Monday, September 21, 2020

លិខិតមិត្តអ្នកអាន៖ អធិបតេយ្យជាតិកម្ពុជា មិនត្រូវរំលោភទាំងទំនើងចិត្តដោយប្រទេសណាមួយឡើយ

 ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងរាស្រ្តខ្លះរបស់សហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងពីចំណាត់ការមួយដ៏ក្រអឺតក្រទម ក្នុងកិច្ចការបរទេសមួយសំដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគិនចិនមួយ ដែលកំ​ពុងរកស៊ីបណ្តាក់ទុននៅកម្ពុជា ដោយចោទប្រកាន់គ្មានមូលដ្ឋានពិតប្រាកដថា បានរំលោភសិទ្ធិមនុស្ស រឹបអូសយកដីពលរដ្ឋ ប្រព្រឹត្តអំពើពុលរលួយ ដែលមានទីតាំងនៅខេត្តកោះកុង ជាពិសេសនឹងត្រូវប្រើប្រាស់ជាទីតាំងយោធារបស់ប្រទេសចិន។

ចំណាត់ការបែបនេះ វាមិនមានអ្វីប្លែកឡើយបើធៀបក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានលូកលាន់ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅពេលនោះ សហរដ្ឋអាមេរិកបានជួយឲ្យកូនជឹងរបស់ខ្លួន ផ្តួលរំលំរបបសង្គម​រាស្រ្តនិយម​ដឹកនាំដោយសម្តេច នរោត្តម សីហនុ ដោយជោគជ័យ ហើយបានទាញកម្ពុជាឲ្យរអិលធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមអស់ជិតបីទសវត្សរ៍។ តើឯណាទៅជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាក្នុងរដ្ឋអធិបតេយ្យ? តើប្រជាជនកម្ពុជាទាំងមូលសុខចិត្តឱ្យ​​បាត់បង់សុខសន្តិភាពនិងអធិបតេយ្យជាតិរបស់ខ្លួនដោ​យសារតែការជ្រៀតជែ្រករបស់បរទេសឬយ៉ាង?

សម្រាប់ប្រជាជនកម្ពុជា សន្តិភាព និងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលត្រូវតែការពារឱ្យបានដាច់ខាតទោះបង់ក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែង សន្តិភាព បានធ្វើប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមបំផុត លើជោគវាសនារបស់ខ្លួនក្នុងដែនអធិបតេយ្យជាក់លាក់ស្របតាមច្បាប់អន្តរជាតិ ហើយមិនត្រូវមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរំលោភបំពាន​លើឯករាជ្យ និងសិទ្ធិអធិបតេយ្យជាតិរបស់ខ្លួនពីសំណាក់បរ​ទេសណាមួយបានឡើយ រួមទាំងប្រទេសដែលតាំងខ្លួនជាបងធំផង។ អំពើក្នុងអតីតកាលជាមួយនឹងជម្លោះផលប្រយោជន៍ ក្នុងភូមិសាស្រ្តនយោបាយរបស់មហាអំណាចដដែលៗ បានឆ្លៀតយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ធ្វើជាលេសជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសតូចដូចជាប្រទេសកម្ពុជាសារជាថ្មី ដោយមិនបានខ្វល់ពីច្បាប់ សុខសន្តិភាព និងអធិប​តេយ្យជាតិរបស់រដ្ឋមួយឡើយ។

ពេលនេះ ក៏ដូចគ្នា សហរដ្ឋអាមេរិក នៅបន្តប្រើប្រាស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ​ដើម្បីរំលោភបំពានលើអធិបតេយ្យ​កម្ពុជា ដែលពិភពលោកអាចមើលឃើញយ៉ាងជាក់ស្តែង តាមរបៀបស្តង់ដារពីរ ស្របទៅតាមផលប្រយោជន៍របស់ខ្លួន។

ក្នុងគោលដៅប្រជែងឥទ្ធិពលជាមួយប្រទេសចិន​ ​ក្នុង​ល្បែង​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​ឥណ្ឌូចិន​និងសមុទ្រចិនខាងត្បូង បានក្លាយជាលេសថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក ក្នុងការរំលោភបំពានលើអធិបតេយ្យនិងផលប្រយោជន៍របស់កម្ពុជា​។ ជាក់ស្តែង និងតាំងពីដើមរៀងមក កម្ពុជាតែងតែចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍ស្មើភាព គោរពគ្នាដោយស្មោះត្រង់ ជាពិសេសការគោរព​​ឯករាជ្យ​ភាព​អធិ​បតេយ្យ អព្យាក្រឹត្យមិន​ចូល​បក្សសម្ព័ន្ធរបស់កម្ពុជា។ ជាងនេះទៅទៀត ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងការអធិបតេយ្យជាតិរបស់ខ្លួន កម្ពុជា បានតាំងចិត្តដោយចារិកទុកក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយ​មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​ទ័ពបរទេសនៅលើទឹកដីខ្លួន​និង​មូលដ្ឋាន​ទ័ពរបស់​​ខ្លួន​នៅលើ​ទឹក​ដី​ប្រទេសដទៃ​ដែរ លើ​កលែង​តែក្នុង​ក្របខណ្ឌ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

​​​​​ប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងឥទ្ធិពលគ្នាជាមួយនិងប្រទេស ក៏ប៉ុន្តែសូមកុំអូសកម្ពុជាចូលពាក់ព័ន្ធនឹងជំលោះរបស់ខ្លួនដូចក្នុងអតីតកាលតទៅទៀត។ ហើយកុំព្រោះតែការវិនិយោគរបស់ចិន​កើតមាននៅគ្រប់ទីកន្លែងលើពិភពលោក ពិសេសេការវិនិយោគនៅ​ក​ម្ពុ​ជា  ដែល​​​ជាទីតាំងភូមិសាស្ត្រនយោបាយផង បានធ្វើឱ្យសហរដ្ឋអាមេរិក ​បារម្ភរហូតមកបៀតបៀនប្រទេសតូចតាច​ដូចកម្ពុជាដូច្នេះ។ ជាក់ស្តែងកាល​ពី​ឆ្នាំ​កន្លងទៅ សហរដ្ឋអាមេរិក បាន​បំផុស​ផ្សព្វផ្សាយ​ពាក្យ​ចចាម​អា​រាម និង​ប្រឌិត​ព័ត៌​មាន​​ជា​ច្រើន​ វាយ​ប្រហារទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​ចិន ​ឱ្យ​ទៅជា​រឿងអសន្តិ​សុខផ្នែក​យោធា​ក្នុង​តំបន់បាន​កើត​មាន​នៅ​ស្ទើរ​គ្រប់​សារព័ត៌មាន​ធំៗរបស់​អាមេរិក​ ពិសេស សារព័ត៌មាន The Wall Street Journal។ សារព័ត៌មានមួយនេះ​បាន​បង្កើត​​ព័ត៌មាន​ក្លែងក្លាយថា ប្រទេសចិន និងកម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ ផ្តល់ឲ្យ​​ចិននូវកម្មសិទ្ធផ្តាច់មុខប្រើប្រាស់មូលដ្ឋានយោធាជើងទឹករាមនៅខេត្តព្រះ    សីហនុ។ ការផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​​ក្លាយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា​បដិសេធទាត់ចោលជារឿយៗ​។​ នៅពេលនោះ មន្ត្រីជាន់​ខ្ពស់​ក្រសួងការពារជាតិកម្ពុជា បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​ជាតិ-អន្តរជាតិសរុប​ជិត១០០នាក់​ ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ទីតាំង​ជាក់​ស្តែង​ ដែលអាមេរិក​បាន​ចោទ​ប្រកាន់ជុំវិញ​រឿង​ទីតាំងមូលដ្ឋា​ន​ទ័ពចិន​នៅកម្ពុជា។​ ​ក្រោយការចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពិតជាមិន​បាន​រក​ឃើញ​អ្វី ​ដែល​ជា​ការ​សង្ស័យ​របស់​សារព័ត៌មាន​សហរដ្ឋ​អាមេ រិកផ្សាយឡើយ។

ជាការកត់សម្គាល់ ​នៅក្នុង​ប្រវត្តិ​សាស្ត្រ​រាប់​ពាន់​ឆ្នាំ គឺ​ចិន​មិនដែល​មាន​មហិច្ឆិតា ឬបា​ន​ដាក់​នឹម​អាណានិគម​លើ​ប្រទេស​ណាមួយ​ឡើយ មាន​តែការ​ធ្វើ​ជំនួញ​ជាមួយ​បណ្តា​ប្រទេស​នានា​​​ប៉ុណ្ណោះ។ ផ្ទុយ​មក​វិញ គេ​សង្កេត​ឃើញសហរដ្ឋ​អាមេរិក​ បាន​ដាក់​ពង្រាយ​មូល​​ដ្ឋាន​យោធារបស់​ខ្លួន​ជា​ច្រើន​នៅជុំវិញ​ពិភពលោក ពិ​សេ​ស ​​​​គ្រា​ន់​តែ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ មានដូច​ជា​នៅជប៉ុន ហ្វីលីពីន ថៃ…ជា​ដើម​។​ល។ តើមូលដ្ឋាន​យោ​ធា​របស់​សហរដ្ឋ​អាមេរិកទាំង​​នេះ មិនមែន​ជាការគំរាមកំហែងដល់​សន្តិសុខនៅក្នុងតំបន់ទេឬ?

សម្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិតជាបានយល់ដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានប្រឌិត​ផ្ស​ព្វផ្សាយព័ត៌មានក្លែង​ក្លាយ ជុំ​វិញ​រឿង​មូល​ដ្ឋាន​យោធាចិន​នៅកម្ពុជា​ ក្នុងចេតនាដ៏អា​ក្រក់បំផុត ដើម្បីចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងគោលដៅការពារផលប្រយោជន៍ភូមិសាស្ត្រនយោ​បាយ ដែលជាមហិច្ឆតាដ៏ខ្មៅ​កខ្វក់​របស់​ខ្លួនតែប៉ុណ្ណោះ។ ហើយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺ គ្រាន់តែជាលេសរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅកម្ពុជា ពិសេស នៅក្នុងតំបន់នេះតែម្តង។

ក្នុងសារលិខិតមួយចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អស់រយៈពេល៤១ឆ្នាំកន្លងមកនេះ ការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសបានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស កម្ពុជាបាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានយោបាយសន្តិសហវិជ្ជមាន អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជ្រោងខ្ពស់ស្មារតីជាតិនិយម ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ក្នុងសារលិខិតដដែលនោះ លោក ហ៊ុន សែន បានបន្តថា សមិទ្ធផលធំធេងអស្ចារ្យដែលកម្ពុជាទទួលបាននេះ មិនដែលទទួលនូវការសាទរ ឬសរសើរពីមហាអំណាច និងប្រទេសលោកខាងលិចខ្លះ ដែលមានរបៀបវារៈ នយោបាយតែមួយគត់ គឺទាញកម្ពុជាឱ្យធ្វើជាឈ្នាន់បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត

ជារួម ដើម្បីជៀសផុតពីកំហុសអតីតកាលច្រំដែលៗលើការរំលោភអធិបតេយ្យជាតិកម្ពុជា និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាម្តងហើយម្តងទៀត កម្ពុជាគ្រាន់តែទាមទារឱ្យអ្នកនយោបាយ និងរដ្ឋាភិបាលបរទេសទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានទំនាក់ទំនងអន្ត​រជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ ដោយត្រូវគោរពអធិបតេយ្យភាពក​ម្ពុជា និងជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ដូច្នេះ សម្រាប់កម្ពុជា សន្តិភាពនិងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលទោះបីក្នុងតម្លៃណាក៏ដោយក៏ត្រូវ​តែការពារដាច់ខាតពីការរំលោភបំពានពីខាងក្នុងស្រុក និងខាងក្រៅស្រុក ហើយស្ថានការណ៍​បច្ចុប្បន្ននេះ ជា​ដំណាក់កាល​ដ៏​សំខាន់​ និង​ចាំបាច់​ជាង​ពេលណា​ៗទាំងអស់    ដែល​ត្រូវ​រួមគ្នា​ការពារស​ន្តិភាព និង​អធិប​តេយ្យ​​ជាតិ។ ដូច្នេះ កម្ពុជាជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយរដ្ឋាភិបាលមានកាតព្វកិច្ចធម្មានុរូបភាព និងនីត្យានុកូលភាព ក្នុងការអនុវត្តច្បាប់ដើម្បីការពារសន្តិភាព ​និងអ​ធិបតេយ្យជាតិរបស់ខ្លួនឱ្យបានគង់វង់ដាច់ខាត៕

 ដោយ៖ ឡុង បូរិតា





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិក

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូ ដោយលោក ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិក។


ជំនួបពិភាក្សានេះភាគីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ត្រូវបានដឹកនាំដោយលោក អាឡិចសាន់ដឺ ហ្វែលម៉េន (Alexzander Feldmen) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងគមនាគមន៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។


ក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចពីវិធានការ និងចំណាត់ការរបស់កម្ពុជាមួយចំនួន ដើម្បីឆ្លើយតបនឹងវិបត្តិបង្កឡើងដោយជំងឺកូវី១៩។ លោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងសភាពការណ៍កូវីដ១៩ប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ បិទប្រទេសទាំងមូលនោះទេ។ ជាការពិតជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀតជាដើម៕






TOP NEWS: សម្លេងសន្ទនាសំងាត់ជាង២ម៉ោងរវាងលោក ហ៊ុន ម៉ាណែត និង ជុន ច័ន្ទបុត្រ ត្រូវបានទម្លាយដោយសម្តេចតេជោ ហ៊ុន សែន (Video inside)

 (ភ្នំពេញ)៖ នៅទីបំផុតសារសម្លេងសន្ទនាសំងាត់រវាងលោក ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ដែលបានជួបគ្នាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទម្លាយជាសាធារណៈតាមបណ្តាញព័ត៌មាន Fresh News ជាផ្លូវការនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ។

ការទម្លាយសារសម្លេងសន្ទនានេះដោយសារអត់ទ្រាំនឹងចរិតពាលរបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលបានមួលបង្កាច់លោក ហ៊ុន ម៉ាណែត ថា ជាមនុស្សឆ្មើងឆ្មៃ ខ្វះភាពសុភាពរាបសារ អាងខ្លួនជាកូននាយករដ្ឋមន្រ្តី។ ប៉ុន្តែតាមបើសម្លេងសន្ទនាបានបង្ហាញការពិតថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន មិនមែនជាមនុស្សឆ្មើងឆ្មៃ ហើយខ្វះការស្វាគមន៍ ខ្វះភាពសុភាពរាបសារដូចការបំភ្លៃរបស់ លោក ជុន ច័ន្ទបុត្រ នោះទេ ពោលគឺលោក ហ៊ុន ម៉ាណែត បានរីករាយស្វាគមន៍ និងពោលពាក្យគួរសមផងដែរ។

នៅក្នុងជំនួបដំបូងនោះ បន្ទាប់ពីស្វាគមន៍គ្នា លោក ហ៊ុន ម៉ាណែត បានចោទសួរយ៉ាងសាមញ្ញថា តើឲ្យលោកហៅ លោក ជន ច័ន្ទបុត្រ យ៉ាងដូចម្ដេចដើម្បីជាការសមរម្យ មុននឹងចាប់ផ្ដើមកិច្ចសន្ទនាជាបន្តបន្ទាប់ទៀត។ ជាការឆ្លើយតបលោក ជុន ច័ន្ទបុត្រ បានប្រាប់ពីអាយុរបស់លោក៥៤ឆ្នាំ និងប្រាប់ឲ្យលោក ហ៊ុន ម៉ាណែត ហៅលោកថា ពូក៏បាន និងបងក៏បាន ប៉ុន្តែចេតនាក្នុងកិច្ចសន្ទនានោះ លោកហាក់មានបំណងចង់ឲ្យលោក ហ៊ុន ម៉ាណែត ហៅលោកថាពូច្រើនជាង។ ទីបំផុតលោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត ថា ហៅពូក្មួយតែម្ដងក៏បាន។

ការសម្តែងការគួរសម ឈានទៅដល់ការហៅពូក្មួយ, លោក ជុន ច័ន្ទបុត្រ ក៏បានរៀបរាប់អំពីជំហររបស់លោក និងវិទ្យុអាស៊ីសេរី និងក៏បានបញ្ជាក់អំពីការលម្អៀងទៅរក គណបក្សប្រឆាំង ដែលបង្ហាញជាក់ស្តែងក្នុងការផ្សព្វផ្សាយកន្លងមក លោកក៏បានបង្ហាញបំណងក្នុងការជួយផ្សព្វផ្សាយ ជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក ជុន ច័ន្ទបុត្រ បានលើកឡើងថា៖ «ពេលដែលបានជួបក្មួយថ្ងៃនេះ ក៏ជារឿងល្អមួយដែរដើម្បីស្វែងយល់ពីគ្នា តើយើងសហការគ្នាបែបណា ដើម្បីឱ្យ CPP ជាគណបក្សដ៏ធំមួយ អាចប្រើប្រាស់អាស៊ីសេរីបាន ពីព្រោះថាកន្លងមក ពួក CNRP ប្រើច្រើនណាស់»។

នៅក្នុងជំនួបរវាងអ្នកទាំងពីរលោក ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ក៏មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថាប័នចារកិច្ចរបស់កម្ពុជាផងដែរ, ដូច្នេះដើម្បីដឹងច្បាស់អំពីកិច្ចសន្ទនាសំងាត់ជាង២ម៉ោងនោះមានខ្លឹមសារយ៉ាងណា សូមស្តាប់វិដេអូនៅខាងក្រោម៖