Saturday, September 11, 2021

កាសែតអូស្រ្តាលី៖ ភ្នំពេញងាករកទីក្រុងប៉េកាំង ទើបពេលនេះបានក្លាយជារាជធានី ដែលចាក់វ៉ាក់សាំងបានច្រើនបំផុតនៅលើពិភពលោក


(សិង្ហបុរី)៖ នៅក្នុងវេទិកាថ្នាក់តំបន់មួយកាលពីខែឧសភា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេសួរត្រង់ៗថា ហេតុអ្វីបានជាលោកពឹងផ្អែកលើប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយលោកក៏បានឆ្លើយតបទៅវិញ ដោយចោទជាសំនួរបែបនេះថា៖

«ប្រសិនបើខ្ញុំមិនពឹងផ្អែកលើចិន តើឲ្យខ្ញុំទៅពឹងផ្អែកលើអ្នកណា? តើឲ្យប្រជាជនរបស់ខ្ញុំហែលឆ្លងទន្លេ ឬយ៉ាងណា?»។

បួនខែក្រោយមក បន្ទាប់ពីប្រឈមមុខនឹងរលកឆ្លងនៃជំងឺកូវីដ១៩ ដែលបានបង្ខាំងមនុស្សរាប់សែននាក់ឲ្យស្នាក់ក្នុងផ្ទះ និងតស៊ូដើម្បីស្បៀងអាហារ ការពឹងផ្អែករបស់នាយករដ្ឋមន្ត្រីកម្ពុជា លើទីក្រុងប៉េកាំងយ៉ាងហោចណាស់មាន «ទិដ្ឋភាពវិជ្ជមានមួយ» ក្នុងចំណោមផលលំបាកដែលវីរុសបានបង្កឡើង។

ទិដ្ឋភាពវិជ្ជមានមួយ ក្នុងចំណោមវិជ្ជមានទាំងឡាយនៃការទូតវ៉ាក់សាំងរបស់ចិនគឺថា បើយោងតាមក្រសួងសុខាភិបាល នៃប្រទេសកម្ពុជាបានឲ្យដឹងថា រហូតមកទល់ពេលនេះ (ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១) យ៉ាងហោចណាស់ប្រជាជនកម្ពុជាជាង ៧១% នៃចំនួនប្រជាជនសរុបជាង១៦លាននាក់បានទទួលចាក់វ៉ាក់សាំង ក្នុងនោះមានជាង៩៧% ជាមនុស្សពេញវ័យ ចាប់ពី១៨ឆ្នាំឡើងទៅ ខណៈជាង៨៦% វ័យពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។

ដៃគូយុទ្ធសាស្ត្រមេគង្គដែលជាក្រុមហ៊ុនប្រឹក្សាវិនិយោគនៅកម្ពុជា បានចេញរបាយការណ៍ ស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅអាស៊ីអាគ្នេយ៍សម្រាប់ប្រទេសកម្ពុជាថា «ទីក្រុងភ្នំពេញដែលមានប្រជាជនប្រមាណ ២លាននាក់ ឥឡូវនេះក្លាយជាទីក្រុងដែលប្រជាជន បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក»។

ដៃគូយុទ្ធសាស្ត្រមេគង្គគឺលោក ស្ទេហ្វិន ហ៊ីហ្គិន (Stephen Higgins) ដែលជាអតីតធនាគារិកអូស្ត្រាលីនៅធនាគារ ANZ បាននិយាយថា «ទីក្រុងភ្នំពេញបានទទួល វ៉ាក់សាំងបង្ការពេញលេញ (លើកលែងតែកុមារតូចៗ) សម្រាប់គ្រប់គោលបំណង។ នេះគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យមួយប៉ុណ្ណោះ។ មានរឿងជាច្រើនដែលពួកអ្នកធ្វើវា ត្រូវបានគេរិះគន់ ប៉ុន្តែធាតុពិតនៅក្នុងរឿងចាក់វ៉ាក់សាំងនេះ ពួកអ្នករិះគន់ទាំងនោះបានទទួលការចាក់វ៉ាក់សាំងរួចរាល់មុនគេទៅទៀត»។

របាយការណ៍របស់ដៃគូយុទ្ធសាស្ត្រមេគង្គនិយាយថា «ប៉ុន្តែកម្មវិធីវ៉ាក់សាំងដោយឥតគិតថ្លៃ និងស្ម័គ្រចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា គឺបានសម្រេចចំនួនគោលដៅ ៨ខែមុនកាលកំណត់ ហើយអាចថានឹងបញ្ចប់រួចរាល់បានមួយឆ្នាំ មុនប្រទេសជិតខាងក្នុងតំបន់»។

នៅក្នុងតំបន់ដែលកំពុងក្លាយជាចំណុចកណ្តាល នៃការរាតត្បាតជំងឺកូវីដ១៩ និងវីរុសបំប្លែងខ្លួនថ្មី (Delta) នៅលើពិភពលោក ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា មានស្ថានភាពល្អប្រសើរជាងគេ បើប្រៀបធៀបនឹងស្ថានការណ៍នៅប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ថៃ និងមីយ៉ាន់ម៉ា ឬសូម្បីតែម៉ាឡេស៊ី។

យោងតាមក្រសួងសុខាភិបាលកម្ពុជា ជាង២៧លានដូស ក្នុងចំណោម ៣០លានដូស ដែលខ្លួនបានទទួល គឺបានមកពីការឧបត្ថម្ភផ្ទាល់របស់ចិន។ ភាគច្រើនត្រូវបានទិញ ជាជាងត្រូវបានផ្តល់ដោយប្រទេសចិន ប៉ុន្តែនៅក្នុងវិបត្តិសុខភាពជាសកលបែបនេះ ការផ្គត់ផ្គង់វ៉ាក់សាំងគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដូច្នេះការមានអាទិភាពក្នុងការទទួលបាន នោះគឺជាគន្លឹះដ៏សំខាន់បំផុត។

ក៏មានការបរិច្ចាគពីសហរដ្ឋអាមេរិក និងជប៉ុនផងដែរ តាមរយៈយន្តការ COVAX រួមទាំងការផ្តល់ជូននូវ៉ាក់សាំង AstraZeneca ដែលប្រទេសកម្ពុជា បានចាប់ផ្តើមប្រើជាវ៉ាក់សាំងដូសជំរុញ (ដូសទី៣) ដល់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬស៊ីណូហ្វ៉ាមពីរដូចរួចរាល់។

ហើយបន្ទាប់ពីចាប់ផ្តើមចាក់វ៉ាក់សាំងដល់ក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំឡើងទៅកាលពីខែសីហា វ៉ាក់សាំងអាមេរិក Moderna និង Pfizer កំពុងធ្វើដំណើរមកដល់ តាមក្រោយទៀត តបតាមផែនការដែលអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនមានសិទ្ធិជាវពីបរទេស ដើម្បីចាក់ជូនអ្នកត្រូវការ។

លោក Higgins បានថ្លែងទៀតថា «កម្ពុជាកំពុងស្ថិតនៅចន្លោះរវាងវៀតណាម និងថៃ ដែលប្រទេសទាំងពីរនេះកំពុងរងការវាយលុក ដោយវីរុសបំប្លែងខ្លួន Delta។ នៅទីនេះ (កម្ពុជា) ក៏មានវីរុស Delta ដែរ ប៉ុន្តែវាមិនមានឥទ្ធិពលខ្លាំងក្លាឡើយ។ វាគ្រាន់តែបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ ព្រោះទីនេះត្រូវបានចាក់វ៉ាក់សាំងរួចហើយ។ ដូច្នេះនៅចុងខែនេះយើងរំពឹងថា រដ្ឋាភិបាលនឹងបើកដំណើរការអ្វីៗទាំងអស់នៅក្នុងប្រទេសនេះឡើងវិញ»។ ព្រំដែនដែលត្រូវឆ្លងកាត់ទៅប្រទេសថៃ ត្រូវបានបើកឡើងវិញ បន្ទាប់ពីត្រូវបានបិទនៅក្នុងខែកក្កដា។

វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជាបាននិយាយថា រដ្ឋាភិបាលមានភាពសកម្មក្នុងការដាក់ឲ្យប្រើប្រាស់ និងចែកចាយវ៉ាក់សាំង ប៉ុន្តែក៏បានព្រមានដែរថា «សុទិដ្ឋិនិយមចំពោះវ៉ាក់សាំង» អាចបង្កគ្រោះថ្នាក់។

ការិយាល័យតំណាង WHO ប្រចាំនៅកម្ពុជាធ្លាប់បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុនថា «ការចាក់វ៉ាក់សាំងតែមួយមុខ មិនមែនជាគ្រាប់កាំភ្លើងពណ៌ទឹកប្រាក់នោះទេ ដោយវាគ្រាន់តែជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងក្នុងការកាត់បន្ថយ ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតចូលមន្ទីរពេទ្យ និងការស្លាប់ប៉ុណ្ណោះ»។

តំណាង WHO បានក្រើនរំលឹកថា «យើងបានដើរជាមួយគ្នាលើផ្លូវដ៏វែងឆ្ងាយ ហើយយើងត្រូវបន្តដើរទៅមុខជាមួយគ្នាទៀត បើមិនដូច្នោះទេអ្វីដែលយើងបានខិតខំកសាងឡើងយ៉ាងលំបាក និងត្រូវបាត់បង់ទៅវិញមិនខាន»៕

ផ្សាយដោយសារព័ត៌មាន THE SYDNEY MORNING HERALD

ជាសារព័ត៌មានដ៏ល្បីមួយរបស់ប្រទេសអូស្រ្តាលី

ដោយ៖ Fresh News















វិដេអូបង្ហាញការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ (Video inside)

 (ភ្នំពេញ)៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបែងចែកការសាងសង់ជា ៣ដំណាក់កាល ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ និងសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ក្រោមគម្រោងចំណាយប្រមាណ ២០០លានដុល្លារ ។

ដំណាក់កាលទី១ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក ហើយដំណាក់កាលទី១ នេះ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីដដែល។

ទន្ទឹមជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ នៃពហុកីឡដ្ឋានជាតិមរតកតេជោនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការដំណាក់កាលទី២ គឺការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នោះដែរ ដោយការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា ។

កីឡដ្ឋានដ៏ទំនើបនាសម័យតេជោនេះ បានសាងសង់មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ ។ បច្ចុប្បន្នសំណង់ជាប្រវត្តិសាស្ដ្រនេះ បានសង់សាង់រួច ១០០% ហើយ ។

ដោយឡែកដំណាក់កាលទី៣ គឺការសាងសង់ភូមិកីឡា និងទីលានប្រកួតកីឡាក្រៅសាលមួយចំនួនទៀត ដែលនៅសេសល់។ ចំពោះភូមិកីឡា បច្ចុប្បន្នកំពុងដំណើរការសាងសង់ ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិក ដែលត្រូវមកប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាប្រមាណ ១ម៉ឺននាក់ ។ ក្រុមហ៊ុនសាងសង់ភូមិកីឡានេះ បានសន្យាចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC នឹងពន្លឿនការសាងសង់ឲ្យបានរួចរាល់នៅដំណាច់ឆ្នាំ២០២២ ។

សមិទ្ធផលដ៏មហាសាលខាងលើនេះ ត្រូវបានសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់កាលបរិច្ឆេទរៀបចំ ដោយនឹងប្រារព្ធពិធីបើកនៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនៅថ្ងៃទី០១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ដដែល៕





អគ្គលេធិការ UN ប្រារព្ធខួប «២០ឆ្នាំ» នៃមហាភេរវកម្ម «១១ កញ្ញា ២០០១» នៅបុរីញូយ៉ក សហរដ្ឋអាមេរិក


(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃសៅរ៍នេះបានចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីប្រារព្ធពិធីរំលឹកខួបឆ្នាំទី ២០ នៃការវាយប្រហារដោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។


លោក Antonio Guterres បានគូសបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការណ៍នោះថា «ថ្ងៃនេះ យើងប្រារព្ធទិវាដ៏ខ្មៅងងឹតមួយ ដែលនៅដិតជាប់នៅក្នុងចិត្តរបស់មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក... វាជាថ្ងៃដែលជីវិតមនុស្សជិត ៣,០០០នាក់មកពីជាង ៩០ប្រទេស ត្រូវបានពួកភេរវករលេបត្របាក់ក្នុងការវាយប្រហារដ៏អាក្រក់ និងកំសាកបំផុត នៅលើទឹកដីសហរដ្ឋអាមេរិក ហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស»។

លោក Antonio Guterres បានថ្លែងបន្តទៀតថា «ថ្ងៃនេះ ចិត្តរបស់ខ្ញុំគឺនៅជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ យើងសូមសម្តែងការគោរពដល់អ្នក ដែលនៅរស់រានមានជីវិត ដោយបានជម្នះនូវស្នាមរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីបន្តជីវិតរបស់ពួកគេ។ យើងសូមសម្តែងការគោរពដល់អ្នក ដែលបានដាក់ខ្លួនចូលទៅក្នុងផ្លូវដ៏គ្រោះថ្នាក់ និងបានធ្វើការលះបង់ ដើម្បីលើកជាឧទាហរណ៍ឱ្យឃើញជាក់លាក់ ពីអំពើមនុស្សធម៌ និងមេត្តាធម៌ ដែលក្រុមភេរវករព្យាយាមលុបបំបាត់... ហើយយើងនឹងចងចាំពីការសាមគ្គីភាព ការឯកភាព និងការព្យាយាមរកដំណោះស្រាយ ដែលសហគមន៍អន្តរជាតិបានធ្វើកាលពី ២០ឆ្នាំមុន ក្នុងគោលបំណងលុបបំបាត់ អំពើភេរវកម្មនៅថ្ងៃអនាគត»។

លោក Antonio Guterres បានសង្កត់ធ្ងន់ថា «ថ្ងៃនេះ យើងសូមឈរដោយសាមគ្គីភាព ជាមួយប្រជាជននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ក៏ដូចជាជនរងគ្រោះទាំងអស់នៃអំពើភេរវកម្ម នៅគ្រប់ទិសទីនៅជុំវិញពិភពលោក ហើយយើងសូមប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីគាំទ្រ និងការពារសិទ្ធិ និងតម្រូវការរបស់ពួកគេ»។

គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅបុរីញ៉ូយ៉ក ដែលត្រូវបានបង្កឡើងដោយក្រុមភេរវករអាល់កៃដា ដែលមាន អូសាម៉ា ប៊ិនឡាដិន ជាមេក្លោង បានបង្កឲ្យមនុស្សស្លាប់ ២,៩៩៦នាក់ និងជាង ៦,០០០នាក់ផ្សេងទៀតរងរបួស ហើយកុមារប្រមាណជាង ៣,០០០នាក់ បានបាត់បង់ឪពុក-ម្តាយរបស់ខ្លួន។ ប ន្ថែមពីនេះ សហរដ្ឋអាមេរិកបានខាតបង់ថវិកា ១០ពាន់លានដុល្លារ ដោយសារតែការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះ៕

ដោយ៖ Fresh News










ថ្ងៃនេះជាខួប «២០ឆ្នាំ» នៃមហាព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា ២០០១» នៅសហរដ្ឋអាមេរិក

 (វ៉ាស៊ីនតោន)៖ ថ្ងៃនេះជាខួប ២០ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារភេរវកម្មពីសំណាក់ក្រុមភេរវករ «អាល់កៃដា» នៅក្នុងដែនដី នៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក ដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ព្រឹត្តិការណ៍ភេរវកម្មនេះ ត្រូវបានចាត់ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវតិ្តសាស្រ្តសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល ព្រោះបានបណ្តាលឲ្យមនុស្ស ២,៩៩៦នាក់ស្លាប់ និងជាង ៦,០០០នាក់ផ្សេងទៀតរងរបួស។


ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះ៖

* គម្រោងនៃការវាយប្រហារ៖ ផែនការវាយប្រហារនេះ ត្រូវបានរៀបចំដោយលោក ខាលីដ សេអ៉ីក មូហាំម៉ាត់ (Khalid Sheikh Mohammed) ដែលចូលខ្លួនបម្រើលោក អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) ដែលជាមេដឹកនាំក្រុមភេរវករអាល់កៃដា ជាលើកដំបូងក្នុងឆ្នាំ១៩៩៦។ នៅដើមឆ្នាំ១៩៩៩ លោក Bin Laden បានសម្រេចយល់ព្រមលើគម្រោងការវាយប្រហារនេះ។

មេដឹកនាំសំខាន់ៗរួមមាន លោក Bin Laden លោក ម៉ូហាំម៉ាត់ អាតេហ្វ (Mohammed Atef) និង លោក Mohammed បានរួមគ្នារៀបចំគម្រោងការវាយប្រហារ ដូចជាជ្រើសរើសគោលដៅវាយប្រហារ ជ្រើសរើសមនុស្សដើម្បីធ្វើប្រតិបត្តិការប្លន់យន្តហោះ និងរៀបចំសម្រួលការធ្វើដំណើរសម្រាប់ពួកចោរប្លន់ទាំងនោះ ទៅកាន់សហរដ្ឋអាមេរិក។

យ៉ាងនេះក្តី លោក Bin Laden បានបដិសេធចំពោះគោលដៅវាយប្រហារមួយចំនួនដូចជា ធនាគារ Bank Tower ក្នុងទីក្រុង Los Angeles នៃរដ្ឋកាលីហ្វរញ៉ាជាដើម ខណៈមូលហេតុ គឺដោយសារគ្មានពេលគ្រប់គ្រាន់សម្រាប់ការរៀបចំ។ លោក Bin Laden បានធ្វើជាអ្នកដឹកនាំ និងឧបត្ថម្ភជាថវិកាសម្រាប់រៀបចំគម្រោង និងជាអ្នកជ្រើសរើសមនុស្សធ្វើសកម្មភាពភេរវកម្ម។

ក្រោយពេលព្រឹត្តិការណ៍នេះកើតឡើង គឺនៅឆ្នាំ២០០៤ មេដឹកនាំកំពូលរបស់ក្រុមភេរវកររូបនេះបានបង្ហើបឲ្យដឹងថា លោកបាននឹកឃើញគំនិតនៃការវាយប្រហារ ដោយបើកបុកអគារភ្លោះនៅអាមេរិក បន្ទាប់ពីលោកបានឃើញព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ទៅលើអគារខ្ពស់មួយក្នុងអំឡុងសង្គ្រាមនៅប្រទេសលីបង់ កាលពីឆ្នាំ១៩៨២។

បុគ្គលសំខាន់ៗមួយចំនួន ត្រូវបានជ្រើសរើសជាមេដឹកនាំក្រុមសម្រាប់ធ្វើសកម្មភាពប្លន់យន្តហោះ ហើយមួយចំនួនទៀតត្រូវបានតែងតាំងត្រឹមជាជំនួយការប៉ុណ្ណោះ ដោយសារពួកគេខ្វះចំណេះដឹងភាសាអង់គ្លេស ដែលធ្វើឲ្យមានភាពលំបាក ក្នុងការហ្វឹកហាត់បើកបរយន្តហោះ។

នៅចុងឆ្នាំ១៩៩៩ បុរសបួននាក់បានធ្វើដំណើរមកពីទីក្រុងហាមបឺក (Hamburg) របស់អាល្លឺម៉ង់ រួមមានលោក ម៉ូហាំម៉ាត់ អាត់តា (Mohamed Atta) លោក ម៉ាវ៉ាន អាល់សេហ៉ី (Marwan al-Shehhi) លោក ហ្ស៉ីអាដ ចារ៉ា (Ziad Jarrah) និងលោក រ៉ាមហ្ស៉ី ប៊ិនអាល់ស៉ីប (Ramzi bin al-Shibh)។ បុរសជើងខ្លាំងទាំងនេះត្រូវបាន ជ្រើសរើសដោយសារទទួលបានការអប់រំខ្ពស់ មានចំណេះដឹងភាសាអង់គ្លេស និងមានបទពិសោធន៍រស់នៅប្រទេសលោកខាងលិច។

ចំណែកលោក Hani Hanjour ធ្លាប់មានលិខិតអនុញ្ញាតធ្វើជាអ្នកបើកបរយន្តហោះស្រាប់ ហើយលោកផ្ទាល់បានបង្រៀនពួកភេរវករផ្សេងទៀត ពីរបៀបរស់នៅ កុម្ម៉ង់អាហារ និងការស្លៀកពាក់បែបលោកខាងលិច។ បន្ទាប់ពីការ ជ្រើសរើសរួចរាល់ហើយ ក្រុមប្រតិបត្តិការប្លន់យន្តហោះបានទៅទទួលវគ្គហ្វឹកហាត់ដើម្បីរៀនបើក យន្តហោះឲ្យកាន់តែស្ទាត់ជំនាញ ព្រមទាំងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះមួយចំនួនបានប្រើប្រាស់ លិខិតឆ្លងដែនខុសច្បាប់។

* ការស៊ើបអង្កេតមុនភេរវកម្មកើតឡើង៖ ការពិតទៅមុនពេលហេតុការណ៍នេះកើតឡើង មនុស្សជាច្រើនមានការសង្ស័យរួចទៅហើយ ទៅលើក្រុមភេរវករទាំងនោះ។ ជាក់ស្តែងក្រុមអាជ្ញាធរដែលចងសម្ព័ន្ធជាមួយទីភ្នាក់ងារស៉ើបអង្កេត FBI របស់សហរដ្ឋអាមេរិក បានស្នើផ្តល់ដំណឹងដល់ FBI តែបែរជាមានការបដិសេធថា នេះមិនមែនជាកិច្ចការរបស់ FBI ទៅវិញ។

នៅចុងខែមិថុនាឆ្នាំ១៩៩៩ លោក រីឆាដ ក្លាក (Richard Clarke) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងភេរវកម្ម និងលោក ចច ថេណិត (George Tenet) ប្រធានភ្នាក់ងារចារកម្ម CIA បានអះអាងដូច្នេះថា «ការវាយប្រហារដ៏ធ្ងន់ធ្ងរមួយទំនងជាអាចកើតឡើង នៅប្រទេសអ៉ីស្រាអែល ឬក៏អារ៉ាប៊ីសាអូឌីត»។ ហើយនៅដើម ខែកក្កដា ឆ្នាំដដែល លោក Clarke បានដាក់ការព្រមានយ៉ាងធ្ងន់ៗជាថ្មីដូច្នេះថា «ការវាយប្រហារដ៏ពិតប្រាកដមួយ នឹងកើតឡើងឆាប់ៗក្នុងពេលខាងមុខ»។

មិនតែប៉ុណ្ណោះលោកបានស្នើឲ្យ FBI និងក្រសួងការបរទេសអាមេរិក ធ្វើការក្រើនរំលឹកដល់បណ្តាស្ថានទូត ប៉ុស្តិ៍ប៉ូលិស និងក្រសួងការពារជាតិ បន្ទាប់ពីរកឃើញថា ក្រុមភេរវករអាល់កៃដា បានធ្វើដំណើរមកកាន់ដែនដីសហរដ្ឋអាមេរិក ហើយកាន់តែចម្លែកនោះ គឺពួកគេកំពុងចូលរៀននៅសាលាបើកបរយន្តហោះថែមទៀតផង។ កាន់តែសំខាន់នោះ គឺពួកគេអាចដឹងរហូតដល់ព័ត៌មានលម្អិតនៃភេរវករម្នាក់ៗ។ ជាអកុសល សហរដ្ឋអាមេរិកនៅតែមិនអាចបង្ការសោកនាដកម្មនេះ បានទាន់ពេលវេលាឡើយ។

* ការវាយប្រហារ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមភេរវករចំនួន១៩នាក់ បានចាប់ផ្តើមធ្វើសកម្មភាពប្លន់យន្តហោះដឹកអ្នកដំណើរខ្នាតធំដែលមានគោលដៅ ធ្វើដំណើរឆ្ងាយៗ ដោយមូលហេតុព្រោះតែយន្តហោះទាំងនោះ មានផ្ទុកប្រេងច្រើន ដែលអាចបង្កការបំផ្លិចបំផ្លាញច្រើនជាងធម្មតា។ យន្តហោះទាំងបួនរួមមាន៖

១៖ យន្តហោះប្រភេទ Boeing 767 មួយគ្រឿងរបស់អាកាសចរណ៍ American Airlines ជើងហោះហើរ Flight 11 មានសហសេវិក ១១នាក់ រួមជាមួយអ្នកដំណើរ ៧៦នាក់ និងចោរប្លន់ ៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង ៧៖៥៩នាទីព្រឹក ក្នុងគោលដៅឆ្ពោះទៅកាន់ទីក្រុង Los Angeles តែក្រុមចោរបានបើកយន្តហោះទៅបំបុកអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញ៉ូយកនៅវេលាម៉ោង ៨៖៤៦នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១។

២៖ យន្តហោះប្រភេទ Boeing 767 មួយគ្រឿងរបស់អាកាសចរណ៍ United Airlines ជើងហោះហើរ Flight 175 មានសហសេវិក ៩នាក់ អ្នកដំណើរ ៥១នាក់ និងចោរប្លន់ ៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង ៨៖១៤នាទីព្រឹក ក្នុងគោលដៅទៅទីក្រុង Los Angeles ដូចគ្នា។ ក្រុមភេរវករបាន បើកយន្តហោះទៅបំបុកអគារពាណិជ្ជកម្មពិភពលោកមួយទៀត ដែលនៅទិសខាងត្បូង នៅវេលាម៉ោង ៩៖០៣នាទីព្រឹក។

៣៖ យន្តហោះប្រភេទ Boeing 757 មួយគ្រឿងរបស់អាកាសចរណ៍ American Airlines ជើងហោះហើរ Flight 77 បានចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Washington Dulles នៅវេលាម៉ោង ៨៖២០នាទី ក្នុងគោលដៅទៅកាន់ទីក្រុង Los Angeles ដដែល ជាមួយនឹងសហសេវិក ៦នាក់ និងអ្នកដំណើរ ៥៣នាក់ ចោរប្លន់ ៥នាក់។ យន្តហោះនេះបានទៅបុកមន្ទីរបញ្ចកោណ ដែលជាទីស្នាក់ការក្រសួងការពារជាតិអាមេរិក នៅរដ្ឋ Viginia នាវេលាម៉ោង ៩៖៣៧នាទីព្រឹក។

៤៖ យន្តហោះប្រភេទ Boeing 757 មួយគ្រឿងរបស់អាកាសចរណ៍ United Airlines ជើងហោះហើរ Flight 93 បានចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិញូអាក (Newark) នៅវេលាម៉ោង ៨៖៤២ព្រឹក ក្នុងគោលដៅទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ា ជាមួយនឹងសហសេវិក ៧នាក់ អ្នកដំណើរ ៣៣នាក់ និងចោរ ៤នាក់។ ដោយសារអ្នកដំណើរបានដឹងពីបញ្ហានេះជាមុន ពួកគេប្រឈមមុខគ្នាជាមួយក្រុមភេរវករ ធ្វើឲ្យយន្តហោះមិនបានបុកអគារណាមួយឡើយ តែធ្លាក់ទៅកាន់ទីវាលមួយក្នុងរដ្ឋ Pennsylvania នៅវេលាម៉ោង ១០៖០៣នាទីព្រឹក។

អគារភ្លោះខាងជើងបានដួលនៅវេលាម៉ោង ៩៖៥៩នាទីព្រឹក បន្ទាប់ពីឆាបឆេះអស់រយៈពេល ៥៦នាទី ដោយសារអណ្តាតភ្លើងដ៏សន្ធោសន្ធៅ បណ្តាលមកពីការផ្ទុះប្រេងរបស់យន្តហោះ។ ចំណែកអគារភ្លោះខាងត្បូង បានដួលនៅវេលាម៉ោង ១០៖២៨នាទីព្រឹក បន្ទាប់ពីការឆាបឆេះអស់រយៈពេល ១០២នាទី។

តាមការសន្និដ្ឋានបានឲ្យដឹងថា ក្រុមភេរវករនៅយន្តហោះទីបួនទំនងមានគោលដៅ បើកយន្តហោះបុកវិមានកាពីតូល (វិមានសភាអាមេរិក) ឬសេតវិមានរបស់សហរដ្ឋអាមេរិក។

តាមរយៈឧបករណ៍ថតសម្លេងលើយន្តហោះ (Cockpit Voice Recorder) បានបង្ហាញថា ក្រុមសហសេវិក និងអ្នកដំណើរបានព្យាយាមដណ្តើមកាន់ចង្កូតយន្តហោះ ពីក្រុមចោរបន្ទាប់ពីទទួលដំណឹងថា យន្តហោះបីគ្រឿងត្រូវបានបើកទៅបំបុកអគារសំខាន់ៗ។ ហេតុនេះក្រុមចោរក៏សម្រេចបើកទម្លាក់បុកទីវាលតែម្តង។ នៅមុនពេល យន្តហោះធ្លាក់ ក្រុមអ្នកដំណើរ និងសហសេវិកបានប្រើប្រាស់ទូរស័ព្ទក្នុងបន្ទប់បើកបរយន្តហោះ ឬទូរស័ព្ទផ្ទាល់ខ្លួនរាយការណ៍ថា ក្រុមចោរប្លន់បីបួននាក់ បានប្រឈមមុខគ្នាជាមួយក្រុមអ្នកបម្រើលើយន្តហោះ ហើយពួកភេរវករទាំងនោះបានចាក់ និងសម្លាប់អ្នកបើកបរ អ្នកបម្រើលើយន្តហោះ និងអ្នកដំណើរមួយចំនួន។

តាមការស្រាវជ្រាវបានរកឃើញថា ពួកចោរធ្លាប់បានទិញឧបករណ៍មួយចំនួន និងកាំបិតប្រភេទម្យ៉ាងដែលកាលនោះមិនត្រូវបានហាមឃាត់សម្រាប់ការធ្វើដំណើរ តាមយន្តហោះឡើយ។ ជាមួយគ្នានេះដែរ អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះមួយចំនួនបានប្រាប់ថា ក្រុមចោរមានប្រដាប់ដោយគ្រាប់បែក ប៉ុន្តែមានអ្នកខ្លះបែរជាលើកឡើងថា គ្រាប់បែកនោះក្លែងក្លាយទៅវិញ។

ចំណែកឯ FBI ក៏ពុំបានរកឃើញសារធាតុផ្ទុះណាមួយនៅទីតាំងធ្លាក់យន្តហោះឡើយ។ ដូច្នេះហើយទើបមានការសន្និដ្ឋានថា គ្រាប់បែកនោះពិតជាក្លែងក្លាយពិតមែន។ គ្រប់បណ្តាញសារព័ត៌មាននៅទូទាំងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក បានធ្វើការផ្សាយភ្លាមៗអំពីព្រឹត្តិការណ៍ភេរវកម្មនេះ បន្ទាប់ពីហេតុការណ៍វាយប្រហារទីមួយ បានកើតឡើង។

* ចំនួនអ្នកស្លាប់និងផលខូចខាត៖ ខាងក្រោមនេះ ជារបាយការណ៍អំពីអ្នកស្លាប់ នៅក្នុងទីតាំងរងគ្រោះទាំងអស់៖

១៖ អគារពាណិជ្ជកម្មភ្លោះនៅទីក្រុងញ៉ូយក៖ យន្តហោះ American Airlines Flight 11 មានមនុស្ស ៨៧នាក់ និងភេរវករ ៥នាក់ ចំណែកយន្តហោះ United Airlines Flight 175 មានមនុស្ស ៦០នាក់ និងភេរវករ ៥នាក់ រួមទាំងមនុស្សដែលលើអគារភ្លោះទាំងពីរ ដែលមានចំនួន ២,៦០៦នាក់។

២៖ មន្ទីរបញ្ចកោណនៅទីក្រុងអាលីងតោន៖ យន្តហោះ American Airlines Flight 77 មានមនុស្ស ៥៩នាក់ និងភេរវករ ៥នាក់ រួមទាំងមនុស្សនៅក្នុងមន្ទីរបញ្ចកោណចំនួន ១២៥នាក់។

៣៖ ទីវាលនៅក្រុងស៊ែងវាល (Shanksville)៖ យន្តហោះ United Airlines Flight 93 មានមនុស្ស ៤០នាក់ និងភេរវករ ៤នាក់។

សរុបជារួមក្នុងហេតុការណ៍នេះ មានមនុស្សស្លាប់យ៉ាងតិច ២,៩៩៦នាក់ និងជាង ៦,០០០នាក់ផ្សេងទៀតរងរបួស ដោយកុមារប្រមាណជាង ៣,០០០នាក់ បាត់បង់ឪពុក-ម្តាយរបស់ខ្លួន។ រហូតមកដល់ឆ្នាំ២០០៦ បំណែកឆ្អឹងមនុស្សជាច្រើនទៀតនៅតែត្រូវបានរកឃើញជាបន្តបន្ទាប់ ដែលធ្វើឲ្យគេមិនអាចសន្និដ្ឋានពីចំនួន អ្នកស្លាប់បានពិតប្រាកដបានឡើយ។ មិនត្រឹមតែមនុស្សបាត់បង់ជីវិតមនុស្សប៉ុណ្ណោះទេ ព្រឹត្តិការណ៍ ១១ កញ្ញា ២០០១នេះ បានឲ្យអាមេរិកខាតបង់ ១០ពាន់លានដុល្លារ ដោយសារតែការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះ។

ការវាយប្រហារនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចនៃតំបន់ Lower Manhattan ដែលជាផ្នែកសំខាន់មួយនៃទីក្រុងញ៉ូយក ក៏ដូចជាបង្កផលប៉ះពាល់ ជាខ្លាំងទៅលើទីផ្សារពិភពលោកទាំងមូល ជាក់ស្តែងដូចជា ផ្សារភាគហ៊ុន Wall Street ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលជាច្រើននៅអាមេរិក និងកាណាដា ត្រូវបិទដំណើរការមួយរយៈជាដើម។ ស្ថាប័ននិងគម្រោងការងារជាច្រើន ត្រូវបានបិទទ្វារ និងលុបចោល ចំណែកប្រជាពលរដ្ឋអាមេរិកជាច្រើននាក់បានផ្លាស់ទីលំនៅ ដោយសាររងផលប៉ះពាល់សុខភាព ព្រោះតែកំទិចផេះ ដោយសារការប៉ះពាល់ដល់សតិអារម្មណ៍ ក៏ដូចជាដោយបារម្ភខ្លាចមានការវាយប្រហារសាជាថ្មី។

ការបោសសម្អាតអគារភ្លោះបានចប់សព្វគ្រប់នៅខែឧសភា ២០០២ ដោយឡែកមន្ទីរបញ្ចកោណបានជួសជុលរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ការសារសង់អគារពាណិជ្ជកម្មពិភពលោកថ្មី បានចាប់ផ្តើមជាថ្មី នៅទីតាំងដដែល ហើយបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ សំណង់ស្ថាបត្យកម្មជាច្រើន ត្រូវបានកសាងឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សោកនាកម្មនេះ ជាក់ស្តែងដូចជា សារមន្ទីរជាតិ National September 11 Memorial & Museum នៅទីក្រុងញ៉ូយក, អគារ Pentagon Memorial ក្នុងទីក្រុង Arlington, ក៏ដូចជាសំណង់ Flight 93 National Memorial នៅទីវាលក្បែរ Shanksville ជាដើម។

* កត្តាដែលជំរុញឲ្យការវាយប្រហារកើតឡើង៖ មូលហេតុដែលជំរុញឲ្យមេភេរវករអាល់កៃដាគឺ ប៊ិនឡាដិន អូសទាញមនុស្សឲ្យរៀបចំគម្រោងវាយប្រហារដ៏កក្រើក នៅសហរដ្ឋអាមេរិក មានកត្តារួមផ្សំជាច្រើន ដែលកត្តាទាំងនោះត្រូវបានក្រុមស៊ើបអង្កេត រកឃើញក្នុងសេចក្តីប្រកាសមួយ ដែលចុះហត្ថលេខាយល់ព្រមដោយរូបលោកផ្ទាល់។ កត្តាទាំងនោះរួមមានដូចជា៖

១៖ សហរដ្ឋអាមេរិកគាំទ្រប្រទេសអ៉ីស្រាអ៊ែល ដែលជាគូសត្រូវរបស់ម៉ូស្លីម

២៖ សហរដ្ឋអាមេរិកគាំទ្រការវាយប្រហារប្រឆាំងម៉ូស្លីមនៅប្រទេសសូម៉ាលី

៣៖ រដ្ឋាភិបាលអាមេរិកសម្តែងឥរិយាបទប្រឆាំងផលប្រយោជន៍ម៉ូស្លីម

៤៖ ការដែលអាមេរិកគាំទ្រឥណ្ឌាឲ្យធ្វើការគៀបសង្កត់ម៉ូស្លីមក្នុងតំបន់កាស្មៀ

៥៖ វត្តមានយោធាអាមេរិកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

៦៖ ការដាក់ទណ្ឌកម្មទៅលើប្រទេសអ៉ីរ៉ាក់

តាមកាវិភាគមួយបានលើកឡើងថា ប្រសិនបើគ្មានវត្ថមានយោធាអាមេរិកនៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសកំណើតរបស់លោក អូសាម៉ា ប៊ិនឡាដិន ទេនោះ លោកក៏មិនអាចអូសទាញមនុស្សឲ្យពលីជីវិត ដើម្បីធ្វើប្រតិបត្តិការសម្លាប់មនុស្សច្រើនបែបនេះឡើយ។

* ប្រតិកម្ម និងវិធានការ៖ ដំបូងឡើយមេដឹកនាំក្រុមអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន បានប្រកាសថា លោកមិនពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ ប៉ុន្តែក្រោយមកក្នុងឆ្នាំ២០០៤ លោកបានសារភាពថា លោកពិតជាបានរៀបចំគម្រោងវាយប្រហារនេះពិតមែន។ បើទោះបីជាខំរត់គេចពីការចាប់ខ្លួន អស់រយៈពេលជិតមួយទសវត្សរ៍ក្តី តែទីបំផុតកំពូលមេដឹកនាំភេវរករលំដាប់ពិភពលោករូបនេះ ត្រូវបានអាមេរិករកឃើញ និងសម្លាប់ចោលកាលពីខែឧសភា ឆ្នាំ២០១១។

អង្គការម៉ូស្លីមនៅសហរដ្ឋអាមេរិក បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារ ១១ កញ្ញា ២០០១ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិក-អ៉ីស្លាម ប្រើប្រាស់ជំនាញ និងធនធានរបស់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារ តាមរយៈប្រាក់ឧបត្ថម្ភ ផ្តល់ឈាម ថ្នាំពេទ្យ ស្បៀងអាហារ និងជម្រកស្នាក់នៅសម្រាប់ជនរងគ្រោះ។ ការវាយប្រហារនេះក៏ត្រូវបានបដិសេធ និងថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់បណ្តាញសារព័ត៌មាន និងរដ្ឋាភិបាលទូទាំងពិភពលោកផងដែរ។

សហរដ្ឋអាមេរិកបានសងសឹក ចំពោះការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ តាមរយៈការប្រកាសសង្គ្រាមជាមួយក្រុមភេវរករ ដោយការដាក់ពង្រាយទ័ពនៅ តាមបណ្តាប្រទេសមួយចំនួន ដែលជាជម្រករបស់ក្រុមអាល់កៃដា ព្រមទាំងបើកការវាយប្រហារប្រទេសអាហ្គានីស្ថាន ដើម្បីបោសសម្អាតក្រុមតាលីបង់ ដែលនៅពីក្រោយក្រុមអាល់កៃដា។ ជាមួយគ្នានេះដែរ បណ្តាប្រទេសជាច្រើនលើពិភពលោក បានរួមគ្នាពង្រឹងវិធានការបង្កើតច្បាប់ និងភ្នាក់ងារស៊ើបអង្កេតយ៉ាងដិតដល់ក្នុងគោលដៅ បង្ការកុំឲ្យសោកនាដកម្មដ៏ធ្ងន់ធ្ងរបណ្តាល មកពីសកម្មភាពភេរវកម្មកើតឡើងជាថ្មីម្តងទៀត។

* ទិដ្ឋភាពដ៏អាម៉ាស់ក្រោយរយៈពេល ២០ឆ្នាំ៖ កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ កងទ័ពអាមេរិកទាំងអស់ត្រូវបានដកចេញពីប្រទេសអាហ្វហ្កានីស្ថាន ជាការបិទបញ្ចប់សង្រ្គាមរុំារ៉ៃរយៈពេលជាង ២០ឆ្នាំមកនេះ។ ប៉ុន្តែមជ្ឈដ្ឋានទូទៅបាននិយាយថា ការដកទ័ពអាមេរិកយ៉ាងតក់ក្រហល់ ដល់ថ្នាក់បង្កឱ្យមានភាពចលាចល ដូចដែលបានកើតឡើងនៅឯ អាកាសយានដ្ឋានទីក្រុងកាប៊ុល គួបផ្សំទាំងការឡើងកាន់អំណាចជាថ្មីយ៉ាងរលូន របស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានទៀតទោះ គឺជាភាពបរាជ័យ និងជាទិដ្ឋភាពដ៏អាក្រក់មួយ ដែលបានបំផ្លាញទំនុកចិត្តរបស់សម្ព័ន្ធមិត្តមួយចំនួន ទៅលើសហរដ្ឋអាមេរិក៕

រៀបរៀងដោយ៖ Fresh News (ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១)