Tuesday, April 14, 2020

សមាជិកអាស៊ានបានអនុម័តដោយចេញសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺកូវីដ-១៩ លើចំនុចសំខាន់ៗចំនួន០៨

នៅព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២០ នេះ ប្រទេសសមាជិកអាស៊ានបានបើកកិច្ចប្រជុំកំពូលពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។ កិច្ចពិភាក្សាកាលពីព្រឹកមិញនេះគឺបានផ្ដោតសំខាន់ទៅលើការចែករំលែកនៃការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងយុទ្ធសាស្ត្រក្នុងប្រទេសជាសមាជិកអាស៊ានទាំងអស់អំពីការទប់ទល់ស្ថានភាពនៃការទប់ស្កាត់ជំងឺកូវី១៩។
នៅក្នុងកិច្ចប្រជុំនេះផងដែរសមាជិកអាស៊ានបានអនុម័តទៅលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺកូវីដ១៩លើចំនុចសំខាន់ៗចំនួន០៨៖
១- ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈ ជាពិសេសចំណាត់ការផ្សេងៗដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសការពារប្រជាពលរដ្ឋអាស៊ានតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ ការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ។
២- ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀតក្នុងគោលដៅដើម្បីការពារជំងឺកូវីដ១៩ ពិសេសអ្នកដែលធ្វើការជួរមុខក្នុងការព្យាបាលជម្ងឺនេះ។
៣- ជំរុញទំនាក់ទំនងជាសាធារណៈប្រកបដោយតម្លារភាព និងប្រសិទ្ធភាពដោយប្រើប្រាស់យន្តការផ្សេងៗ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ដូចជាការទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នេះ។
៤ - អាស៊ានមានការប្ដេជ្ញាចិត្តឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្របសម្រួលគោលនយោបាយនៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គមកិច្ច ដោយសារជំងឺរាតត្បាតនេះ ជាពិសេសដើម្បីថែរក្សាប្រជាពលរដ្ឋអាស៊ាន និងរក្សាម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ាន។
៥ - បន្តការប្ដេជ្ញាចិត្តធ្វើយ៉ាងណារក្សាទីផ្សារអាស៊ានឱ្យនៅបើកចំហសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅក្នុងប្រទេសអាស៊ានជាមួយប្រទេសខាងក្រៅអាស៊ានផងដែរ ក្នុងគោលដៅដើម្បីធានាសន្តិសុខស្បៀង ស្ថេរភាពការផ្គត់ផ្គង់ស្បៀង ថ្នាំពេទ្យនិងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀត។
៦ - បន្តអនុវត្តនូវយន្តការសមស្របដើម្បីរក្សាជំនឿ និងស្ថេរភាពនៃសេដ្ឋកិច្ចតំបន់តាមរយៈគោលនយោបាយរបស់ប្រទេសសមាជិកនីមួយៗដែលជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករ ជាពិសេសអ្នកដែលមានផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ១៩នេះ ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម។
៧ - ជាការលើកទឹកចិត្ត ក្នុងការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់ដៃគូរបស់អាស៊ាន និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ហើយអាស៊ានក៏បានសម្រេចបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ។
៨ - មេដឹកនាំអាស៊ានបានប្ដេជ្ញាចិត្ត រក្សាការឯកភាពគ្នា និងប្ដេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសចូលរួមសហការគ្នាក្នុងការធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកដែលជាដៃគូរបស់អាស៊ាន រួមទាំងសហគមន៍អន្តរជាតិក្នុងការបន្តទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺនេះ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីតម្រូវការចាំបាច់៣ចំណុចសម្រាប់អាស៊ានក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារជំងឺកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះដែលយើងមិនទាន់បានយល់ដឹង អាស៊ានត្រូវការចាំបាច់នូវ៣ចំណុចដែលត្រូវរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺនេះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក និងមេដឹកនាំអាស៊ានដទៃទៀតចូលរួមកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
សេចក្តីត្រូវការទាំង៣សម្រាប់អាស៊ាននោះរួមមាន៖
ទី១- ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍ ព័ត៌មាន ទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍និងចំណេះដឹងពាក់ព័ន្ធ នឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និងតាមដាន
ទី២- ការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនិងដៃគូសន្ទនានានាក្នុងវិស័យសុខភាពសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពនិងភាពគ្រប់ជ្រុងជ្រោយ

ទី៣- ការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ានដូចជាការចែករំលែកនូវធនធាន បច្ចេកទេស និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានារួមមានក្នុងផ្នែកបរិក្ខារនិងផ្នែកសុខាភិបាលជាដើម៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ានដែលទទួលរងនូវការបាត់បង់ជីវិតប្រជាជនដោយសារជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសសមាជិកអាស៊ាន ដែលទទួលរងនូវការបាត់បង់ជីវិតប្រជាជនដោយសារជំងឺកូវីដ១៩។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ក្នុងឱកាសដែលលោកនិងមេដឹកនាំអាស៊ានដទៃទៀតចូលរួមកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ផលប៉ះពាល់ពីជំងឺកូវីដ១៩ បានមកដល់ លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្តែង ការរីករាលដាលនៃជំងឺកូវីដ១៩ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួម ដោយមិនត្រឹមតែលើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឡើកឡើងថា នាពេលកន្លងមក វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស។ ក្នុងបរិការណ៍សកលភាវូបនីយម្ម និងសមារណកម្មតំបន់ លោក យល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕



សុន្ទរកថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conference


នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀត បានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។ ក្នុងកិច្ចប្រជុំតាមវីដេអូ Conference ថ្នាក់ដឹកនាំអាស៊ានបានលើកឡើងពីបញ្ហាចម្បងៗនៃជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពល និងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ានយ៉ាងច្រើន។
ខាងក្រោមនេះ គឺជាសុន្ទរកថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦​ បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ តាមរយៈ Video Conference






ថ្ងៃនេះដំណឹងល្អណាស់៖ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់១៤នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩១នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងថ្មីទេ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ១៤នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩១នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៣១នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។






សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាមរយៈ Video Conference ពីវិមានសន្តិភាព (Video inside)

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ានពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេដឹកនាំអាស៊ានផ្សេងទៀត បានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាម Video Conference ដែលជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ជាមួយនឹង មេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបន្ថែមទៀត។
ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាមរយៈ Video Conference ពីវិមានសន្តិភាព នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
សូមទស្សនាវិដេអូ៖




សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ ជាមួយមេដឹកនាំអាស៊ាន តាមរយៈ Video Conference (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះបើកកិច្ចប្រជុំពិសេសស្តីពី បញ្ហាបង្កឡើងដោយជំងឺកូវីដ១៩។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ ជាមួយមេដឹកនាំអាស៊ាន តាមរយៈ Video Conference នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០, សូមទស្សនាវិដេអូ៖