Tuesday, October 31, 2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតសហគ្រិនខ្មែរ ជាបរធនបាលកិច្ច



សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបង្កើតសហគ្រិនខ្មែរ (
Khmer Enterprise) ជាបរធនបាលកិច្ច។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕


អនុក្រឹត្យបានបញ្ជាក់ថា ការបង្កើតឱ្យ សហគ្រិនខ្មែរ (Khmer Enterprise) ជាបរធនបាលកិច្ច ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីនានា ដែលឆ្លើយតបទៅនឹងតម្រូវការ នៃវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕


ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្ត្រី៖



















រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងសមាសភាពប្រតិភូនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រាជរដ្ឋាភិបាល

 


រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងសមាសភាពប្រតិភូនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រាជរដ្ឋាភិបាល











ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ត៍ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង

 


​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជ ហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម John Busuttil (ចន ប៊ូស៊ូធីល) ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ត៍ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាល់ត៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង។









 

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចមិនយកភាស៊ី និងថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ

សេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានប្រកាស ពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមក ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេច លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ប៊ុន ចាំណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យអនុវត្តនូវសារាចរណែនាំខាងលើ ឱ្យបានម៉ឺងម៉ាត់បំផុត នាឱកាសពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅរាជធានីភ្នំពេញ។
ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួន ឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត ពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និង អាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖
១- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត សារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីពីការលុបការបង់ថ្ល ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងករណីមាន បុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យបងប្អូនអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ក្នុង សារាចរខាងលើ ត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ជាធរមាន។
២- ក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទ ដែលទទួល បានសិទ្ធិវិនិយោគស្របច្បាប់ ត្រូវគោរព និងណែនាំដល់ភ្នាក់ងារប្រមូលចំណូលរបស់ខ្លួនឱ្យអនុវត្ត តាមសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយមិនត្រូវប្រមូល ភាស៊ី ឬកម្រៃផ្សេងៗ ពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តជាដាច់ខាត។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសារាចរខាងលើ នឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគ។
៣- បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ មិនត្រូវបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗជូនទៅភ្នាក់ងារប្រមូលភាស៊ី ឬជនខិលខូចណាមួយឡើយ ហើយត្រូវលក់ដូរនៅតាម ទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងការលក់ដូរនៅតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ ដល់សោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
៤- ក្នុងករណីមានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាពខុសពីសារាចរ លេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល សូមបងប្អូនអាជីវកររាយការណ៍ ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬ Hotline 1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្ក បានទាន់ពេលវេលា៕










សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. រួមជាមួយ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងព័ត៌មាន និងរវាង ក.ប.ទ. និងក្រសួងទេសចរណ៍ ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង ៣ សរុបចំនួនប្រមាណ ២៥០ នាក់។
ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖
- ការដាក់ QR Code ស្តង់ដាលើឯកសាររបស់ក្រសួងទាំងពីរ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh
- ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង
- ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ
- ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល
- ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
- ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។
ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាលើកទី៦ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។













សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងក្លាយជា សក្តានុពល ស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជា


អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។  អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។ 

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។ 

ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។