Tuesday, June 20, 2017

កិច្ចប្រជុំ ICC Angkor លើកនេះ នឹងផ្តោតសំខាន់​លើការអភិរ​ក្ស ជួសជុល ការអភិវឌ្ឍ​ក្នុងរ​មណីយដ្ឋានអង្គរ និងតាមដាន​សេវាកម្មលក់​សំបុត្រ​ចូលទស្ស​នាអង្គរ

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក Takahisa TSUGAWA អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការនិងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង។
របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨៦នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៧ អំពីកិច្ចការអភិរក្ស ជួសជុល ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ និងរបាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្សផ្សេងៗ។ ជាមួយគ្នានេះ អង្គប្រជុំក៏នឹងតាមដានសេវាកម្មនៃការលក់សំបុត្រចូលទស្សនាអង្គរ ការងារស្រាវជ្រាវអំពីឡផលិតលោហៈសម័យបុរាណ និង ការសង្ខេបឡើងវិញនូវលទ្ធផលស្រាវជ្រាវចុងក្រោយនៃប្រព័ន្ធបច្ចេកវិទ្យាLiDAR ជាដើម។
គណៈកម្មាធិការអាយស៊ីស៊ីអង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី(ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។
អាយស៊ីស៊ី-អង្គររៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ចំណែកកិច្ចប្រជុំបច្ចេកទេស តែងធ្វើឡើងដើម្បីតាមដានការងារអនុវត្តអនុសាសន៍មុនៗ និងតាមដានរបាយការណ៍របស់ក្រុមជំនាញដែលកំពុងប្រតិបត្តិការលើការងារអភិរក្សជួសជុលក្នុងតំបន់អង្គរទាំងមូល៕






សមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ​អបអរសាទរ​ចំពោះជ័យ​ជម្នះរបស់​បក្សខ្លួន​ក្នុងការ​បោះឆ្នោត​ ឃុំសង្កាត់​ អាណត្តិទី៤​

សាខា និងអនុសាខារបស់គណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក អបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។

តាមសារលិខិតអបអរសាទរ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជាក់ថា សាខា និងអនុសាខារបស់គណបក្សប្រជាជនកម្ពុជា ចូលរួមអបអរសាទរនោះរួមមាន៖ ប្រចាំរដ្ឋញ៉ូវ ជីស៊ី ប្រចាំរដ្ឋផេនស៊ីលវ៉េនញ៉ា ប្រចាំរដ្ឋម៉ាសាឈូសេត ប្រចាំរដ្ឋរ៉ូដ អាយឡែន ប្រចាំទីក្រុងឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា ប្រចាំភូមិភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ា ប្រចាំតំបន់ឡូស អេងដែលឡេស រដ្ឋកាលីហ្វ័រញ៉ា ប្រចាំតំបន់រីវឺសាយ រដ្ឋកាលីហ្វ័រញ៉ាប្រចាំតំបន់អូរ៉េង ខោនធី រដ្ឋកាលីហ្វ័រញ៉ា ប្រចាំតំបន់សាន ប៊ីណាឌីណូ រដ្ឋកាលីហ្វ័រញ៉ា ប្រចាំរដ្ឋវ៉ាស៊ីតោន ប្រចាំទីក្រុងសាក្រេម៉េណតូ រដ្ឋកាលីហ្វ័រញ៉ា ប្រចាំរដ្ឋតិចសាស ប្រចាំមីនីសូកា។

ក្រៅពីផ្ញើសារលិខិតអបអរសាទរ ថ្នាក់ដឹកនាំ សមាជិក និងសកម្មជននៅក្រៅប្រទេសទាំងអស់ ក៏បានជប់លៀងយ៉ាងសប្បាយរីករាយផងដែរ៕

សូមអានសារលិខិតរបស់សាខា និងអនុសាខារបស់គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក៖


ប្រធានគណបក្សយុវជនកម្ពុជាទៅដល់តុលាការក្រុងហើយ ដើម្បីដាក់ពាក្យប្តឹង លោក កឹម សុខា រឿងសារនយោបាយរើងអើងគណបក្សដទៃ

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីដាក់ពាក្យប្តឹង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយសារតែប្រធានគណបក្សប្រឆាំង បានប្រើប្រាស់សារនយោបាយ នាំឱ្យមានការរើសអើង គណបក្សនយោបាយ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញសារ នៅព្រឹកថ្ងៃច័ន្ទថា គោលបំណងនៃការប្តឹងរបស់លោក គឺចង់ទាមទារ ស្វែងរកសេចក្តីថ្លៃថ្នូរជូន គណបក្សតូចៗ និងគណបក្សយុវជនកម្ពជា ព្រមទាំងឱ្យ លោក កឹម សុខា ទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបានបន្ថែមថា លោក កឹម សុខា បានចាត់ទុកសន្លឹកឆ្នោតរបស់បក្សផ្សេងក្រៅពីបក្សគាត់ថា ជាការបង្ហិនសន្លឹកឆ្នោត ដែលឆ្លុះបញ្ចាំងពីការរំលោភសិទ្ធិរបស់ ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ មិនតែប៉ុណ្ណោះ លោក ពេជ្រ ស្រស់ ថ្លែងថា លោក កឹម សុខា បានបញ្ឆេះឱ្យមានការរើសអើងគណបក្សនយោបាយ ដោយគាត់បាននិយាយថាស្រុកខ្មែរ គឺមានបក្សតែពីរ ដែលអាចបម្រើពលរដ្ឋបាន ជាពិសេសមានតែ គណបក្សសង្រ្គោះជាតិតែម្តង៕


រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ជួបពិភាក្សាជាមួយ អភិបាលខេត្ត Gansu ប្រទេសចិន​ ផ្តោតលើកិច្ច​ សហការ​ផ្នែក​ទេសចរណ៍​ និងតភ្ជាប់​ជើងហោះ​ហើរត្រង់ពី​ Gansu ​មកកម្ពុជា​

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមភ្ញៀវកិត្តិយសក្នុងពិធីបុណ្យ 7th Dunhuang Tour on Silk Road International Tourism Festival បានដឹកនាំប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ ចូលជួបសម្តែងការគួរសមជាមួយ លោក Lin Duo លេខាបក្សខេត្ត Gansu ដោយមានការចូលរួមពី តំណាង CNTA (រដ្ឋបាលទេសចរណ៍ជាតិរបស់ចិន) និងអង្គការ UNWTO។

នាឱកាសនោះផងដែរ លោកក៏បានចូលរួមពិធីជប់លៀងផ្សព្វផ្សាយទេសចរណ៍ផ្លូវសូត្រ ដោយក្នុងនោះមានការសម្តែងរបាំអប្សរា ដោយក្រុមសិល្ប:កម្ពុជាផងដែរ។ បន្ទាប់ពីនោះលោករដ្ឋមន្រ្តីក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Tang Renjian អភិបាលខេត្ត Gansu ដោយផ្តោតលើការជម្រុញកិច្ច សហការផ្នែកទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់ពី Gansu មកកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងរយ:ពេល៤ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៩ លាននាក់ ក្នុងកំណើន១២% ក្នុងនោះទេសចរចិន មានចំនួនជាង ៣៦ម៉ឺននាក់ ក្នុងកំណើន ៣១.៣% ឈរលំដាប់ទី១ នៃទីផ្សារធំៗទាំង១០៕



ប្រជា​ពលរដ្ឋសាង​សង់​សំណង់​ខុសច្បាប់​នៅជិត​ប្រាសាទបន្ទាយក្តី​ស្ម័គ្រចិត្តរុះ​រើសំណង់​ដោយ​ខ្លួន​ឯង

បន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញលិខិតជូនដំណឹងឲ្យធ្វើការរុះរើសំណង់ខុសច្បាប់ដែលបានសាងសង់ក្នុងកំឡុងពេលថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាបបានសម្រេចធ្វើការរុះរើសំណង់ខុសច្បាប់របស់ខ្លួនដោយស្ម័គ្រចិត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។ ការរុះរើដោយស្ម័គ្រចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះដែលមានសមាសភាពមកពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប នគរបាលការពារបេតិកភណ្ឌ រដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរភូមិឃុំ បានចុះមករំលឹកអំពីការរុះរើសំណង់ខុសច្បាប់់ទាំងនោះ និងពន្យល់ប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរដល់បេតិកភណ្ឌ។
ជម្រាបជូនបងប្អូនប្រជាពលរដ្ឋនាពេលនោះ លោក ហុក ប៉េងសែ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាសំណង់ដែលត្រូវរុះរើពេលនេះសុទ្ធតែជាសំណង់ដែលពុំមានច្បាប់អនុញ្ញាតហើយប៉ះពាល់អវិជ្ជមានខ្លាំងដល់បេតិកភណ្ឌផ្ទាល់តែម្តង ជាពិសេសសំណង់ទាំងនេះស្ថិតនៅចំងាយប្រម៉ាណតែ៥០ម៉ែត្រពីកំពែងប្រាសាទប៉ុណ្ណោះ។ ហើយកន្លងមកអាជ្ញាធរជាតិអប្សរាបានធ្វើសេចក្តីជូនដំណឹងស្តីពីការរុះរើនេះរួចហើយដល់ម្ចាស់សំណង់ទាំងអស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋសហការជាមួយកំលាំងចម្រុះដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ដែលជាបេតិកភណ្ឌពិភពលោក។
លោក កែវ វុទ្ធី និង លោកស្រី អ៊ីង សារ៉ាយ ជាម្ចាស់សំណង់ផ្ទះថ្ម ស្ថិតនៅចំងាយត្រឹមតែប្រមាណ៥០ម៉ែត្រពីកំពែងប្រាសាទបន្ទាយក្តី ដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯងបានទទួលស្គាល់ថាសំណង់របស់គាត់ពិតជាបានសាងសង់ខុសច្បាប់ពិតប្រាកដមែន ហើយយល់ព្រមរុះរើដោយគ្មានលក្ខខណ្ឌព្រោះថានេះជាកំហុសឆ្គងរបស់គាត់ដែលពុំបានសុំការអនុញ្ញាតច្បាប់សាងសង់ជាមុនពីអាជ្ញាធរអប្សរា។ ម្ចាស់សំណង់ក៏បញ្ជាក់ថាពិតជាបានបង្ករហានិភ័យដល់ប្រាសាទពិតប្រាកដមែន ហើយបានស្នើសុំឲ្យក្រុមការងារដឹកយកសម្ភារ:សំណង់របស់ពួកគាត់យកទៅរក្សាទុកនៅផ្ទះរបស់ម្តាយក្មេកដែលមានទីតាំងនៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
លោកមាស សាង និងលោកស្រី នន់ ប៊ុននី ជាម្ចាស់សំណង់ខុសច្បាប់មួយកន្លែងទៀតដែលបានរុះរើដោយស្ម័គ្រចិត្តដែរនោះបានបញ្ជាក់ពីការទទួលស្គាល់កំហុសរបស់ខ្លួនដោយបានធ្វើការរុះរើ និងយកចេញនូវសម្ភារ:រើរុះទាំងនោះពីទីតាំងសំណង់។ លោកស្រី នន់ ប៊ុននី បានបញ្ជាក់បន្ថែមថាគាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរុះរើនេះ ហើយគាត់បានចាប់ផ្តើមការរុះរើនេះតាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧មកម្ល៉េះ។ ដោយឡែកម្ចាស់តូបប្រក់ស័ង្កសីឈ្មោះ ធឿន ចន្ទ្រាដែលស្ថិតនៅក្បែគ្នាដែរនោះ ក៏ព្រមរុះរើចេញទៅវិញដែរ។
ថ្លែងក្នុងកំឡុងពេលប្រតិបត្តិការរុះរើ លោក សរ សម្បត្តិ អភិបាលរងក្រុងសៀមរាប បានលើកឡើងថាសកម្មភាពរបស់បងប្អូនដែលរុះរើដោយស្ម័គ្រចិត្តនាពេលនេះស្តែងឲ្យឃើញការភ្ញាក់រលឹកដោយចូលរួមសហការជាមួយអាជ្ញាធរអប្សរាក្នុងការលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតានិងជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លា។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីសង្កេតឃើញថាសំណង់ និងដីចាក់បំពេញខុសច្បាប់ចំនួន៥២១ករណីបានសាងសង់និងចាក់ដីបំពេញក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងចន្លោះថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងមក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងដល់គ្រប់ម្ចាស់សំណង់ទាំងអស់ឲ្យរុះរើនូវសំណង់ ដីចាក់បំពេញនោះចេញវិញក្នុងរយ:ពេលមួយសប្តាហ៍ ហើយប្រតិបត្តិការនេះនឹងបន្តទៅទីតាំងផ្សេងៗទៀត។ ក្នុងករណីពុំរុះរើចេញដោយខ្លួនឯងនោះទេ កំលាំងចម្រុះនឹងធ្វើការរុះរើដោយពុំទទួលស្គាល់នូវការខូចខាតនោះទេ៕








រដ្ឋសភា ចាប់ផ្តើមពិភាក្សា និងអនុម័តលើសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

នៅព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភាបានចាប់ផ្តើមបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា។

កិច្ចប្រជុំរដ្ឋសភា នៅព្រឹកនេះ ត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។

សូមបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលអាចនឹងធ្វើឱ្យសមាជិកព្រឹទ្ធសភា កើនឡើងដល់ចំនួន៦២រូប នាពេលខាងមុខ។ ក្រៅពីនោះ ក៏មានការកែប្រែនូវប្រកាមួយចំនួនទៀត ពាក់ព័ន្ធនឹង យុទ្ធនាការឃោសនា និងអង្គបោះឆ្នោតជាដើម៕