នៅក្នុងជំនួប រវាងឯកឧត្តម
ស៊ុយ សែម និងគណៈកម្មការទី៩រដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៥ គឺដើម្បីពិនិត្យទៅលើសេចក្ដីព្រាងច្បាប់
ស្ដីពីវិសោធកម្មច្បាប់អគ្គិសនី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា
កម្ពុជានឹងលែងត្រូវការអគ្គិសនីពីប្រទេសជិតខាងនៅប្រមាណជា ៣ឆ្នាំទៀត ហើយនឹងមានការបញ្ចុះតម្លៃ ជាបណ្តើរៗចាប់ពី
ឆ្នាំ២០១៦ តទៅ នៅពេលបណ្តាញអគ្គិសនីរដ្ឋត្រូវបានតភ្ជាប់នៅទូទាំងប្រទេស។
បើយោងតាមប្រសាសន៍ របស់ឯកឧត្តម
ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មការ ទី៩ នៃរដ្ឋសភា ផ្នែកសាធារណការ ដឹកជញ្ជូន
ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ បានថ្លែងថា តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានចូលឆ្លើយបំភ្លឺនៅរដ្ឋសភា
បានឲ្យដឹងថា នៅក្នុងការឆ្លើយបំភ្លឺនោះដែរ គណៈកម្មការ ទី៩ និងរដ្ឋមន្ត្រីក្រសួងរ៉ែ
និងថាមពល ក៏បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មសេវា អគ្គិសនីផងដែរ
ប៉ុន្តែពុំមានការកែប្រែខ្លឹមសារឡើយ ដោយគ្រាន់តែធ្វើវិសោធនកម្មបំបែកពីក្រសួងឧស្សាហកម្ម
រ៉ែ និងថាមពល មកក្រសួងរ៉ែ និងថាមពលវិញ។ គណៈកម្មការ ទី៩ នៃរដ្ឋសភា គ្រោងនឹងដាក់សេចក្តីព្រាងច្បាប់នេះ
ទៅសភាពេញអង្គអនុម័តក្នុងអំឡុង ខែមេសា ខាងមុខ។
ឯកឧត្តម ម៉ៅ មុនីវណ្ណ បានបន្តថា
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ចំណុចសំខាន់នៃសេចក្តីព្រាងច្បាប់នេះ
គឺការកែសម្រួលតួនាទីភារកិច្ចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា និងការងារគ្រប់គ្រងហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា
ហើយក្រសួងនឹងធ្វើការកែសម្រួលនូវកំហុសពាក្យពេចន៍ខ្លះ
និងដូរឈ្មោះក្រសួង មុននឹងដាក់ឲ្យសភាពេញអង្គអនុម័ត។ " ភាគីទាំងពីរ
មានការឯកភាពគ្នាខ្ពស់ទៅលើ សេចក្ដីព្រាងច្បាប់នេះ។ អត់មានអីកែប្រែទេ គឺកែប្រែតែចំណងជើងនៃច្បាប់
ដែលយើងសរសេរពាក្យលើស។ ហើយចំណុចសំខាន់ នៃវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺកែសម្រួលតួនាទី
និងភារៈកិច្ចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ទាក់ទងការងារគ្រប់គ្រងហិរញ្ញវត្ថុ"។ ឯកឧត្តម បន្ថែមថា ក្រសួងសម្រេចធ្វើវិសោធនកម្មច្បាប់
ស្ដីពីអគ្គិសនីតែ ៨ មាត្រា ប៉ុណ្ណោះ។ ក្នុងនោះ ៥ មាត្រា ដូរឈ្មោះក្រសួង និង៣មាត្រា
ធ្វើការផ្ដាស់ប្ដូរ ចំណុចខ្វះខាតបន្តិចបន្តួច ។
ដោយឡែកទាក់ទងទៅនឹងការតបណ្តាញអគ្គិសនីនៅតាមផ្ទះជួលវិញ
តាមប្រសាសន៍របស់ ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងថា
មកដល់ពេលនេះអគ្គិសនីកម្ពុជា បានតបណ្តាញបានជាង ២ ម៉ឺន ៨ ពាន់បន្ទប់ហើយ
ក្នុងខណ្ឌចំនួន ៨។
បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនី
នៅក្នុង ឆ្នាំ២០១៣ កម្ពុជាផលិត ថាមពលអគ្គិសនីបាន ១៧៦៩
លានគីឡូវ៉ាត់ ក្នុងនោះ ថាមពលអគ្គិសនីនាំចូលពីប្រទេសថៃ មាន ៥៧៩ លានគីឡូវ៉ាត់
ពីវៀតណាម ១៦៩១ លានគីឡូវ៉ាត់ និងពីប្រទេសឡាវ ១០,៧៣ លានគីឡូវ៉ាត់។
ជាមួយនេះកម្ពុជា រំពឹងថា នឹងមានលទ្ធភាពផលិតថាមពលអគ្គិសនីជិតដល់ ៣៤៣០ មេហ្គាវ៉ាត់
ពីទំនប់វារីអគ្គិសនីទាំង ១២ របស់ខ្លួន និងរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម
នៅក្នុង ឆ្នាំ២០២០៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment