Tuesday, May 16, 2017

លោក កើត សុធា៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកស្រី សោ មុន្នីរ័ត្ន អនុប្រធាន ក្រុមការចុះជួយឃុំអូរអណ្តូង ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះ​សំណាល ជាមួយសមាជិកសមាជិកាបក្ស ចំនួន ២៨២នាក់។
លោក  ហ៊ឹម ក្លឿ ប្រធានគណបក្សឃុំអូរអណ្តូង បានធ្វើរបាយការណ៍ថា នៅឆ្នាំ២០១៧នេះ ក្នុងឃុំអូរអណ្តូង មានសមាជិកបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១៧៤២នាក់ ស្រី ៨៩៦នាក់គ្រួសារ។
លោក កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន​ បានមានប្រសាសន៍លើកឡើងថា ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយការបោះឆ្នោតនេះគឺជាការបោះឆ្នោតជ្រើសរើសមេឃុំ និងចៅសង្កាត់ដែលដឹកនាំមូលដ្ឋាន នាំមកនូវការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ ការបោះឆ្នោតអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះសន្លឹកឆ្នោតរបស់យើង ១សន្លឹក បោះជូនគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រដល់ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងចូលរួមការពារសន្តិភាពនេះអោយស្ថិតស្ថេរយូអង្វែង។
លោក កើត សុធា ក៏បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោបានល្អប្រសើរថែមទៀត ជាពិសេសត្រូវអនុវត្តគោលនយោ​បាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ ហើយត្រូវដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋទាំងសេវាសាធារណៈ និងសំណូមពរ និងសេវាតម្រូវការតាមការធ្វើវេទិកាសាធារណៈ ពោល​ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ត ។
នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ គណៈអធិបតី និងក្រុមការងារ ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកា ដែលបានមកចូលរួម ចំនួន ២៨២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០០០រៀលផងដែរ៕
​អត្ថបទ៖ ញ៉ឹប បូរី






នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​បាញ់​គ្រាប់​ពិត​ថ្នាក់​កងអនុសេនា​ធំ​សហការ​វាយ​លុកជាមួយ​រថក្រោះ​នៅ​ទីលាន​បាញ់​គ្រាប់ពិត​មរតក​តេជោសែន​ភ្នំវាល​ចាប

នៅថ្ងៃទី១៦ ខែឧសភា  ឆ្នាំ២០១៧នេះ នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាប ស្ថិតនៅភូមិ កណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានរៀបចំ ពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំ សហការវាយលុក ជាមួយរថក្រោះ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
សិក្ខាកាមដែលបានចូលរួមហ្វឹកហ្វឺននៅក្នុងសិក្សារៀនសូត្រនេះសរុបចំនួន ២០៧នាក់ ហ្វឹកហ្វឺនរយៈពេល៦១ ថ្ងៃចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ដោយហ្វឹកហ្វឺនលើខ្លឹម សារមេរៀន លំហាត់របៀប អប់រំចិត្តសាស្រ្ត យុទ្ធវិធីថ្មើរជើងកងអនុសេនាធំវាយលុក ហ្វឹកហ្វឺនបាញ់អាវុធអាកា បេ៤០ RPD PKM ហ្វឹកហ្វឺនបាញ់អាវុធត្បាល់ និង DK ហ្វឹកហ្វឺនបាញ់អាវុធ 12mm និង 23mm ។ ឆ្លងកាត់តាមតាមការហ្វឹកហ្វឺនរយៈពេល៦១ថ្ងៃកន្លងមកនេះ សិក្ខាកាមទទួលបានលទ្ធផលដូចខាងក្រោម និទ្ទេសល្អចំនួន៦២នាក់ និទ្ទេសល្អបង្គួរចំនួន៨៦នាក់ និទ្ទេសមធ្យម២២នាក់។
នាយឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទីប្រាំ ក៏បានបញ្ជាក់ឱ្យដឹងថា  ទីលានបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាបយោធភូមិភាគទីប្រាំ ទទួលបានការ ឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយការកសាងទីលាននេះ គឺជាគំនិតផ្តួចផ្តើមដំបូងបង្អស់ពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធនពលខេមរភូមិន្ទ ចាប់តាំងពីឆ្នាំ២០០៥ មកម៉្លេះ ហើយការជ្រើសរើសភ្នំវាលចាបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាត្តឱ្យដំណើរការចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤រហូតមក។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ បរិបូរណ៍បានផ្តល់ជាឱកាសពេញលេញសម្រាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ធ្វើការហ្វឹក​ហ្វឺន ​បំប៉ន ពង្រឹង ពង្រីក​សមត្ថភាព​ជំនាញវិជ្ជាជីវៈ ឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវ​សក្តា​នុពល​កងទ័ព ដោយដើរទន្ទឹមជាមួយនឹងការជំរុញនូវ​លក្ខណៈ​សកម្ម ​ច្នៃប្រឌិត និងមានមនសិការខ្លួនទីពឹងខ្លួន​ ឆ្លើយ​តបយ៉ាង​ទាន់​ពេលវេលា​​ ក្នុងបុព្វ​ហេតុ​​កិច្ច​​ការពា​រជា​តិ​។​ ក្នុងន័យនេះ ​ការ​ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តក្នុងវិស័យហ្វឹក​ហ្វឺន ការអភិវឌ្ឍសមត្ថភាព​អង្គភាព និង​ធនធាន​មនុ​ស្ស សំដៅ​លើកស្ទួយកិត្តិ​យស និងអភិវឌ្ឍ​​កង​យោ​ធ​​​ព​លខេមរភូមិន្ទ​ ឱ្យ​មាន​​​​គ្រប់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​។ ដូច្នេះចាំបាច់ត្រូវបន្ត​លើក​​ស្ទួយ និងអភិវឌ្ឍវិស័យ​ហ្វឹកហ្វឺនគ្រប់​ថ្នាក់ គ្រប់​កម្រិត ឱ្យបា​ន​ជាប់​ជាប្រចាំ ដើម្បី​បម្រើ​ឱ្យ​យុទ្ធសាស្រ្តយោធា ​ក្នុង​វិស័យ​ការពារ​​ជាតិ​។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានអំពាវនាវត្រូវរួមគ្នាការពារឱ្យបានរឹងមាំនូវសុខសន្តិភាព​ និងប្រឆាំង​​​ដាច់ខាតបដិវត្តពណ៌ ឬសកម្មភាពណាមួយដែលបង្កឱ្យ​មាន​​​អរិភាពជាតិសាសន៍នៃសង្គមកម្ពុជា។ ក្រៅពីនេះ ត្រូវ​រួម​សហការជាមួយ​​​​បណ្តា​ស្ថាប័នពាក់ព័ន្ធ ក្នុង​កិច្ច​ការ​ពារសន្តិសុខ សណ្តាប់ធ្នាប់​សាធា​រណៈ​ ក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ពិសេសកងទ័ពការពារលទ្ធផលការបោះឆ្នោត និងជាជាច់ខាត យើងជាកងទ័ពមិនអនុញ្ញាតឱ្យមានសកម្មភាពណាមួយដែលបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គមជាតិនោះឡើយ។ ត្រូវពង្រឹងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ជួយ​ប្រជា​​ពលរដ្ឋពី​គ្រោះមហន្តរាយ​នានា មិនធ្វើអ្វីៗឱ្យ​ប៉ះពាល់​ដល់​សតិ​​អារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅ​បង្កើន​ការជឿ​ជាក់​របស់ប្រពលរដ្ឋ មកលើកងទ័ព។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានណែនាំបន្ថែមថា ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុង​កិច្ចសហការ​ល្អ​​​ជាមួយ​កងកម្លាំងប្រទេសជិតខាងដោះស្រា​យ​ បញ្ហា​ផ្សេងៗ​ ដោយ​សន្តិវិធី សំដៅកសាងតំបន់​ព្រំដែនមួយឱ្យ​ក្លាយ​ជា​​តំបន់​សន្តិ​ភា​ព មិត្តភាព  សហប្រតិបត្តិការ និងការ​អភិវឌ្ឍន៍។ នៅក្នុងរដូវវស្សានេះ ត្រូវលើកកម្ពស់ស្មារតីគ្រប់គ្រង ថែរក្សាសម្ភារៈ​ បរិក្ខារ​ សព្វា​វុធ និងគ្រឿងបំពាក់ផ្សេងៗឱ្យបាន​ល្អ។ រួមចំណែកបង្កបង្កើនផល ខិតខំចិញ្ចឹមទ័ព​និងថែរក្សា​សុខ​ភាព ផ្តល់ជុំរុំជម្រកឱ្យសមរម្យ​ ជាពិសេស កងទ័ពនិង​គ្រួសារ​កងទ័ព ត្រូវប្រុងប្រយ័ត្ន​និងការ​ពារ​​កុំ​​ឱ្យមាន​គ្រោះថ្នាក់ ដែល​បណ្តា​ល​មកពី​គ្រោះ​ធម្មជាតិ ខ្យល់​កន្ទ្រាក់ ភ្លៀងផ្គររន្ទះ​ជាដើម​។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានបញ្ជាក់បន្ថែមថា ក្នុង​​អាជីព​​ជា​កងទ័ព ជាដាច់ខាតត្រូវ​ជៀស​ឱ្យឆ្ងាយ​ពី​គ្រឿងញៀន ល្បែងអបាយមុខ​គ្រប់យ៉ាង និងត្រូវចូលរួម​គោរ​ព​​ច្បាប់​ចរា​ចរណ៍ ដើម្បីសុខ​សុវត្ថិភាពខ្លួន​យើង​​។ ត្រូវ​បន្ត​ខិត​ខំ​សិក្សារៀនសូត្រ ដើម្បីបង្កើន​សមត្ថ​​​ភាព​ជំនាញវិជ្ជា​ជីវៈ និង​ខិត​ខំ​​ សិក្សារៀនសូត្រ ក្នុងការ​ប្រើ​ប្រា​ស់​ប្រព័​ន្ធ ​Inter​net បណ្តាញ​សង្គមFacebook ជាដើម ពីព្រោះ​ថា វា​បាន​​ផ្តល់អត្ថ​ប្រយោ​ជ​ន៍ ​យ៉ាងច្រើន ក្នុងការសិក្សា​ស្រាវជ្រាវ​ចំ​ណេះ​ដឹង​ សំដៅ​អភិ​វឌ្ឍ​​ សមត្ថភាពរបស់យើងឱ្យ​កាន់តែមុត​ស្រួច។ ត្រូវ​យក​​ចិត្ត​​​ទុក​ដាក់​​សិក្សាឱ្យបានស៊ីជម្រៅ ​អំពី​លក្ខណៈ​សម្បត្តិ​ប្រាំ​យ៉ាង​របស់​មេបញ្ជា​ការគឺ៖ ត្រូវមានសមត្ថភាព ប្រតិកម្មរហ័ស និងជាមជ្ឈ​មណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងទូទាំងកងទ័ព ពេលទទួលបានបទបញ្ជា ត្រូវសម្រេចល្អភារកិច្ច​ ទោះ​ជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ត្រូវចេះចិញ្ចឹមទ័ពឱ្យបានល្អ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរដែន​​ដី ទំនាក់ទំនងអន្តរជាតិល្អ។ យកចិត្តទុកដាក់រៀបចំបណ្ណាល័យ ក្នុងទីតាំង​ដ៏​សម​ស្រប​ និងត្រូវសរសេរអំពីឆាកប្រយុទ្ធ​ក្នុងសមរភូមិ​ពិត​ ដែលខ្លួន បាន​ជួប​ប្រទះ​នាពេលកន្លងមក ដើម្បីចងក្រង​ទុកជា​ឯកសារ​​សម្រាប់ប្រភពទុនឱ្យនាយ​ទាហាន​វ័យ​ក្មេង​ ដកស្រង់​បទពិសោធន៍ល្អៗ​​ ក្នុងការ​​សិក្សា​រៀន​សូត្រ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឧបត្ថម្ភថវិការជូនអង្គពិធីចំនួន១០លានរៀល និងឧបត្ថម្ភក្នុងពិធី ប្រគល់ផ្ទះជូនអតីតយុទ្ធជន របស់តំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ចំនួន៥លានរៀលផងដែរ៕










សាលារាជធានីភ្នំពេញ ដាក់ឱ្យដំណើរការបង្គន់សាធារណៈថ្មីដោយឥតបង់ថ្លៃចំនួន៨កន្លែង

ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ បាននិងកំពុងសាងសង់ និងដាក់ឱ្យដំណើរការបង្គន់សាធារណ:ថ្មីដោយឥតបង់ថ្លៃ ចំនួន ៨កន្លែង បន្ថែមលើបង្គន់មានស្រាប់។
បង្គន់សាធារណ:ថ្មីទាំង ៨កន្លែង សុទ្ធសឹងជាបង្គន់ស្តង់ដារ ដែលមានទីតាំងនៅតាមសួនច្បារសាធារណៈរួមមាន៖ ១-សួនច្បារបទុមវតី  ២-សួនកុមារបទុមវតី ៣-សួនលោកតាក្រម ង៉ុយ ៤-សួនច្បារ ដអរិយក្សត្រ ៥-សួនច្បារមាត់ទន្លេជាប់របងសាលចតុមុខ ៦-សួនកុមារវត្តភ្នំ ៧-សួនច្បារប្រជាធិបតេយ្យឫស្សីកែវ និង៨-សួនមុខស្ថានទូតបារាំង៕





ប្រព័ន្ធធារាសាស្ត្រ កណ្តាលស្ទឹង ត្រូវបានកែលំអ និងថែទាំឡើងវិញដើម្បីធានាការផ្គត់ផ្គង់ទឹកស្រោចស្រពឱ្យកាន់តែមានប្រសិទ្ធភាព

ប្រព័ន្ធធារាសាស្ត្រ កណ្តាលស្ទឹង គឺជាប្រព័ន្ធធារាសាស្ត្រមួយដែលត្រូវបានស្ថាបនាឡើង កាល​ពីឆ្នាំ ២០០៦-២០០៧ ដោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ។
ប្រព័ន្ធនេះ លាតសន្ធឹងនៅលើភូមិសាស្រ្តមួយផ្នែកនៃខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បន្ទាប់ពីបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់បងប្អូនប្រជាកសិ​ករនៅក្នុងភូមិសាស្ត្រខាងលើ ប្រមាណមួយទស្សវត្សរ៍មកនេះ ប្រព័ន្ធធារាសាស្ត្រ កណ្តាល​ស្ទឹង ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធន​ធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល ធ្វើការកែលំអ និងថែទាំឡើងវិញ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្រោចស្រពឱ្យកាន់តែមានប្រសិទ្ធភាព និងការប្រើប្រាស់បានយូរអង្វែងទៅមុខ ៕





តំណាងរាស្ត្រមណ្ឌលកំពង់ចាម ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហេង សំរិន​ ចុះទៅពិនិត្យ​ព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋ​ ​ដោយឥតគិតថ្លៃ​ចំនួន២ពាន់នាក់​ នៅឃុំ​ដូនតី

លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមការងារមួយចំនួនទៀត ដោយមានការចូលរួមពីប្រធានសុខាភិបាល      និងអាជ្ញាធរមូលដ្ឋាន   នៅថ្ងៃទី១៥    ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន២ពាន់នាក់នៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកកាត់​ន្ថយការចំណាយរបស់ពួកគាត់ប្រចាំថ្ងៃ ចំពោះសេវាសុខភាព។
តំណាងរាស្រ្ត លោក កែវ ពិសិដ្ឋ បានថ្លែងថា ក្រៅពីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាសុខភាព ក៏ត្រូវការចាំបាច់ដែរ។  ការផ្ដល់ការពិនិត្យព្យាលបាលជំងឺ ជូនប្រជាពលរដ្ឋ នៅឃុំដូនតី នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល ដែលមានជីវភាពខ្វះខាតឲ្យទទួលបាន សេវាសុខភាពដូចៗគ្នា។
លោកថា ដោយសារមើលឃើញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស និងលោក ហេង សំរិន ប្រធានកិត្តិយស តែងតែចាត់ឲ្យក្រុមពេទ្យស្មគ្រ័ចិត្ត ចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅគ្រប់តំបន់ទូទាំងប្រទេស។ ការចុះពិនិត្យ និងព្យាបាលនេះ គឺជាស្មារតីមនុស្សធម៌ពិតៗកើតចេញពីសេចក្តីស្រឡាញ់​ដែលមិនប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយ គឺក្នុងគោលដៅតែមួយ គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងឲ្យប្រជាពលរដ្ឋ ទទួលបានសុខភាពល្អរស់នៅមានសុភមង្គល ក្នុងមហាគ្រួសារ។
លោក កែង វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការព្យាបាលនេះ បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទាំង២ពាន់ នាក់នេះរួមមាន៖ ការពិគ្រោះពិនិត្យជំងឺទូទៅ ការពិនិត្យតាមអេកូសាស្ត្រ ការវះកាត់តូច ពិនិត្យជំងឺភ្នែក និងជំងឺទឹកនោមផ្អែម។
នាឱកាសនោះ លោក កែវ ពិសិដ្ឋ និងក្រុមការងារក៏បានអញ្ជើញចុះសាកសួសុខទុក្ខ និងបានស្វែងយល់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមភូមិនីមួយៗរបស់ឃុំ និងបាននាំយកអំណោយ មានជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួនជូនដល់ គ្រួសារខ្វះខាត ស្ត្រីមេម៉ាយ និង ចាស់ជរាចំនួន១០០គ្រួសារក្នុងឃុំនេះផងដែរ៕




(វីដេអូអប់រំ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញផ្សាយវីដេអូឃ្លីបខ្លីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយបានបញ្ជាក់ថា យើងទៅបោះឆ្នោតដើម្បីអនាគតរបស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ចាប់ផ្តើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ទូរស័ព្ទលេខ ១២៨៥ សេវាស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ទូរស័ព្ទលេខ ១៨០០២០១៧៕

លោក អូស្មាន ហាស្សាន់៖ លេខរៀងរបស់CPP ខុសគ្នានៅតាមឃុំ សង្កាត់នីមួយៗ​ តែស្លាក​សញ្ញាដែល​មានរូបទេវតា​បាចផ្កា ​នៅតែជា​សញ្ញារបស់​គណបក្ស​ប្រជាជនកម្ពុជា​

លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមCPP បានបញ្ជាក់ថា ​លេខរៀងរបស់CPP ខុសគ្នានៅឃុំ សង្កាត់នីមួយៗ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ តែស្លាកសញ្ញាដែលមានរូបទេវតាបាចផ្កា នៅតែជាសញ្ញារបស់គណបក្សប្រជាជនកម្ពុជា​។
លោកថ្លែងបែបនេះ  នៅសៀលថ្ងៃទី១៥ ខែឧសភា  ឆ្នាំ២០១៧  ក្នុងឱកាសដែលលោក ​សំណេះសំណាលប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាម ខេត្តព្រះសីហនុ នៅទីតាំងវិហារឥស្លាមភូមិបន្ទាយព្រៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ   ដែលមានការចូលរួមជាសហអធិបតី  ដោយលោក ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ CPP ខេត្តព្រះសីហនុ និងសមាជិក៣៣០នាក់។
លោក អូស្មាន ហាស្សាន់ បានសម្តែងសុទិដ្ឋិនិយម នៅចំពោះមុខសកម្មជន សមាជិក សមាជិការ គណៈចលនាសាសនិកឥស្លាម CPP ខេត្តព្រះសីហនុ ចំពោះលទ្ធផលបោះឆ្នោតសភាអាណត្តិទី៥ ដែលសាសនិកឥស្លាមទូទាំងប្រទេស សម្រេចបានសម្លេងគាំទ្រគណបក្សប្រជាជន យ៉ាងច្រើនលើសលប់ជាប់លំដាប់ថ្នាក់លេខ១ ទូទាំងប្រទេស ចំណែកសម្លេងឆ្នោត CPP ពីសាសនិកឥស្លាមទូទាំងខេត្តព្រះសីហនុ ក៏ទទួលបានសម្លេងយ៉ាងច្រើន គិតជាមធ្យមទូទាំងប្រទេស គឺជាប់៧៤ភាគរយ ដែលជាប់លំដាប់ថ្នាក់លេខ៨ បើប្រៀបនឹងខេត្តផ្សេងៗ ទូទាំងប្រទេសដែលមានសម្លេងខ្មែរឥស្លាម បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕




លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន ដឹកនាំការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅក្រុងប៉ោយប៉ែត

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន តំណាង លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក ណាតផៈវុធ ប៊ូធិសារូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅក្រុងប៉ោយប៉ែតនៅវត្តប៉ាលេយ្យល័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការពិនិត្យព្យាបាលជម្ងឺជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺគ្មានការប្រកាន់និន្នាកានយោបាយនោះទេ ធ្វើការពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្រីក្រ មានជម្ងឺ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កម្មវិធីពិនិត្យព្យា​បាល​ជម្ងឺទូទៅ មាត់ធ្មេញ និងកាយសម្បទាជូនប្រជាពលរដ្ឋទូទៅក្នុងក្រុងប៉ោប៉ែត ត្រូវបានធ្វើឡើងតាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃ និងគ្រូពេទ្យខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៕





លោក ត្រាំ អ៊ីវតឹក៖ សមិទ្ធផលរីកចំរេីនគឺផ្តេីមចេញពីប្រទេសមានសន្តិភាព ដែលបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

កំពង់ឆ្នាំង៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកកំពង់លែង និង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បានថ្លែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ថា សមិទ្ធផលរីកចំរេីន គឺផ្តេីមចេញពីប្រទេសមានសន្តិភាព ដែលបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវ តឹក បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលលោក បានជួបសំណេះសំណាលជាមួយតំណាងគ្រួសារបក្ស ចំនួន១.៦៥៨នាក់ មកពីឃុំ២គឺ ឃុំប្រឡាយមាស និង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង សម្ពោធដាក់អោយប្រេីប្រាស់ ស្នាក់ការគណបក្សឃុំប្រឡាយមាស ដែលកសាងអស់ថវិកាចំនួន២.៤៩០.០៥០​ដុល្លារ ដែលបានមកពីការជួយឧបត្ថម្ភពីក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក និងពិនិត្យវាស់វែងឈួសឆាយផ្លូវមួយខ្សែប្រវែង២២គីឡូម៉ែត្រ ចាប់ពីឃុំផ្លូវទូក តភ្ជាប់ទៅឃុំច្រណូកស្រុកកំពង់លែង មាន ទទឹង១០m ក្រាលគ្រួសក្រហម និងចាប់ដំណេីរសាងសង់បន្តនៅឆ្នាំ២០១៨ដោយថវិការបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងមានសាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ជាពិសេស រោងចក្រ សហគ្រាសដើម្បីបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយសារប្រទេសយើងមានសន្តិភាព និងការអភិវឌ្ឍ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែមានឈ្មោះក្នុងបញ្ជី
បោះឆ្នោតអញ្ជេីញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ ឃុំ-សង្កាត់យើងបន្តទៀត។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានឧបត្ថម្ភថវិកា១ពាន់ដុល្លារ ដល់វត្តថ្នល់ឈេីទាល សំរាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងសន្យាជួយកសាងវត្តប្រឡាយ មាសផងដែរ៕







ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះជួបសំណេះសំណាលជាមួយសាមាជិក សមាជិកាសមាគម នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាសនៃមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងសមាជិកសមាជិកា ភូមិឃុំ គណបក្សប្រជាជនកម្ពុជា នៃស្រុកអង្គរជុំ ចំនួន១១៣នាក់ និងស្រុកវ៉ារិន ចំនួន៩៧នាក់។
ក្នុងនោះដែល លោកស្រី គួយ ណាលីន បានផ្តល់ជូនសមាជិកទាំងអស់ ក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់១ដុំ និងថវិកាមួយចំនួនសម្រាប់កំដរដៃ ហើយលោកស្រី ក៏បានចូលរួមឧបត្ថមនូវថវិកា ចំនួន២០០,០០០រៀល ដល់ជនរងគ្រោះដោយសាររន្ទះបាញ់ ក្នុងស្រុកវ៉ាវិនផងដែរ៕




អភិបាលខេត្តកណ្តាល អំពាវនាវអោយប្រជាពលរដ្ឋ បោះឆ្នោត អោយអ្នកធ្វើ កុំបោះអោយអ្នកប្រូ

បើបងប្អូន​បោះឆ្នោតឱ្យអ្នកបានតែនិយាយ​ និង អ្នកប្រូ​ នោះគេនឹងមកនិយាយមកប្រូទៀត​ តែបើបងប្អូនបោះឆ្នោតឱ្យអ្នកធ្វើ​ នោះអ្នកធ្វើនឹងបន្តមកធ្វើជូនជាបន្តបន្ទាប់ទៀត។​
នេះជាការលើកឡើង​របស់លោក​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជា​ជនកម្ពុជាខេត្តកណ្តាល​ ក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន​១៩០៨​ នាក់​ មកពី ១០ភូមិ​ ក្នុងឃុំខ្ពប​ ស្រុកស្អាង​ ដែល​ពេលព្រឹកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ៤ភូមិ​ គឺភូមិ​ត្នោតញី​ ភូមិដំរីឆ្លង​ ភូមិព្រៃទទឹង​ និងភូមិបឹងខ្ពប​ ចំនួន​ ៧១២​ នាក់ និងពេលរសៀលចំនួន​ ៦ ភូមិ​ គឺភូមិ​ឬស្សីស្រុក​ ភូមិកោះថ្មី​ ភូមិខ្ពបលើ​ ខ្ពបក្រោម​ ភូមិរកាលើ​ ភូមិរកាក្រោម​ មានចំនួន​ ១១៩៦​ នាក់។
ក្រោយពីបានជម្រាបជូនប្រជាពលរដ្ឋអំពីការអភិវឌ្ឍរីកចម្រើន​ ព្រមទាំងសមិទ្ធផល​ ដ៏ច្រើនសន្ធឹកសន្ធាប់​ដែលបានកើតឡើង ជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា​ លោកក៏បានប្រគល់វេទិកា ជូនប្រជាពលរដ្ឋ​លើកឡើងនូវសំណូមពរ​ និងកង្វល់នានាដែល​កើតមាននៅមូលដ្ឋា​ន​ ព្រមទាំងបានឆ្លើយតបដូចជា៖
១-រៀបចំនឹងសាងសង់ ផ្លូវបេតុងមួយខ្សែក្នុងឃុំខ្ពប មានប្រវែង​ ៦​ គ.ម​ ជូន​ក្នុងរយ:ពេលបីឆ្នាំ​ គឺ​ ២០១៨​ ប្រវែង​ ២​ គ.ម​ ឆ្នាំ​ ២០១៩​ ប្រវែង​ ២​គ.ម​ និងឆ្នាំ​ ២០២០​ ប្រវែង​ ២​គ.ម។​ ​ រីឯចំពោះផ្លូវមួយចំនួនទៀតក្នុងឃុំ​ លោកនឹងចាត់មន្ត្រីជំនាញខេត្តចុះសិក្សា​ លើកគម្រោងសាងសង់ជាបន្តបន្ទាប់។ ២-ជូនថវិកាចំនួន​ ២០​ លាន​រៀល​សម្រាប់ជួយសាងសង់សាលាបុណ្យ​ នៅភូមិត្នោតញី។ ៣-សាងសង់របងសាលា បឋមសិក្សាព្រៃទទឹងចំនួន​ ៦០ ប្រឡោះ​ តាមសំណើរបស់លោកនាយកសាលា។
៤-សាងសង់ផ្ទះមួយខ្នងជូន​ ស្ត្រីម៉េម៉ាយម្នាក់ ដែលមានជីវភាពក្រីក្រ​ លំបាក និងមានកូនច្រើនក្នុងបន្ទុក។
៥-ក្នុងឱកាសនោះផងដែរ​ លោកក៏បាន​ផ្តាំផ្ញើ​ និងអំពាវនាវដល់អាជ្ញាធរ​ និងប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសង​ និងគ្រឿងញៀន​ គ្រប់ភេទ​
និងសូមចូលរួមគោរពច្បាប់​ ចរាចរ​ បើកបរមានការយោគយល់អធ្យាស្រ័យគ្នាហើយអាជ្ញាធរដែនដី​ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ​ ឱ្យបានឆាប់​ និងមានគុណភាព​ ។ លោកក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ សូមអញ្ជើញនៅបោះឆ្នោតអោយបានគ្រប់ៗគ្នា​ នៅថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៧​ ខាងមុខ​ ហើយសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា​ ដើម្បីការពារសន្តិភាព​នៅក្នុងប្រទេសយើង និងភូមិ​ ឃុំ​ យើង​ ទទួលបាននូវការអភិវឌ្ឍ​ជាបន្តបន្ទាប់ទៀត​ ដោយលោកបានសង្កត់ធ្ងន់ថា​ “បើបងប្អូន​បោះឆ្នោតឱ្យអ្នកបានតែនិយាយ​ និង អ្នកប្រូ​ នោះគេនឹងមកនិយាយ​ មកប្រូទៀត​ តែបើបងប្អូនបោះឆ្នោតឱ្យអ្នកធ្វើ​ នោះអ្នកធ្វើនឹងបន្តមកធ្វើជូនជាបន្តបន្ទាប់ទៀត”​៕