Thursday, March 26, 2015

Speech H.E. Joachim Baron von Marschall, on the occasion of Inauguration Ceremony of the Memorial in Remembrance of the Victims of the Khmer Rouge Regime






សុន្ទរកថា ឯកឧត្តម ក្រាញ់ តូនី ក្នុងពិធី​សម្ពោធ​បូជនីយ​ដ្ឋាននៃ​ការ​ចង​ចាំ និង​រំឮក​វិញ្ញណ​ក្ខន្ធ​ជន​រងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ នៅ​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែង





Speech by His Excellency Kranh Tony on the Occasion of Inauguration Ceremony of the Memorial in Remembrance of the Victims of the Khmer Rouge Regime





សហ​ប្រធាន​ ICC អង្គរ ឯកភាព​​គ្នា​​កសាង​​ទិន្នន័យ​​ថ្មី​ៗ​បន្ថែម សម្រាប់​​ការងា​រ​អភិរក្ស និង​​អភិវឌ្ឍ​​តំ​បន់​​រមណី​ដ្ឋាន​​ប្រវត្តិសាស្ត្រ​​អង្គរ


ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )

នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥ ឯកឧត្តម​​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧប​នាយក​រដ្ឋមន្ត្រី​ បាន​អនុញ្ញាត​ឲ្យ​​​សហប្រធានគណៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរ​ជាតិ​អង្គរ ICC ចូ​ល​ជួប​សវនាការ​ការ​ងារ​នៃ​ដំណើររបស់​ការ​គណៈ​កម្មាធិការ​សម្រប​សម្រួល​ អន្ដរ​ជាតិ​នេះ។
សហប្រធាន​របស់​ ICC អង្គរ ដែល​ជួប​ពិភាក្សាការងារ​ជា​មួយ​ឯកឧត្តមបណ្ឌិត​សភា​ចារ្យ​ សុខ អាន គឺឯកឧត្តម​ Kumamaru Yuji ឯកអគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ឯកឧត្តម​ Jean-Claude Poimboeuf ឯកអគ្គ​រដ្ឋទូ​បារាំង​ប្រចាំ​កម្ពុជា​។
សូម​ជម្រាប​ផង​ដែរថា គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរ​ជាតិ ICC បានដំណើរ​​​ការ​​ជាង​ ២០ឆ្នាំ​មក​ហើយ ប្រកប​ដោយ​ជោគ​ជ័យ​ ហើយ​មិន​ត្រឹម​តែការងារ​អភិរក្ស អភិ​វឌ្ឍ និង​រក្សា​ការពារ​ប្រាសាទ​នោះទេ គឺ​គណៈ​កម្មាធិការ​នេះ បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ ហើយ​ការ​ងារ​របស់​ ICC នោះ ក៏ក្លាយ​ទៅ​ជា​ឧទារហណ៍​ជាក់​ស្ដែង​ ចែក​ជូន​ដល់​អន្ដរ​ជាតិ​ ក្នុង​វិស័យ​អភិរក្ស​ និង​ថែរក្សា​ការ​ពារ​ប្រាសាទ​  ជាពិសេស​​តំ​បន់​រមណីដ្ឋានឧទ្យាន​អង្គ​រ។
ក្នុង​កិច្ច​ជំនួប​នោះ អង្គ​ប្រជុំ​បាន​លើក​ឡើង និង​ឯក​ភាព​គ្នា​​ក្នុង​កិច្ច​ការ​កសាង​ទិន្នន័យ កសាង​សកម្ម​ភាព​ថ្មី ការ​តាម​ដាន និង​ផលិត​នូវឯកសារ​សាមញ្ញ​ខ្នាត​តូច​ៗ ដើម្បី​សាធារណជន​ការកសាង​ប្រតិទិន​​សម្រាប់​អ្នក​ជំនាញ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​ទាំង​អស់​នោះ ស្នាក់​នៅ​ឲ្យមាន​រយៈពេល​យូរ​ដើម្បី​ការ​ងារ​ប្រកប​ដោយ​កិច្ច​ការ​ ច្នៃប្រឌិត ជា​ពិសេស​​ការ​ប្រើប្រាស់​ឲ្យ​អស់លទ្ធ​ភាព នូវ​អ្វី​ដែលកម្ពុជា​មានស្រាប់។
សូម​ជម្រាប​ផង​ដែរ​ថា មជ្ឈមណ្ឌល​អប្សរា​ គឺ​បាន​កសាង​ជា​នូវ​មជ្ឈ​មណ្ឌល​មួយ​ ដែល​មិន​​​មែន​គ្រាន់​តែ​ជា​ការសិក្សា​ ការ​ធ្វើរដ្ឋ​បាល​នោះ​ទេ គឺ​ជាកន្លែង​សម្រាប់​ស្នាក់​នៅ​ដល់​អ្នក​ស្រាវ​ជ្រាវ​ ដោយ​រាប់​ទាំង​ម្ហូប​អាហារ​ និង​សកម្ម​ភាព​ដទៃ​ទៀត។
ការ​ជួបពិភាក្សាគ្នា​នេះ​ដែរ គឺ​មាន​លក្ខណៈ​ប្រកប​ដោយ​ភាព​ស្និទ​ស្នាល​ជាមួយ​នឹង​មោទនភាព​​ចំពោះ​កិច្ច​ ការ​អភិវឌ្ឍ និង​ថែរ​ក្សា​ ជួស​ជុល​ប្រាង្គ​ប្រាសាទ​ទាំង​អស់​នោះ ជាពិសេស​សហ​ប្រធាន​នៃ​គណ
ៈ​កម្មការ​សម្រប​សម្រួល​អន្ដរ​ជាតិ ដែល​មាន​ជប៉ុន និង​បារាំង​ ដែល​បានវាយ​តម្លៃ​ខ្ពស់​ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ​ចំពោះវត្ត​មាន​​របស់​ ឯក​ឧត្តម​ឧ​បនាយករដ្ឋមន្ដ្រី​   បណ្ឌិ​ត​សភា​ចារ្យ​ សុខ អាន ដែល​លោក​តែង​តែ​មាន​វត្ត​មាន​រហូត ចាប់​តាំង​ពីថ្ងៃ​បើក​រហូត​ដល់ថ្ងៃ​បិទ​​នៃ​អង្គ​សិក្ខា​សាលា​ស្ដីអំពី​ កិច្ច​ការ​អភិរក្ស​ ថែរក្សា​ និង​ការ​ពារ​ប្រាសាទ​​អង្គ​រ​នេះ​ ជា​រៀង​រាល់​ឆ្នាំ៕

សម្តេច​តេជោ បើកឱកាស​ដល់​សិស្ស​ជាប់បាក់​ឌុប​និទ្ទេស D និង E ប្រលង​ចូលរៀន​ផ្នែក​ពេទ្យ


ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសំរេច ជាគោលការណ៍អនុញ្ញាតឲ្យសិស្សដែលទទួលបាននិទ្ទេសD និង និទ្ទេស E ក្នុងការប្រលង មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ២០១៤​ និងឆ្នាំ បន្តបន្ទាប់ទៀតអាច ធ្វើការប្រលង ចូល សិក្សា ជំនាញពេទ្យ នៅសាកលវិទ្យា ល័យសុខាភិបាល ។

ការប្រកាសរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនាពេលនេះ គឺនៅគ្រាដែលក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុង ធ្វើ កំណែ     ទំរង់ប្រពន្ធ័អប់រំនៅកម្ពុជា ពិសេសការប្រលងមធ្យម សិក្សាទុតិយភូមិ ក្នុង ឆ្នាំ ២០១៤កន្លងទៅ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី ២៦ មីនា នៅ សាលសន្និសីទនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចតេជោ បានបញ្ជាក់ថា ដោយយោង ទៅ លើបរិបទថ្មី នៃកំណែទំរង់ក្នុងការ ប្រលងមធ្យមសិក្សាទុតិយភូមិ  របស់ក្រសួងអប់រំ  ដែល អត្រា សិស្សជាប់មាន ចំនួនតិច ដូច្នោះចាប់ពីពេលនេះតទៅរាជរដ្ឋាភិបាល ផ្តល់ឱកាស សំរាប់សិស្ស ដែលមាននិទ្ទេស D និង E អាចចូលប្រលងមុខវិជ្ជាពេទ្យ។

យ៉ាងណាក្តីសម្តេច បានបញ្ជាក់ថា មិនមែនយកសិស្សដែលបានប្រលងក្នុងឆ្នាំសិក្សា ២០១២ រឺ ២០១៣នោះទេ គឺយកត្រឹមឆ្នាំ ២០១៤ តទៅ ប៉ុណ្ណោះ។

គួររំលឹកថា​កន្លង ទៅក្រសួង សុខាភិបាល បានសំរេចជ្រើសរើសសិស្សដែលជាប់បាក់ឌុប ចាប់ពី និទ្ទេស A B និង C ទើបអាចមានលទ្ធភាពប្រលងចូលរៀននៅសាលាពេទ្យបាន ដោយ សារអ្នកប្រលងជាប់មានចំនួនច្រើន រហូតដល់ទៅជាង៩០%។ ប៉ុន្តែឆ្នាំ ២០១៤ ផ្ទុយពីឆ្នាំ ២០១៣ ការប្រលងមធ្យមសិក្សាទុតិយភូមិ មានភាពតឹងរ៉ឹងខ្លាំង ដែលធ្វើឲ្យអត្រា ធ្លាក់មាន រហូតដល់ជាង៦០% ដូច្នេះការលើកទឹកចិត្ត និងផ្តល់ឱកាសឲ្យសិស្សនិទ្ទេស D និង E អាច ចូលប្រលង គឺជាភាពចាំបាច់។

គួររំលឹកថា ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤ចំនួនពីរលើកកន្លងទៅ ចំនួនអ្នក ប្រលងជាប់មានប្រមាណ៤០%ប៉ុណ្នោះ ក្នុងចំណោមបេក្ខជនមានសិទ្ធិប្រលងចំនួនជាង ៩ម៉ឺននាក់ នោះក៍ដោយសារការធ្វើកំណែទំរង់ស៊ីជំរៅរបស់រដ្ឋមន្ត្រី ក្រសួងអប់រំថ្មី ឯកឧត្តម ហង់ ជួនណារ៉ុន។
         
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់នៃ​ក្រសួងអប់រំ​ យុវជន និងកីឡា ដោយជំរុញ និងពង្រីកកម្ម វិធីអប់រំកុមារតូច ឲ្យបានល្អ បន្ត​យកចិត្តទុកដាក់លើការពង្រីកកម្មវិធីផ្តល់ អាហារូបករណ៍សំរាប់សិស្សពូកែ និង សិស្សជួបការ​លំបាក សិស្សនារីជាដើម ដើម្បីធានានូវការផ្តល់ឱកាសដល់ពួកគាត់។ ក្នុងនោះត្រូវធានា​ប្រសិទ្ធ​ភាពនៃ ការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ភាសា​បរ​ទេស និងវិទ្យាសាស្ត្រសង្គមឲ្យមានប្រសិទ្ធិភាព ពិសេសអនុវត្តឲ្យសកម្មលើគោល​នយោបាយ​លើក​កំពស់គុណភាព និងប្រសិទ្ធិភាពអប់រំនៅកំរិត ឧត្តមសិក្សា។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿង ឥស្សរិយយស​ថ្នាក់​មហាសេរីវឌ្ឍ ជាមួយទឹកប្រាក់១០០លានរៀល ដើម្បីជាគំរូដល់គ្រូទូទៅនៅកម្ពុជា។ ក្នុង​នោះដែរ សម្តេចតេជោ ក៍បានផ្តល់រង្វាន់ នាយកសាលាឆ្នើមចំនួន៣រូប និងគ្រូបង្រៀន​ឆ្នើម​ទូទាំងប្រទេសចំនួន៥នាក់ ផងដែរ៕ 

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន៖​ បូជនីយ​ដ្ឋាន​ ​នៃ​ការ​ចង​ចាំ​ជា​​សម​ទ្ធិ​ផល​​ថ្មី​​នៅក្នុង​​គំរោង​សំណង់​​ជា​លក្ខណៈ​​ផ្លូវចិត្ត​នៃ​ អវតក


ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល បន្ទុក ​ទីស្តីការគណៈរដ្ឋមន្ត្រី ​និង​វត្ត​មាន​ចូលរួម​ពីឯកឧត្តម ចូវចីម បារ៉ុន វុន ម៉ាស់ ស្កាល (Joachim Baron von Marschall) ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ព្រមទាំង​តំណាង​អង្គការ​សហ​ប្រជាជាតិ និង​តំណាង​ស្ថានទូត​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា រួមទាំង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហមផងដែរ ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​​សាង​សង់​ឡើង​ក្រោម​​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ តម្លៃ​ប្រមាណ ៩ម៉ឺន​ដុល្លារ​ តាម​រយៈ​អង្គ​ភាព​គាំ​ពារ​ជន​រង​គ្រោះ​នៃ (អវតក) ត្រូវបាន​សម្ពោធដាក់​ឲ្យ​ដំណើរ​ការ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​បានចាត់​ទុកពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ជនរង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យនា​ពេល ​នេះ​ថា គឺ​ជា​សម​ទ្ធិ​ផល​ថ្មី​ដ៏​សំខាន់​មួយ​ទៀត នៅក្នុង​គំរោង​សំណង់​ជា​លក្ខណៈ​ផ្លូវចិត្ត និង​សមូហ​ភាព ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាបានសម្រេច​ឡើង​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា តាងនាម​ឲ្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​ក្នុងនាម​ក្រុមការងារ​សាលាក្តី​ខ្មែរក្រហម និង​ភាគី​ហត្ថលេខី​កិច្ច​ព្រម​ព្រៀង សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ និង​ការ​ចូលរួមចំណែក​ដ៏​ថ្លៃថ្លា​របស់​បណ្តា​ប្រទេស​ម្ចាស់ជំនួយ ជាពិសេស​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​បានផ្តល់​ការគាំទ្រ​ដល់​ការចូលរួម​របស់​ជន​រងគ្រោះ ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី និង​ក្នុង​គំរោង​សំណង​ដល់​ជនរងគ្រោះ​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​សាលាក្តី​ខ្មែរក្រហម​ និង​ភាគី​ហត្ថលេខីលើ​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជា​ជាតិក៏បាន​រម្លឹកថា នៅ​ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ការជួយឧបត្ថម្ភ​គាំទ្រ និង​ការចូលរួម​ពី​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សា​ហាវ​យង់ឃ្នង (បណ្តាល​ឲ្យ​ប្រជាជន​ជាង ៣លាន​នាក់ បាន​បាត់​បង់​ជីវិត) ​នៅ​ក្នុង​ ប្រទេស​កម្ពុជា ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បង្កឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ពុំបាន​រក​យុត្តិធម៌​ជា​យូរណាស់​មកហើយ​។ អង្គការ​សហ​ប្រជាជាតិ បាន​ឆ្លើយតប​វិជ្ជមាន​ចំពោះ​សំណើ​នេះ ហើយ​បានធ្វើ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ដែលជា​យន្ត​ការ​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ប្រព័ន្ធយុត្តិធម៌​អន្តរជាតិ​។​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​រក​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សា​ហាវ​យង់​ឃ្នង​ទាំង​នេះ ដែល​មិនមែន​គ្រាន់​តែ​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ទាំង​មូល​ផង រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​និង​កំពុងធ្វើ​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ ​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ដើម្បី​ធ្វើការ​កាត់​ទោស​មេដឹកនាំ​កំពូល និង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​របស់​របប​ខ្មែរក្រហម។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នេះ ត្រូវ​បាន​សាងសង់ឡើង នៅលើ​ទីតាំង​បូជនីយដ្ឋាន​ចាស់ ដែល​សាងសង់​ពី​ឈើ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ដួលរលំ​។ កាល​ពី​ ៥០ឆ្នាំ​មុន​ទីនេះ (វិទ្យាល័យ​ពញ្ញាយ៉ាត ក្រោយ​មក​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ) គឺ​ជា​ទីធ្លាសម្រាប់​សិក្សានុសិស្ស​រត់​លេង​ដែល​ពោរ​ពេញ​ដោយ​សម្លេង​សើច​ ក្អាកក្អាយ និង​ប្រកប​ដោយ​សុទិដ្ឋិនិយម​ពី​អនាគត ហើយកាល​ពី​ ៤០ឆ្នាំ​មុន ស្រ​មោល​នៃ​សង្គ្រាម​បាន​គ្រប​ដណ្តប់​មក​លើ​ទីធ្លា​សាលា​រៀន​នេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​បាន​ថា ភាព​ខ្មៅ​ងងឹត​នោះ​មា​ន​ទំហំ​ប៉ុណ្ណា​​ទេ នៅ​ឆ្នាំ​បន្ត​បន្ទាប់​នោះ។ ទីធ្លា​នេះ​បាន​ក្លាយ​ជាកន្លែង​ប្រកប​ដោយ​អំពើ​យង់​ឃ្នង ការ​ឈឺ​ចាប់ និង​ការ​ភ័យ​រន្ធត់។ ប៉ុន្តែ​ស្លាក​ស្នាម​នៃ​អំពើ​យង់​ឃ្នងការ​ឈឺ​ចាប់​នេះ​ហើយ​ ដែល​ជា​ហេតុ​នាំ​ដល់​ការ​កាត់​ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ ឧក្រិដ្ឋកម្ម​ ដែល​បាន​ប្រព្រឹត្តិ​នៅទីនេះ (សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង)។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​បាន​បញ្ជាក់ថា “​ថ្ងៃនេះ យើង​មកជួប​ជុំគ្នា ចូលរួម​ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ជាការ​ឧទ្ទិស​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត ជាពិសេស​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំង ធ្វើ​ទារុណកម្ម និង​បាត់​បង់ជីវិត​នៅ​គុក​ទួលស្លែង​នេះ ក៏ដូចជា​កន្លែង​ពាក់​ព័ន្ធ​ផ្សេងទៀត ដូចជា​វាលពិឃាត​ជើងឯក និង​ការដ្ឋាន​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ព្រៃ​ស (​មន្ទីរ ស​-២៤)”​។ ថ្ងៃ​នេះ​ យើង​ទាំង​អស់​គ្នា​ឈរ​នៅ​ទីនេះ ដើម្បី​ផ្តល់​កិត្តិយស និង​ចងចាំ​ដល់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត និង​ប្រកាស​នូវការ​ប្តេជ្ញាចិត្តរបស់​យើង​ក្នុង​ការ​ទប់ស្កាត់នូវ​ ឧក្រិដ្ឋកម្ម​បែប​នោះ មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ​ទាំង​នៅ​កម្ពុជា ក៏ដូច​ជាទីកន្លែង​ដទៃ​ទៀតនៅលើ​ពិភពលោក​នេះ។
ឯកឧត្តម ក្រាញ់ តូនី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្តីទីនៃ (អវតក) បាន​ឲ្យ​ដឹង​ថា យោង​តាម​សំណើ​របស់លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង ដែលជា​ដើម​បណ្ដឹង​រដ្ឋប្បវេនី និង​ជន​រងគ្រោះ​ដទៃទៀតនៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អង្គភាព​គាំពារ​ជន​រងគ្រោះបាន​ស្វះ​ស្វែង​រក​ថវិកា ដើម្បី​សាង​សង់​បូជនីយដ្ឋាន​នេះ​ឡើង​វិញ ដោយ​មានការ​ឧបត្ថម្ភ​ថវិកា​ពីក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (BMZ) នាឆ្នាំ​២០១២។ អង្គភាព​គាំពារ​ជន​រងគ្រោះ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃក្រសួង​ វប្បធម៌ និ​ងវិចិត្រ​សិល្បៈ រួម​ទាំង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ក៏​បាន​ផ្តួច​ផ្តើម​ពិភាក្សា និង​រៀប​ចំផែនការ​កសាង​បូជនីយដ្ឋាន​រលឹក​វិញ្ញាណក្ខន្ធ​នេះ​ឡើង​។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​បាន​ស្នើ​សុំ​គោល​ការណ៍​សាង​សង់​បូជនីយដ្ឋាន​ពីរាជរដ្ឋាភិបាល ដែល​បាន​អនុញ្ញាត្ត និង​យល់​ព្រម​តាម​រយៈ​លិខិត​លេខ ០៧ សជណ ចុះ​ថ្ងៃទី​ ០៣ ខែមករា ឆ្នាំ​២០១៣។
តាង​នាម​ឲ្យ​លោក ប៊ូ ម៉េង និងលោក នង ច័ន្ទ​ផល ដែល​នៅរស់ពី​គុក​ទួល​ស្លែង លោក ជុំ ម៉ី បាន​សម្តែងការ​រំជួល​ចិត្តចំពោះ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៃ​ របប​ខ្មែរ​ក្រហម ដោយ (អវតក) និង​ថ្លែង​អំណរគុណ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា អង្គ​ភាព​គាំពារ​ជន​រងគ្រោះ និងស្ថាន​ទូត​សហព័ន្ធ​អាល្លឺម៉ង់ ដែល​បានផ្តល់​ការគាំទ្រ​ក្នុង​ការ​សាង​សង់​បូជនី​យដ្ឋាន​នៃការ​ចងចាំ នៅ​ក្នុង​សារមន្ទីរ​គុកទួល​ស្លែង៕


សម្តេច​​តេជោ រំលឹក​​ពី​បញ្ហា​​ថ្មក្តៅ​​សម្រា​ប់​​កម្ពុជា


ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )
ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​គ្រូ​បង្រៀន កម្រិត​ឧត្តម​ជំនាន់ទី១៩ គ្រូបង្រៀនកម្រិតមូលដ្ឋាន​ឯកទេសភាសាបារាំង​ខ្មែរ​ជំនាន់​ទី១៦ និង​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជាផ្លូវការ​អគារ ១ខ្នង របស់​វិទ្យាស្ថាន​ជាតិអប់រំ នាព្រឹក​ថ្ងៃទី២៥ ខែ​មីនា ឆ្នាំ​២០១៥  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រសាសន៍​រំលឹក​ពី​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​និង​​អន្តរជាតិ​ដែល​ សម្តេច​ហៅ​ថា ជា​ថ្ម​ក្តៅ​សម្រាប់​កម្ពុជា។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យដឹងថា មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​បាន​យក​ពាក្យ​ខ្ញុំ​ទៅ​ប្រើ។ ខ្ញុំបាននិយាយថា បញ្ហា​សមុទ្រចិន​ខាងត្បូង​ជាដុំថ្មក្តៅ​មិន​មែន​ជា​ដំឡូង​ក្តៅ​ទេ បើ​សិន​ជាដំឡូង​ក្តៅ ខ្ញុំ​ទ្រាំចាប់​ហើយ ព្រោះ​បន្តិច​ទៅ វាត្រជាក់​យើង​ទទួល​ទាន​បាន ប៉ុន្តែ​ថ្ម​ក្តៅអត់​ទេ​។
សម្តេចតេជោ​មានប្រសាសន៍​រំលឹក​ថា អញ្ចឹង​ហើយ​បាន​ជា ស៊ុលតង់​ព្រុយ​ណេ និង​ប្រធានាធិបតី​ថេនសេន របស់ ​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយថា សូម​ឯកឧត្តម ធ្វើ​យ៉ាង​ណា​ឱ្យ​ថ្ម​ក្តៅ​ឱ្យវាត្រជាក់​នៅកម្ពុជា​នៅឆ្នាំ២០១២ ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ានទៅ។ ខ្ញុំ​បាននិយាយ​ហើយថា ត្រជាក់​ឬ​មិន​ត្រជាក់​វាស៊ី​សង​ហ្នឹង​អ្នក​ពាក់​ព័ន្ធ​ទេ​។ ករណី​បញ្ហាសមុទ្រចិន​ខាងត្បូង​នេះ សម្តេចតេជោ​មាន​ប្រសាសន៍​លើក​ជាសំនួរ​ថា ផុត​ពី​កម្ពុជា​ទៅសួរថា ព្រុយណេ​ដែល​ធ្វើជាម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដោះ​ស្រាយ​បាន​​ ទេ​? អត់​បាន​។ រហូត​ទៅ​ដល់​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​ជាម្ចាស់​ផ្ទះ​ដោះ​ស្រាយ​បាន​ទេ ? អត់​បាន​។ ឥឡូវ​ខ្ញុំ​រង់ចាំ​មើល​នៅ​ម៉ាឡេស៊ី ដោះ​ស្រាយ​បាន ឬ​មិន​បាន ។ អត់​បាន ។ ខ្ញុំ​ជឿ​ថា វា​អត់​ទៅ​រួច​ហើយ​មក​ធ្វើ​បាប​តែ​កម្ពុជា​។
ទាក់ទង​បញ្ហា​នេះ​សម្តេចតេជោ​ថ្លែង​ថា ប៉ុន្តែ​ឥឡូវ​ខ្ញុំរង់ចាំ​មើល​មួយ​ជុំ ព្រោះ​ទីចុង​បំផុត​បញ្ហា​​វាមិនមែន​បញ្ហា​អាស៊ាន​ទាំង​មូល​ឯណា វាជា​បញ្ហា​ពាក់ព័ន្ធ​ផ្ទាល់​រវាង​ប្រទេស ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​និយាយ​គ្នា។ ពិតមែន​ហើយ​យន្តការ COC យន្តការ​អាស៊ាន-ចិន គឺ​ត្រូវ​តែ​ធ្វើ​ហើយ​ព្រោះខែ​ក្រោយ​ហ្នឹងដល់​ខែក្តៅ​ហើយ​ថ្ម​ សមុទ្រខាងត្បូង (បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង) ក្តៅ​នៅ​គួឡាឡាំពួរ និង​នៅ​ឡាំង​កាវី។ បញ្ហានេះ​សម្តេចតេជោ​វាយតម្លៃថា បញ្ហា​សមុទ្រ​​ចិនខាង​ត្បូង​មិនមែន​ជាបញ្ហា​អាស៊ាន​ទាំង​មូលទេ ប៉ុន្តែ​ជា​បញ្ហា​ពាក់​ព័ន្ធ​ផ្ទាល់​រវាង​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ត្រូវ ​និយាយ​គ្នា។
សម្តេចតេជោ ក៏បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា បញ្ហាថ្ម​ក្តៅ​នៅ​កម្ពុជា​មាន​ច្រើន​ណាស់ ។ សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ឲ្យដឹងថា អង្គការ​កម្មវិធី​ស្បៀងអា​ហារ​ពិភព​លោក (WFP) គាត់​បង្កើត​កម្មវិធី​ផ្តល់អាហារ​សម្រាប់​កូន​សិស្ស (នៅកម្ពុជា) នៅពេល​ដែល​គាត់​ដក​ជំនួយ គាត់​ឱ្យ​រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ។ សម្តេច​តេជោមាន​ប្រសាសន៍​បញ្ជាក់ថា យើង​បាន​ចេញ​អង្ករ ២.០០០ ​តោន​ក្នុង​មួយ​ឆ្នាំ។ សូមកុំនិយាយថា អង្ករ​នោះ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ( WFP ) ជាអ្នកឱ្យ ។ WFP គាត់​សុំ​អង្ករ​យើងៗ​ឱ្យ​តាមរយៈ​គាត់ ហើយ​គាត់​យក​មកឱ្យ​យើង​វិញ វា​ឆ្ងាញ់​ត្រង់​កន្លែង​ហ្នឹង ហើយ​បាន​ឈ្មោះ​គាត់​ទៀត ។
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍ឲ្យ​ដឹងករណី​ផ្សេងមួយទៀតថា នៅ​ពេល​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​បញ្ហា​ជំងឺ​ផ្តាសាយបក្សី អង្គការ​សុខភាព​ពិភពលោក (WHO) បបួល​កម្ពុជា​ឱ្យ​សម្លាប់​មាន់ ដោយ​ត្រូវ​សង​ប្រជាជន។ កាលនោះ​ខ្ញុំថា ប្រសិន​បើ​អង្គការ​សុខភាព​ពិភពលោក (WHO) ចង់​ធ្វើដូចនេះ ត្រូវ​ផ្ទេរ​ប្រាក់​រាប់​រយលាន​ដុល្លារទុក​ក្នុងធនាគារ​ខ្មែរ​ទើប​បាន។ ដោយ​ឡែក​ទាក់ទិន​និង​ធនាគារ​ពិភពលោក (WB) វិញ សម្តេចតេជោ​ថ្លែង​ថា ខ្ញុំ​ចង់​ខ្ចី​លុយ​គាត់​ដើម្បី​កសាង​សាលា ប៉ុន្តែ​ខាង​ធនាគារពិភពលោក (WB) បាន​ប្រាប់​ថា ឱ្យ​ខ្ចី​តែ​សម្រាប់​អាហារូប​ករណ៍។ សម្តេចតេជោ​បាន​មាន​ប្រសាសន៍​លើក​ជា​ជម្ងល់​ថា បើ​ឱ្យ​ខ្ចី​សម្រាប់​អាហារូបករណ៍ តើ​បាន​សាលា​រៀន​មក​ពីណា បើ​មិនឱ្យខ្ចី​សម្រាប់​កសាង​សាលា​រៀន​ផង​នោះ៕

បូ​ជនីយ​ដ្ឋាន​នៃ​ការ​ចងចាំ​​ និង​រំព្ញក​វិញ្ញាណ​ក្ខន្ធ នៅ​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​​ប្រល័យ​ទួលស្លែង








សុន្ទរកថា ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ក្នុង​ពិធី​សម្ពោធ​បូជនីយ​ដ្ឋាន នៃការ​ចងចាំ និងរំឮក​វិញ្ញណក្ខន្ធ​ជនរង​គ្រោះ ក្នុងរបប​កម្ពុជា​ប្រជាធិប​តេយ្យ នៅសារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង

ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )
សុន្ទរកថា
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី 
ក្នុងពិធីសម្ពោធបូជនីយដ្ឋាននៃការចងចាំ និងរំឮកវិញ្ញណក្ខន្ធជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥
 
-                      សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
-                      ឯកឧត្តម Joachim Baron von Marschall ឯកអគ្គរដ្ឋទូតនៃសាធារណៈសហព័ន្ធអាល្លឺម៉ង់​​​ប្រចាំ​កម្ពុជា និងលោកជំទាវ
-                      ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ
-                      ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាដើមបណ្តឹងរដ្ឋប្បវេណី ​និងបងប្អូនជនរងគ្រោះនៃរបបកម្ពុជា​ប្រជាធិបតេយ្យ​ទាំងអស់
-              ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សា​ នុសិស្ស​ទាំងអស់
 
ពិធីសម្ពោធ «បូជនីយដ្ឋាននៃការចងចាំ​និងរំឮកវិញ្ញណក្ខន្ធ​ជនរងគ្រោះ​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»  នាពេលនេះ គឺជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតនៅក្នុងគម្រោងសំណងជាលក្ខណៈផ្លូវចិត្ត និងសមូហភាព ​ដល់ជនរងគ្រោះ​​នៃរបប​​​ខ្មែរ​ក្រហម ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានសម្រេចឡើង។ តាងនាមឱ្យរាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ជាប្រធានក្រុមការងារ​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​ភាគីហត្ថលេខី​លើកិច្ចព្រមព្រៀង ខ្ញុំ​សូម​​សម្តែង​នូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះ​កិច្ចសហការ​​​ដ៏ល្អ ​និង​​ការចូល​រួម​ចំណែកដ៏ថ្លៃថ្លា​របស់បណ្តាប្រទេសម្ចាស់ជំនួយ ជាពិសេស សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ​ដែលបានផ្ដល់ការគាំទ្រ​ដល់​ការ​ចូលរួម​របស់​ ជនរងគ្រោះក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី និងក្នុងគម្រោងសំណង​​ដល់ជនរងគ្រោះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ​សូម​ចូលរួមរំលែកទុក្ខ​យ៉ាង​ក្រៀម​ក្រំជាមួយ​​គ្រួសាររបស់​ជន​រង​គ្រោះ ​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ធ្លាក់​យន្តហោះ Airbus A320 ជើងហោះហើរ​លេខ 4U95​25 របស់​ក្រុមហ៊ុន German​wings កាលពីថ្ងៃអង្គារ​កន្លង​ទៅនេះ ​ដែលក្នុងនោះ​​​ភាគច្រើន​នៃ​ជនរង​គ្រោះ​ គឺ​ជាជន​ជាតិ​អាល្លឺម៉ង់។
ខ្ញុំសូមរំឮកថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​​ស្នើ​សុំ​ការជួយឧបត្ថម្ភគាំទ្រ​និង​ការចូលរួមពី ​អង្គ​ការ​សហប្រជាជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌ចំពោះ​ឧក្រិដ្ឋកម្មដ៏​សាហាវ​​​​​យង់​ឃ្នង​នៅក្នុង​ ប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ បង្កឡើង​ដោយរបប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែលពុំបានរកយុត្តិធម៌​​ជាយូរ​ណាស់មកហើយ។ អង្គការ​សហ​ប្រជាជាតិ​​​បាន​ឆ្លើយ​តប​​ជាវិជ្ជមានចំពោះសំណើ​នេះ ហើយបានធ្វើកិច្ចសហការ​យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋា​ភិបាល​​កម្ពុជា ​ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា  ដែលជាយន្តការថ្មីមួយ​​ដ៏មាន​សារៈសំខាន់​​សម្រាប់ប្រព័ន្ធ​យុត្តិធម៌​​ អន្តរជាតិ ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា  បានចាប់ផ្តើមដំណើរការនៅដើម​ឆ្នាំ២​០០៦។ នៅក្នុងឆ្នាំដំបូង​នៃដំណើរការនេះ ផ្នែក​មួយចំនួន​នៃសាលាក្ដី​​បាន​ផ្តោត​ជាសំខាន់លើ​បញ្ហា​នីតិវិធី និងការរៀបចំដំណើរការការងារ រីឯសហព្រះរាជអាជ្ញាបានរៀបចំដីកាសន្និដ្ឋាន​បញ្ជូនរឿងឲ្យស៊ើបសួរ និងបានដាក់ដីកានេះនៅ​ពាក់​​កណ្តាល​​ឆ្នាំ២០០៧។ ក្នុងរយៈ​ពេល៨ឆ្នាំបន្ទាប់ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​សម្រេចនូវសមិទ្ធផលការងារជាច្រើន ដូចដែល​​ឯកឧត្តម ក្រាញ់ តូនី បាន​បញ្ជាក់នៅក្នុងរបាយការណ៍ខាងលើស្រាប់។ ជាក់ស្ដែង រហូត​​មក​ដល់​ពេលនេះ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានចេញសាលក្រមដ៏សំខាន់​ចំនួនពីរ​ គឺសាលក្រមស្ថាពរ​​ក្នុង​​សំណុំ​រឿង​០០១ និងសាលក្រមនៃសំណុំរឿង០០២ ដំណាក់កាល​ទីមួយ ហើយ​​​អ្នក​ដែល​ទទួល​ខុស​ត្រូវ​​នៃ​ឧក្រិដ្ឋកម្មទាំងនោះ ត្រូវបានរកឃើញថាមានពិរុទ្ធភាព ​និង​​ត្រូ​វ​​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​​​អស់មួយជីវិត។
បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំ ការចេញសាលក្រមទាំងនោះ គឺជាសមិទ្ធផល​យ៉ាងធំ​ធេង​នៅក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង​គ្រួសារ​របស់​ពួកគេ។ បន្ថែមលើនេះ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានផ្តល់ឱកាស​​ឱ្យជន​រងគ្រោះ​ចូលរួមក្នុងអង្គជំនុំជម្រះ​ ដែលប្រការនេះមិនធ្លាប់មានពីមុនមកឡើយ។ ជនរងគ្រោះចំនួនប្រមាណ ៤០០០ នាក់ បាន​ចូលរួម​ជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងដំណើរការ​ព្រហ្មទណ្ឌ និងបានស្នើសុំសំណងជាលក្ខណៈ​​​ផ្លូវចិត្ត និងសមូហភាព  ដូច​មានចែងនៅក្នុងវិធានផ្ទៃក្នុង នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ គម្រោងសំណងជាច្រើនចំពោះ​ដើមបណ្តឹង​រដ្ឋប្បវេណី ត្រូវបាន​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងទទួលស្គាល់ ហើយសង្ឃឹមថាអាចជួយបន្ធូរបន្ថយដល់ភាពឈឺចាប់របស់បងប្អូន​​អស់រយៈ​ពេលជាយូ​ រណាស់មក​ហើយ។ ក្រៅពីសំណង​ដែល​សម្រេចនិងទទួល​ស្គាល់​ដោយ​តុលាការ  អង្គភាពគាំពារ​ជន​រង​គ្រោះ​នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា ដោយ​​សហការ​​ជាមួយ​នឹង​ស្ថាប័នរាជរដ្ឋាភិបាល និង​អង្គការ​ក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធ បាន​បង្កើត​នូវ​គម្រោងសំខាន់ផ្សេងៗទៀត ហៅថា«សំណងក្រៅតុលាការ» ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ឲ្យ​កាន់​តែទូលំ​ទូលាយ​ដល់​ជន​រងគ្រោះទូទៅ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗសិស្សា​នុសិស្ស​
ដូចយើងទាំងអស់គ្នា​បាន​ដឹងហើយថា នៅក្នុងរបបប្រល័យពូជសាសន៍​ ប៉ុល ពត ប្រជា​ជន​កម្ពុជាជាងបីលាននាក់បានបាត់បង់ជីវិត។ អ្នកទាំងនោះ​ គឺ​ជាជីដូនជីតា ​ឪពុកម្តាយ កូនចៅ សាច់ញាតិ សហសេវិក និង​មិត្តភក្តិរបស់យើង។ យើងទាំងអស់​គ្នា​ដែលរស់រាន​មាន​ជីវិត​ពីរបបនេះ បានរស់នៅដោយក្តីឈឺចាប់ និង​សេចក្តីសោកសង្រេងអស់រយៈ​ពេល​ជាងបី​ទសវត្សរ៍​​មក​ហើយ ដោយសារតែការបាត់បង់អ្នក​ដែលជាទី​ស្រឡាញ់​​របស់យើង ហើយយើង​តែងតែ​មាន​សុបិន្ត​អាក្រក់​​អំពី​អតីតកាលនោះជានិច្ច។ សូម្បីតែក្មួយៗដែលកើត​ក្រោយឆ្នាំ១៩៧៩ ដែលមិនបាន​ជួប​ប្រទះដោយផ្ទាល់នូវ​ឧក្រិដ្ឋកម្មទាំងនោះក៏ដោយ ក៏​ត្រូវ​ប្រឈមនឹងបន្ទុកដ៏ធ្ងន់ធ្ងរដែរ ដោយក្មួយៗបានមើលឃើញ​ឪពុក​ម្តាយ បងប្រុស បងស្រី​ របស់​ខ្លួននៅ​មាន​ក្តី​ឈឺចាប់នៅឡើយ និងបានឃើញការអភិវឌ្ឍរបស់ប្រទេសដើរថយក្រោយនាពេលនោះ បើប្រៀបធៀប​ទៅ​នឹងប្រទេស​នានានៅក្នុងតំបន់ និងពិភពលោក។
ដើម្បីរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងទាំងនេះ ដែលមិនមែនគ្រាន់​តែជាឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជន​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាំងមូលផង រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់ ​សម្តេចអគ្គមហាសេនាបតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​និងកំពុងធ្វើ កិច្ចសហការយ៉ាង​ជិត​ស្និទជាមួយសហគមន៍អន្តរជាតិ នៅក្នុងក្របខ័ណ្ឌនៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បីធ្វើការ​កាត់ទោសមេដឹក​នាំកំពូល និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតរបស់​របប​ខ្មែរក្រហម។
ថ្ងៃនេះ​ យើងមកជួបជុំគ្នា ចូលរួមក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃការចងចាំ និង​រំឮក​​វិញ្ញាណក្ខន្ធ​ដល់​​ជន​រង​គ្រោះក្នុង​របបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការ​​​​ឧទ្ទិស​ដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត ជាពិសេស​អ្នក​ដែល​ត្រូវ​បានឃុំឃាំង ធ្វើ​ទារុណកម្ម និងបាត់បង់ជីវិត​នៅ​គុក​ទួលស្លែងនេះ ក៏ដូចជា​ទីកន្លែង​ពាក់ព័ន្ធ​ផ្សេងទៀត ដូចជាវាលពិឃាត​ជើងឯកនិង​​ការ​ដ្ឋាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅព្រៃស (មន្ទីរ​ ស-២៤)​។
បូជនីយដ្ឋាន​នៃការចងចាំ និងរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងបូជនីយដ្ឋាន​ចាស់​ ដែលសាងសង់ពីឈើនៅទសវត្សរ៍ឆ្នាំ១៩៨០ ដោយរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។  កាលពី៥០ ឆ្នាំមុន ទីនេះគឺជាទីធ្លាសម្រាប់សិស្សានុសិស្សរត់លេង ដែលពោរពេញទៅដោយសំឡេង​សើច​ក្អាកក្អាយ និងប្រកបដោយសុទិដ្ឋិនិយមអំពីអនាគត ហើយ កាលពី៤០ ឆ្នាំមុន ស្រមោលនៃសង្គ្រាមបានគ្របដណ្តប់មកលើទីធ្លាសាលារៀននេះ ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងបានថា ភាពខ្មៅងងឹតនោះ នឹងមានទំហំធំប៉ុណ្ណាទេ នៅ​ឆ្នាំ​បន្តបន្ទាប់នោះ។​ ទីនេះបានក្លាយជាទីកន្លែងប្រកបដោយអំពើយង់ឃ្នង ការឈឺចាប់ និងការភ័យរន្ធត់។ ប៉ុន្តែ ស្លាក​ស្នាម​​នៃ​អំពើយង់ឃ្នង ការឈឺចាប់នេះហើយ ដែលជាហេតុនាំទៅដល់ការកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះ​ឧក្រឹដ្ឋកម្ម​​ ដែល​បានប្រព្រឹត្តិនៅទីនេះ។ ថ្ងៃនេះ យើងទាំងអស់គ្នាឈរនៅទីនេះ ដើម្បីផ្តល់កិត្តិយស និងចងចាំដល់អ្នក​ដែល​បានបាត់បង់ជិវិត  និងប្រកាសនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការទប់ស្កាត់នូវឧក្រឹដ្ឋកម្មបែបនោះមិនឲ្យវិលត្រឡប់មកវិញ ទាំង​នៅកម្ពុជាក៏ដូចជាទីកន្លែងដទៃទៀតនៅលើពិភពលោកនេះ។ ដូច្នេះ ខ្ញុំជឿជាក់ថា បូជនីយដ្ឋាន​ដែលទើប​សាងសង់​ថ្មី​នេះ មាន​គោលដៅ​ដូចខាងក្រោម៖
១.            បូជនីយដ្ឋាន​នេះ គឺជាទីកន្លែងដ៏សំខាន់មួយ​សម្រាប់អ្នករស់រានមានជីវិត ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ ដើម្បី​រំឮក​ដល់​សាច់​ញាតិ​​​ដែល​បាន​ស្លាប់បាត់បង់ជីវិត និងដើម្បីបន្ធូរបន្ថយនូវក្តីឈឺចាប់ និងសេចក្តីសោកសង្រេង​របស់ខ្លួន។
២.            តាងនាមឱ្យប្រជាជនកម្ពុជាបច្ចុប្បន្ន បូជនីយដ្ឋាននេះគឺជាការទទួលស្គាល់នូវការរងទុក្ខវេទនាដ៏ធំ​ធេងនិង​ មិនអាចបំភ្លេចបានរបស់ជនរងគ្រោះ និង​អ្នក​ដែលនៅ​រស់​រាន​មានជីវិតពីគុកទួលស្លែង ក៏ដូចជារបបកម្ពុជាប្រជាធិប​តេយ្យ​​ទំាងមូល។​
៣.      បូជនីយដ្ឋាននេះ គឺជាការរំលឹកដល់ប្រជាជនកម្ពុជា និងអ្នកដែលមកទស្សនាទីនេះ​ទាំងអស់ ឱ្យនឹកឃើញជានិច្ច និងមិនអាចបំភ្លេចបាន នូវឧក្រិដ្ឋកម្មដ៏រន្ធត់ ដែល​បាន​កើត​ឡើង​នៅក្នុងរបបកម្ពុជា​ប្រជា​ធិប​​តេយ្យ។
៤.      សម្រាប់កូនចៅរបស់យើង បូជនីយដ្ឋាននេះ រួមជាមួយ​នឹងសារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែងផង    គឺជាទីកន្លែងមួយសម្រាប់អប់រំដល់មនុស្សជំនាន់ក្រោយឱ្យចងចាំ និង​​ចូលរួម​ទប់ស្កាត់​កុំឱ្យរបបដ៏ខ្មៅ​ងងឹត​នេះ​វិលត្រឡប់​មកជាថ្មី​ ម្តងទៀត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗសិស្សា​នុសិស្ស​
ក្នុងឱកាសដ៏វិសេសវិសាលនេះ និងដោយមានវត្តមានជនរងគ្រោះជាច្រើននាក់ ជាពិសេស​អ្នកដែល​នៅរស់​រាន​មានជីវិតពីឧក្រិដ្ឋកម្មនៃគុកទួលស្លែងនេះផង ខ្ញុំសង្ឃឹមយ៉ាង​មុតមាំថា ការសាងសង់បូជនីយដ្ឋាន​នេះឡើង នឹង​ជួយ​បន្ធូរ​បន្ថយ​ផ្នែក​ផ្លូវ​ចិត្ត​របស់បងប្អូន និងសាច់ញាតិ​របស់ជនរងគ្រោះដែលបានបាត់​បង់​អាយុ​ជីវិត​ ក្នុងរបបកម្ពុជាប្រជាធិប​តេ​យ្យ​។
ខ្ញុំសូមអរគុណជាពិសេសដល់លោកពូ ជុំ ម៉ី និងលោកពូ ប៊ូ ម៉េង ដើមបណ្តឹង​រដ្ឋប្បវេណី និង​ជនរងគ្រោះ​ដទៃ​ទៀត​នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែលបានស្នើសុំឲ្យមានការសាងសង់បូជនីយដ្ឋាននៅសារមន្ទី​ប្រល័យ​​ពូជ​ សាសន៍ទួលស្លែង​នេះ​ និង ផ្តល់​មតិយោបល់​ដ៏មាន​អត្ថ​ន័យក្នុងការធ្វើឲ្យបូជនីយដ្ឋាននេះ​លេចចេញ​ជារូប​ រាង​ពិតប្រាកដឡើង។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចំពោះការរៀបចំ និងសម្រប​សម្រួល​​ការ​​សាង​សង់​នេះ ដោយសហការ​ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសអគ្គនាយក​ដ្ឋាន​​បេតិកភណ្ឌ។ ការសាងសង់បូជនីយដ្ឋាន​នេះឡើង គឺជាផ្នែកមួយនៃ​កម្មវិធី​សំណងមានលក្ខណៈផ្លូវចិត្តនិងសមូហភាពរបស់អង្គជំនុំ​ ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែលរាជរដ្ឋាភិបាល​កម្ពុជា ជានិច្ចជាកាលតែងតែបានគាំទ្រយ៉ាងសកម្ម នាពេលកន្លងមក ក៏ដូចជាទៅអនាគត ដើម្បីបន្តកសាងសមិទ្ធផលនិង​កិច្ច​ខិតខំ​ប្រឹងប្រែងនានា សំដៅផ្តល់សំណង​​លក្ខណៈផ្លូវចិត្តនិង​សមូហភាពផ្សេងៗទៀតជូនដល់ជនរងគ្រោះ និងនាំ​មក​នូវ​សន្តិភាព ស្ថិរភាព និងភាព​សម្បូរណ៍​រុងរឿង​​ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។
ខ្ញុំមានជំនឿថា ប្រជាជនកម្ពុជា ក៏ដូចជាអ្នកដែលបានជួយឧបត្តម្ភគ្រាំទ្រ នឹងមាន​អារម្មណ៍​ធូរស្បើយ ហើយ​បន្ត​កិច្ច​សហការល្អជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់នូវ​យុត្តិធម៌ និងសំណងដល់ជនរងគ្រោះ។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាល និងប្រជាជន​អាល្លឺម៉ង់ តាមរយៈ​​ឯកឧត្តមឯកអគ្គរដ្ឋទូត​ Joachim Baron von Marschall ដែល​ជានិច្ច​​កាល​​បានជួយគាំទ្រដល់ដំណើរការ​ស្វែងរកយុត្តិធម៌ និងការផ្សះផ្សារជាតិនៅកម្ពុជា ដោយសហការយ៉ាង​ជិតស្និទ្ធ​ជាមួយអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជាតាំង​ពីដើមដំបូងមក ជាពិសេស​​បានជួយគាំទ្រដល់​អង្គភាពគាំពារជនរងគ្រោះ​ និង​កម្មវិធី​សំណងរបស់អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​បាន​ធ្វើ​ឲ្យបូជនីយដ្ឋាននេះលេចចេញជារូបរាងឡើង។
មុននឹងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្ត​ គាំទ្រពេញទំហឹងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា ហើយខ្ញុំ​ក៏សូម​បញ្ជាក់សារជាថ្មីម្តងទៀតនូវឆន្ទៈ​របស់រាជរដ្ឋាភិបាល​ ក្នុងការបន្ត​កិច្ចសហប្រតិបត្តិការល្អជាមួយ​ដៃគូ និង​ភាគី​​ពាក់ព័ន្ធ​ទាំងអស់ ដើម្បីឱ្យអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជាសម្រេច​បេស​ក​កម្ម​ របស់ខ្លួន​ដោយ​ជោគជ័យ និងដើម្បីផ្ទេរនូវ​កេរដំណែល​​ដ៏មានអត្ថន័យ និង​យូរ​អង្វែង​សម្រាប់​​​ប្រជាជនកម្ពុជា ក៏ដូចជា​មនុស្សជាតិទាំងមូលផងដែរ។
ជាទីបញ្ចប់ ខ្ញុំសូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរដល់​ឯកឧត្តម លោកជំទាវ តំណាង​ស្ថា​នទូតទាំងអស់​ ព្រមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ លោក លោកស្រី និងជនរងគ្រោះ​ទាំងអស់ដែលមានវត្តមាននៅទីនេះ​ សូមមាន​សុខភាពល្អ​ ទទួលបាន​​ជោគជ័យ​ក្នុងការងារ និងមានសុភមង្គលក្នុងក្រុមគ្រួសារ។​​

សុន្ទរកថា ឯកឧត្តម ជុច ភឿន ក្នុងពិធី​សម្ពោធ​បូជនីយ​ដ្ឋាននៃ​ការ​ចង​ចាំ និង​រំឮក​វិញ្ញណ​ក្ខន្ធ​ជន​រងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ នៅ​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែង ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )