Thursday, June 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា អាមេរិក និងចិន នឹងមិនវាយគ្នាទេ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អាមេរិក និងចិន នឹងមិនវាយគ្នាទេ ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និ​ស្សិត​នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អាមេរិក និងចិន នឹងមិនវាយគ្នាទេ ដែលអាចធ្វើឱ្យអាស៊ានជួបស្ថានភាពគ្រោះថ្នាក់នោះ ដោយសារប្រទេសទាំងពីរសុទ្ធតែមានផលប្រយោជន៍ពីសហប្រតិបត្តិការណ៍។ គេមានយន្តការគ្រប់គ្រង ទំនាក់ទំនងនេះ ដូចនេះអាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតជាមួយនឹងចិន ហើយក៏ជាដៃគូពាណិជ្ជកម្មជាមួយនឹងអាមេរិកដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្រាប់យើងជាអាស៊ាន និងប្រទេសមួយៗរបស់អាស៊ាន មិនត្រូវទុកខ្លួនជាស្រមោច ជាសង្អារ សម្រាប់ដំរីជាន់នោះទេ។ ផ្ទុយទៅវិញ យើងកំពុងដើរតួនាទីជាអ្នកសម្របសម្រួល ហើយដើរតួនាទីស្នូលទៀតផង៕





(សូមទស្សនាវីដេអូ) អញ្ជើញអ្នកក្លាហានចូលគុក

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ផ្តល់អនុសាសន៍៧ចំណុច ជាមូលដ្ឋានជួយដល់វិស័យ កីឡាជាតិ ឱ្យរឹងមាំ និងមានចីរភាពស្របតាម សភាពការណ៍រីកចំរើននៃប្រទេសជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភី នៃការប្រកួតកីឡារដូវរងារជើងឯកពិភពលោក ប៉ារ៉ាឡាំពិក នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ បានលើកជាអនុសាសន៍មួយចំនួន ដែលជាមូលដ្ឋានជួយដល់វិស័យកីឡាជាតិរបស់យើង ឱ្យកាន់តែរឹងមាំ និងរីកចំរើន ស្របតាម សភាពការណ៍រីកចំរើននៃសេដ្ឋកិច្ចប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានមានប្រសាសន៍បន្តថា ជាការពិតណាស់ ដើម្បីឱ្យវិស័យកីឡាជាតិរបស់យើងរឹងមាំបាន ហើយមានចីរភាពស្របតាម សភាពការណ៍រីកចំរើន តាមកំណើនសេដ្ឋកិច្ចសង្គម និងស្របតាមតំរូវការជាក់ស្តែងនៃការវិវឌ្ឍកីឡា នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់និងលើពិភពលោកនោះ ជាពិសេសទិសដៅឆ្ពោះទៅរៀបចំប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ស្ថាប័នពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាព សមត្ថភាព និងឆន្ទៈ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
ក្នុងន័យនេះ លោកបាន ផ្តល់អនុសាសន៍មួយចំនួនសំរាប់ជាមូលដ្ឋានដល់ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិដើម្បីធ្វើការពិចារណា ផ្លាស់ប្តូរយោបល់សម្រាប់ដាក់ចេញសេចក្តីសំរេចចិត្ត និង វិធានការអនុវត្តវិស័យកីឡាកម្ពុជាយើង នាពេលអនាគតដូចតទៅ៖
ទីមួយ ៖ ត្រូវពន្លឿននៃការជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ជាពិសេសបញ្ជូនសិស្ស និស្សិតដែលមានឧបនិស្ស័យទៅសិក្សាកម្រិតបរិញ្ញាប័ត្រ បរិញ្ញាប័ត្រ ជាន់ខ្ពស់ផ្នែកអប់រំកាយ និងកីឡា មន្ត្រីជំនាញកីឡាផ្សេងៗទៅសិក្សា និងហាត់ហ្វឹកហ្វឺននៅ បណ្តាប្រទេសជាមិត្ត។
ទីពីរ ៖ នៅតាមគ្រឹះស្ថានសិក្សា ក៏ដូចជានៅតាមពហុកីឡដ្ឋានរាជធានី ខេត្ត ក្រសួងអប់រំ យុវជន និងកីឡា ត្រួវយកចិត្តទុកដាក់ជួសជុល កែលំអទីលានកីឡា កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បំពាក់ឧបករណ៏ និងសម្ភារៈកីឡា ដើម្បីបង្កលក្ខណៈ និងផ្តល់ឱកាសដល់យុវជន យើងឱ្យមានលទ្ធភាព និងសមធម៌ក្នុងការហាត់អប់រំកាយ និងកីឡា រួមចំណែកការកាត់បន្ថយភាព អសកម្មនៅក្នុងសង្គម។
ទីបី ៖ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងកីឡាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៖ លើការងារអប់រំកាយ និងកីឡា ប្រកបដោយគុណភាព និងប្រសិទ្ធភាព ទទួលបានសិទ្ធិផលខ្ពស់ ។
ទីបួន ៖ ត្រូវជំរុញអនុវត្តគោលនយោបាយកីឡាជាតិ អនុក្រឹត្យស្តីពីការគ្រប់គ្រងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តិនានា ឱ្យបានឆាប់ដែលអាចធ្វើទៅបាន ។
ទីប្រាំ ៖ ត្រូវកែសម្រួលរចនាសម្ព័ន្ធនៃប្រកួតជើងឯកថ្នាក់ជាតិ បន្តរៀបចំល្បែងកីឡាថ្នាក់ជាតិ (National Games) និងការប្រកួតល្បែងកីឡាសាកលវិទ្យាល័យជាតិ (National University Games) ។
ទីប្រាំមួយ ៖ ត្រូវពង្រីក និងពង្រឹងការសហប្រតិការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ លើការងារ រដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ តាមរយៈចុះកិច្ចសន្យាការងារតាមផែនការប្រចាំឆ្នាំ និងលទ្ធភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទីប្រាំពីរ៖ ជុំរិញរៀបចំបង្កើតគណៈកម្មការអន្តរក្រសួង និងបង្កើតក្រុមការងារ ដើម្បីរៀបចំការងារប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។
លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុចខាងលើនេះ គឺសម្រាប់ឱ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ទាំងអស់ពិចារណាផ្លាស់ប្តូរយោបល់ និងរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឱ្យបានល្អប្រសើរសម្រាប់ អភិវឌ្ឈន៍វិស័យកីឡាយើងពីពេលនេះទៅអនាគត ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកីឡា ពិសេសក្មួយៗកីឡាករ កីឡាការិនីទាំងឡាយ ដែលចូលរួមប្រកួតកីឡារដូវរងារជើងឯក ពិភពលោកប៉ារ៉ាឡាំពិក។ លោកមានប្រសាសន៍បន្តថា លោកពិតជាទទួលស្គាល់ថា ទោះបីជាលទ្ធផលដែលយើងទទួល ក្នុងការប្រកួតលើកនេះ មិនទាន់ឆ្លើយតបនឹងសេចក្តីពេញចិត្តរបស់យើងគ្រប់ៗគ្នាក៏ដោយ តែការចូលរួមរបស់កីឡាករ កីឡាការិនីជនពិការ របស់យើងនៅក្នុងព្រឹត្តការណ៏នេះ បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា នៅក្នុងពិភពលោកឱ្យកាន់តែសំបូរបែប និងខ្លាំងក្លាឡើងថែមទៀត៕












លោក សាយ សំអាល់ ស្វាគមន៍ចំពោះក្រុមហ៊ុន RAMBOLL ដើម្បីពិនិត្យមើលលទ្ធភាពចូលរួមវិនិយោគលើវិស័យបរិស្ថាន


នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន អនុញ្ញាតឱ្យលោក TAN SengChuan ប្រធានគ្រប់គ្រងតំបន់អាស៊ីប៉ាសីហ្វីក នៃក្រុមហ៊ុនRAMBOLL ចូលជួបសំដែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅទីស្តីការក្រសួង។
ក្រុមហ៊ុន RAMBOLL បានគោរពរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានអំពីសកម្មភាពរបស់ ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបូរីដែលកំពុងមានសកម្មភាពនៅការិយាល័យ ២៧៦នៅទូទាំងពិភពលោក ហើយកំពុងមានចំណាប់អារម្មណ៍ចូលរួមចំណែក្នុងការគាំពារបរិស្ថានរបស់កម្ពុជា។
លោក សាយ សំអាល់ បានស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុន RAMBOLL និងលើកទឹកចិត្តឱ្យក្រុមហ៊ុន RAMBOLL ពិនិត្យមើលលទ្ធភាពចូលរួមវិនិយោគលើវិស័យបរិស្ថាន ជាពិសេសលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ធ្វើយ៉ាងឱ្យរាល់គម្រោងវិនិយោគ មិនមានផលប៉ះពាល់ដល់បរិស្ថាន និងមិនចាំបាច់ធ្វើការស្តារឡើងវិញ នាថ្ងៃអនាគត ផ្ទុយទៅវិញគម្រោងវិនិយោគទាំងនោះ បំពេញឱ្យបរិស្ថានទីក្រុងកាន់តែល្អប្រសើឡើងផង និងចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថានផង៕



អាជ្ញាធ​រខេត្តប៉ៃលិន សហការ​ជាមួយ ក្រុមហ៊ុន​ខ្មែរប៊ែវើរី​ជីសលីមីត​ធី​ត ចុះសំ​អាតតាម​ដងផ្លូវក្នុ​ងទីក្រុង​ប៉ៃលិន


ក្រុមហ៊ុនខ្មែរប៊ែវើរីជីសលីមីតធីត បានប្រើប្រាស់រថយន្តសំអាតផ្លូវចំនួន ០២គ្រឿង និងសហការជាមួយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿងបន្ថែមទៀត ដើម្បីធ្វើការចុះសំអាតតាមដងផ្លូវសាធារណៈក្នុងទីក្រុងប៉ៃលិន។
លោក វ៉េង រចនា តំណាងក្រុមហ៊ុនខ្មែរប៊ែវើរីជីសលីមីតធីត បានមានប្រសាសន៍ថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីសបានធ្វើការសំអាតផ្លូវទូទាំងប្រទេស ដោយប្រើប្រាស់រថយន្តសំអាតផ្លូវ ចំនួន២គ្រឿង សហការជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើការសំអាតតាមដងផ្លូវសាធារណៈ បង្កើនសោភ័ណភាពទីក្រុងស្អាត ដើម្បីថែរក្សាការពារបរិស្ថានស្អាត ទីក្រុងស្អាត។ លោកបានបន្តថា ការអនុវត្តសកម្មភាពនេះ គឺបានធ្វើចំនួន៧ខេត្តក្រុងមកហើយ ក្នុងនោះមានខេត្ត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាម ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការសំអាតតាមដងផ្លូវសាធារណៈ គឺពិតជាមានសារៈសំខានណាស់សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរណ៍ ព្រោះថាការសំអាតនេះ គឺធ្វើឱ្យមានបរិស្ថានល្អ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយផាសុខភាព និងសុវត្ថិភាពល្អ។ ក្នុងឱកាសនោះលោកក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ធ ជាពិសេសក្រុមហ៊ុនដឹកដីមួយចំនួននៅក្នុងខេត្ត ត្រូវចូលរួមសហការថែរក្សា ថែរទាំអនាម័យផ្លូវថ្នល់សាធារណៈឱ្យបានល្អ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទុកដាក់សំរាមតាមគោលដៅដែលក្រុមហ៊ុនអនាម័យខេត្ត ងាយស្រួលក្នុងការប្រមូលសម្រាម ហើយមិនត្រូវបោះសំរាមចោលរាយប៉ាយតាមផ្លូវ ដងផ្លូវ ដែលនេះគឺបង្ហាញថា បរិស្ថានស្អាតគឺកើតចេញពីយើងទាំងអស់គ្នាម្នាក់ៗ ហើយផ្តើមចេញពីយើងម្នាក់ៗ ទើបទីក្រុងយើងនឹងស្អាត សហគមន៍របស់យើងនឹងភាពស្រស់ស្អាតបំព្រង ។
គួរបញ្ជាក់ថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីសលីមីតធីតធ្វើការសំអាតតាមដងផ្លូវសាធារណៈនានានៅក្នុងខេត្តប៉ៃលិន ចំនួន ៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ហើយទីក្រុងប៉ៃលិន កាលពីឆ្នាំ២០១៦ គឺទទួលបានចំណាត់ថ្នាក់ទីក្រុងស្អាត ផ្ការំដួល១ទងផងដែរ៕



(ទស្សនាវីដេអូ) រដ្ឋមន្រ្តីក្រសួង​ការងារបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានបញ្ជូនកម្មសិក្សា​ការីជិត ៤,០០០នាក់ ទៅបម្រើការងារ​នៅប្រទេសជប៉ុន

(សូមទស្សនាវីដេអូ)៖ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវតីពួតដៃគ្នា ចូលរួមថែរក្សាការពារសន្តិភាពឱ្យនៅគង់វង្សឋិតថេរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាល ប្រឹងប្រែងណាស់ដើម្បីស្វែងរកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថារដ្ឋាភិបាលធ្វើការអសមត្ថភាព

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ប្រឹងប្រែងណាស់ដើម្បីស្វែងរកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថារដ្ឋាភិបាលធ្វើការអសមត្ថភាព។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និ​ស្សិត​នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនបញ្ហាពលករនៅបរទេសគឺជារឿងដាច់ដោយ​ឡែកសម្រាប់កម្ពុជានោះទេ រាជរដ្ឋាភិបាល បានប្រឹងប្រែងណាស់ដើម្បីរកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថា រដ្ឋាភិបាលធ្វើការអសមត្ថភាព រកការងារធ្វើឱ្យប្រជាជនខ្លួនឯងធ្វើមិនបាន ហើយបណ្តោយឱ្យប្រជាជនទៅរកការងារធ្វើនៅក្រៅប្រទេស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា គ្រាន់តែកូរ៉េខាងត្បូងមួយ តើមានប្រទេសប៉ុន្មានទៅដែលកំពុងតែប្រណាំងប្រជែង បញ្ជូនពលករទៅកាន់កូរ៉េ។ កម្ពុជា បានស្នើសុំឱ្យកូរ៉េ ផ្តល់ការយោគយល់ចំពោះកម្ពុជា ដើម្បីបញ្ជូននូវពលករពីកម្ពុជាទៅកាន់កូរ៉េ។ មានបងប្អូនមួយចំនួនទៅធ្វើការនៅថៃដោយខុសច្បាប់ យើងបានប្រឹងប្រែងសម្របសម្រួលឱ្យគាត់ត្រូវច្បាប់​។ នៅម៉ាឡេស៊ី ក៏ដូចគ្នា ប្រទេសនានាសុទ្ធតែបានស្វះស្វែងរកទីផ្សារការងារនៅខាងក្រៅ។ ប្រទេសដែលខ្វះពលកម្មពិតប្រាកដគឺសាំងហ្កាពួរ និងម៉ាឡេស៊ីទេ ហើយប្រទេសទាំងពីរនេះ ក៏មិនមែនជាប្រទេសដែលបញ្ជូនពលករចេញក្រៅដែរ តែជាប្រទេសនាំពលករចូល។ សម្រាប់ប្រទេសថៃ គឺគាត់បញ្ជូនពលករចេញទៅក្រៅប្រទេស ប៉ុន្តែគាត់ខ្វះពលករ យកពលករទៅពីកម្ពុជា មកពីមីយ៉ាន់ម៉ា មកពីឡាវដើម្បីជំនួសឱ្យអ្នកដែលចេញទៅក្រៅ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ពីមូលហេតុដែលគេមិនចូលចិត្តអាមេរិក អំពីបញ្ហាយកប្រាក់ថ្លៃស្នើសុំទិដ្ឋិការ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងសួរនាំទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីបញ្ហាយកប្រាក់ថ្លៃស្នើសុំទិដ្ឋិការ ទោះបីជាមិនបានជាប់ក៏ដោយ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីមូលហេតុដែលគេមិនចូលចិត្តអាមេរិកថា ឥឡូវទាំង អស់គ្នាប្រហែលជាដឹងហើយ ទៅទូតអាមេរិកដើម្បីសុំវីសា យក១៥០ដុល្លារ ជាប់ក៏អស់១៥០ដុល្លារ មិនជាប់ក៏អស់១៥០ដុល្លារ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោកនឹងសួរលោក ដូណាល់ ត្រាំ រឿងហ្នឹងបន្តិចថា តើអាចសម្រួលបានទេថា អាជាប់យកលុយគ្នា ចុះអាមិនជាប់យកលុយដែរធ្វើអ្វី? រឿងនេះសម្រាប់អ្នកមានលុយ វាមិនបញ្ហាទេ តែអ្នកដែលគ្មានលុយនោះ ត្រូវទៅខ្ចីបុលគេ រួចយកទៅឱ្យទូតអាមេរិកស៊ីលេងៗ រឿងអីគេមិនខឹង៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ឧបសគ្គក្នុងការវិលចូលស្រុករបស់គេ គឺគុក! (សំដៅទៅលើទណ្ឌិត សម រង្ស៊ី)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ​ដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបកស្រាយ ជុំវិញបំណងចង់វិលចូលកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសស្វាគមន៍ និងអញ្ជើញអ្នកក្លាហានចូលគុក! សូមរំលឹកឱ្យដឹងថា ទណ្ឌិត សម រង្ស៊ី បានសម្ភាសន៍ជាមួយវិទ្យុបរទេស ផ្សាយជាខេមរៈភាសាមួយ កាលពីកន្លងទៅថ្មីៗនេះថា បើលុបបំរាមចោល គឺលោកនឹងមកកម្ពុជាវិញភ្លាម។ ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី សំដៅលើបំរាម ស.ជ.ណ ដែលរាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញ ក្នុងការទប់ស្កាត់ការវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៊ី កន្លងមក។
បន្ទាប់ពីបានដឹងពីគោលបំណង ដ៏ក្លាហានរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការវិលត្រឡប់មកកម្ពុជាវិញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យទីស្តីការគណរដ្ឋមន្ត្រីឱ្យលុបចោល ស.ជ.ណ មុន ដើម្បីបើកច្រកឱ្យអ្នកក្លាហានចូលស្រុក។
លោកនាយករដ្ឋមន្ត្រី បានពន្យល់ថា ការពិត ស. ជ. ណ មុន មានគោលដៅការពារអាយុជីវិតគាត់តែម្តង (សំដៅទៅលើទណ្ឌិត សម រង្ស៊ី) ដោយលោកនាយករដ្ឋមន្ត្រីសុខចិត្តឱ្យគេត្មិះដៀល ប៉ុន្តែមិនចង់ឃើញឈាមខ្មែរហូរទេ ព្រោះតែចុះដល់ដីច្បាស់ណាស់ថា ការចាប់ខ្លួនមួយនឹងត្រូវធ្វើឡើង។ មូលហេតុសំខាន់នៅត្រង់ថា លោក សម រង្ស៊ី គឺជាទណ្ឌិតដែលរត់គេចខ្លួន ដូច្នេះតាមអំណាចតុលាការ បញ្ជាដោយព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌ គឺត្រូវចាប់មកអនុវត្តច្បាប់។
លោកនាយករដ្ឋមន្ត្រី បានរំលឹកថា លោកបានប្រកាសហើយថា លោកសុខចិត្តកាត់ដៃស្តាំ ចោល គឺលោកមិនលើកលែងទោសឱ្យទៀតទេ (សម រង្ស៊ី) ព្រោះលោកធ្លាប់លើកលែងឱ្យពីរដងហើយ គ្មានលើកទី៣កើតឡើងទៀតទេ! ចឹងការទស្សន៍ទាយទុកជាមុនច្បាស់ជាមានបញ្ហា ទើបក្នុងនាមជាអ្នកគ្រប់គ្រងប្រទេស លោកត្រូវការពារអំពើហិង្សាជាមុន ប៉ុន្តែបែរជាត្រូវបានគេចោទថាខ្លាចគេទៅវិញ។
ទណ្ឌិត សម រង្ស៊ី បានសរសេរលើ Twitter របស់ខ្លួននៅល្ងាចមិញថា លោកនឹងមកវិញ តែត្រូវធ្វើឱ្យប្រាកដថា ខ្ញុំមិនមែនជាមនុស្សទី១ ក្នុងចំណោម១០០ទៅ២០០នាក់ ដែលលោក ហ៊ុន សែន ត្រូវកំចាត់នោះទេ។ លោកនាយករដ្ឋមន្ត្រី បានតបវិញតាម Comment ថា​អ្វីទៅដែលនៅពីក្រោយការប្រែប្រួលរបស់គាត់នេះ គឺគុក! គុកដែលនាំឱ្យគាត់ប្រែប្រួល។ លោកនាយករដ្ឋមន្ត្រី បានបន្តថា អ្នកខ្លះបានសន្យាថាមក (សំដៅទៅលើ ទណ្ឌិត សម រង្ស៊ី) មិនខ្លាចគុកទេ ហើយម៉េចក៏មិនមករកគុក។ ប៉ុន្តែបើសិនជាអ្នកឯងប្រគល់ខ្លួនឱ្យចាប់តាមសម្រួល វាអត់មានបញ្ហាអ្វីកើតឡើងទេ អានេះជាច្បាប់​។ លោកបន្តថា ដល់ពេលគេដករនាំងចេញ​ដើម្បីបើកផ្លូវឱ្យគាត់មក ស្រាប់តែយប់មិញប្រកាសថាអត់មកវិញ។
លោកនាយករដ្ឋមន្ត្រី បន្ថែមថា រឿងស្អីប្រធានបក្សនៅទីនេះ ខ្លួននៅណានីនោះ បែរជាប្រកាសថា ត្រឡប់មកប្រទេសដើម្បីប្រជែង យកអំណាចនាយករដ្ឋមន្ត្រី ពីលោក ហ៊ុន សែន ហើយចុះប្រធានបក្សនៅនេះធ្វើអី? មុននឹងមកប្រជែង ជាមួយនឹង ហ៊ុន សែន ត្រូវប្រជែងជាមួយគ្នាឯងហ្នឹងសិនទៅ អាណាធ្វើមេបក្ស?

លោកនាយករដ្ឋមន្ត្រី បានអញ្ជើញឱ្យមកមួយសេរី (សំដៅលើទណ្ឌិត សម រង្ស៊ី) ចូលមក បើចូលមកលួចលាក់ គឺវាស្មើហ្នឹងភេវកម្ម ព្រោះទណ្ឌិតគេតាមចាប់ និងមានដីកាចាប់ខ្លួន។ លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា សូមអ្នកក្លាហានចូលមក ទ្វារបើកចំហរហើយ  ពីមុនខ្ញុំគិតពីសុវត្ថិភាពលោក  តែឥឡូវលោកថា មកភ្លាម ខ្ញុំក៏អុកភ្លាម អត់ទាន់បាន១០ម៉ោងផងដូរចិត្តថា អត់មកទេ ​ចាំច្បាស់លាស់សិន។ អ្វីជាឧបសគ្គ សម្រាប់ការវិលត្រឡប់ គឺគុក ហើយបើគុកជាឧបសគ្គ មួយជីវិតនេះគាត់ មិនអាចចូលមកវិញទេ៕








លោក ស ខេង ៖ គ្រប់ប្រទេសបង្កើតកម្លាំងសមត្ថកិច្ចមក គឺដើម្បីការពារសន្តិសុខជូនពលរដ្ឋ តែបើកម្លាំងទុកចោលដដែល បង្កើតកម្លាំងមកដើម្បីអ្វី?

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងយ៉ាងច្បាស់ថា «គ្រប់ប្រទេសទាំងអស់លើសកលលោក កាលណាបើគេបង្កើតស្ថាប័ននគរបាល ស្ថាប័នយោធាមក គឺដើម្បីប្រើប្រាស់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនមែនបង្កើតមកដើម្បីទុកក្នុងអង្គភាពទទេរៗទេ ចំណែកការដាក់ពង្រាយកម្លាំងសមត្ថកិច្ច នាអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ គឺដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មិនមែនដាក់ដើម្បីគំរាមកំហែងប្រជាពលរដ្ឋនោះទេ»។
លោកបានថ្លែងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក ស៊ុក ប៊ុនហុក ក៏បានវាយតម្លៃដែរថា ដំណើរការបោះឆ្នោត និងការការពារសន្តិសុខ មានភាពល្អប្រសើរទូទាំងប្រទេស គ្មានបញ្ហាធ្ងន់ធ្ងរនោះឡើយ។
ការបញ្ជាក់នេះ ដោយសារកន្លងមក ចេះតែមានអ្នករិះគន់អំពីការដាក់ពង្រាយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាកម្លាំងយោធា នាពេលបោះឆ្នោតឃុំ-សង្កាត់ នៅទូទាំងប្រទេស ដោយពួកគេបានលើកឡើងថា ជាការគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋ ជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយជាដើម។
លោកថ្លែងយ៉ាងដូច្នេះថា «ជាធម្មតាទេ គ្មានប្រទេសណា មិនប្រើកម្លាំងដើម្បីរក្សាសន្តិសុខនោះទេ ព្រោះថាគេបង្កើតកម្លាំងមក គឺដើម្បីពង្រាយការពារ រក្សាសន្តិសុខហ្នឹងហើយ បើបង្កើតមកទុកក្នុងផ្ទះដដែល បង្កើតមកធ្វើអី?»។
លោកក៏បានបន្តថា បើគ្មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីការងារសន្តិសុខនៅពេលបោះឆ្នោតនោះ មិនដឹងថា នឹងមានរឿងអវិជ្ជមានអ្វីខ្លះ កើតឡើងនោះទេ ហើយបើកើតមានបញ្ហាដោយសារគ្មានកម្លាំងការពារពិតមែន នោះនឹងមានពាក្យរិះគន់ជាហូរហែទៀតមិនខាន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ កងកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ ១,៨៤៤នាក់៕






លោកស្រី ម៉ែន សំអន៖ រដ្ឋាភិបាលចិន គាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ និងជា​នាយករដ្ឋមន្រ្តី​ ក្នុងការដឹក​នាំប្រទេសកម្ពុជា​ បន្តទៀត​

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាជាមួយប្រទេសប្រ៊ិដ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។
លោកស្រី ម៉ែន សំអន បានឲ្យដឹងថា រដ្ឋាភិបាលចិន បានបន្តប្តេជ្ញាគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសកម្ពុជាបន្តទៀត។ ការលើកឡើងនេះត្រូវបានធ្វើឡើង ក្រោយជំនួបរវាងលោកស្រី និងលោក លីវ យ៉ុងសាន សមាជិកការិយាល័យ នយោបាយមជ្ឈឹមបក្សនៃបក្សកុម្មុយនីស្តចិន ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ត្រូវបានអញ្ជើញឲ្យថ្លែងសន្ទរកថាគន្លឹៈតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃទស្សនៈ បញ្ញាញាណ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រាវជ្រាវដើម្បីប្រមូលផ្តុំគ្នា ចែករំលែកនូវទស្សនៈយោបល់ បទពិសោធន៍ ដើម្បីជួយឲ្យបណ្តាប្រទេសប៊្រិដ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើរតួជាស្នូល ក្នុងការចូលរួមថែរក្សាស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ ក្នុងតំបន់ទទួលបានជោគជ័យ។ វេទិកានេះមានវាគ្មិនសំខាន់ៗ ចូលរួមប្រមាណ៤០០នាក់ និងមាន២៨គណបក្សនយោបាយ ហើយមានជាង៣០ប្រទេសចូលរួមផងដែរ។
គួរបញ្ជាក់ផងដែរថា វេទិកានេះមានគំនិតផ្តួចផ្តើមទីក្រុងហ្វូចូវ ដោយបញ្ជាក់សារសំខាន់តួនាទីស្នូល នៃបណ្តាប្រទេសប៊្រិដ រួមមាន៖ ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌាចិន អាហ្វ្រិកខាងត្បូង និងបណ្តាគណបក្សនយោបាយ សង្គមស៊ីវិល ព្រមទាំងក្រុមអ្នកស្រាវជ្រាវដែលផ្តល់សារសំខាន់លើតួនាទីរបស់បណ្តាប្រទេសពាក់ព័ន្ធ និងសង្គមស៊ីលវិលដែលបានចូលរួម ក្នុងការចូលរួមអភិវឌ្ឍ និងថែរក្សាស្ថេរភាព សន្តិភាពក្នុងតំបន់ និងពិភពលោក៕