Monday, March 30, 2020

សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦



សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

សន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍



សន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០

សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ បកស្រាយដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល



សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ បកស្រាយដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពីវិមានរដ្ឋសភា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានេះក៏មានវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
បន្ទាប់ពីរដ្ឋសភាជាតិបិទសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មានពិសេសមួយដោយថ្លែងសារជូនជនរួមជាតិ។
ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហរដ្ឋអាមេរិក បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ ខណៈអ៉ីតាលីលេខ២ និងចិនលេខ៣
* សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ថា នៅថ្ងៃស្អែក ឬខានស្អែក អេស្បាញអាចនឹងឡើងមកលេខ៣ នៃប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿការឃោសនានៅក្នុងប្រទេសកម្ពុជា ដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ
* សម្តេចតេជោ ហ៊ុន សែន ហាមឃាត់ការនាំចេញអង្ករស និងស្រូវ ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងស្រុក ចាប់អនុវត្តន៍ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០រហូតមានការជូនដំណឹងថ្មី
* សម្តេចតេជោ ហ៊ុន សែន បានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលគាំទ្រដល់ដំណើរការខុសច្បាប់ លក់ផលិតផលក្លែងក្លាយ ពាក់ព័ន្ធនឹងកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ច សហការជាមួយព្រះរាជអាជ្ញា តាមចាប់ខ្លួន និងរឹបអូសឧបករណ៍ធ្វើតេស្តកូវីដ១៩ ដល់ផ្ទះអ្នកលក់ និងផ្សព្វផ្សាយតែម្តង
* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកដែលឃោសនាថា ហូបពងទាអាចព្យាបាលជំងឺកូវីដ១៩បាន
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបង្វែរការភ័យខ្លាច ទៅជាការការពារខ្លួន ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចម្រៀង អ្នកនិពន្ធទាំងឡាយ ដែលជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ និងអប់រំប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ពលករខ្មែរមកពីប្រទេសថៃជាង៥ម៉ឺននាក់ ឱ្យដាក់ខ្លួននៅដាច់ដោយឡែកពីគេ១៤ថ្ងៃ ហើយគ្រួសារត្រូវជូនដំណឹងនៅខាងមុខផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដែលរកឃើញនៅកម្ពុជា កន្លងមកគឺជាជំងឺដែលនាំចូល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនដែលមកពីប្រទេសថៃទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង កុំឱ្យក្លាយខ្លួនជាអ្នកចម្លងមេរោគកូវីដ១៩ ដល់គ្រួសារ និងសហគមន៍
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាពលករណា ដែលសង្ស័យថា ខ្លួនមានមេរោគកូវីដ១៩ ត្រូវតែប្រញ៉ាប់ស្វែងរកគ្រូពេទ្យពិនិត្យភ្លាម
* សម្តេចតេជោ ហ៊ុន សែន ព្រមានមិនអត់ឱនឱ្យជនដែលប្រមាថដល់វិញ្ញាបនបត្រគ្រូពេទ្យខ្មែរ
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យគ្រប់កន្លែងលក់ដូរមានទឹកអាល់កុលលាងដៃ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ធ្វើតេស្តថ្នាំនោះទេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជន រកស៊ីមានការយោគយល់គ្នា
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ទីតាំង ដែលជួលឱ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ដែលអាចពន្យារពេលបង់លុយ ឬទម្លាក់តម្លៃ ក្នុងពេលកំពុងមានកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋកំពុងពិនិត្យ ក្នុងការបញ្ចេញថវិកា៥០០ ទៅ៦០០លានដុល្លារ ដើម្បីឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចី ដោយអត្រាការប្រាក់ទាប
* សម្តេចតេជោ ហ៊ុន សែន៖ រហូតដល់ពេលនេះ សប្បុរសជនចូលរួមឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធកូវីដ១៩នៅកម្ពុជា មានជាង១០លានដុល្លារអាមេរិក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានបញ្ជាទិញម៉ាសប្រមាណ៣លានម៉ាស់ពីក្រៅប្រទេស ដោយសារតែយើងមានការខ្វះខាត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្រ្តីដែលផ្លាស់ប្តូរចេញនាពេលនេះ គឺសុទ្ធតែមានសមត្ថភាព ប៉ុន្តែដោយសារវ័យរបស់ពួកគាត់កាន់តែចាស់ ទើបត្រូវផ្លាស់
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់រួចហើយ ពាក់ព័ន្ធនឹងការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន
* សម្តេចបានបង្ហើបថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ គឺជាអ្នករៀបចំសេចក្តីព្រាងច្បាប់ ក្នុងការដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពអាសន្ន
* សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយមាត្រា៨៦ និងមាត្រា១០២ នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងសិទ្ធិអំណាចរដ្ឋសភា និងព្រឹទ្ធសភា ក្នុងប្រទេសស្ថិតក្នុងភាពអាសន្ន
* សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសខ្សោយ ឬខ្លាំង សុខាភិបាលពេលនេះ គឺវាស់វែងទៅលើមនុស្សដែលបានស្លាប់ដោយសារកូវីដច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្រកាន់យកវិធានការកណ្តាល ដោយមិនបិទប្រទេសទេ ប៉ុន្តែដាក់វិធានការផ្សេងៗ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលគយធ្លាក់ចុះ តែចំណូលពន្ធកើនឡើង ដែលចំណូលនេះបានប្រមាណ៧០០លានដុល្លារដែរ
* សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News ដែលផ្សាយគ្របដណ្តប់ទូទាំងប្រទេស៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួ ន០៨ចំនុច ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះលោក បានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនឹងវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជាដូចជា៖
១) លោក ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ដោយបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
២) លោក ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែលោក បានបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។
៣) លោក ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
៤) លោក ហ៊ុន សែន បានចេញបទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសា ២០២០ តទៅ។ការប្រកាសទុកពេលរហូតដល់ថ្ងៃទី១មេសានោះ គឺដើម្បីទុកពេលឲ្យថៅកែកាស៊ីណូ នីមួយៗ រៀបចំគិតគូទូទាត់ ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។
៥) ជាថ្មីម្តងទៀត លោក ហ៊ុន សែន បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។ ជាមួយគ្នានេះផងដែរ លោក បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង។
៦) លោក ហ៊ុន សែន បានបន្តអំពាវនាវអោយប្រជា ពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការពារខ្លួនពីជម្ងឺនេះ។ លោក បានអរគុណដល់បណ្តាញផ្សព្វផ្សាយ យុទ្ធនាការអប់រំ , អ្នកនិពន្ធបទចម្រៀង និងការផលិតវីដេអូអប់រំខ្លីៗ ។ ក្នុងនោះលោក សុំអោយបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃជាង៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក១៤ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។
៧) លោក ហ៊ុន សែន ស្នើសូមអោយគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ។
៨) លោក ហ៊ុន សែន បានអរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និង សម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩នេះ។ ថវិកាដែលទទួលបានរហូតមកដល់ពេលនេះគឺមានជាង១០លានដុល្លារ បូករួមប្រាក់រៀល។ លោក បានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន៣លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ៥ពាន់សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួនដោយសារពួកគាត់មានវ័យចំណាស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួនដោយសារពួកគាត់មានវ័យចំណាស់ ជាពិសេសក្នុងដំណាក់កាលកែទម្រង់នេះ រដ្ឋាភិបាល ត្រូវការមន្រ្តីដែលមានភាពរហ័សរហួន និងមានគំនិតច្នៃប្រឌិត។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញធ្វើស​ន្និ​សីទសារព័ត៌មាននៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កាលដែលពួកគាត់ឈានដល់វ័យចំណាស់ នោះគឺជាវ័យដែលត្រូវជួបការលំបាកហើយ ហើយក៏ជាវ័យដែលត្រូវការសម្រាកច្រើនដែលជា មូលហេតុអាចធ្វើឱ្យប្រសិទ្ធភាពការងារមានកម្រិត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការងារនានាតែងមានលក្ខណៈផ្សេងៗពី គ្នាដោយការងារខ្លះតម្រូវឱ្យមានការសម្រាកតិចដើម្បីប្រសិទ្ធភាពការងារដែលប្រការនេះគឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សដែលមានវ័យចំណាស់ជួបការលំបាកផងដែរ៕

ទីបំផុត! រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដែលមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី៩រូប

(ភ្នំពេញ)៖ ទីបំផុត ! ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មីសរុប៩រូប ជាសមាសភាពរាជរដ្ឋាភិបាល ដែលស្នើតែងតាំង និងកែសម្រួលដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សម័យប្រជុំវិសាមញនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងតំណាងរាស្រ្តសរុបចំនួន១២១រូប។
សម្រាប់តំណែងរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន៖
លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា
លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៉ីវតឹក
លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម
លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន
សម្រាប់តំណែងទេសរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន
លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
គណៈរដ្ឋមន្ត្រីអាណត្តិទី០៦ ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ រហូតមកដល់ពេលនេះ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពសរុបចំនួន៤៩រូប ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប ឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី១៩រូប (បូកថ្មី៣) និងរដ្ឋមន្ត្រី ២៩រូបជាដើម៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់បទបញ្ជាឱ្យចុះរឹបអូស និងដុតបំផ្លាញចោលនូវឧបករណ៍ធ្វើតេស្តរកវីរុស COVID-19 ដែលខុសច្បាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជាឱ្យភាគីពាក់ព័ន្ធ ចុះរឹបអូសនិងដុតបំផ្លាញចោល នូវឧបករណ៍ ធ្វើតេស្តរកវីរុស Covid-19 ដែលផ្សព្វផ្សាយនិង ដាក់លក់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO)។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញសហការគ្នាធ្វើរឿងនេះឱ្យមានប្រសិទ្ធភាពដើម្បីការពារសុខភាព និងផលប្រយោជន៍របស់ប្រជាជន។

គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ដោយខ្លួនឯងយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែត្រូវបានអ្នកជំនាញអះអាងថា ឧបករណ៍នោះមិនអាចបញ្ជាក់នូវលទ្ធផលត្រឹមត្រូវនោះឡើយ ហើយអាចចេញលទ្ធផលផ្ទុយទៅការពិតទៀតផង ពោលគឺអ្នកមានជំងឺអាចពិនិត្យឃើញថាអត់ ហើយអ្នកអត់អាចពិនិត្យឃើញមានជំងឺទៅវិញ៕


ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ២៣នាក់

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់ ១០៧នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបកើនដល់២៣នាក់ ហើយអ្នកដែលកំពុងបន្តព្យាបាលមានចំនួន៨៤នាក់។
សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ខាងក្រោម៖


(Live) សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦

សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០