Monday, December 04, 2023

(វីដេអូ) សុន្ទរកថារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១

 CMF:

  • ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក-សមាជិកា រាជរដ្ឋាភិបាល
  • ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ​តំណាងស្ថាប័នអង្គទូតនានាប្រចាំកម្ពុជា
  • គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនជនពិការ និងអង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានមកចូលរួមក្នុងឱកាសប្រារព្ធទិវា ជនមានពិការភាពកម្ពុជា​លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយ​នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំជឿ​ជាក់យ៉ាងមុតមាំថា ប្រធានបទនៃទិវាជន មានពិការភាពក្នុងឆ្នាំ២០២៣នេះ នឹងក្លាយជាឱកាសជំរុញ​លើក​ទឹក​ចិត្ត និងលើកកម្ពស់សិទ្ធិដល់ជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយនូវកតញ្ញត្តាធម៌ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោស​ព្រះ​រាជទានព្រះរាជសារជូនបងប្អូន និងក្មួយៗមានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជន​មានពិការភាពឆ្នាំ២០២៣នេះ។

ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់​ជនមានពិការភាពប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ចាប់តាំងពីទសវត្សរ៍​ឆ្នាំ​១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោល​បំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និងការធ្វើ​បរិយាប័ន្នលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

ដោយឡែកនៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះធ្វើឡើងគឺដើម្បីរំលឹកអំពី មហាវិនាសកម្មដែលកើត​ឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផល​វិបាកជាច្រើនរួមមាន៖ ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាក​សំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន។ នេះជាសោកនាដកម្មមួយដែលបានកើតឡើងចំពោះ​ប្រជា​ជនកម្ពុជា និងរងគ្រោះពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឱ្យរបួស ពិការ ស្លាប់រាប់លាននាក់ ដោយ​គ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ។

ក្នុងឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យពីការធ្វើជាម្ចាស់ផ្ទះ រៀបចំ ការប្រកួត​កីឡា​ស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការ​ប្រកួតកម្រិតអន្តរ​ជាតិ​ដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បានផ្តល់ឱកាសជាប្រវត្តិសាស្ត្រសម្រាប់អត្តពលិកមាន​ពិការភាពមក​ពី​បណ្តាប្រទេសនានា ក្នុងតំបន់ ពិសេសអត្តពលិកមានពិការភាពកម្ពុជាបានចូលរួម​ប្រកួតស្មើ​មុខ​ស្មើមាត់ ដែលបានបង្ហាញអំពីសមត្ថភាពដ៏មានសក្តានុពលរបស់ជនមានពិការភាព។

[ផ្ដើមសេចក្ដីអធិប្បាយ១]

អម្បាញ់មិញនេះ ខ្ញុំបានចូលទស្សនានូវ​ស្តង់ដែលរៀបដោយកីឡាកររបស់យើង ហើយសូមអបអរសាទរណាស់ (ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម)កន្លងទៅនេះ យើងបានទទួលមេដាយរហូតទៅដល់ ៧៣ សម្រាប់ប៉ារ៉ាហ្គេមនេះ។

[ចប់សេចក្ដីអធិប្បាយ១]

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ ស្ដីពី «ការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន» កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់។

  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនមានពិការភាពជាទីមេត្រី!

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសុទិដ្ឋិនិយមចំពោះទស្សនៈវិស័យរួមគ្នាក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្តល់អំណាច និងការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍ​សង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរឹងមាំក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

បងប្អូនជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍។ ក្នុង​ន័យនេះ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូល​រួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារ​ដើម្បីចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែ​មានភាពល្អប្រសើរ​ឡើង។ ជាមួយគ្នានេះដែរ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។ គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ មានកាតព្វ​កិច្ច​ធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាពទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់​ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញ​ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ។

រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅ​ពីនេះសប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែកទាំងធនធានថវិកា និងធនធាន​មនុស្ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា។

ជាមួយនេះ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណ​ភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការ​ធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ។

ដើម្បីឱ្យសង្គមមួយមានបរិយាប័ន្ន យើងត្រូវនាំគ្នាគិតគូរដល់ការចូលរួមរបស់ជនមានពិការភាពក្នុង​ជីវភាព​សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្ហែ និង សកម្មភាពផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ការផ្តល់សេវា យុត្តិធម៌ជូនជនមានពិការភាព ការធានាសមភាព​យេន​ឌ័រ ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ​ទាំងអស់។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និងផ្លូវដើរសម្រាប់ជនពិការភ្នែកជាដើម។ ក្រៅពីនេះ រាជរដ្ឋា​ភិបាលបាន និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមាន​ពិការ​ភាព។ រដ្ឋបានចំណាយថវិកាអស់ជាង ១ ២០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥​លាន​គ្រួសារ។

ជាមួយនឹងការចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ ខ្ញុំសូមផ្តល់​អនុសាសន៍​មួយចំនួនសម្រាប់បន្តជំរុញការលើកកម្ពស់វិស័យជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់ តែគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិប័ន្ន និងសមធម៌ ដូចខាងក្រោម៖

ទី១. ត្រូវបង្កើនការធ្វើវិនិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែម ទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាព អាចរស់នៅក្នុងសង្គមកម្ពុជាដោយសមធម៌ មានឱកាសប្រកួតប្រជែង ទាំងនៅក្នុងប្រទេស តំបន់ និងសកល​លោក។

ទី២. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យ​ឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា និងមូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិ​ស្តីពីការកសាង​សមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់​អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវទេពកោសល្យ ការច្នៃប្រឌិតរបស់ជនមានពិការភាព ដែល​ជាធនធានមួយដ៏សំខាន់ មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណា​ម្នាក់នៅដាច់ដោយ​ឡែក»។

ទី៣. គ្រប់ក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាព នៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិ​ជនពិការ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការ​ភាព។

ទី៤. គ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារ​ដោយគ្មាន​ការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម។

ទី៥. ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថាន​ទាំង​អស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យ​ចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់​សិទ្ធិជនមានពិការភាព។

ទី៦. ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំង​គ្រប់​ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ទី៧. ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យ ទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។

ទី៨. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និង វិស័យ​ឯកជន បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និង បន្តចូលរួម​ជាគំនិត​ផ្តួច​ផ្តើមបន្ថែមលើកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ព័ន្ធ មូលនិធិជនពិការរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី តាមរយៈទីភ្នាក់ងារអូស្ត្រាលីសម្រាប់អភិវឌ្ឍន៍អន្តរជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការមិន​មែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ជាពិសេសបងប្អូនមានពិការភាព ដែលបានចូលរួម​ចំណែកយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនមានពិការភាពទៅក្នុងការអភិវឌ្ឍ ដោយខិតខំធ្វើឱ្យ​មានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាព។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗ​សិស្សានុសិស្ស និងបងប្អូនមានពិការភាពទាំងអស់ សម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់​ត្រជាក់​នៃសុខសន្តិភាព និងសូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀតឃ្លាត។

[ផ្ដើមសេចក្ដីអធិប្បាយ២]

ក្នុងថ្ងៃនេះផងដែរ ខ្ញុំសូមរៀបចំ ក្នុងនោះមានសម្រាប់បងប្អូនជនមានពិការភាព សរុប ២ ៧៣០នាក់ ក្នុងម្នាក់បានអាហារសម្រន់ អាវយឺតមួយ និងថវិកា ១០ម៉ឺនរៀលផងដែរ។ លោកគ្រូ អ្នកគ្រូ អ្នកថែទាំជនពិការ ចំនួន ៣៧០នាក់ ម្នាក់ៗអាហារសម្រន់ អាវយឺត និងថវិកា ៥ម៉ឺនរៀល។ ក្រុមយុវជនកាយឫទ្ធិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនគណៈកម្មការរៀបចំកម្មវិធីនាព្រឹកនេះ ថវិកា ២០លានរៀល និងក្រុមគ្រូពេទ្យប្រចាំការ ថវិកា ៣លានរៀលផងដែរ៕

[ចប់សេចក្ដីអធិប្បាយ២]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម


នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម  ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍  បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ ឯកឧត្តម ក៏បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានធ្វើការផ្តាំផ្ញើរសាកសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។ 

ជារួម សម្តេចធិបតី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានធ្វើការគាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ៕








សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរ​ទិវាជន​មាន​ពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ ពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព​កោះ​ពេជ្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រ ដែលបានចេញព្រះរាជសារអបអរសាទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ។ សម្តេចធិបតី បានថ្លែងថា សម្រាប់កម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហា​វិនាស​កម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុង​នោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាម ក៏​បាន​បន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃ​ប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមី​ ដែលបានរកឃើញជាច្រើន​នៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត​ដែល​នាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់​ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។

សម្តេចធិបតីបានផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅពី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរ តែងយកចិត្តទុកដាក់ និង គិតគូរខ្ពស់ពីសុខទុក្ខ និង ជីវភាពរបស់បងប្អូនជនមានពិការភាពគ្រប់រូបមិនថានៅទីក្រុងឬទីជនបទ។សម្តេចធិបតីបានថ្លែងថា សម្តេចទាំងទ្វេ ជាមគ្គុទេសក៍ដឹកនាំដ៏អស្ចារ្យ ឈ្លាសវៃ និង ប៉ិនប្រសប់ បានថែរក្សា ប្រទេសជាតិឱ្យមានសុខសន្តិភាព សន្តិសុខ និង ស្ថេរភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនមានពិការភាពដែលជាកូនជាចៅរបស់សម្តេចនៅទូទាំងប្រទេស។ ទិវាជនមានពិការភាពនេះត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និង សតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុង សកម្មភាពជីវិតប្រចាំថ្ងៃ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដើម្បី ធ្វើការផ្លាស់ប្ដូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហា ពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ។

សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់នៅកម្ពុជា, ការប្រារព្ធទិវាជនមានពិការភាពនេះឡើងគឺ ដើម្បីរំលឹកអំពី មហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន : ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និង កាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន។ នេះជាសោកនាដកម្មមួយដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា និង រងគ្រោះពីការទម្លាក់គ្រាប់បែក រាប់លានតោន ហើយធ្វើឱ្យរបួស ពិការស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយ បន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចមានសុទិដ្ឋិនិយមចំពោះទស្សនៈវិស័យរួមគ្នាក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្ដល់អំណាច និង ការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្តារ សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពរឹងមាំ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក របស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និង ការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះសប្បុរសជន, សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍ នានា បានចូលរួមចំណែកទាំងធនធានថវិកា និង ធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាពកម្ពុជា។  រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និង ផ្លូវដើរសម្រាប់ ជនពិការភ្នែកជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព។ រដ្ឋបានចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាព ឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន ចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនមានពិការភាព ។

សម្តេចធិបតីបានថ្លែងថា ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និង ទូរទស្សន៍របស់រដ្ឋ និង ឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានបង្កើនម៉ោងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដោយមាន ការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។ សម្តេចសុំអោយក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងសុខាភិបាល រួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕