
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥
នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្រោមអធិបតីភាព
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល
បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងវត្តមានចូលរួមពីឯកឧត្តម ចូវចីម
បារ៉ុន វុន ម៉ាស់ ស្កាល (Joachim Baron von Marschall)
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា
ព្រមទាំងតំណាងអង្គការសហប្រជាជាតិ
និងតំណាងស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា
រួមទាំងក្រុមគ្រួសារជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ
បូជនីយដ្ឋាននៃការចងចាំ និងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ដែលសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអាល្លឺម៉ង់
តម្លៃប្រមាណ ៩ម៉ឺនដុល្លារ តាមរយៈអង្គភាពគាំពារជនរងគ្រោះនៃ
(អវតក) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានចាត់ទុកពិធីសម្ពោធបូជនីយដ្ឋាននៃការចងចាំ
និងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យនាពេល
នេះថា គឺជាសមទ្ធិផលថ្មីដ៏សំខាន់មួយទៀត
នៅក្នុងគំរោងសំណង់ជាលក្ខណៈផ្លូវចិត្ត និងសមូហភាព
ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម
ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានសម្រេចឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា
តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា
និងក្នុងនាមក្រុមការងារសាលាក្តីខ្មែរក្រហម
និងភាគីហត្ថលេខីកិច្ចព្រមព្រៀង សូមសម្តែងនូវការកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ
និងការចូលរួមចំណែកដ៏ថ្លៃថ្លារបស់បណ្តាប្រទេសម្ចាស់ជំនួយ
ជាពិសេសសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ដែលបានផ្តល់ការគាំទ្រដល់ការចូលរួមរបស់ជនរងគ្រោះ
ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី និងក្នុងគំរោងសំណងដល់ជនរងគ្រោះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ដែលជាប្រធានក្រុមការងារសាលាក្តីខ្មែរក្រហម
និងភាគីហត្ថលេខីលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា
និងអង្គការសហប្រជាជាតិក៏បានរម្លឹកថា នៅឆ្នាំ១៩៩៧
រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការជួយឧបត្ថម្ភគាំទ្រ
និងការចូលរួមពីអង្គការសហប្រជាជាតិ
ដើម្បីស្វែងរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង
(បណ្តាលឲ្យប្រជាជនជាង ៣លាននាក់ បានបាត់បង់ជីវិត) នៅក្នុង
ប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
បង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត
ដែលពុំបានរកយុត្តិធម៌ជាយូរណាស់មកហើយ។ អង្គការសហប្រជាជាតិ
បានឆ្លើយតបវិជ្ជមានចំពោះសំណើនេះ
ហើយបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា
ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ដែលជាយន្តការថ្មីមួយដ៏មានសារៈសំខាន់
សម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានមានប្រសាសន៍បញ្ជាក់ថា
ដើម្បីរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងទាំងនេះ
ដែលមិនមែនគ្រាន់តែជាឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនកម្ពុជា
ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាំងមូលផង
រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បាននិងកំពុងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ
ក្នុងក្របខ័ណ្ឌអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ដើម្បីធ្វើការកាត់ទោសមេដឹកនាំកំពូល
និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតរបស់របបខ្មែរក្រហម។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា
បូជនីយដ្ឋាននៃការចងចាំ
និងរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
នេះ ត្រូវបានសាងសង់ឡើង នៅលើទីតាំងបូជនីយដ្ឋានចាស់
ដែលសាងសង់ពីឈើនៅទសវត្សរ៍ឆ្នាំ១៩៨០ ដោយរដ្ឋាភិបាលកម្ពុជា
បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។ កាលពី
៥០ឆ្នាំមុនទីនេះ (វិទ្យាល័យពញ្ញាយ៉ាត
ក្រោយមកវិទ្យាល័យទួលស្វាយព្រៃ)
គឺជាទីធ្លាសម្រាប់សិក្សានុសិស្សរត់លេងដែលពោរពេញដោយសម្លេងសើច
ក្អាកក្អាយ និងប្រកបដោយសុទិដ្ឋិនិយមពីអនាគត ហើយកាលពី ៤០ឆ្នាំមុន
ស្រមោលនៃសង្គ្រាមបានគ្របដណ្តប់មកលើទីធ្លាសាលារៀននេះ
ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងបានថា
ភាពខ្មៅងងឹតនោះមានទំហំប៉ុណ្ណាទេ នៅឆ្នាំបន្តបន្ទាប់នោះ។
ទីធ្លានេះបានក្លាយជាកន្លែងប្រកបដោយអំពើយង់ឃ្នង ការឈឺចាប់
និងការភ័យរន្ធត់។
ប៉ុន្តែស្លាកស្នាមនៃអំពើយង់ឃ្នងការឈឺចាប់នេះហើយ
ដែលជាហេតុនាំដល់ការកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះ
ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិនៅទីនេះ
(សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង)។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ថា “ថ្ងៃនេះ
យើងមកជួបជុំគ្នា ចូលរួមក្នុងពិធីសម្ពោធបូជនីយដ្ឋាននៃការចងចាំ
និងរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ដើម្បីជាការឧទ្ទិសដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត
ជាពិសេសអ្នកដែលត្រូវបានឃុំឃាំង ធ្វើទារុណកម្ម
និងបាត់បង់ជីវិតនៅគុកទួលស្លែងនេះ ក៏ដូចជាកន្លែងពាក់ព័ន្ធផ្សេងទៀត
ដូចជាវាលពិឃាតជើងឯក និងការដ្ឋានបង្ខំឲ្យធ្វើការនៅព្រៃស (មន្ទីរ
ស-២៤)”។ ថ្ងៃនេះ យើងទាំងអស់គ្នាឈរនៅទីនេះ ដើម្បីផ្តល់កិត្តិយស
និងចងចាំដល់អ្នកដែលបានបាត់បង់ជីវិត
និងប្រកាសនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការទប់ស្កាត់នូវ
ឧក្រិដ្ឋកម្មបែបនោះ មិនឲ្យវិលត្រឡប់មកវិញទាំងនៅកម្ពុជា
ក៏ដូចជាទីកន្លែងដទៃទៀតនៅលើពិភពលោកនេះ។
ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃ (អវតក)
បានឲ្យដឹងថា យោងតាមសំណើរបស់លោក ជុំ ម៉ី និងលោក ប៊ូ ម៉េង
ដែលជាដើមបណ្ដឹងរដ្ឋប្បវេនី
និងជនរងគ្រោះដទៃទៀតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
អង្គភាពគាំពារជនរងគ្រោះបានស្វះស្វែងរកថវិកា
ដើម្បីសាងសង់បូជនីយដ្ឋាននេះឡើងវិញ
ដោយមានការឧបត្ថម្ភថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច
និងការអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) នាឆ្នាំ២០១២។
អង្គភាពគាំពារជនរងគ្រោះសហការជាមួយអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
ក៏បានផ្តួចផ្តើមពិភាក្សា
និងរៀបចំផែនការកសាងបូជនីយដ្ឋានរលឹកវិញ្ញាណក្ខន្ធនេះឡើង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ក៏បានស្នើសុំគោលការណ៍សាងសង់បូជនីយដ្ឋានពីរាជរដ្ឋាភិបាល
ដែលបានអនុញ្ញាត្ត និងយល់ព្រមតាមរយៈលិខិតលេខ ០៧ សជណ ចុះថ្ងៃទី ០៣
ខែមករា ឆ្នាំ២០១៣។
តាងនាមឲ្យលោក ប៊ូ ម៉េង និងលោក នង ច័ន្ទផល ដែលនៅរស់ពីគុកទួលស្លែង
លោក ជុំ ម៉ី
បានសម្តែងការរំជួលចិត្តចំពោះការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃ
របបខ្មែរក្រហម ដោយ (អវតក) និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា
អង្គភាពគាំពារជនរងគ្រោះ និងស្ថានទូតសហព័ន្ធអាល្លឺម៉ង់
ដែលបានផ្តល់ការគាំទ្រក្នុងការសាងសង់បូជនីយដ្ឋាននៃការចងចាំ
នៅក្នុងសារមន្ទីរគុកទួលស្លែង៕



No comments:
Post a Comment