Monday, October 18, 2021

ក្រសួងសុខាភិបាលជូនដំណឹងផ្លូវការ៖ កែប្រែលក្ខខណ្ឌធ្វើដំណើរនិងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជា, ៣ថ្ងៃសម្រាប់វិនិយោគិន, មន្រ្តីរាជការ និងរយៈពេល៧ថ្ងៃសម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីលក្ខខណ្ឌធ្វើដំណើ កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ដូចតទៅ៖

* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។

សូមជម្រាបថា តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវអាទិភាពខ្ពស់សម្រាប់អ្នកដំណើរចូលមកកម្ពុជាទាំងខ្មែរ និងបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានពេញលេញ ខណៈអ្នកដែលចាក់មិនបានពេញលេញ គឺត្រូវបន្ដធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងផ្លូវការរបស់ក្រសួងសុខាភិបាល៖


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មី ៖ « ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល? »


នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល? »។


វីដេអូនេះ បានបង្ហាញនូវភាពចាំបាច់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការផ្តួចផ្តើមគំនិតឲ្យមានសេចក្តីព្រាងច្បាប់នេះ បានកើតឡើងបន្ទាប់ពីមេឧទ្ទាមនៃក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាបានយកព័ត៌មានមិនពិតមកធ្វើការចោទប្រកាន់ទាំងកំរោលនិងបើកការវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន ទាំងបំពានថា សម្តេចមានសញ្ជាតិពីរ និងមានលិខិត ឆ្លងដែនរបស់ប្រទេសស៊ីព្រ។ 

ព័ត៌មានមិនពិតដែលមានចេតនា បង្ខូចកេរ៍ឈ្មោះនិងមួលបង្កាច់ដោយឥតអៀនខ្មាស់ក្នុងគោលបំណងបំផ្លាញជីវិតនយោបាយរបស់សម្តេចតេជោផងនិងញុះញង់បង្កអោយមានភាពវឹកវរចលាចលបះបោរ ក្នុងសង្គមក្រោមឧបាយកលដ៍ពិសពុលនៃការអំពាវនាវនិង ញុះញង់អោយកងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ធក្រោកឈរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះបានជំរុញឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រីផ្តួចផ្តើមគំនិតឲ្យមានច្បាប់នេះតែម្តងដើម្បីបង្ហាញអំពីភាពស្មោះត្រង់និងភក្តីភាព ដាច់ខាតនិងឥតងាករេរបស់សម្តេចចំពោះប្រទេសជាតិនិងចំពោះប្រជាពលរដ្ឋខ្មែរ។ 

មានប្រទេសនិងដែនដីជាង៥០នៅលើពិភពលោកដែល មានច្បាប់ស្តីពីការកំណត់ឲ្យ មេដឹកនាំកំពូលៗនៃស្ថាប័នជាតិ មានសញ្ជាតិតែមួយ។ ច្បាប់នេះមានគោលដៅធានាថា ថ្នាក់ដឹកនាំប្រទេសនីមួយៗត្រូវតែដាច់ខាតស្មោះត្រង់ជាមួយផលប្រយោជន៍ជាតិនិងប្រជាជនរបស់ខ្លួន ដោយមិនត្រូវយក ប្រយោជន៍បរទេសមកលាយឡំនោះឡើយ។ 

ក្រោយពេលដែលច្បាប់នេះចូលជាធរមាន អធិបតេយ្យភាពជាតិកម្ពុជានឹងកាន់តែត្រូវបានពង្រឹង ខណៈដែលការជ្រៀតជ្រែកពីបរទេសដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់កូនអុករបស់ខ្លួនដែលមានសញ្ជាតិពីរ ក៍នឹងត្រូវបានទប់ស្កាត់ដោយប្រសិទ្ធិភាពផងដែរ។ ប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និស្សិត បញ្ញវ័ន្ត នៅទូទាំងប្រទេសដែលបានសម្តែងនូវការសាទរចំពោះច្បាប់ដ៏មានសារៈសំខាន់នេះ សង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះគឺជាឧបករណ៍គតិយុត្តិមួយដ៏រឹងមាំដើម្បីពង្រឹងឯកភាពជាតិ ក៏ដូចជាលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ ដោយមិនបណ្តែតបណ្តោយឲ្យអ្នកនយោបាយដែលយកសញ្ជាតិបរទេសជាធំ និងតែងតែមាក់ងាយប្រទេសសញ្ជាតិកំណើតរបស់ខ្លួន អាចឡើងកាន់តំណែងកំពូលរបស់ជាតិបាននោះឡើយ។

សូមទស្សនាវីដេអូដូចតទៅនេះ៖











#សញ្ជាតិខ្មែរតែមួយ #ថ្នាក់ដឹកនាំកំពូល #ហ៊ុនសែន #កម្ពុជា

ទស្សនៈមិត្តអ្នកអាន៖ ដំណើរបស់កម្ពុជាឆ្ពោះទៅកាន់ការផ្សះផ្សា ដែលពោរពេញដោយការតស៊ូ និងភាពឈឺចាប់


(ភ្នំពេញ)៖ អត្ថបទមួយនេះមានគោលបំណងផ្តល់នូវព័ត៌មានមួយចំនួន ស្តីអំពីដំណើរដ៏វែងអន្លាយរបស់កម្ពុជា ដើម្បីចាកផុតពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។ មានហេតុផលជាច្រើនដែលដំណើរនេះ មានសារសំខាន់ចំពោះពិភពលោក ក្នុងចំណោមនោះ គឺមេរៀនចេញពីដំណើររបស់កម្ពុជា ផ្តល់ទៅកាន់សង្គមក្រោយជម្លោះដទៃផ្សេងទៀត។ ទោះបីជាគ្មានការឆ្លើយតបត្រឹមត្រូវ ឬយុទ្ធសាស្ត្ររារាំងចំពោះអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលជាលក្ខណៈសកលមួយយ៉ាងណាក្តី យើងជឿជាក់ថា ប្រាកដជាមានដំណើរទូទៅមួយ ដែលសង្គមក្រោយជម្លោះអាចប្រើប្រាស់ ដើម្បីបញ្ចៀសការរាតត្បាតនៃអំពើហិង្សា។


នៅរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាកុម្មុយនីស្តខ្មែរក្រហម ដែលបានបង្កភាពភ័យខ្លាចហួសពីការស្មាន និងប្រព្រឹត្តនូវការសម្លាប់រង្គាល។ គោលដៅនៃរបបខ្មែរក្រហម គឺបំផ្លាញប្រទេសជាតិ និងចាប់ផ្តើម «ឆ្នាំសូន្យ» របស់ខ្លួន ដែលត្រូវបានពិភពលោកស្គាល់ថា «វាលពិឃាដ»។ នៅក្នុងអំឡុងរយៈពេលតិចជាងបួនឆ្នាំប៉ុណ្ណោះ របបខ្មែរក្រហម បានធ្វើឲ្យប្រជាជនខ្មែរប្រមាណជាងពីរលាននាក់ស្លាប់បាត់បង់ជីវិត។


ក្រោយពេលដែលរបបខ្មែរក្រហមបានផុតរលត់ទៅ បទពិសោធន៍របស់យើងបង្ហាញថា រាល់សង្គមក្រោយជម្លោះទាំងអស់ត្រូវតែបញ្ចៀសការរាតត្បាតនៃអំពើហិង្សា តាមរយៈការបង្កើតឲ្យមានសន្តិភាពជាជំហានដំបូង។ ការពិត យុត្តិធម៌ ការផ្សះផ្សា និងការអប់រំ មិនអាចព្យាបាលសង្គមជាតិឲ្យជាសះស្បើយបានឡើយ ប្រសិនបើគ្មានវត្តមាន «សន្តិភាព»។ ជួនកាល សន្តិភាពអាចសម្រេចទៅបានតាមរយៈអន្តរាគមន៍យោធា។ នេះគឺជាករណីជាក់ស្តែងក្នុងប្រទេសកម្ពុជា។ ចំពោះប្រទេសកម្ពុជា របបខ្មែរក្រហមដួលរលំទៅនៅក្នុងឆ្នាំ១៩៧៩ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាមួយនឹងអន្តរាគមន៍របស់កងទ័ពវៀតណាម។


ទោះបីជាខ្មែរក្រហមត្រូវបណ្តេញចេញពីអំណាចទៅហើយក្តី ប្រទេសកម្ពុជានៅតែត្រូវបន្តយាយីដោយជម្លោះ អស្ថិរភាព និងភាពខ្ទេចខ្ទាំអស់រយៈកាលជាងពីរទសវត្សរ៍បន្តទៀត។ បន្ទាប់ពីឆ្នាំ១៩៧៩ កងកម្លាំងខ្មែរក្រហម នៅតែបន្តសង្គ្រាមជាមួយរដ្ឋាភិបាលកម្ពុជា។ នៅពេលដែលកងកម្លាំងខ្មែរក្រហមត្រូវបំបែកខ្ចាត់ខ្ចាយនិងសមាហរណកម្មទាំងស្រុង ទើបប្រទេសកម្ពុជាអាចចាប់ផ្តើមដំណើរការឈានទៅសម្រេចយុត្តិធម៌របស់ខ្លួនបាន។ កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចយុត្តិធម៌ និងការផ្សះផ្សាជាច្រើន បានប្រព្រឹត្តទៅនៅក្នុងអំឡុងពេលសង្គ្រាម។


ជាឧទាហរណ៍ នៅក្នុងឆ្នាំ១៩៧៩ កម្ពុជាបានបង្កើត «តុលាការប្រជាជនបដិវត្តន៍» មួយដែល «កាត់ទោស» មេដឹកនាំខ្មែរក្រហមដោយកំបាំងមុខ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីវិនិច្ឆ័យទោសចំពោះរបបខ្មែរក្រហម គឺជាទង្វើសមហេតុសមផលកិច្ចខិតខំប្រឹងប្រែងនេះមិនបានឈរលើបទដ្ឋានយុត្តិធម៌ ដែលទទួលស្គាល់ជាផ្លូវការអន្តរជាតិទេ ហើយកិច្ចខិតខំប្រឹងប្រែងនេះក៏មិនអាចប្រព្រឹត្តទៅបានដែរ ពីព្រោះថាក្នុងខណៈនោះប្រទេសជាតិកំពុងស្ថិតនៅក្នុងសង្គ្រាមនៅឡើយ។


កិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចយុត្តិធម៌ពិតប្រាកដមួយទៀត បានប្រព្រឹត្តទៅតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានស្គាល់ថា សាលាក្តីខ្មែរក្រហម នៅដើមទសវត្សរ៍ឆ្នាំ២០០០។ វត្តមាននៃសាលាក្តីខ្មែរក្រហម ដែលជាតុលាការរួមគ្នារវាងអង្គការសហប្រជាជាតិនិងកម្ពុជា គឺជាជំហានដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជា ពីព្រោះតុលាការនេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម។ ទោះបីជាយ៉ាងណាក្តី យើងចាំបាច់ត្រូវចងចាំថាដំណើរការឈានទៅសម្រេចយុត្តិធម៌ ត្រូវតែចាប់ផ្តើមចេញពីដំណើរស្វែងរកការពិតដ៏ស្មោះត្រង់មួយ។


មជ្ឈមណ្ឌលឯកសារកម្ពុជា នៅដើមដំបូងត្រូវបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ ជាការិយាល័យមួយរបស់សាកលវិទ្យាល័យយ៉ែល បន្ទាប់ពីសភាសហរដ្ឋអាមេរិកអនុម័តឲ្យមានច្បាប់ស្តីពីយុត្តិធម៌ សម្រាប់អំពើប្រល័យពូជសាសន៍ ដើម្បីធ្វើការសិក្សាស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៧មក មជ្ឈមណ្ឌលឯកសារកម្ពុជា ដើរតួនាទីជាស្ថាប័នសង្គមស៊ីវិលឯករាជ្យមិនលម្អៀង ដែលផ្តោតទៅលើការចងចាំ យុត្តិធម៌ និងការផ្សះផ្សា។ បេសកកម្មស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺស្រាវជ្រាវ កត់ត្រា និងប្រមែប្រមូលឯកសារនិងវត្ថុតាងផ្សេងៗ ដែលបន្សល់ទុកពីរបបខ្មែរក្រហម ដើម្បីគាំទ្រដល់យុត្តិធម៌និងការចងចាំ។


មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាបណ្ណសារដ្ឋាននៃឯកសារទាក់ទងនឹងរបបខ្មែរក្រហមធំជាងគេបង្អស់នៅក្នុងតំបន់។ មជ្ឈមណ្ឌលឯកសារកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់ដំណើរការស្វែងរកការពិត និងឈានទៅសម្រេចយុត្តិធម៌ដែលមិនមែនតែនៅក្នុងបន្ទប់សវនាការប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងប្រទេសកម្ពុជា។


យុត្តិធម៌មិនមែនមានសណ្ឋានតែមួយបែបនោះឡើយ។ យុត្តិធម៌អាចសម្រេចបានតាមរយៈការកាត់ទោសឧក្រិដ្ឋជន និងផ្តន្ទាទោសលើបុគ្គលទាំងឡាយដែលទទួលខុសត្រូវ ចំពោះការប្រព្រឹត្តអំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាល ប៉ុន្តែយុត្តិធម៌អាចនឹងរឹតតែប្រសើរ នៅពេលដែលជនរងគ្រោះមួយរូបបានរៀបរាប់អំពីរឿងរ៉ាវ របស់ខ្លួននៅក្នុងតុលាការ។ យុត្តិធម៌អាចសម្រេចបានតាមរយៈការចងក្រងនូវអ្វីដែលបានកើតឡើង និងមូលហេតុដែលហេតុការណ៍នោះកើតឡើង។ យុត្តិធម៌អាចលេចជារូបរាងឡើងនៅពេលដែលសាច់រឿងរបស់អ្នករស់រានមានជីវិតនានា ត្រូវបានរៀបរាប់ម្តងទៀតនៅក្នុងសៀវភៅប្រវត្តិសាស្ត្រនិងនៅក្នុងថ្នាក់រៀន។ យុត្តិធម៌អាចសម្រេចបានតាមរយៈការសះស្បើយផ្លូវចិត្ត ក៏ដូចជាការថែទាំដល់អ្នករស់រានមានជីវិត តាមរយៈតំហែទាំវេជ្ជសាស្ត្រ សេវាកម្មសុខភាពនិងប្រព័ន្ធគាំពារសង្គម។ តាមរយៈការលើកឡើងទាំងអស់នេះ យុត្តិធម៌គឺមានពហុសណ្ឋាន និងគឺជាផ្នែកមួយនៃដំណើរការស្តារឡើងវិញនូវអរិយធម៌និងមនុស្សធម៌សម្រាប់សង្គមក្រោយជម្លោះមួយ។


បន្ទាប់ពីមានការបង្កើតសាលាក្តីខ្មែរក្រហម កម្ពុជាមិនត្រឹមតែគាំពារដល់ការស្វែងរកយុត្តិធម៌នៅឯសាលាក្តីនេះតាមរយៈការផ្គត់ផ្គង់ឯកសារ វត្ថុតាង និងបទសម្ភាសន៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំពារដល់ការសម្រេចបានយុត្តិធម៌ក្នុងការអប់រំ ការចងចាំ សេវាកម្មសង្គម និងការទំនុកបម្រុងដទៃទៀតដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។


កម្ពុជាបានបណ្តុះបណ្តាលគ្រូបង្រៀនមធ្យមសិក្សា សិស្សានុសិស្សកម្រិតវិទ្យាល័យ និងគ្រូបង្រៀនកម្រិតឧត្តម រាប់ពាន់នាក់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយប្រើប្រាស់វិធីសាស្ត្រសិក្សាបែបសិស្សមជ្ឈមណ្ឌល។ កម្ពុជាគាំទ្រដល់សិល្បៈ វប្បធម៌ និងកិច្ចផ្តួចផ្តើមអប់រំសាធារណៈ ដើម្បីធានាថាប្រវត្តិសាស្ត្រនិងបទពិសោធន៍របស់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នឹងមិនត្រូវបានបំភ្លេចចោល។ កម្ពុជាកំពុងអនុវត្តកម្មវិធីថែទាំសុខភាព និងទំនុកបម្រុងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យទទួលបានការថែទាំនិងការគាំពារ។ កម្ពុជាបានប្រតិបត្តិកម្មវិធីមួយដែលរួមមានអ្នកស្ម័គ្រចិត្តចំនួន៥០០នាក់ ដែលជាអ្នកដឹកនាំយុវជនជំនាន់ក្រោយជាមួយនឹងអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមនៅក្នុងសហគមន៍របស់ខ្លួន។ សកម្មភាពនេះផ្តល់ជូនអ្នករស់រានមានជីវិតនូវការគាំទ្របន្ថែម និងបង្កើតជាឱកាសបន្ថែមសម្រាប់យុវជន-យុវនារីដើម្បីរៀនសូត្រ។


ប្រទេសកម្ពុជាមានការលូតលាស់គួរឲ្យកត់សម្គាល់ជាច្រើន ចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ក៏ប៉ុន្តែកម្ពុជាត្រូវឆ្លងកាត់ការតស៊ូនិងភាពឈឺចាប់ជាច្រើន ដើម្បីឈានមកដល់ចំណុចនេះ។ ទោះបីជាយ៉ាងណាក្តី កម្ពុជាមិនដែលរួញរាសោះឡើយ។ បច្ចុប្បន្ន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៥លាននាក់ទៀត រួមទាំងជនដៃដល់ផង នៅរស់រានមានជីវិត ដើម្បីរៀបរាប់អំពីរឿងរ៉ាវរបស់ខ្លួនក្នុងអំឡុងរបបខ្មែរក្រហម។


ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការផ្សះផ្សាមិនទាន់បញ្ចប់ ហើយក៏នឹងគ្មានទីបញ្ចប់ដែរ។ ការរារាំងទប់ស្កាត់ ទាមទារនូវការប្តេជ្ញាដ៏មោះមុតក្នុងការចងចាំអំពីអតីតកាល៕


ដោយ៖ ឆាំង យុ

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា 

 




នាចុងសប្ដាហ៍ ៣ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។

លោករដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ២៨,៧២៨នាក់
* រាជធានីភ្នំពេញ ២៥,៦៩៨នាក់
* ខេត្តកំពត ១៨,៤៣៧នាក់
* ខេត្តកំពង់ស្ពឺ ៨,៥៥៥នាក់
* ខេត្តសៀមរាប ៧,៦៨៧នាក់
* ខេត្តពោធិ៍សាត់ ៧,៤៥៩នាក់
* ខេត្តកែប ៧,១៣៦នាក់។

បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុត ចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានានៅតែមានសកម្មភាពគួរកត់សម្គាល់ ទោះបីមានការថមថយចំនួនខ្លះក៏ដោយ។ ជាក់ស្តែង តួលេខចុងសប្តាហ៍ (៣ថ្ងៃ) ខាងលើ មានការថយចុះប្រមាណ ៤៣.៤៦% ធៀបនឹងចុងសប្តាហ៍កន្លងមកក្រោយពិធីបុណ្យភ្ជុំ ប៉ុន្តែបើធៀបនឹងចុងសប្តាហ៍មុនពិធីបុណ្យភ្ជុំ គឺមានការកើនឡើងប្រមាណ ១៨.២១%។

មន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែបន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវានានាដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក ខណៈដែលការចូលរួម និងយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែមានភាពល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចូលរមណីយដ្ឋានជាដើម។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានកំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀតផងដែរ៕





ក្រសួងពាណិជ្ជកម្ម ប្រកាសពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៨ ខែតុលា

 ក្រសួងពាណិជ្ជកម្ម ប្រកាសពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៨ ខែតុលានេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០០០រៀល ក្នុង១លីត្រ។






កិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងធម៌វិន័យរបស់មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ លោក រស់ ផារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ជាតំណាងលោក  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តស្វាយរៀង  បាននិមន្តចូលរួមកិច្ចប្រជុំស្ដីពីការពង្រឹងនូវការគ្រប់គ្រងធម៌វិន័យ ដែលរៀបចំឡើងដោយសាលាគណខេត្តស្វាយរៀង សហការរៀបចំដោយមន្ទីរធម្មការ និងសាសនាខេត្ត ។ 

កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានមន្ទីរធម្មការ  និងសាសនាខេត្ត អភិបាលក្រុង ស្វាយរៀង   និងមានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក ទាំង៨ លោកប្រធាន អនុប្រធាន មន្ទីរធម្មការ និងសាសនា លោកប្រធានការិយាល័យកិច្ចការព្រះពុទ្ធសាសនា   លោកអនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុងស្វាយរៀង ៕





ទឹកស្ទឹងពោធិ៍សាត់ ចាប់ផ្តើមឡើងខ្លាំង ត្រៀមនឹងប្រកាសអាសន្ន ខណៈកម្ពស់បច្ចុប្បន្ន ៤.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ)

ពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ បានចាប់ផ្តើមឡើងហើយ ដែលត្រៀមនឹងដល់កម្រិតមួយត្រូវប្រកាសអាសន្ន ពោលគឺកម្ពស់ទឹក ៤.៧២ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។

លោកប្រធានមន្ទីររូបនេះ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៤.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.១៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។

លោក កែវ វ័យ បានបន្តថា គិតត្រឹមវេលាម៉ោង៩ និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកស្ទឹងចាប់ផ្តើមស្រកចុះ ០.២៦ម៉ែត្រ បើធៀបនឹងព្រឹកព្រលឹម។ ដោយឡែកនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងនឹងបន្តឡើង ០.៣៤ម៉ែត្រ បើធៀបនឹងព្រឹកព្រលឹម។ ហើយប្រសិនបើមិនមានភ្លៀងបន្ថែម នៅផ្នែកខាងលើ នៃស្រុកវាលវែង និងស្រុកភ្នំក្រវាញទេនោះ ទឹកស្ទឹងពោធិ៍សាត់នឹងស្រកវិញ ក្នុងឡុងពេល៦ម៉ោងក្រោយ។

លោកប្រធានមន្ទីរបានបន្ថែមថា បើសិនស្ថិតក្នុងស្ថានភាពណាមួយ តម្រូវឱ្យប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប។ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំ ទុកដាក់កូនចៅ សត្វពាហៈនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕






រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំបន្ថែម ស្ដីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ថែមថ្មីមួយ ដោយសម្រេចលើកលែកកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំង ចំពោះកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ រាល់ពេលចេញចូលសាលារៀន។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមរយៈការតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។ 
 ឈរលើមូលដ្ឋាននេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញនូវសេចក្តីណែនាំបន្ថែមដល់ គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្ស-និស្សិត មាតាបិតា-អាណាព្យាបាល និងសាធារណជនទាំងអស់ នូវគោលការណ៍ដូចខាងក្រោម ៖  
 ១៖ ចំពោះកុមារ និងយុវវ័យដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងកុមារដែលមានអាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សានៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហារដ្ឋានតូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ។
២៖ គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបចាក់វ៉ាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលក្នុងគ្រឹះស្ថានសិក្សា។ ដោយឡែក ចំពោះកុមារ និងយុវវ័យដែលមានអាយុក្រោម១៨ឆ្នាំ ក៏ត្រូវបានលើកលែងកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំងផងដែរ រាល់ពេលចេញ-ចូល ទៅទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ។
៣៖ បន្ថែមលើវិធានការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំខាងលើនេះ គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងការស្កេន QR Code ។ល។ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលកំពុងហក់ឡើងយ៉ាងគំហុក ក្នុងកម្រិតមួយជិតប្រកាសអាសន្ន

ពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចមុខសាលាខេត្ត កោះសំពៅមាស និងសួនច្បារថ្មីពោធិ៍សាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងយ៉ាងគំហុក ក្នុងកម្រិតមួយជិតប្រកាសអាសន្ន។

ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ក្នុងនាមអាជ្ញាធរខេត្ត លោក ជាវ តាយ បានត្រៀមរួចជាស្រេច នូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក ជាវ តាយ បន្ថែមថា ទោះបីស្ថានភាពទឹកពុំទាន់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នក៏ពិតមែន ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមសូមបួងសួងដល់វត្ថុសាកសិទ្ធិនៅក្នុងខេត្ត សូមបញ្ជៀសទឹកនេះកុំឱ្យលិចលង់នៅក្នុងខេត្ត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់លិចនេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង ៥ និង០០នាទីល្ងាចនេះ មានកម្ពស់ ៤.៨៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៣៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកស្ទឹងចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់ ដោយឡែកនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងបានចាប់ផ្តើមស្រកចុះ កម្ពស់០.០៥ម៉ែត្រ។ លោកប្រធានមន្ទីរបានបន្ថែមថា បើសិនស្ថិតក្នុងស្ថានភាពណាមួយ តម្រូវឱ្យប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប។ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំ ទុកដាក់កូនចៅ សត្វពាហៈនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕




ដើម្បីអបអរសាទរ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១)

 (ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល គំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ។

 

ចំពោះលក្ខណៈពិសេសនៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០រៀល គំរូថ្មីនេះ មានចែងក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដូចខាងក្រោម៖