Monday, September 21, 2020

លិខិតមិត្តអ្នកអាន៖ អធិបតេយ្យជាតិកម្ពុជា មិនត្រូវរំលោភទាំងទំនើងចិត្តដោយប្រទេសណាមួយឡើយ

 ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងរាស្រ្តខ្លះរបស់សហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងពីចំណាត់ការមួយដ៏ក្រអឺតក្រទម ក្នុងកិច្ចការបរទេសមួយសំដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគិនចិនមួយ ដែលកំ​ពុងរកស៊ីបណ្តាក់ទុននៅកម្ពុជា ដោយចោទប្រកាន់គ្មានមូលដ្ឋានពិតប្រាកដថា បានរំលោភសិទ្ធិមនុស្ស រឹបអូសយកដីពលរដ្ឋ ប្រព្រឹត្តអំពើពុលរលួយ ដែលមានទីតាំងនៅខេត្តកោះកុង ជាពិសេសនឹងត្រូវប្រើប្រាស់ជាទីតាំងយោធារបស់ប្រទេសចិន។

ចំណាត់ការបែបនេះ វាមិនមានអ្វីប្លែកឡើយបើធៀបក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានលូកលាន់ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅពេលនោះ សហរដ្ឋអាមេរិកបានជួយឲ្យកូនជឹងរបស់ខ្លួន ផ្តួលរំលំរបបសង្គម​រាស្រ្តនិយម​ដឹកនាំដោយសម្តេច នរោត្តម សីហនុ ដោយជោគជ័យ ហើយបានទាញកម្ពុជាឲ្យរអិលធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមអស់ជិតបីទសវត្សរ៍។ តើឯណាទៅជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាក្នុងរដ្ឋអធិបតេយ្យ? តើប្រជាជនកម្ពុជាទាំងមូលសុខចិត្តឱ្យ​​បាត់បង់សុខសន្តិភាពនិងអធិបតេយ្យជាតិរបស់ខ្លួនដោ​យសារតែការជ្រៀតជែ្រករបស់បរទេសឬយ៉ាង?

សម្រាប់ប្រជាជនកម្ពុជា សន្តិភាព និងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលត្រូវតែការពារឱ្យបានដាច់ខាតទោះបង់ក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែង សន្តិភាព បានធ្វើប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមបំផុត លើជោគវាសនារបស់ខ្លួនក្នុងដែនអធិបតេយ្យជាក់លាក់ស្របតាមច្បាប់អន្តរជាតិ ហើយមិនត្រូវមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរំលោភបំពាន​លើឯករាជ្យ និងសិទ្ធិអធិបតេយ្យជាតិរបស់ខ្លួនពីសំណាក់បរ​ទេសណាមួយបានឡើយ រួមទាំងប្រទេសដែលតាំងខ្លួនជាបងធំផង។ អំពើក្នុងអតីតកាលជាមួយនឹងជម្លោះផលប្រយោជន៍ ក្នុងភូមិសាស្រ្តនយោបាយរបស់មហាអំណាចដដែលៗ បានឆ្លៀតយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ធ្វើជាលេសជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសតូចដូចជាប្រទេសកម្ពុជាសារជាថ្មី ដោយមិនបានខ្វល់ពីច្បាប់ សុខសន្តិភាព និងអធិប​តេយ្យជាតិរបស់រដ្ឋមួយឡើយ។

ពេលនេះ ក៏ដូចគ្នា សហរដ្ឋអាមេរិក នៅបន្តប្រើប្រាស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ​ដើម្បីរំលោភបំពានលើអធិបតេយ្យ​កម្ពុជា ដែលពិភពលោកអាចមើលឃើញយ៉ាងជាក់ស្តែង តាមរបៀបស្តង់ដារពីរ ស្របទៅតាមផលប្រយោជន៍របស់ខ្លួន។

ក្នុងគោលដៅប្រជែងឥទ្ធិពលជាមួយប្រទេសចិន​ ​ក្នុង​ល្បែង​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​ឥណ្ឌូចិន​និងសមុទ្រចិនខាងត្បូង បានក្លាយជាលេសថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក ក្នុងការរំលោភបំពានលើអធិបតេយ្យនិងផលប្រយោជន៍របស់កម្ពុជា​។ ជាក់ស្តែង និងតាំងពីដើមរៀងមក កម្ពុជាតែងតែចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍ស្មើភាព គោរពគ្នាដោយស្មោះត្រង់ ជាពិសេសការគោរព​​ឯករាជ្យ​ភាព​អធិ​បតេយ្យ អព្យាក្រឹត្យមិន​ចូល​បក្សសម្ព័ន្ធរបស់កម្ពុជា។ ជាងនេះទៅទៀត ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងការអធិបតេយ្យជាតិរបស់ខ្លួន កម្ពុជា បានតាំងចិត្តដោយចារិកទុកក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយ​មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​ទ័ពបរទេសនៅលើទឹកដីខ្លួន​និង​មូលដ្ឋាន​ទ័ពរបស់​​ខ្លួន​នៅលើ​ទឹក​ដី​ប្រទេសដទៃ​ដែរ លើ​កលែង​តែក្នុង​ក្របខណ្ឌ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

​​​​​ប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងឥទ្ធិពលគ្នាជាមួយនិងប្រទេស ក៏ប៉ុន្តែសូមកុំអូសកម្ពុជាចូលពាក់ព័ន្ធនឹងជំលោះរបស់ខ្លួនដូចក្នុងអតីតកាលតទៅទៀត។ ហើយកុំព្រោះតែការវិនិយោគរបស់ចិន​កើតមាននៅគ្រប់ទីកន្លែងលើពិភពលោក ពិសេសេការវិនិយោគនៅ​ក​ម្ពុ​ជា  ដែល​​​ជាទីតាំងភូមិសាស្ត្រនយោបាយផង បានធ្វើឱ្យសហរដ្ឋអាមេរិក ​បារម្ភរហូតមកបៀតបៀនប្រទេសតូចតាច​ដូចកម្ពុជាដូច្នេះ។ ជាក់ស្តែងកាល​ពី​ឆ្នាំ​កន្លងទៅ សហរដ្ឋអាមេរិក បាន​បំផុស​ផ្សព្វផ្សាយ​ពាក្យ​ចចាម​អា​រាម និង​ប្រឌិត​ព័ត៌​មាន​​ជា​ច្រើន​ វាយ​ប្រហារទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​ចិន ​ឱ្យ​ទៅជា​រឿងអសន្តិ​សុខផ្នែក​យោធា​ក្នុង​តំបន់បាន​កើត​មាន​នៅ​ស្ទើរ​គ្រប់​សារព័ត៌មាន​ធំៗរបស់​អាមេរិក​ ពិសេស សារព័ត៌មាន The Wall Street Journal។ សារព័ត៌មានមួយនេះ​បាន​បង្កើត​​ព័ត៌មាន​ក្លែងក្លាយថា ប្រទេសចិន និងកម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ ផ្តល់ឲ្យ​​ចិននូវកម្មសិទ្ធផ្តាច់មុខប្រើប្រាស់មូលដ្ឋានយោធាជើងទឹករាមនៅខេត្តព្រះ    សីហនុ។ ការផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​​ក្លាយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា​បដិសេធទាត់ចោលជារឿយៗ​។​ នៅពេលនោះ មន្ត្រីជាន់​ខ្ពស់​ក្រសួងការពារជាតិកម្ពុជា បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​ជាតិ-អន្តរជាតិសរុប​ជិត១០០នាក់​ ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ទីតាំង​ជាក់​ស្តែង​ ដែលអាមេរិក​បាន​ចោទ​ប្រកាន់ជុំវិញ​រឿង​ទីតាំងមូលដ្ឋា​ន​ទ័ពចិន​នៅកម្ពុជា។​ ​ក្រោយការចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពិតជាមិន​បាន​រក​ឃើញ​អ្វី ​ដែល​ជា​ការ​សង្ស័យ​របស់​សារព័ត៌មាន​សហរដ្ឋ​អាមេ រិកផ្សាយឡើយ។

ជាការកត់សម្គាល់ ​នៅក្នុង​ប្រវត្តិ​សាស្ត្រ​រាប់​ពាន់​ឆ្នាំ គឺ​ចិន​មិនដែល​មាន​មហិច្ឆិតា ឬបា​ន​ដាក់​នឹម​អាណានិគម​លើ​ប្រទេស​ណាមួយ​ឡើយ មាន​តែការ​ធ្វើ​ជំនួញ​ជាមួយ​បណ្តា​ប្រទេស​នានា​​​ប៉ុណ្ណោះ។ ផ្ទុយ​មក​វិញ គេ​សង្កេត​ឃើញសហរដ្ឋ​អាមេរិក​ បាន​ដាក់​ពង្រាយ​មូល​​ដ្ឋាន​យោធារបស់​ខ្លួន​ជា​ច្រើន​នៅជុំវិញ​ពិភពលោក ពិ​សេ​ស ​​​​គ្រា​ន់​តែ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ មានដូច​ជា​នៅជប៉ុន ហ្វីលីពីន ថៃ…ជា​ដើម​។​ល។ តើមូលដ្ឋាន​យោ​ធា​របស់​សហរដ្ឋ​អាមេរិកទាំង​​នេះ មិនមែន​ជាការគំរាមកំហែងដល់​សន្តិសុខនៅក្នុងតំបន់ទេឬ?

សម្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិតជាបានយល់ដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានប្រឌិត​ផ្ស​ព្វផ្សាយព័ត៌មានក្លែង​ក្លាយ ជុំ​វិញ​រឿង​មូល​ដ្ឋាន​យោធាចិន​នៅកម្ពុជា​ ក្នុងចេតនាដ៏អា​ក្រក់បំផុត ដើម្បីចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងគោលដៅការពារផលប្រយោជន៍ភូមិសាស្ត្រនយោ​បាយ ដែលជាមហិច្ឆតាដ៏ខ្មៅ​កខ្វក់​របស់​ខ្លួនតែប៉ុណ្ណោះ។ ហើយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺ គ្រាន់តែជាលេសរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅកម្ពុជា ពិសេស នៅក្នុងតំបន់នេះតែម្តង។

ក្នុងសារលិខិតមួយចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អស់រយៈពេល៤១ឆ្នាំកន្លងមកនេះ ការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសបានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស កម្ពុជាបាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានយោបាយសន្តិសហវិជ្ជមាន អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជ្រោងខ្ពស់ស្មារតីជាតិនិយម ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ក្នុងសារលិខិតដដែលនោះ លោក ហ៊ុន សែន បានបន្តថា សមិទ្ធផលធំធេងអស្ចារ្យដែលកម្ពុជាទទួលបាននេះ មិនដែលទទួលនូវការសាទរ ឬសរសើរពីមហាអំណាច និងប្រទេសលោកខាងលិចខ្លះ ដែលមានរបៀបវារៈ នយោបាយតែមួយគត់ គឺទាញកម្ពុជាឱ្យធ្វើជាឈ្នាន់បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត

ជារួម ដើម្បីជៀសផុតពីកំហុសអតីតកាលច្រំដែលៗលើការរំលោភអធិបតេយ្យជាតិកម្ពុជា និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាម្តងហើយម្តងទៀត កម្ពុជាគ្រាន់តែទាមទារឱ្យអ្នកនយោបាយ និងរដ្ឋាភិបាលបរទេសទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានទំនាក់ទំនងអន្ត​រជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ ដោយត្រូវគោរពអធិបតេយ្យភាពក​ម្ពុជា និងជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ដូច្នេះ សម្រាប់កម្ពុជា សន្តិភាពនិងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលទោះបីក្នុងតម្លៃណាក៏ដោយក៏ត្រូវ​តែការពារដាច់ខាតពីការរំលោភបំពានពីខាងក្នុងស្រុក និងខាងក្រៅស្រុក ហើយស្ថានការណ៍​បច្ចុប្បន្ននេះ ជា​ដំណាក់កាល​ដ៏​សំខាន់​ និង​ចាំបាច់​ជាង​ពេលណា​ៗទាំងអស់    ដែល​ត្រូវ​រួមគ្នា​ការពារស​ន្តិភាព និង​អធិប​តេយ្យ​​ជាតិ។ ដូច្នេះ កម្ពុជាជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយរដ្ឋាភិបាលមានកាតព្វកិច្ចធម្មានុរូបភាព និងនីត្យានុកូលភាព ក្នុងការអនុវត្តច្បាប់ដើម្បីការពារសន្តិភាព ​និងអ​ធិបតេយ្យជាតិរបស់ខ្លួនឱ្យបានគង់វង់ដាច់ខាត៕

 ដោយ៖ ឡុង បូរិតា





No comments:

Post a Comment