមយក  ​ជ័យជម្នះ​ ដែលនឹង​ប្រកាសជា​ផ្លូវការ​នៅថ្ងៃអាទិត្យ ​ទី១៥ ​ខែមីនា​ ឆ្នាំ២០១៥នេះ។
នៅក្នុង​វីដេអូប្រកួត​ប្រជែង​ទាំង១០​ វីឌីអូ​របស់អ្នកគ្រូ ​នាង ផល្លា ​ដែលជាគ្រូ​បង្រៀន​បានបូជា​កម្លាំងកាយ​ចិត្តជា​  ច្រើនឆ្នាំ​ ដើម្បីបង្ហាត់​បង្រៀន​សិស្សពិការ​ និង គ-ថ្លង់​ នៅក្នុង​មណ្ឌល​គ្រួសារថ្មី​ ទទួលបាន​ការបោះឆ្នោត​បាន​ ច្រើន​ជាង​គេ​។ ​គិតត្រឹមល្ងាច​ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៥​នេះ ​វីឌីអូ​របស់​អ្នកគ្រូ ​នាង​ ផល្លា ​ដែលរៀបចំ​ពីជីវិត​  ពិត​ និង​ សកម្មភាព​បង្រៀន​របស់​អ្នកគ្រូ​ទទួល​បានការបោះ​ឆ្នោត​ជាង​ ៤.០០០។
ប្រជាពល​រដ្ឋ​ខ្មែរ​ ក៏​ដូចជា​អ្នក​គាំ​ទ្រសកម្មពោរ​ពេញ​ដោយមនុស្ស​ធម៌​ ការប្តេជ្ញា​ចិត្ត​ និង​ ឆន្ទៈខ្ពស់​ក្នុងការ​ផ្តល់ពន្លឺ​  ជីវិត​ដល់​កុមារ​ពិការ​ គ-ថ្លង់នោះ ​របស់​អ្នកគ្រូ ​នាង​ ផល្លា​។​ បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ជា​មួយ​បេក្ខភាព​គ្រូឆ្នើម​ ៥.០០០​នាក់​ មកពី​១២៧ប្រទេស​ អ្នកគ្រូ​ នាង​ ផល្លា ​តំណាងឲ្យ​ប្រទេសកម្ពុជា​ បានជាប់​ដល់​ដំណាក់កាល​ចុងក្រោយ ​ពោលបាន​ក្លាយជាបេក្ខ​ភាព​គ្រូឆ្នើម​ម្នាក់​ ក្នុង​ចំណោម​គ្រូឆ្នើម​ ១០នាក់​ មកពី ៨​ប្រទេស ​រួមមាន៖​ កម្ពុជា​ អាហ្វហ្គានី​ស្ថាន​ ឥណ្ឌា ​ហៃទី ​កេនយ៉ា ​អាម៉េរិក​ អង់គ្លេស ​ និង​ ម៉ាឡេស៊ី ។
អ្នក​គ្រូ​បាន​បញ្ជាក់ថា​ ប្រសិន​បើ​អ្នក​គ្រូជាប់​ក្នុង​ការទទួល​បាន​ពាននោះ ​អ្នកគ្រូ​នឹង​យក​មូល​និធិនេះ​ សម្រាប់ ​ពង្រីកការ​ អប់រំ​ដល់ក្មេង​ គ​ ថ្លង់​ នៅ​អង្គការ​គ្រួសារថ្មី ​។​ អ្នកគ្រូ​នឹង​បណ្តុះ​បណ្តាល​គ្រូបង្រៀន​ផ្សេង​ទៀត​ មិន​ត្រឹមតែ​ក្នុងខេត្ត​ ចំនួន​ ១១នោះទេ ​គឺទូ​ទាំង​ប្រទេស​តែម្តង​ ។ហើយ​អ្នកគ្រូ​នឹងទិញ​ម៉ាស៊ីន​ព្រីន​អក្សរគ​ ថ្លង់​បន្ថែម​ទៀត ​ ដែលជា​ជំនួយ​ ក្នុងការ​បង្រៀន​ និង​ទិញ​សៀវភៅ​ គ ថ្លង់​ និង​ បង្កើត​ជាវចនានុ​ក្រម​ភាសា​គថ្លង់​ផងដែរ​ ។ លើស​ពីនេះ ​អ្នកគ្រូ​នឹង​ភ្ជាប់ ​ការ​ទំនាក់​ទំនង​ ជាមួយ​ស្ថាបនិក​សាលា​ក្រៅ​ប្រទេស​ និង​អង្គ​ដៃគូ​បន្ថែមទៀត ​ដើម្បីគាំទ្រ ​កម្មវិធីនេះ៕

អត្ថបទ៖ ច័ន្ទ ទេវី




តាមគម្រោងកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ដោយខ្លួនឯងនៅពេល៣ឆ្នាំខាងមុខ

នៅក្នុងជំនួប ​រវាងឯកឧត្តម​ ស៊ុយ​ សែម​ និងគណៈ​កម្មការ​ទី៩​រដ្ឋសភា ​នៅថ្ងៃទី១២​ ខែមីនា​ ឆ្នាំ ​២០១៥​ គឺ​ដើម្បី​ពិនិត្យ​ទៅលើ​សេចក្ដី​ព្រាងច្បាប់ ​ស្ដីពី​វិសោធកម្ម​ច្បាប់​អគ្គិសនី ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងរ៉ែ ​និង​ថាមពល​ បាន​អះអាងថា ​កម្ពុជា​នឹង​លែង​ត្រូវការ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​នៅ​ប្រមាណ​ជា​ ៣ឆ្នាំទៀត​  ហើយ​នឹង​មាន​ការបញ្ចុះ​តម្លៃ ​ជា​បណ្តើរៗ​ចាប់ពី​ ឆ្នាំ២០១៦​ តទៅ ​នៅពេល​បណ្តាញ​អគ្គិសនី​រដ្ឋ​ត្រូវ​បាន​តភ្ជាប់​នៅ​ទូទាំង​ប្រទេស។
បើយោង​តាម​ប្រសាសន៍​ របស់​ឯកឧត្តម​ ម៉ៅ ​មុនីវណ្ណ ​អនុ​ប្រធាន​គណៈកម្មការ​ ទី៩​ នៃរដ្ឋ​សភា ​ផ្នែក​សាធារណការ​ ដឹកជញ្ជូន ​ទូរគមនាគមន៍ ​ប្រៃសណីយ៍ ​ឧស្សាហកម្ម ​រ៉ែ ថាមពល ​ពាណិជ្ជកម្ម ​រៀបចំដែនដី​ នគរូបនីយកម្ម ​និងសំណង់​ បានថ្លែងថា​ តាមប្រសាសន៍​របស់រដ្ឋ​មន្ត្រីក្រសួងរ៉ែ​ និងថាមពល ​ដែលបានចូល​ឆ្លើយបំភ្លឺ​នៅរដ្ឋសភា​ បានឲ្យដឹងថា​ នៅក្នុងការ​ឆ្លើយបំភ្លឺ​នោះដែរ​ គណៈកម្មការ ​ទី៩​ និងរដ្ឋមន្ត្រី​ក្រសួងរ៉ែ ​និងថាមពល​ ក៏បាន​ពិភាក្សាទៅ​លើសេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​សេវា​ អគ្គិសនី​ផងដែរ​ ប៉ុន្តែ​ពុំមានការកែ​ប្រែខ្លឹមសារឡើយ ​ដោយគ្រាន់​តែធ្វើវិសោធនកម្ម​បំបែក​ពីក្រសួង​ឧស្សាហកម្ម ​រ៉ែ ​និងថាមពល​ មក​ក្រសួងរ៉ែ ​និងថាមពលវិញ។​ គណៈកម្មការ​ ទី៩ ​នៃរដ្ឋសភា​ គ្រោងនឹង​ដាក់​សេចក្តីព្រាងច្បាប់នេះ​ ទៅសភា​ពេញអង្គអនុម័ត​ក្នុង​អំឡុង ​ខែមេសា ​ខាងមុខ​។
ឯកឧត្តម​ ម៉ៅ ​មុនីវណ្ណ ​បានបន្តថា​ ឯកឧត្តម​ ស៊ុយ​ សែម ​បានមាន​ប្រសាសន៍​ថា ​ចំណុច​សំខាន់​នៃ​សេចក្តី​ព្រាង​ច្បាប់នេះ ​គឺការ​កែសម្រួល​តួនាទី​ភារកិច្ច​របស់អាជ្ញាធរ​អគ្គិសនី​កម្ពុជា និងការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អគ្គិសនី​កម្ពុជា ​ហើយ​ក្រសួង​នឹង​ធ្វើ​ការកែ​សម្រួល​នូវ​កំហុស​ពាក្យ​ពេចន៍ខ្លះ​ និង​ដូរ​ឈ្មោះ​ក្រសួង​ មុន​នឹង​ដាក់​ឲ្យ​សភា​ពេញ​អង្គអនុម័ត។ " ភាគី​ទាំងពីរ​ មាន​ការឯកភាព​គ្នា​ខ្ពស់​ទៅលើ ​សេចក្ដី​ព្រាង​ច្បាប់នេះ​។​ អត់មានអី​កែប្រែទេ​ គឺកែប្រែ​តែ​ចំណង​ជើង​នៃច្បាប់ ​ដែលយើង​សរសេរ​ពាក្យ​លើស​។ ហើយ​ចំណុច​សំខាន់​ នៃ​វិសោធនកម្ម​ច្បាប់​បោះឆ្នោតនេះ ​គឺ​កែសម្រួល​តួនាទី ​និងភារៈកិច្ច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ទាក់ទង​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ​"។  ឯកឧត្តម ​បន្ថែមថា ​ក្រសួងសម្រេចធ្វើ​វិសោធនកម្ម​ច្បាប់​ ស្ដីពីអគ្គិសនីតែ​ ៨ មាត្រា ​ប៉ុណ្ណោះ​។ ក្នុងនោះ ​៥ មាត្រា ​ដូរឈ្មោះក្រសួង​ និង៣មាត្រា ​ធ្វើការផ្ដាស់ប្ដូរ ​ចំណុចខ្វះខាត​បន្តិចបន្តួច ។
ដោយ​ឡែកទាក់ទង​ទៅនឹងការ​តបណ្តាញ​អគ្គិសនី​នៅតាម​ផ្ទះជួលវិញ ​តាមប្រសាសន៍​របស់ ​ឯកឧត្តម​ ស៊ុយ ​សែម​ បានឲ្យដឹងថា​ មកដល់​ពេលនេះ​អគ្គិសនី​កម្ពុជា ​បាន​តបណ្តាញ​បានជាង​ ២ ម៉ឺន ៨​ ពាន់បន្ទប់​ហើយ ​ក្នុងខណ្ឌ​ចំនួន ៨។
បើតាម​របាយការណ៍​របស់អាជ្ញាធរ​អគ្គិសនី​ នៅក្នុង​ ឆ្នាំ២០១៣ ​កម្ពុជាផលិត ​ថាមពលអគ្គិ​សនីបាន​ ១៧៦៩ ​លាន​គីឡូវ៉ាត់​ ក្នុងនោះ ​ថាមពល​អគ្គិសនី​នាំចូលពី​ប្រទេសថៃ​ មាន ៥៧៩ ​លានគីឡូវ៉ាត់ ​ពីវៀតណាម​ ១៦៩១ ​លានគីឡូវ៉ាត់ ​និងពី​ប្រទេសឡាវ ​១០,៧៣ លានគីឡូវ៉ាត់​។ ជាមួយ​នេះកម្ពុជា ​រំពឹងថា​ នឹងមាន​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី​ជិតដល់​ ៣៤៣០ ​មេហ្គាវ៉ាត់​ ពីទំនប់​វារីអគ្គិសនី​ទាំង ​១២ របស់ខ្លួន​ និង​រោងចក្រ​ថាមពល​អគ្គិសនីដើរ​ដោយ​ធ្យូងថ្ម ​នៅក្នុង​ ឆ្នាំ២០២០៕

អត្ថបទ៖ ច័ន្ទ ទេវី


ពិធី​​ប្រគល់​​សញ្ញា​បត្រ​ ថ្នាក់​​បរិញ្ញា​បត្រ​រង បរិញ្ញា​បត្រ និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ជូន​និស្សិត​​នៃវិទ្យា​​ស្ថាន​វ៉ាន់​ដា​​គណ​នេយ្យ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់​​ខ្ពស់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី