Tuesday, March 31, 2015
លោក ហង្ស ពុទ្ធា អាចនឹងត្រូវក្លាយជាសមាជិកទី៩របស់ គ.ជ.ប ជំនួសលោកស្រី ពុង ឈីវកេក
តាមប្រភពច្បាស់ការណ៍មួយពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល
បានបង្ហើបឲ្យដឹងថា លោក ហង្ស ពុទ្ធា អាចនឹងត្រូវក្លាយជាសមាជិកទី៩ របស់ គ.ជ.ប
ជំនួសលោកស្រី ពុង ឈីវកេក មូលហេតុដោយសារលោកស្រី ពុង ឈីវកេក មិនអាចបំពេញបែបបទរបស់ខ្លួនឪ្យបានទាន់ពេលវេលាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ឲ្យ។
តាមប្រភពដដែលបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ
បានឯកភាពគ្នារួចរាល់ហើយអំពីសមាសភាពថ្មី ជាសមាជិកទី៩ នៃគ.ជ.ប ដែលនឹងត្រូវជំនួសលោកស្រី
ពុង ឈីវកេក ករណីដែលលោកស្រីមិនអាចបំពេញលក័្ខខណ្ឌជ្រើសរើសឲ្យទាន់ពេលវេលាបាន។
តាមការឲ្យដឹងនេះបានបញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី បានធ្វើការទាក់ទង ផ្ទាល់ជាមួយសម្តេចតេជោ តាមរយៈទូរស័ព្ទដើម្បីធ្វើការពិភាក្សាគ្នាអំពីបេក្ខភាពថ្មី
គឺលោក ហង្ស ពុទ្ធា ប្រធានអង្គការ និចហ្វីក ដែលអាចនឹងត្រូវដាក់ជំនួសលោកស្រី
ពុង ឈីវកេក ក្នុងករណីដែលកាលបរិច្ឆេទដាក់ពាក្យស្នើសុំធ្វើជា
សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវបញ្ចប់ដោយមិនមានវត្តមានលោកស្រី
ពុង ឈីវកេក ចូលរួមនោះ។
នៅថ្ងៃទី ៣១ ខែមីនា
ឆ្នាំ២០១៥នេះដែរ លោកស្រី ពុង ឈីវកេក ប្រធានអង្គការ សិទ្ធិមនុស្សលីកាដូ ក៏បានធ្វើការបដិសេធ
ជាមួយនឹងការសម្តែង នូវការសោកស្តាយ ដែលមិនអាចទទួលយកតួនាទី នៅក្នុង គណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត (គ.ជ.ប) ស្របតាមឆន្ទៈ របស់គណបក្សជាប់ឆ្នោតទាំងពីរ។
គួររំលឹកថា កាលពីថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៤ ការឯកភាព ជាកុងសង់ស៊ីលរវាងគណបក្សធំៗទាំងពីរ លោកស្រី ពុង
ឈីវកេក ត្រូវបានផ្តល់ឱកាស ដើម្បីជ្រើសរើសជាសមាជិកទី៩ នៃគ.ជ.បថ្មី។ តួនាទីជាសមាជិកទី៩
គឺជា “សមាជិកឯករាជ្យដើម្បីធានាថា ស្ថាប័ននេះឯករាជ្យអនុលោម ទៅតាមរដ្ឋធម្មនុញ្ញ
នឹងច្បាប់ជាតិ”។
នៅថ្ងៃនេះ លោកស្រី ពុង ឈីវកេក បានលើកឡើងថា “ថ្ងៃនេះ ខ្ញុំអាចសន្និដ្ឋានបានថា ភារកិច្ចនេះ អាចទៅមិនរួចសម្រាប់ខ្ញុំ ។ ទោះបីជាមានកិត្តិយសដ៏ធំធេង ដោយត្រូវបានជ្រើស
រើសក្នុងមុខដំណែងដ៏សំខាន់នេះយ៉ាងនេះក្តី ខ្ញុំមាន ការសោកស្តាយដែលខ្ញុំត្រូ
វបដិសេធឲ្យធ្វើជាសមាជិកទី៩របស់គ.ជ.បថ្មី”។ ទោះជាយ៉ាងណា លោកស្រី
មានការសោក ស្តាយចំពោះដំណែងនេះ ហើយលោកស្រីស្នើ ឲ្យប្រជាជនកុំប្រកាន់លោកស្រី
។
គួររំឭកថា លោកស្រី
ពុង ឈីវកេក មានសញ្ជាតិបី គឺខ្មែរ បារាំង និងកាណាដា។ ក្នុងច្បាប់បោះឆ្នោតថ្មី
តម្រូវឲ្យលោកស្រី លះបង់សញ្ជាតិទាំងនោះ៕
អត្ថបទ៖ ច័ន្ទ ទេវី
រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ តាមរយៈការអនុវត្តការងារ ក្នុងឆ្នាំ២០១៤ លើវិស័យមុខងារសាធារណៈ
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសន្និបាតបូកសរុប
លទ្ធផលការងារឆ្នាំ២០១៤ និង លើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យមុខងារសារធារណៈ
ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ សម្រាប់ចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាក់ស្តែងនាពេលកន្លងមក
រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន
ក្នុងវិស័យមុខងារសារធារណៈដូចជា៖
-
បង្កើតលក្ខន្ដិកៈដោយឡែកមន្ដ្រីរាជការស៊ីវិលតាមប្រភេទក្របខ័ណ្ឌនីមួយៗ
ហើយបានធ្វើសមាហរណកម្មមន្ត្រីរាជការស៊ីវិល ដោយបានបញ្ចូលមន្ត្រីមកពីភាគីទាំង៤ (1/ភាគីខ្មែរក្រហមដែលបានធ្វើសមាហរណកម្ម,
2/ ភាគីគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច, 3/ ភាគីគណបក្សលោកតា សឺន សាន និង 4/ភាគីរដ្ឋកម្ពុជា)
ឱ្យទៅជាមន្ត្រីរាជការក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលឯកភាពមួយ។
-
កសាងនិងដាក់ឱ្យដំណើរការប្រព័ន្ធបៀវត្សថ្មីនៅឆ្នាំ២០០១។
-
កសាងអនុក្រឹត្យ
ស្តីពីការគ្រប់គ្រងដំណើរការនៃការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍តាមអាយុ តាមប្រព័ន្ធព័ត៌មានវិទ្យា នៅឆ្នាំ២០០២។
-
កសាងគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ
នាខែឧសភា ឆ្នាំ២០០៦ ដែលមានចង្កោមសេវាចំនួន ៧ ប្រភេទ។
-
ចងក្រងកម្រងព័ត៌មានសេវាសាធារណៈតាមចង្កោមសេវានីមួយៗ
ដើម្បីជាឧបករណ៍ជំនួយដល់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
-
បង្កើតអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិវាយតម្លៃស្តង់ដាសេវាសាធារណៈនៅឆ្នាំ២០១៣
ដែលរួមមានសូចនាករគោលចំនួន០៥គឺ ទី១-គុណភាពព័ត៌មាន ទី២-ភាពងាយស្រួលក្នុងការទទួលយកសេវា
ទី៣-ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា
ទី៤-សេវាផ្តល់តាមគោលការណ៍កំណត់និងមានអភិបាលកិច្ចល្អ និងទី៥-យន្តការព័ត៌មានត្រឡប់
និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា។
-
បានកែសម្រួលគោលនយោបាយធានារ៉ាប់រងសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។
-
បានបង្កើតឱ្យមានបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។ល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន
បានមានប្រសាសន៍បន្ថែមថា ដោយឡែកនៅក្នុងកំឡុងពេលអនុវត្តការងារនៅឆ្នាំ
២០១៤កន្លងមកនេះ ក្រសួងមុខងារសាធារណៈ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ សម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀតគួរឱ្យកត់សម្គាល់
ដូចជា៖ ១-ការរៀបចំបើកផ្តល់បៀវត្សជូនមន្រ្តីរាជការស៊ីវិលបានទាន់ពេលវេលាក្នុងខែនីមួយៗ
និងការរៀបចំបានពេញលេញនូវការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ ២- ការដាក់ឱ្យអនុវត្តគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ និងការធ្វើនិយ័តកម្មការឡើងថ្នាក់
ឋានន្តរសិក្ត័ និងការធ្វើសមាហរណកម្មមន្រ្តីរាជការទូទាំងប្រទេសទៅក្នុងរចនាសម្ព័ន្ធមុខងារសាធារណៈថ្មី ៣-
ការរៀបចំកែសម្រួលរួចរាល់ប្រាក់បៀវត្សមូលដ្ឋាន
ប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការស៊ីវិល ការធ្វើឱ្យមានសង្គតិភាពរវាងបៀវត្សរបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ
ព្រមទាំងការររៀបចំបៀវត្ស និងវិធានការផ្សេងៗគាំទ្រដល់វិស័យអប់រំ និងសុខាភិបាល ៤- ការធ្វើប្រតិភូកម្មមុខងារលើការតែងតាំង
ផ្ទេរ និងបញ្ចប់ភារកិច្ចមន្រ្តីរាជការស៊ីវិលទៅថ្នាក់ក្រោមជាតិ
និង ៥- ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ជាដើម។
ឯកឧត្តម បានបន្ថែមថា សមិទ្ធផលទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការអនុវត្តកម្មវីធីកំណែទម្រង់របស់រាជរដ្ឋាភិបាល
សំដៅប្រែក្លាយមន្ត្រីរដ្ឋបាលសារធារណៈទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព
និងជាដៃគូអភិវឌ្ឍន៍ដែលអាចជឿទុកចិត្តបាន ជាពិសេសដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានគូសបញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងទៅនេះ
ក៏យើងនៅមានកិច្ចការ និងបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវបន្តអនុវត្ត និងដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃមុខងារសាធារណៈ និងការផ្តល់សេវាសាធារណៈឱ្យឆ្លើយតបនឹងការវិវត្តនៃសេចក្តីត្រូវការរបស់សង្គមជាតិ។
ឯកឧត្តមបន្តថា អង្គសន្និបាតនាពេលនេះ
គឺជាឱកាសដ៏ប្រពៃសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់ក្រសួងមុខងារសារធារណៈ
ធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ លើការអនុវត្តការងាររបស់ខ្លួនកន្លងមក និងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាផងដែរ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា លទ្ធផលនៃសន្និបាតនេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដាក់ចេញនូវអនុសាសន៍
ក្នុងការស្វែងរកដំណោះស្រាយឱ្យបានសមស្រប
និងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដែលបានរកឃើញ សំដៅធានាឱ្យផែនការការងារឆ្នាំ២០១៥
អាចអនុវត្តបានប្រកបដោយជោគជ័យ៕
អត្ថបទ៖ ច័ន្ទ ទេវី
សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និង លើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមុខងារសាធារណៈ
- ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមុខងារសាធារណៈ ដ៏មានសារសំខាន់នាពេលនេះ។ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុងខិតខំយកចិត្តទុកដាក់បំពេញការងាររៀងៗខ្លួនក្នុងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ យ៉ាងសកម្ម និងឈានទៅសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀតគួរឱ្យកត់សម្គាល់។
ការជួបជុំគ្នាថ្ងៃនេះ គឺជាវេទិកាដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យមុខងារសាធារណៈនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងការអនុវត្តល្អៗសម្រាប់ជាធាតុចូល ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងសម្រាប់លើកទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ២០១៥នេះ ក៏ដូចជាបណ្ដាឆ្នាំខាងមុខទៀត ឱ្យបានកាន់តែប្រសើរឡើង។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី !
- អង្គសន្និបាតជាទីមេត្រី!
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យមុខងារសារធារណៈ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ សម្រាប់ចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ កន្លងមក រាជរដ្ឋាភិបាល ដោយមានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលជាសេនាធិការ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ ដែលមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយ តាមរយៈការបង្កើតនិងអនុវត្តនូវគោលនយោបាយនិងឧបករណ៍ចាំបាច់នានា សំដៅពង្រឹងប្រសិទ្ធភាពការងារ និងគណនេយ្យភាពនៅក្នុងរដ្ឋបាលសារធារណៈ។ តួយ៉ាង កម្មវិធីកន្សោមអាទិភាព ប្រាក់លាភការបន្ថែមដោយផ្អែកលើលទ្ធផលការងារ និងទីភ្នាក់ងារប្រតិបត្តិការពិសេស បានរួមចំណែកដោយផ្ទាល់នៅក្នុងការអភិវឌ្ឍសមត្ថភាពរដ្ឋបាលសាធារណៈនៅកម្ពុជា ដើម្បីអនុវត្តការងារជាយុទ្ធសាស្ត្រ និងការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងវិស័យមុខងារសារធារណៈ ដូចជា៖
- បង្កើតលក្ខន្ដិកៈដោយឡែកមន្ដ្រីរាជការស៊ីវិលតាមប្រភេទក្របខ័ណ្ឌនីមួយៗ ហើយបានធ្វើសមាហរណកម្មមន្ត្រីរាជការស៊ីវិល ដោយបានបញ្ចូលមន្ត្រីមកពីភាគីទាំង៤ ឱ្យទៅជាមន្ត្រីរាជការក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលឯកភាពមួយ។
- កសាងនិងដាក់ឱ្យដំណើរការប្រព័ន្ធបៀវត្សថ្មីនៅឆ្នាំ២០០១។
- កសាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដំណើរការនៃការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍តាមអាយុ តាមប្រព័ន្ធព័ត៌មានវិទ្យា នៅឆ្នាំ២០០២។
- កសាងគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ នាខែឧសភា ឆ្នាំ២០០៦ ដែលមានចង្កោមសេវាចំនួន ៧ ប្រភេទ។
- ចងក្រងកម្រងព័ត៌មានសេវាសាធារណៈតាមចង្កោមសេវានីមួយៗ ដើម្បីជាឧបករណ៍ជំនួយដល់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
- បង្កើតអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិវាយតម្លៃស្តង់ដាសេវាសាធារណៈនៅឆ្នាំ២០១៣ ដែលរួមមានសូចនាករគោលចំនួន០៥គឺ ទី១-គុណភាពព័ត៌មាន ទី២-ភាពងាយស្រួលក្នុងការទទួលយកសេវា ទី៣-ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា ទី៤-សេវាផ្តល់តាមគោលការណ៍កំណត់និងមានអភិបាលកិច្ចល្អ និងទី៥-យន្តការព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា។
- បានកែសម្រួលគោលនយោបាយធានារ៉ាប់រងសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។
- បានបង្កើតឱ្យមានបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។ល។
ជាងនេះទៅទៀត ក្នុងនីតិកាលទី៥នេះ រាជរដ្ឋាភិបាលបានបន្តធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យដោយបានដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ នៅតែជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ដោយបានផ្តល់សារៈសំខាន់លើការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ព្រមជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងស្មារតីនេះ ការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកម្មវិធីកែទម្រង់នានា។ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស ត្រូវបានរៀបចំបង្កើត និងដាក់ឱ្យដំណើរការក្នុងការដឹកនាំ គ្រប់គ្រង អភិវឌ្ឍវិស័យមុខងារសាធារណៈ និងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។
តាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្រ្តី កន្លងមកនេះ ក្រសួងមុខងារសាធារណៈ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ សម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀតគួរឱ្យកត់សម្គាល់ ដូចជា៖ (១)ការរៀបចំបើកផ្តល់បៀវត្សជូនមន្រ្តីរាជការស៊ីវិលបានទាន់ពេលវេលាក្នុងខែនីមួយៗ និងការរៀបចំបានពេញលេញនូវការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ (២) ការដាក់ឱ្យអនុវត្តគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ និងការធ្វើនិយ័តកម្មការឡើងថ្នាក់ ឋានន្តរសិក្ត័ និងការធ្វើសមាហរណកម្មមន្រ្តីរាជការទូទាំងប្រទេសទៅក្នុងរចនាសម្ព័ន្ធមុខងារសាធារណៈថ្មី (៣) ការរៀបចំកែសម្រួលរួចរាល់ប្រាក់បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការស៊ីវិល ការធ្វើឱ្យមានសង្គតិភាពរវាងបៀវត្សរបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការររៀបចំបៀវត្ស និងវិធានការផ្សេងៗគាំទ្រដល់វិស័យអប់រំ និងសុខាភិបាល (៤) ការធ្វើប្រតិភូកម្មមុខងារលើការតែងតាំង ផ្ទេរ និងបញ្ចប់ភារកិច្ចមន្រ្តីរាជការស៊ីវិលទៅថ្នាក់ក្រោមជាតិ និង(៥) ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ជាដើម។
សមិទ្ធផលទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការអនុវត្តកម្មវីធីកំណែទម្រង់របស់រាជរដ្ឋាភិបាល សំដៅប្រែក្លាយមន្ត្រីរដ្ឋបាលសារធារណៈទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍន៍ដែលអាចជឿទុកចិត្តបាន ជាពិសេសដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
- អង្គសន្និបាតជាទីមេត្រី!
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងទៅនេះ ក៏យើងនៅមានកិច្ចការ និងបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវបន្តអនុវត្ត និងដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃមុខងារសាធារណៈ និងការផ្តល់សេវាសាធារណៈឱ្យឆ្លើយតបនឹងការវិវត្តនៃសេចក្តីត្រូវការរបស់សង្គមជាតិ។
ក្នុងន័យនេះ អង្គសន្និបាតនាថ្ងៃនេះ គឺជាឱកាសដ៏ប្រពៃសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់ក្រសួងមុខងារសារធារណៈ ធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ លើការអនុវត្តការងាររបស់ខ្លួនកន្លងមក និងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ផងដែរ។ លទ្ធផលនៃសន្និបាតថ្ងៃនេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដាក់ចេញនូវអនុសាសន៍ ក្នុងការស្វែងរកដំណោះស្រាយឱ្យបានសមស្រប និងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដែលបានរកឃើញ សំដៅធានាឱ្យផែនការការងារឆ្នាំ២០១៥ អាចអនុវត្តបានប្រកបដោយជោគជ័យ។
ដើម្បីជាមូលដ្ឋាននៃការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ខ្ញុំសូមលើកឡើងនូវទស្សនៈសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១-តាមបទពិសោធន៍ ជោគជ័យនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវអាស្រ័យលើកត្តាសំខាន់មួយចំនួន ដូចជា (១) ការផ្លាស់ប្តូរឥរិយាបថ វប្បធម៌ និងរបៀបរបបធ្វើការរបស់ភ្នាក់ងារសាធារណៈ និង(២) ការធ្វើកំណែទម្រង់ ឬទំនើបកម្ម គឺជាអភិក្រមបន្តជាយូរអង្វែង ហើយត្រូវតែស្របទៅនឹងបរិបទ តម្រូវការ កាលៈទេសៈ និងការវិវត្តរបស់សង្គមជានិច្ច។
ទី២-ត្រូវរៀបចំផែនការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈ ឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ចេញនូវវិធានការគាំទ្រផ្សេងៗ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដើម្បីសម្រេចគោលដៅ ក្នុងការផ្តល់ជូនមន្រ្តីរាជការនូវបៀវត្សទាបបំផុត ១ លានរៀលក្នុង១ខែ នៅឆ្នាំ២០១៨។
ទី៣-ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសារធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ក្រៅពីការរៀបចំបើកផ្តល់បៀវត្សជូនមន្រ្តីរាជការស៊ីវិលបានទាន់ពេលវេលា និងការរៀបចំកែសម្រួលប្រាក់បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ ត្រូវជំរុញការរៀបចំ និងការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគុណផល សេវាកម្មវិជ្ជាជីវៈ និងប្រព័ន្ធលើកទឹកចិត្តផ្សេងៗប្រកបដោយសមធម៌សម្រាប់មន្រ្តីរាជការ។
ទី៤-ត្រូវជំរុញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការរៀបចំអង្គវិជ្ជាជីវៈ ការកំណត់មុខតំណែង ការពិពណ៌នាមុខតំណែង ដើម្បីផ្តល់លទ្ធភាពឲ្យក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជ្រើសរើស និងប្រើប្រាស់ធនធានមនុស្សឱ្យចំទិសដៅ ទីកន្លែងដែលត្រូវការ។
ទី៥-ត្រូវជំរុញបន្តការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីរាជការ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈជាប្រព័ន្ធ ស្របតាមសេចក្តីត្រូវការនៃការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងនោះត្រូវមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវតួនាទីរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែសកម្មក្នុងការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការកម្រិតគ្រប់គ្រងជាន់ខ្ពស់ ជាពិសេស ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តី ។
ទី៦-ត្រូវជំរុញការផ្តល់សេវាសាធារណៈ ផ្អែកលើគោលនយោបាយ និងស្តង់ដាសេវាសាធារណៈ ច្បាស់លាស់ និងប្រកបដោយសមធម៌ ប្រព័ន្ធត្រួតពិនិត្យគុណភាពនិងប្រសិទ្ធភាព និងយន្តការស្ថាប័នសម្រាប់ទទួលបណ្តឹងតវ៉ា និងព័ត៌មានត្រឡប់ពីអ្នកប្រើប្រាស់សេវា ដើម្បីឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
ទី៧-ត្រូវអនុវត្តសកម្មភាពកែទម្រង់ ឱ្យសម្រេចបានតាមសូចនាករគោលនៃសមិទ្ធកម្ម ដែល មានកំណត់នៅក្នុងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨។
ទី៨-ត្រូវពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យាឱ្យបានទូលំទូលាយ ដើម្បីគាំទ្រដល់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទី៩-ត្រូវចូលរួមគាំទ្រការធ្វើប្រតិភូកម្មមុខងាររបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិឱ្យបានសមស្រប។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី
- អង្គសន្និបាតជាទីមេត្រី!
ជាថ្មីម្ដងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ដែលបានរួមចំណែកសម្រេចនូវសមិទ្ធផលជាច្រើនក្នុងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ នាពេលកន្លងមក។ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា សូមបន្តចូលរួមចំណែក និងគាំទ្រឱ្យកាន់តែសកម្ម ក្នុងការលើកកម្ពស់ការកែទម្រង់វិស័យមុខងារសាធារណៈបន្ថែមទៀត ដើម្បីឱ្យវិស័យនេះ អាចរួមចំណែកឱ្យបានកាន់តែប្រសើរឡើងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។
ខ្ញុំសូមប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងកំណត់ទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមុខងារសាធារណៈ ចាប់ពីពេលនេះតទៅ។
សូមអរគុណ!
Subscribe to:
Posts (Atom)