
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀន កម្រិតឧត្តមជំនាន់ទី១៩ គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំងខ្មែរជំនាន់ទី១៦ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង របស់វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកពីបញ្ហាមួយចំនួនពាក់ព័ន្ធនិងអន្តរជាតិដែល សម្តេចហៅថា ជាថ្មក្តៅសម្រាប់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា មេដឹកនាំអាស៊ានមួយចំនួនបានយកពាក្យខ្ញុំទៅប្រើ។ ខ្ញុំបាននិយាយថា បញ្ហាសមុទ្រចិនខាងត្បូងជាដុំថ្មក្តៅមិនមែនជាដំឡូងក្តៅទេ បើសិនជាដំឡូងក្តៅ ខ្ញុំទ្រាំចាប់ហើយ ព្រោះបន្តិចទៅ វាត្រជាក់យើងទទួលទានបាន ប៉ុន្តែថ្មក្តៅអត់ទេ។
សម្តេចតេជោមានប្រសាសន៍រំលឹកថា អញ្ចឹងហើយបានជា ស៊ុលតង់ព្រុយណេ និងប្រធានាធិបតីថេនសេន របស់ ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា សូមឯកឧត្តម ធ្វើយ៉ាងណាឱ្យថ្មក្តៅឱ្យវាត្រជាក់នៅកម្ពុជានៅឆ្នាំ២០១២ ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានទៅ។ ខ្ញុំបាននិយាយហើយថា ត្រជាក់ឬមិនត្រជាក់វាស៊ីសងហ្នឹងអ្នកពាក់ព័ន្ធទេ។ ករណីបញ្ហាសមុទ្រចិនខាងត្បូងនេះ សម្តេចតេជោមានប្រសាសន៍លើកជាសំនួរថា ផុតពីកម្ពុជាទៅសួរថា ព្រុយណេដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានដោះស្រាយបាន ទេ? អត់បាន។ រហូតទៅដល់ប្រទេសមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះដោះស្រាយបានទេ ? អត់បាន។ ឥឡូវខ្ញុំរង់ចាំមើលនៅម៉ាឡេស៊ី ដោះស្រាយបាន ឬមិនបាន ។ អត់បាន ។ ខ្ញុំជឿថា វាអត់ទៅរួចហើយមកធ្វើបាបតែកម្ពុជា។
ទាក់ទងបញ្ហានេះសម្តេចតេជោថ្លែងថា ប៉ុន្តែឥឡូវខ្ញុំរង់ចាំមើលមួយជុំ ព្រោះទីចុងបំផុតបញ្ហាវាមិនមែនបញ្ហាអាស៊ានទាំងមូលឯណា វាជាបញ្ហាពាក់ព័ន្ធផ្ទាល់រវាងប្រទេស ដែលជាប់ពាក់ព័ន្ធត្រូវនិយាយគ្នា។ ពិតមែនហើយយន្តការ COC យន្តការអាស៊ាន-ចិន គឺត្រូវតែធ្វើហើយព្រោះខែក្រោយហ្នឹងដល់ខែក្តៅហើយថ្ម សមុទ្រខាងត្បូង (បញ្ហាសមុទ្រចិនខាងត្បូង) ក្តៅនៅគួឡាឡាំពួរ និងនៅឡាំងកាវី។ បញ្ហានេះសម្តេចតេជោវាយតម្លៃថា បញ្ហាសមុទ្រចិនខាងត្បូងមិនមែនជាបញ្ហាអាស៊ានទាំងមូលទេ ប៉ុន្តែជាបញ្ហាពាក់ព័ន្ធផ្ទាល់រវាងប្រទេសដែលជាប់ពាក់ព័ន្ធត្រូវ និយាយគ្នា។
សម្តេចតេជោ ក៏បានមានប្រសាសន៍បន្ថែមទៀតថា បញ្ហាថ្មក្តៅនៅកម្ពុជាមានច្រើនណាស់ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) គាត់បង្កើតកម្មវិធីផ្តល់អាហារសម្រាប់កូនសិស្ស (នៅកម្ពុជា) នៅពេលដែលគាត់ដកជំនួយ គាត់ឱ្យរាជរដ្ឋាភិបាលជាអ្នកចេញ។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា យើងបានចេញអង្ករ ២.០០០ តោនក្នុងមួយឆ្នាំ។ សូមកុំនិយាយថា អង្ករនោះអង្គការកម្មវិធីស្បៀងអាហារពិភពលោក ( WFP ) ជាអ្នកឱ្យ ។ WFP គាត់សុំអង្ករយើងៗឱ្យតាមរយៈគាត់ ហើយគាត់យកមកឱ្យយើងវិញ វាឆ្ងាញ់ត្រង់កន្លែងហ្នឹង ហើយបានឈ្មោះគាត់ទៀត ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ឲ្យដឹងករណីផ្សេងមួយទៀតថា នៅពេលដែលកម្ពុជាបានជួបប្រទះបញ្ហាជំងឺផ្តាសាយបក្សី អង្គការសុខភាពពិភពលោក (WHO) បបួលកម្ពុជាឱ្យសម្លាប់មាន់ ដោយត្រូវសងប្រជាជន។ កាលនោះខ្ញុំថា ប្រសិនបើអង្គការសុខភាពពិភពលោក (WHO) ចង់ធ្វើដូចនេះ ត្រូវផ្ទេរប្រាក់រាប់រយលានដុល្លារទុកក្នុងធនាគារខ្មែរទើបបាន។ ដោយឡែកទាក់ទិននិងធនាគារពិភពលោក (WB) វិញ សម្តេចតេជោថ្លែងថា ខ្ញុំចង់ខ្ចីលុយគាត់ដើម្បីកសាងសាលា ប៉ុន្តែខាងធនាគារពិភពលោក (WB) បានប្រាប់ថា ឱ្យខ្ចីតែសម្រាប់អាហារូបករណ៍។ សម្តេចតេជោបានមានប្រសាសន៍លើកជាជម្ងល់ថា បើឱ្យខ្ចីសម្រាប់អាហារូបករណ៍ តើបានសាលារៀនមកពីណា បើមិនឱ្យខ្ចីសម្រាប់កសាងសាលារៀនផងនោះ៕

No comments:
Post a Comment