Friday, July 14, 2017

(ទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ​ពួកអ្នកនិយាយអាក្រក់ បំផ្លើសការពិតអំពីប្រទេសខ្លួនឯង គឺជាអ្នកច្រណែន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្ញើសារលិខិតអបអរសាទរជូនលោកឧបនាយករដ្ឋមន្រ្តី ស ខេង ក្នុងឱកាសទទួលបានពានរង្វាន់ PRIX DE LA FONDATION

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តី តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន បានផ្ញើសារលិខិតអបអរសាទរជូនលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងឱកាសដែលរូបលោកទទួលបានពានរង្វាន់ PRIX DE LA FONDATION ពីអង្គការ CRANS MONTANA នៅទីក្រុងបាលេឡូណា ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។ ពានរង្វាន់នេះ សបញ្ជាក់ពីស្នាដៃ សកម្មភាព និងការរួមចំណែកដឹកនាំ ការ អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើនជឿនលឿន៕



ក្រសួងការបរទេស តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារផលប្រយោជន៍ពលរដ្ឋខ្មែរនៅក្រៅប្រទេស

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មាន ដោយបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារផលប្រយោជន៍ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលក្រសួង ព្រមទាំងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅបរទេសសម្រេចបាននៅក្នុងឆមាសទី១ ឆ្នាំ២០១៧ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសដដែលនេះ ក៏បានបញ្ជាក់ថា កន្លងមក ក្រសួងបានជួយសម្របសម្រួលក្នុងការបញ្ជូនពលករ-ពលការិនីទៅធ្វើការស្របច្បាប់នៅក្រៅ ប្រទេស និងចរចា និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសតាំងនៅ ក្នុងការផ្តល់ប័ណ្ណការងារនិងទិដ្ឋិការ/ប័ណ្ណស្នាក់នៅជូនពលករ-ពលការិនីខ្មែរ។

លើសពីនេះទៅទៀត ក្រសួងការបរទេស ក៏បានអន្តរាគមន៍ចំពោះការរំលោភបំពានផ្សេងៗពីសំណាក់និយោជក ឬជនបរទេសមកលើពលករ-ពលការិនី ឬពលរដ្ឋខ្មែរតាមរយៈការជួយសង្រ្គោះ ការផ្តល់ការគាំទ្រផ្នែកច្បាប់ និងការទាមទារសំណងឬប្រាក់បៀវត្សដែលនៅសេសសល់ ។ល។និងល។




បណ្ឌិត្យសភានគរបាលកម្ពុជា ស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ


កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងលោកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃចំនួន៦០រូប ដឹកនាំដោយវរៈសេនីយ៍ទោ Suyapiang Bundon ដែលជាប្រធានគណៈប្រតិភូ មកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា។
លោក ស្វាយ ចាន់ដា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងលើកបង្ហាញពីតួនាទី ភារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដល់គណៈប្រតិភូខាងលើ ដើម្បីជាពុទ្ធិពេលត្រឡប់ទៅកាន់ព្រះរាជាណាចក្រថៃវិញ។
លោក ស្វាយ ចាន់ដា បានមានប្រសាសន៍ថា «បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រែក្លាយពីសាលាភូមិន្ទនគរបាល យោងតាមអនុក្រឹត្យ លេខៈ ៨៨ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៧។ បណ្ឌិត្យសភានគរបាលកម្ពុជា មានតួនាទីជាគ្រឹះស្ថានសិក្សា ដែលមានភារកិច្ចស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ និងភាសាបរទេស ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។»។
នាឱកាសនោះដែរ លោកវរៈសេនីយ៍ទោ Suyapiang Bundon ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តី សិស្ស និស្សិត និងសិក្ខាកាមទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានសហការយ៉ាងល្អចំពោះដំណើរទស្សនកិច្ចសិក្សានេះ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ មកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា មានគោលបំណងសំខាន់ដើម្បីរឹតចំណងមិត្តភាពរវាងអង្គភាពបណ្តុះបណ្តាលមន្ត្រីនគរបាលទាំងពីរ ក្នុងនាមជាសមាជិករបស់សមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) ដូចគ្នា៕








ក្រុមកសាងផែនការខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពី​ ការប្រមូល​ព័ត៌មាន​តម្រូវការ​អាទិភាព​របស់មូលដ្ឋាន​ សម្រាប់​ការកសាង​កម្មវិធីវិ​និយោគ​បីឆ្នាំរំកិល​

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ក្រុមកសាងផែនការខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពី ការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៨-២០២០) ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សៀត គឹមលៀង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត និងមានការចូលរួមពីសមាជិក សាមជិកាក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីលោកនាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក និងតំណាងអង្គកា សង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធ សរុបប្រមាណ ១០៣ នាក់ ។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោក សៀត គឹមលៀង បានលើកឡើងថា កិច្ចប្រជុំនេះ គឺជាការស្ដែងចេញពីការអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានប្រកាសឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០០៨ ដែលមានខ្លឹមសារកំណត់ក្នុងមាត្រា៣៧ ៣៨ និង៣៩នៃច្បាប់នេះ។
លោកបញ្ជាក់បន្ថែមថា ការដឹកនាំអភិវឌ្ឍន៍ខេត្ត ដែលមានអភិបាលខេត្តជាប្រមុខ បានអនុវត្តច្បាប់គោលនយោយាបាយរបស់រដ្ឋាភិបាល និងតាមរយៈការខិតខំរួមគ្នាក្នុងការអភិវឌ្ឍន៍កន្លងមក។ ជាងនេះទៅទៀត ខេត្តកំពង់ឆ្នាំងមានការរីកចំរើននាំមកនូវសុខដុមរមនា ធានាបាននូវសន្ដិសុខនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុខមាលភាពសង្គម ហើយជីវភាពប្រជាជនកាន់តែត្រូវបានកែលំអ និងរីកចំរើនជាលំដាប់។

លើសពីនោះ លោក សៀត គឹមលៀង ក៏បានជម្រុញឱ្យក្រុមការងារកសាងផែនការគ្រប់លំដាប់ថ្នាក់ទាំងអស់ យកចិត្តទុកដាក់ស្ដាប់ និងពិភាក្សាគ្នាឱ្យបានផុលផុស ធ្វើយ៉ាងណាចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍន៍ខេត្ត និងសង្គមជាតិទាំងមូល៕





ហេតុអ្វីបានជាប្រទេសអារ៉ាប់មួយចំនួនចង់បិទសារព័ត៌មាន Al Jazeera?

កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុ​នា ប្រ​ទេស​អារ៉ាប់​ចំនួន ​៤ មាន​ដូច​ជា Saudi Arabia United Arab Emirates Bahrain និង Egypt បាន​ប្រ​កាស​សង្រ្គាម​បែប​ទន់ភ្លន់​​ទៅ​លើ​ប្រ​ទេស Qatar ។ ប្រ​ទេស​ទាំង​នេះ​មាន​បញ្ជីទាម​ទារ​​ដ៏​ច្រើន​ ដោយ​បញ្ជា​ប្រ​ទេស​ Qatar ឱ្យ​កាត់បន្ថយ​ចំណង​ទាក់​ទង​ជា​មួយ​នឹង​ប្រ​ទេស​អ៊ី​រ៉ង់ កង​កម្លាំង​យោ​ធា​តួក​គី​ដែល​​បាន​បណ្តេញ​ចេញ​ពី​ប្រ​ទេស និង​ចាត់​វិ​ធាន​ការ​បន្ថែម​ទៀត​ដែល​នឹង​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​ប្រ​ទេស Qatar នៅ​ក្នុង​​តំបន់។ ពួកគេ​បាន​ទាម​ទារផង​ដែរ​ឱ្យ​ប្រ​ទេស Qatar ​បិទ​សារ​ព័ត៌​មាន Al Jazeera ដែល​​ជា​បណ្តាញ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មានមួយ​ដែល​ឧ​ប​ត្ថម្ភ​ថវិ​កា​ដោយ​ប្រ​ទេស Qatar គឺ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដែល​សារ​ព័ត៌​មាន​មួយ​នេះ​បាន​រិះ​គន់​របប​អា​រ៉ាប់​ផ្សេង​ៗ​ទៀត។ រហូត​មក​ដល់​ពេល​នេះ រដ្ឋា​ភិបាល​ Qatar បាន​ទប់​ទល់​​នឹង​ការ​ដាក់​សម្ពាធ ​ដើម្បី​គ្រប់គ្រង​​​សកម្ម​ភាព​មួយ​ចំនួន​​របស់​បណ្តាញព័ត៌​មាន​​នេះ។
ខ្ញុំ​បាន​កំពុង​តែ​សិក្សា​ និង​សរសេរ​អំពីសារ​ព័ត៌​មាន Al Jazeera ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ដំបូង​របស់​សារ​ព័ត៌​មាន​នេះ​ ជួន​កាល​មាន​ក្តី​ព្រួយ​បារម្ភ និង​ជួន​កាល​មាន​ការ​កោត​សរ​សើរ​។ សៀវ​ភៅ​របស់​ខ្ញុំ​កាល​ពី​ឆ្នាំ​២០០៨ ដែល​មាន​ចំណង​ជើង​ថា «​The Al Jazeera Effect» បាន​សិក្សា​ស្វែង​យល់​ពី​សារៈ​សំខាន់នយោ​បាយ​​នៃ​បណ្តាញ​ព័ត៌​មាន​ទូរ​ទស្សន៍ផ្កាយ​រណប​ថ្នាក់​​តំបន់​​ក្នុង​ពិភព​អារ៉ាប់មួយ​នេះ​ និង​លើស​ពី​នេះ​ទៀត។ ទោះ​បី​ជា​នយោ​បាយ​របស់​សារ​ព័ត៌​មាន Al Jazeera នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស​ក៏​ដោយ ខ្ញុំ​ជឿ​ថា ការ​បិទ​អង្គ​ការ​ព័ត៌​មាន​​ណាមួយ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លទ្ធ​ភាព​នៃ​សេរី​ភាព​សារ​ព័ត៌​មាន​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​មាន​ការ​លំបាកច្រើនណាស់​​ដើម្បី​ទទួល​បាន​ការ​ជ្រាប​ចូល​។
 ក្រ​សែ​ភ្នែក​ដ៏​មុត​ស្រូច
នៅ​ពេល​ដែល​សារ​ព័ត៌​មាន Al Jazeera បាន​ចាប់​ផ្តើម​ដំណើរ​ការ​កាល​ពី​ឆ្នាំ​១៩៩៦ សារ​ព័ត៌​មាន​នេះ​បាន​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វិ​សាល​ភាព​ព័ត៌​មាន​អា​រ៉ាប់។ នៅ​ពេល​នោះ ការ​ចាក់​ផ្សាយ​ព័ត៌​មាន​តាម​កញ្ចក់​ទូរ​ទស្សន៍​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​ គឺ​ជា​រឿង​ធម្មតា។ ពួក​គេ​បាន​បង្ហាញ​នូវ​សេចក្តី​រាយ​ការ​ណ៍​ដែល​គ្មាន​ចម្រូង​ចម្រាស​ជា​មួយ​នឹង​ស្តង់​ដា​រ​ផលិត​មានកម្រិត​ទាប។ ភ្លាមៗ​នោះ មាន​ប៉ុស្តិ៍​មួយ​ដែល​ផ្តល់​នូវ​ការ​យក​ព័ត៌​មាន​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ ស្តី​​ពី​នយោ​បាយ​នៅ​ក្នុង​តំបន់​ តាម​រយៈ​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្ម​វិធី​ព័ត៌​មាន​របស់​លោក​ខាង​លិច​ ដូច​ជា​ទូរ​ទស្សន៍ BBC និង​ទូរទស្សន៍ CNN។
ប៉ុន្តែដំណើរ​ការ​ដោយ​គ្មាន​ការ​ការ​រាំង​ខ្ទប់​របស់​សារ​ព័ត៌​មាន Al Jazeera គឺ​ជា​យុទ្ធ​វិធី​រួម​របស់​អារ៉ាប់ ដែល​ជា​ប្រ​ភព​សម្រាប់​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ាដែល​ចូល​ចិត្ត​គ្រប់​គ្រង​ព័ត៌​មានដើម្បី​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​របស់​ខ្លួន​ទទួល​បាន។ សារ​ព័ត៌​មាន Al Jazeera បាន​រាយ​ការ​ណ៍​អំពី​រដ្ឋា​ភិបាល​ទាំង​នេះ ជាពិសេស​បណ្តា​ប្រ​ទេស​​ដែល​កំពុង​តែ​ប្រ​ឆាំង​នឹង​ប្រ​ទេស​ Qatar នាពេល​បច្ចុប្បន្ននេះ។
 បដិវត្ត​ន៍​ផ្កាម្លិះ​នៅ​អារ៉ាប់ គឺ​ជា​ចំណុច​របត់​មួយ
ពីរ​ទសវត្សរ៍​ក្រោយ​មក ប្រ​វត្តិ​សាស្រ្ត​នេះ​នៅ​តែ​ជាប់​ទាក់​ទង​គ្នា។ ប្រទេស Saudi Arabia Bahrain និង United Arab Emirates មិនសប្បាយទាល់​តែ​សោះជា​មួយ​សារ​ព័ត៌​មាន Al Jazeera និង​ប្រទេស​ Qatar ដែល​ជា​ម្ចាស់​របស់​ខ្លួន​ ចាប់​តាំង​ពី​មានការ​បះ​បោរ​នូវ​​បដិវត្តន៍​ផ្កាម្លិះនៅអារ៉ាប់​ក្នុង​​ឆ្នាំ២០១១។ ពួក​គេ​បាន​មើល​ឃើញ​សារ​ព័ត៌​មាន Al Jazeera ថា បានបង្ហាញ​នូវ​ការ​គាំទ្រ​ដល់​ក្រុម​អ្នក​តវ៉ា​ ហើយ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បណ្តាញព័ត៌​មាន​មួយ​នេះ​បាន​បង្កើត​ឱ្យ​មាន​អណ្តាតភ្លើង​នៃ​ការ​បះ​បោរ​ឡើង ដែល​បានគំរាម​កំហែង​ដល់​របបរាជានិយមមួយ​ចំនួន​​នៅ​ក្នុង​តំបន់។
 តើនឹង​មាន​អ្វី​មក​ជំនួស​?
ប្រ​ទេស Qatar បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​ចាត់​ទុក​ការ​ទាម​ទារ​ដែល​ធ្វើ​ឡើង​ពី​ក្រុមមួយ​​ដែល​ដឹក​នាំ​ដោយ​ប្រ​ទេស Saudi ថា​ជា​ការ​រំលោភ​លើ​អធិប​តេយ្យ​ភាព​របស់​ខ្លួន។ សូម្បី​តែ​ប្រ​ទេស​ Qatar បាន​សម្រុះ​សម្រួល​លើ​ការ​ទាម​ទារ​មួយ​ចំនួន​ក៏​ដោយ គឺ​វា​​មិន​ទំនង​ទាល់​តែ​សោះ​ដែល​ថា ពួក​គេ​នឹង​បិទសារ​ព័ត៌​មាន ​Al Jazeera។ បណ្តាញ​ព័ត៌​មាន​នេះ​ គឺ​ជា​សមិទ្ធិ​ផល​មួយ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ជា​ច្រើន​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រ​ទេស Qatar ដែល​ជា​កម្លាំង​ចលករ​​​ជួយជំរុញ​នូវ​ការ​រីក​ចម្រើន​​ជា​សកល​របស់​ប្រ​ទេស​តូច​មួយ​នេះក្នុង​រយៈ​ពេល​ពីរ​ទស​វត្ស​កន្លង​មក​៕

(​ប្រភព: Asia Times ចុះថ្ងៃទី១៣ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧)



ការប្រឆាំងសាកលភាវូបនីយកម្មរបស់ ត្រាំ មិនត្រូវបានគេស្វាគមន៍នៅកិច្ចប្រជុំក្រុមប្រទេស ២០

កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស ២០ នាពេល​ថ្មីៗនេះ​នៅ​អាឡឺម៉ង់​នោះ​មិន​ខុស​ពី​កិច្ច​ប្រជុំ​ដទៃ​ទៀត​នោះ​ទេ។ នៅ​មុន​កិច្ច​ប្រជុំ​នោះ​បាន​ចាប់​ផ្តើម អ្នក​អត្ថាធិប្បាយ​​បាន​ព្យាករណ៍​ថា មេដឹកនាំ​ពិភព​លោក​ខ្លះ​នឹង​ឈាន​ដល់​ចំណុច​រួម​តិច​ជាងដែល​​​ពួក​គេ​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​មុនៗ។ ប៉ុន្តែ មាន​មូល​ហេតុ​មួយ​ដែល​កិច្ច​ប្រជុំ​ចុង​ក្រោយ​នេះ​មិន​ធម្មតាគឺ ដូណាល់ ត្រាំ។​ អ្នក​កាសែត​នយោបាយ​ជើង​ចាស់​របស់​អូស្ត្រាលី​លោក Chris Uhlmann បាន​និយាយ​ថា “​ត្រាំ ជា​ឥស្សរជន​​ឯកោ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ហើយ​អ្នក​មាន​អារម្មណ៍​ថា មេដឹកនាំ​ពិភព​លោក​ខ្លះ​កំពុង​ព្យាយាម​រក​វិធីល្អបំផុត​​ដើម្បី​ធ្វើ​ការ​ដោយ​គ្មាន​គាត់។ គាត់​គ្មាន​​បំណង ​និង​គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​ពិភព​លោក​ទេ”។
ជា​ទូទៅ ព្រឹត្តិការណ៍បែប​នេះ​បាន​លើក​កម្ពស់​តម្លៃរួម​នៃ​សហគមន៍​អន្តរជាតិ​ ដោយ​ដាក់​សន្តិសុខ សន្តិភាព និង​កំណើន​សេដ្ឋកិច្ច​​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​របៀប​វារ។
 ត្រាំ ប្រឆាំង​នឹង​គោល​នយោ​បាយ​ក្រុម​ប្រទេស​ ២០ ដែល​គេ​ប្រើជា​យូរ​មក​ហើយ
ទោះជា​យ៉ាង​ណា​ក្តី ចាប់​តាំង​ពី​គាត់​ឡើង​កាន់អំណាច ត្រាំ បាន​ច្រាន​ចោល​រហូត​នូវ​ទស្សនៈ​​អំពី​សហគមន៍​ពិភព​លោក ​និង​ផល​ប្រយោជន៍​នៃ​សាកល​ភាវូបនីយកម្ម។ ជា​ជំនួសវិញ គាត់​កំពុង​បង្កើន​តម្លៃ​នៃ​ការគាំពានិយម​ ដែល​នឹង​បង្ខំ​ឲ្យ​ក្រុម​ប្រទេស ២០ ខិត​ខំ​រក​គោល​នយោ​បាយ​ដែល​ផាត់​ចោល​នូវ​វិធីនេះ។​ ច្បាស់ណាស់​ ​គាត់​មាន​ការ​ប្រឆាំង​នឹង​ការ​ចង់​បាន​របស់​ចិន។ កាលឆ្នាំ​មុន ប្រធានាធិបតី​ ស៊ី ជីនពីង បាន​ប្រាប់​កិច្ច​ប្រជុំ APEC នៅ​ប្រទេស​ Peru ដែល​ប្រទេស​នេះ​នឹង​មិន​​ប្រឆាំង​សាក​ល​ភា​វូប​នីយកម្ម​នោះទេ។ គាត់​បាន​និយាយថា “ការ​ផាត់​អ្នក​ដទៃ​ចេញ​មិន​មែនជា​ជម្រើស​ត្រឹម​ត្រូវ​ទេ។ ចិន​នឹងមិន​​បិទទ្វា​​ដល់ពិភព​ខាង​ក្រៅនោះទេ ប៉ុន្តែកាន់តែ​បើក​ចំហរ។ យើង​នឹង​ធានា​ថា ​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​​ត្រូវ​បាន​ចែក​រំលែក”។
ជំហរ​ប្រឆាំង​សាកលភាវូបនីយកម្ម​របស់ ត្រាំ ក៏​បាន​ធ្វើ​ឲ្យ​គាត់​ប្រឆាំង​នឹង​មេដឹកនាំ​ធុរកិច្ច​ធំៗ​ជា​ច្រើន​ ក្នុង​ចំណោម​នោះ​គឺ​​នាយក​របស់​ក្រុមហ៊ុន Apple លោក Tim Cook។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​​នាពេល​ថ្មីៗ​ទៅ​កាន់​ប្រទេស​ចិន លោក Cook បាន​ការពារ​សាកលភាវូបនីយកម្ម​ ដោយ​ចាត់​ទុក​វាថា ជាការ​ល្អបំផុត​សម្រាប់​ពិភព​លោក​ និង​​មានការ​ព្រមាន​​លើ​ភាព​ឯកោនិយម។​
 មូល​ហេតុ​ដែល​សាកលភាវូនីយកម្ម​ល្អសម្រាប់​ពិភព​លោក
ខ្ញុំ​នៅតែ​មាន​ទំនុក​ចិត្ត​ដល់​ការដែល​ខ្ញុំ​លើក​ឡើង​នៅ​ខែវិច្ចិកាមុន​ថា “សាកលភាវូបនីយកម្ម​នឹង​ស្ថិត​នៅ​ដដែល​ ហើយ​នឹង​កាន់តែ​បោះជំហាន​ទៅ​មុខ​ថែម​ទៀត​ផង” ទោះបីជា​​ចេតនា​របស់​ ត្រាំ និង​រដ្ឋការ​របស់គាត់​ក្នុងការ​ទាត់​ទស្សនៈ​នោះ​ចោល​ក៏​ដោយ។ មនុស្ស​ជា​ច្រើន ធុរកិច្ច​ជា​ច្រើន និង​បណ្តា​ប្រទេស​ទាំងអស់​កាន់តែ​យក​ចិត្ត​ទុក​ដាក់​លើ​ពិភព​លោក ​និង​ផ្តោត​លើ​អន្តរជាតិ​ ហើយ​មាន​មូល​ហេតុ​សំខាន់​ៗ​សម្រាប់​រឿង​នេះ។ ទីមួយ- សាកលភាវូបនីយកម្ម​បាន​លើក​កម្ពស់​កំណើន​សេដ្ឋ​កិច្ច​ បង្កើត​ការងារ និង​បង្កើន​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ហ៊ុន ដែល​នាំ​ឲ្យ​កាត់​បន្ថយ​តម្លៃ​​សម្រាប់​អ្នក​ប្រើ​​ប្រាស់។​ ទីពី- វា​បានបង្កើន​ការ​ប្រកួត​ប្រជែង​រវាងប្រទេស និង​ប្រទេស ដែល​ស្មើ​នឹង​ការ​មាន​តម្លៃ​ទាប​នៃ​​ទំនិញ​សម្រាប់​ប្រជាជន​សាមញ្ញ។​ ទីបី- វា​ផ្តល់​ឲ្យ​ទី​ផ្សារ​ពិភព​លោក​សម្រាប់​ទាំង​ធុរកិច្ច ​និង​ទាំង​អ្នក​ប្រើ​ប្រាស់។​ ទីបួន- វា​អាច​ជួយ​ប្រទេស​ក្រីក្រ​អភិវឌ្ឍន៍​​តាម​រយៈ​​កម្រិតនៃ​ការវិនិយោគ​បរ​ទេស​​កាន់តែ​ធំ។ ជា​ការ​ត្រ​ឡប់​វិញ នេះ​​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​កាន់តែ​ស្ថិរភាព ​​និង​សន្តិភាព។​ ទីប្រាំ- កម្លាំង​ពល​កម្ម​អាច​ចល័ត​កាន់តែ​សេរី​រវាង​ប្រទេស​ទាំង​នោះ។​ ហើយទីប្រាំមួយ- វា​បាន​បង្កើន​​ការ​ទទួល​យក​និង​យល់​ដឹង​ផ្នែក​សង្គម​និង​វប្បធម៌​រវាង​ប្រទេស​និង​ប្រទេស​ នៅពេល​ពួក​គេ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា។​
ជា​ការ​ពិត មាន​គុណវិបត្តិ​ខ្លះ ប៉ុន្តែ​ខ្ញុំ​យល់​ស្រប​ជា​មួយ​លោក Tim Cook ដែល​ថា សាកល​ភាវូបនីយកម្ម​​បាន​ផ្តល់​ផល​ប្រយោជន៍​ខ្លាំង​ដល់​ពិភព​លោក។ ទោះបីជា​អ្នក​គិត​ដូច​ម្តេច​ក៏​ដោយ និង​​ទោះបីជា​អ្នក​គាំទ្រ ឬ​ប្រឆាំង​ក៏ដោយ ក៏​សាកលភាវូបនីយកម្ម​នឹង​មិន​បញ្ឈប់​នោះដែរ។ សាកល​ភាវូបនីយកម្ម​​មាន​ការ​ក្តាប់​យ៉ាង​ណែន​លើ​ពិភព​លោក។ ដោយ​វា​ស្ថិត​នៅ​ក្នុង​ចិត្ត​នោះ យើង​ចាំ​បាច់​ត្រូវ​តែ​ធានាថា សាកលភាវូបនីយកម្ម​​មិន​ត្រូវ​គេ​ចាប់​ជា​ចំណាប់​ខ្មាំង ឬ​បំបែក​បាន​ទេ ហើយ​ថា វា​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​មនុស្ស​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​នឹង​តម្រូវ​ឲ្យ​មាន​ភាព​ជា​អ្នក​ដឹកនាំ​នយោ​បាយ​រឹង​មាំ​ ជាអ្វីដែល​ត្រំា​បាន​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស ២០ នា​ពេល​​ថ្មីៗនេះ​ថា គាត់​មាន​ការ​ខ្វះខាត។​ នេះ​នឹង​ដាក់​ប្រទេស​អាមេរិក​​ដើរ​នៅ​ក្រោយ​គេ ក្នុង​ខណៈ​ប្រទេស​អាស៊ី​ជា​ច្រើន ដូចជា​ចិន​និង​ឥណ្ឌា​ ដើរ​នៅ​មុខ​គេ​​ក្នុងការ​លើក​កម្ពស់​សាក​លភា​វូបនី​យ​កម្ម​៕

(ប្រភព៖ Asia Times ចុះថ្ងៃ១៣ ខែកក្កដា​ ​ឆ្នាំ២០១៧)



ថៃបើកភ្លើងខៀវសម្រាប់ដំណាក់កាលដំបូងនៃការវិនិយោគផ្លូវដែក ជាមួយចិនមានទឹកប្រាក់ ៥,៥ ពាន់លានដុល្លារ

គណៈរដ្ឋមន្ត្រីថៃកាលពីម្សិលមិញបានអនុញ្ញាតគម្រោងវិនិយោគផ្លូវដែកដំណាក់កាលដំបូងមានទឹកប្រាក់ ៥,៥ ពាន់លានដុល្លារអាមេរិក ដើម្បីភ្ជាប់តំបន់ឧស្សហកម្មឆ្នេរសមុទ្រខាងកើតជា មួយចិនខាងត្បូងដោយឆ្លងកាត់ប្រទេសឡាវ នេះជាផ្នែកមួយនៃការជម្រុញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដោយប្រទេសចិន។
នាយករដ្ឋមន្ត្រី Prayut Chan-O-cha បានប្រើប្រាស់អំណាចប្រតិបត្តិកាលពីខែមុខ ដើម្បីរៀបចំផែនការឱ្យមានគម្រោងការណ៍នេះកើតឡើង ដែលរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងកម្ចីប្រាក់ផងដែរ។
ដំណាក់កាលដំបូងរួមមានស្ថាននីយ៍រថភ្លើងចំនួន ៦ នៅលើចម្ងាយផ្លូវដែល ២៥០ គីឡូម៉ែត្រ ដែលជារថភ្លើងល្បឿនលឿនភ្ជាប់ពីទីក្រុងបាងកក និងប៉ែកឦសានប្រទេសថៃ។
លោក Korbsak Pootrakool នាយកខុទ្ទកាល័យរងរបស់នាយករដ្ឋមន្ត្រីនិយាយថា គម្រោងនេះជាផ្នែកមួយនៃការអភិវឌ្ឍបណ្តាញដឹកជញ្ជូនតំបន់ ជាពិសេសទាក់ទងទៅនឹងផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលនឹងភ្ជាប់អឺរ៉ុប អាស៊ី និងអាស៊ីអាគ្នេយ៍ជាមួយគ្នា។
ការភ្ជាប់នេះ បង្កើតឱ្យមានជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់របស់ចិន ដើម្បីភ្ជាប់ទីក្រុងចិនទាំងឡាយជាមួយអាស៊ីអាគ្នេយ៍ រាប់បញ្ចូលទាំងតំបន់ឧស្សាហកម្មថៃ និងកំពុងផែសមុទ្រប៉ែកខាងកើតផងដែរ។

លោក Prayut បាននិយាយថា «គម្រោងនេះនឹងប្រើប្រាស់សម្ភារៈថៃ ហើយបច្ចេកវិទ្យាចិន នឹងត្រូវបានគេប្រើប្រាស់សម្រាប់ការសាងសង់។ យើងនឹងបញ្ជូនប្រជាជនទៅរៀនអំពីកិច្ចការនេះ ដូច្នេះយើងអាចចាត់ចែងប្រព័ន្ធផ្លូវដែក ដោយខ្លួនឯងបានទៅអនាគត៕
ប្រភព : Reuters ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧

ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ ​“ពិព័រណ៍​ផលិតផល​នាំចេញ​-នាំចូល​ និងខេត្ត ១​ ផលិតផល ១ ​កម្ពុជា ​លើកទី១២ ​កម្រិត​អន្តរជាតិ”​

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី១២ កម្រិតអន្តរជាតិ” ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវបានរៀបចំអមជាមួយផងដែរ នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត៕

សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលមានភ្ជាប់មកជាមួយ៖





ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ជំរុញឱ្យយុវជនខិតខំរៀន ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញ ចូលរួមអភិវឌ្ឍន៍សង្គមជាតិនៅថ្ងៃអនាគត

ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានជំរុញឱ្យខិតខំរៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត។ លោកស្រី បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះ​សំ​ណាល ជាមួយលោកគ្រូ អ្នកគ្រូ និស្សិតទទួលបានអាហារូបករណ៍របស់ឯកឧត្តមអ៊ី ឈាន និងសិស្សានុសិស្សថ្នាក់​ទី១២ ដែលកំពុងរៀនវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ ក្នុងខេត្តប៉ៃលិន ចំនួន ៥៤៣នាក់។
ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ លោកស្រី បានបន្ថែមថា នេះជាតំណាក់កាលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ ដោយធ្វើការរឹតបន្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជ្រើសរើសសិស្សានុសិស្សដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ ហើយការរឹតបន្តឹងការប្រឡងនេះដែរ ក៏បានកំពុងពញ្ញាក់ស្មារតីរបស់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងឱ្យរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត។ ការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវធនធានមនុស្សសម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការប្រកួតប្រជែងលើគ្រប់ផ្នែក គ្រប់វិស័យ ជាមួយប្រជាជនបណ្តាប្រទេសនានានៅក្នុងសកលលោក ក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ។

លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀន ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនាពេលខាងមុខ ហើយសម្រាប់ឆ្នាំ២០១៧នេះ លោក អ៊ី ឈាន នឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់ទទួលបាននិទ្ទេសល្អ ហើយទន្ទឹមនឹងនេះ លោក អ៊ី ឈាន និងលោកស្រី ក៏បានផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែងដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តែគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយសារបញ្ហាជីវភាពទីទាល់ក្រ ហើយជាក់ស្តែងរយៈពេល ៤ឆ្នាំកន្លងមកនេះ សិស្សានុសិស្សក្រីក្រជាច្រើននាក់ បានទទួលអាហារូបករណ៍ ១០០% ទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សានានាក្នុងខេត្តបាត់ដំបង។ នៅក្នុងឱកាសសំណេះសំណាលនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានឧបត្ថម្ភសម្ភារៈសិក្សា និងថវិកា ដល់លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕








អ្នកវិភាគនយោបាយ៖ ល្បិចសាមកុកក្នុង​កិច្ចសន្ទនា​សម្ងាត់​រវាងបុរស​ខ្លាំង​តេជោ សែន​ ជាមួយ កឹម សុខា​ ទទួល​ជោគជ័យមួយ​ជំហានទៀត​ហើយក្នុងការ​កម្ចាយ ​សម រង្ស៊ី

ខ្លឹមសារអត្ថបទមួយដែលបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកចៅចាក់ស្មុកនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បានលើកឡើងថា ល្បិចសាមកុកក្នុងកិច្ចសន្ទនាសម្ងាត់រវាងបុរសខ្លាំងតេជោ សែន ជាមួយ កឹម សុខា ទទួលជោគជ័យមួយជំហានទៀតហើយក្នុងការកម្ចាយ សម រង្ស៊ី ដែលមានខ្លឹមសារដូចខាងក្រោម៖
បើទោះបីជាមិនមានវត្តមានតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិក៏ដោយនោះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយដែលបានធ្វើវិសោធនកម្មចំនួន៥មាត្រា ក្នុងគោលដៅចម្បងរារាំងទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬ មជ្ឈឹមមិនឱ្យចូលរួមសកម្ម​ភាពនយោបាយ និងទៅពាក់ព័ន្ធជាមួយគណបក្សនយោបាយ ត្រូវបានតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា៦៦រូប លើកដៃគាំទ្រអនុម័តរួចរាល់ហើយ រង់ចាំតែការឆ្លងដំណាក់កាលព្រឹទ្ធសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងព្រះហស្ថលេខារបស់ព្រះមហាក្សត្រខ្មែរបន្ថែមទៀត ច្បាប់នេះនឹងចូលជាធរមានហើយ។
នៅពេលការធ្វើវិសោធនកម្មជាថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយនេះចូលជាធរមាន វាគឺជាជំហ៊ានជោគជ័យថ្មីមួយទៀតហើយនៃយុទ្ធសាស្រ្តនយោបាយ របស់លោក កឹម សុខា ក្នុងការសុំដៃបុរសខ្លាំងតេជោ សែ​ន ប្រមុខគណបក្សកាន់អំណាចដើម្បីកម្ចាយលោក សម រង្ស៊ី អ្នកន​យោបាយមានឈាមជ័រជាជនក្បត់ជាតិឱ្យឆ្ងាយពីគណបក្សសង្រ្គោះជាតិ និងឆ្ងាយពីប្រទេសកម្ពុជាកុំឱ្យនាំគ្រោះសម្រាប់ជាតិ និងប្រជាជនដូចឪពុករបស់ខ្លួន គឺលោក សម សារី។ តើ​មានសេណារីយ៉ូអ្វីខ្លះបង្ហាញថា លោក កឹម សុខា សហការជាមួយ បុរសខ្លាំង ហ៊ុន សែន ដែលធ្លាប់ជួយបង្កើតគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ២០០៧ឱ្យជួយកម្ចាយលោក សម រង្ស៊ីនោះ?
តោះទៅរម្លឹករឿងរ៉ាវកាលពីឆ្នាំ២០១៦បន្តិច។ គេនៅចាំបានថា កាលពីឆ្នាំ២០១៦ កន្លងទៅ ព្រោះតែសំណុំរឿងចំណងស្នេហ៍ក្រៅសម្ព័ន្ធជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ លោក កឹម សុខា បានបង្ខំចិត្តបង្ខាំងខ្លួនឯងនៅក្នុងទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅចាក់អង្រែក្រោមអស់រយៈពេលប្រមាណជា ៦ខែ ដើម្បីគេចចេញពីការតាមចាប់ខ្លួនពីសមត្ថកិច្ចតាមអំ​ណាចដីការបស់តុលាការព្រោះតែមិនចូលបំភ្លឺជូនតុលាការ។ ការបង្ខាំងខ្លួនរយៈពេលប្រ​មាណជា ៦ខែក្នុងបន្ទប់ទីស្នាក់ការទំហំតែប៉ុន្មានម៉ែត្រ បានធ្វើឱ្យលោក កឹម សុខា ជួបវិបត្តិទាំងផ្លូវចិត្ត និងផ្លូវកាយ ជាពិសេសខានបានប្រលោមស្នេហ៍ជាមួយបង្អែមជីវិតរបស់លោកហ្នឹងតែម្តង។ ប្រហែលព្រោះតែមិនអាចស៊ូគំនាបដួងចិត្ត និងដួងកាយនៅក្នុងបន្ទប់តែប៉ុន្មានម៉ែត្រនេះ ទើបធ្វើឱ្យលោក កឹម សុខា បង្ខំចិត្តស្វែងរកការចរចានយោបាយជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីមានសេរីភាពឡើងវិញ។ លោក កឹម សុខា ហាក់បានយល់ចិត្តថ្លើមបុរសខ្លាំងតេ​ជោ សែន រួចទៅហើយថា បុរសខ្លាំងរូបនេះ នឹងមានការអនុគ្រោះចំពោះខ្លួនដូចដែលធ្លាប់ បាន​អនុគ្រោះពីអតីតកាលនោះ។ លោក កឹម សុខា ក៏នៅបានរៀបចំថ្នូរដ៏ធំមួយទៀត ដើម្បីចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ឱ្យខ្លួនមានសេរីភាព។ តើថ្នូរនោះជាអ្វីទៅ? ថ្នូរនោះ គឺការបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី។ លោក កឹម សុខា និងបុរសខ្លាំងតេជោ សែន សុទ្ធតែមានអារម្មណ៍ទោមនស្សដូចគ្នាជាមួយអ្នកនយោបាយជើងមិនជាប់ដីរូបនេះ។
អំឡុងឆ្នាំ២០១៦នោះ សម្តេចតេជោ ហ៊ុន សែន កំពុងតែមានកំហឹងយ៉ាងខ្លាំងជាមួយលោក សម រង្ស៊ី ដែលបានប្រមាថថា ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ជាភរិយា និងជាកូនរបស់មេដឹកនាំប្រទេសវៀតណាម។ ការប្រមាថរបស់លោក សម រង្ស៊ី ចំពោះភរិយា និងកូនរបស់សម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះសម្តេចមិនទាន់រសាយកំហឹងនោះទេ។ ដោយឡែកលោក កឹម សុខា ដែលកាលនោះមានតួនាទីជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បើទោះបីជាបំណងក្នុងការកម្ចាយលោក សម រង្ស៊ី ចេញពីបក្សមិនពុះកញ្ច្រោលខ្លាំង ក៏លោកត្រូវតែជ្រើសផ្លូវនេះដើរដែរ ដើម្បីជាថ្នូរនឹងសេរីភាពរបស់លោកឡើងវិញ។ ត្រង់ចំណុចនេះ មានការសួរថា តើលោក កឹម សុខា មានបំណងកម្ចាយលោក សម រង្ស៊ី ដែរទេ? ចម្លើយយ៉ាងខ្លី គឺអ្នកនយោបាយគ្មានបេះដូងនោះឡើយ ពេលមានផលចំណេញ គេនឹងត្របាក់ភ្លាម។ ដូច្នេះការកម្ចាយលោក សម រង្ស៊ី គឺមានតែផលចំណេញសម្រាប់លោក កឹម សុខា រឿងអីដែលលោកមិនព្រមធ្វើនោះ។
ផ្អែកលើទស្សនៈរួមនេះហើយ ទើបនាំឱ្យមានការសន្ទនាតាមទូរស័ព្ទដោយភាពផ្អែមល្ហែម និងយល់ចិត្តគ្នាជាង២០នាទីមួយបានកើតមានឡើងរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា នារាត្រីដ៏សែនមនោរម្យថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងសារសន្ទនាដែលគេទម្លាយនោះ បុរសខ្លាំងតេជោ សែន បានបង្ហាញការរៀបចំផែនការមួយចំនួនដើម្បីឱ្យលោក កឹម សុខា ដណ្តើមយកគណបក្សសង្រ្គោះជាតិមកគ្រប់គ្រងតែឯង។ នៅក្នុងកិច្ចសន្ទនាសម្ងាត់ដែលបែកធ្លាយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំមិនបំផ្លាញសង្រ្គោះជាតិចោលទេ តែខ្ញុំរកដៃគូនៅក្នុងសង្រ្គោះជាតិ ហើយខ្ញុំសំឡឹងឃើញថា ខាឯងអាចធ្វើការជាមួយខ្ញុំបាន។ ឥឡូវឱកាសមានហើយ ដែលខាឯងក្តាប់យកកម្លាំង»។ ក្រោយកិច្ចសន្ទនាដ៏ផ្អែមល្អែមនោះរួចមក សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា បានចាប់ផ្តើមដើរតាមយុទ្ធសាស្រ្តជាច្រើនជំហ៊ាន​ឈានទៅសម្រេចគោលដៅរួម ក្នុងការកម្ចាយលោក សម រង្ស៊ី។ យុទ្ធសាស្រ្តនោះរួមមាន៖
១- លោក កឹម សុខា ត្រូវបានបើកផ្លូវឱ្យចេញពីទីស្នាក់ការគណបក្សជាលើកដំបូងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីឃុំខ្លួនឯងអស់ជាង ៦ខែនៅស្នាក់ការបក្ស។ នៅព្រឹកថ្ងៃនោះ លោក កឹម សុខា ដែលពេលនោះនៅជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចេញទៅកាន់ការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន។
៣- ក្រោយពីទទួលព្រះរាជទានលើកលែងទោសនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបើកការជួបជជែកដោយចំហរជាមួយលោក កឹម សុខា នៅវិមានរដ្ឋស​ភា ក្រោមការយកព័ត៌មានជាច្រើនពីក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ។ កាយវិការនេះ ជាការបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន កំពុងផ្តល់អនុភាពទៅឱ្យលោក កឹម សុខា ជាដៃគូថ្មីក្នុងកិច្ចពិភាក្សានយោបាយជំនួសលោក សម រង្ស៊ី។
៤- សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនឲ្យទណ្ឌិតធ្វើជាប្រធានគណបក្ស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំៗ០១៧នេះ នៅក្នុងកិច្ចប្រជុំសភា។
៥- ក្រោយច្បាប់ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បានបង្ខំឱ្យលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏ធ្វើឱ្យលោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង ១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញរបស់បក្ស។
ការដណ្តើមបានតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហាក់មិនបានធ្វើឱ្យលោក កឹម សុខា ស្កប់ស្កល់នោះទេ។ មិនស្កប់ស្កល់ដោយសារ តែលោក សម រង្ស៊ី នៅតែប្រើអំណាចស្រមោលរបស់លោក ដើម្បីគ្រប់គ្រងគណបក្សសង្រ្គោះជាតិ និងអ្នកស្ម័គ្រស្មោះរបស់លោកនៅក្នុងបក្សមួយនេះ។ ជាពិសេសនោះគ្រប់សកម្មភាពនៅក្នុងផ្ទៃក្នុងបក្ស លោក សម រង្ស៊ី នៅតែប្រជែងឥទ្ធិពលជាមួយលោក កឹម សុខា ហើយ លោក សម រង្ស៊ី នៅតែត្រូវបានគេចាត់ទុកជាប្រធានបក្សប្រឆាំងផងដែរ។ ក្នុងនោះនៅលើ Facebook លោក សោរ ចាន់ដេត មន្រ្តីជាន់ខ្ពស់គណបក្សសម រង្ស៊ី នៅតែហៅលោក សម រង្ស៊ី ថា ជាលោកប្រធាន ប្រការនេះប្រហែលមិនមែនជាការពេញចិត្ត និងចង់បានរបស់លោក កឹម សុខា នោះឡើយ។ ព្រោះតែបែបនេះហើយទើបមើលទៅ ! ទើបធ្វើឱ្យ លោក កឹម សុខា អ្នកនយោបាយដែលគេចាត់ទុកសុភាពបុរសក្លែងក្លាយរូបនេះ ត្រូវបង្ខំចិត្តបោះដៃសុំចិត្តបុរស ធ្លាប់មានសមានចិត្តជាមួយខ្លួន គឺសម្តេចតេជោ ហ៊ុន សែន ជួយសម្រេចមហិច្ឆតាចុងក្រោយកម្ចាយលោក សម រង្ស៊ី ឱ្យរសាត់ទៅកាន់តែឆ្ងាយពី គណបក្សសង្រ្គោះជាតិ តាមរយៈការធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយជាថ្មីលើកទី២នេះ។ ក្រោយច្បាប់នេះចូលជាធរមាន តើអ្នកនយោ​បាយរូបណាដែលនឹងត្រូវក្អាក​ក្អាយសប្បាយចិត្ត ហើយអ្នកនយោបាយរូបណានឹងត្រូវខ្ទេចខ្ទាំ បេះដូងឈឺចាប់បេះដូងរហូតដល់ក្អួតឈាមនោះ?
ច្បាស់ណាស់ក្រោយពេលការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះចូលជាធរមាន ច្បាស់ណាស់ស្នាមញញឹមដ៏សែនស្រស់ស្រាយ គឺមានសម្រាប់តែលោក កឹម សុខា តែប៉ុណ្ណោះ ព្រោះថាការវិនិយោគលើជំនួញនយោបាយជាមួយលោក សម រង្ស៊ី គឺលោកជាអ្នកទទួលបានផលចំណេញដ៏គាប់ប្រសើរបំផុត ទទួលបានឥទ្ធិពល និងសិទ្ធិយ៉ាងពេញលេញក្នុងការគ្រប់គ្រងគណបក្សសង្រ្គោះជាតិ។ ដោយឡែក លោក សម រង្ស៊ី នឹងក្លាយទៅជាជនបរា​ជ័យលើសង្វៀននយោបាយ ហើយអាចឈឺចិត្តស្អិតទ្រូងរហូតដល់ក្អួតឈាមថែមទៀតផង។ ការប្រឹងប្រែងក្នុងជីវិតនយោបាយជិត៤០ឆ្នាំដើម្បីសាងកិត្តិនាម និងកិត្តិយសសម្រាប់ខ្លួនឯងផង និងដើម្បីស្តារកិត្តិយស និងកិត្តិនាមឪពុកឱ្យរួចផុតពីជនក្បត់ជាតិ បានប្រែក្លាយជាអសារបង់៕

ប្រភព៖ ចៅចាក់ស្មុក



អគ្គស្នង​ការរង​នគរបាល​ជាតិ ​ បើកកិច្ច​ប្រជុំ​ ​ដើម្បីត្រួត​​ពិនិត្យលទ្ធផល​ការងារ​ ការពារ​សន្តិសុខ ​និងសុវត្ថិភា​ពជូនភ្ញៀវទេសចរ

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំត្រីមាស ជាមួយបណ្ដាតំណាងស្ថានទូតទាំងអស់ប្រចាំនៅកម្ពុជា ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ បរទេស ស្ថានទូត មន្ត្រីការទូត និងអ្នកវិនិយោគិន។
តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់អគ្គស្នងការនគរបាលជាតិ ចំពោះសុវត្ថិភាពជនបរទេសទាំងអស់ ដែលកំពុងមានវត្តនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ថោង លីម បានឆ្លើយតបទៅនឹងសំណូមពរនានា ដែលតំណាងស្ថានទូតបានលើកឡើង នឹងបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពមន្ត្រីឆ្លើយតបទៅនិងសភាពការណ៍ ដែលបានកើតឡើងប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុខសុវត្ថិភាព និងបរិយាកាសល្អដល់គ្រប់វត្តមានជនបរទេស ក្នុងកម្ពុជាទាំងបច្ចុប្បន្ន និងពេលអនាគត។
អគ្គស្នងការរងនគរបាលជាតិ បានបន្តទៀតថា កិច្ចប្រជុំនេះមានសារៈសំខាន់ ចំពោះការអនុវត្តន៍តួនាទីភារកិច្ចរបស់ក្រុមការងារ ព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេសប្រចាំនៅកម្ពុជា យើងបានដកបទពិសោធន៍ថ្មីៗ ពីបណ្តាស្ថានទូតតាមរយៈការចូលរួមយោបល់របស់ពួកគេ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ការពង្រឹងការអនុវត្តន៍ភារកិច្ច និងការកែសម្រួលរាល់ចំណុចខ្វះខាតកន្លងមក គឺជាទិសដៅរបស់ក្រុមការងារ ដើម្បីបន្តធ្វើឲ្យប្រសើរឡើង នូវភារកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនគ្រប់បណ្តាអង្គទូត ជនបរទេសជាអ្នកវិនិយោគ និងភ្ញៀវទេសចរជាដើម៕







(សូមទស្សនាវីដេអូ) លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន៖ ស្រ្តី​ជា​មា​តា​ពិភព​លោក

បទអត្ថាធិប្បាយ៖ ការធ្វើវិសោធនកម្មច្បាប់ ដើម្បីប្រយោជន៍ជាតិ មិនមែនសម្រាប់តែបុគ្គល ជាទណ្ឌិតណាមួយនោះទេ!

បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានអនុម័ត​ជាឯកច្ឆ័ន្ទ​ដោយ​រដ្ឋសភា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ និងត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យទទួលយក​ខ្លឹមសារនៃសេចក្តី​ស្នើវិសោធនកម្មច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅថ្មីៗនេះ ទណ្ឌិត សម រង្សី បានតាំងខ្លួនឯងជាតួឯក ដោយលើកឡើងក្នុង Facebook ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្លួនទៅវិញ។ តាមពិតការធ្វើ​វិសោធនកម្មច្បាប់នេះ គឺដើម្បីប្រយោជន៍ជាតិ មិនមែនសម្រាប់​តែបុគ្គល​ជាទណ្ឌិត​ណាមួយនោះទេ!

ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មិនមែនសំដៅចំពោះទណ្ឌិត សម រង្សី នោះទេ តែសម្រាប់​បុគ្គលទាំងអស់ និងអនុវត្តន៍សម្រាប់គ្រប់គណបក្សនយោបាយ សូម្បីតែគណបក្សកាន់ អំណាច ដែលជាអ្នកស្នើវិសោធនកម្មច្បាប់នេះ ក៏ត្រូវអនុវត្តន៍ដូចគ្នា។ គោលដៅធំមួយ នៃការធ្វើ​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺដើម្បីជាប្រយោជន៍ជាតិ។ ច្បាប់នេះ មានគោល​បំណងទប់ស្កាត់ អ្នកទោស​មិនឱ្យធ្វើសកម្មភាពឃោសនានយោបាយ ឬចូលរួមពាក់ព័ន្ធ ក្នុងកិច្ចការ​នយោបាយត្បិតខ្លួនឯងជាអ្នកទោស ព្រោះច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់​ហើយថា អ្នកទោសត្រូវមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតក៏ដោយនោះទេ។ ពោលគឺទាល់តែ​បុគ្គល​ដែលជាអ្នកទោសនោះ បានអនុវត្តទោសទណ្ឌរបស់ខ្លួនចប់សព្វគ្រប់ តាមសាលក្រមរបស់​តុលាការរួច និងត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ទើបអាចចូលរួម​បោះឆ្នោតបាន ដូចប្រជា​ពលរដ្ឋទូទៅ។ ដូចនេះបើទណ្ឌិត សម រង្ស៊ី នៅធ្វើនយោបាយបាន វាមិនស្មើភាពទេ សម្រាប់អ្នក​ទោស​​​ផ្សេងទៀត ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារនោះ។

ជាងនេះទៅទៀត ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺដើម្បីជំរុញយន្តការ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងតម្រង់ទិស​អ្នកនយោបាយខ្មែរឱ្យប្រកួតប្រជែងដោយ ស្មើភាពគ្នា គិតពីផលប្រយោជន៍ជាតិ ការពារសន្តិភាព និង​ប្រជាធិបតេយ្យ។ ការធ្វើវិសោធនកម្មច្បាប់នេះ មិនមែនដើម្បីរារាំង ឬបញ្ចប់ជិវិតនយោបាយរបស់​បុគ្គលណា​ម្នាក់​នោះទេ សូម្បីតែទណ្ឌិត សម រង្ស៊ី ក៏យល់ពីច្បាប់នេះដែរ ទើបសម្រេចចិត្តលាលែង​ពីតំណែង​ប្រធានបក្ស ដែលខ្លួនខំប្រឹងក្រាញននៀលអស់រយៈពេលជាង២០ឆ្នាំមកនេះ។

ជារួមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺមានវិសាលភាពអនុវត្តន៍ មិនចំពោះគណបក្ស ឬបុគ្គលណាមួយឡើយ និងដើម្បីការពារសុខសន្តិភាព ការពារជាតិ ស្ថិរភាព​នយោបាយ ការពារផលប្រយោជន៍ជាតិ ដែលជា ឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។ ផ្អែកទៅលើមូលដ្ឋាននៃការពង្រឹងនីតិរដ្ឋ បើសិនជាមានការ ធ្វើខុសទៅនឹងអ្វីដែលមានចែង នៅក្នុងច្បាប់ ចាំបាច់ណាស់ ត្រូវតែមានការអនុវត្តច្បាប់ទៅតាមអ្វី ដែលមានចែងនៅក្នុងច្បាប់ ជាធរមាន មិនថាគណបក្សនយោបាយណា ឬអ្នកនយោបាយណា មួយនោះ ឡើយ៕

ដោយ៖ ក្រុមសិក្សាសង្គម

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៨ ប្រចាំថ្ងៃទី១៤ ខែកក្កដានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បើកកិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ និងសណ្ដាប់​ធ្នាប់សង្គម​

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីបូកសរុបសលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រធានតុលាការ លោក តាំង ស៊ុនឡាយ ព្រះរាជអាជ្ញារងលោក សៀង សុខ ស្នងការរងតាមផែនជំនាញ អភិបាល អភិបាលរងខណ្ឌទាំង១២ អធិការ អធិការរងខណ្ឌទាំង១២ និងនាយនគរបាលប៉ុស្ដិ៍ ទូទាំងរាជធានីភ្នំពេញផងដែរ៕







លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ ពួកអ្នកនិយាយអាក្រក់បំផ្លើសការពិត អំពីប្រទេសខ្លួនឯង គឺជាអ្នកច្រណែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា អ្នកដែលតែងតែនិយាយអាក្រក់ ហើយបំផ្លើសការពិតអំពីប្រទេសកម្ពុជា គឺជាអ្នកច្រណែននឹងសមត្ថភាព និងស្នាដៃកសាងប្រទេសរបស់លោក។

សារលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា៖ «វាជារឿងធម្មតាទេ ចំពោះបុគ្គលមួយចំនួន ដែលគ្មានសមត្ថភាពធ្វើបានដូច សម្តេចតេជោ ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់សម្តេច។ ពួកគេគ្មានអ្វីក្រៅអំពីការ រិះរកវិធីនិយាយអាក្រក់ពី សម្តេចប្រមុខដឹកនាំ និងនិយាយអាក្រក់បំផ្លើសការពិតអំពីប្រទេសជាតិខ្លួនឯង ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកាន់តែអស់ជំនឿទុកចិត្ត»។

លោកបានបន្តទៀតថា ជោគជ័យដ៏ធំធេងអំពីការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ បានបង្ហាញកាន់តែច្បាស់ថា សន្ទុះនៃកំណើនគាំទ្រពីប្រជាពលរដ្ឋគឺមានកាន់តែខ្លាំងឡើងចំពោះ លោក ។
លោកបញ្ចាក់ថា «ជ័យជំនះនេះ គឺស្តែងឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋភាគច្រើនលើសលុបបំផុតនៅតែគាំទ្រ និងបោះឆ្នោតឱ្យ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកសាងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខ។
នេះគឺជាសញ្ញាបង្ហាញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះ ឆ្នោតនៅឆ្នាំ ២០១៨ ជាបន្តទៀត»។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានឱ្យដឹងថា CPP បានឈ្នះដាច់ដោយទទួលបានឃុំ/សង្កាត់ចំនួន ១១៥៦ ក្នុងចំណោមឃុំសង្កាត់ ១៦៤៦នៅទូទាំងប្រទេស ។
CPP ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ សរុប៦,៥០៣ ក្នុងនោះ មានមេឃុំ/ចៅសង្កាត់ ចំនួន១១៥៦អាសនៈ ជំទប់ទី១៖ ១១៣៩អាសនៈ និងជំទប់ទី២៖ ៥១០អាសនៈ។
លទ្ធផលនេះ ក៏បង្ហាញដែរថា គណបក្សប្រជាជនកម្ពុជា បានកើនឡើង ជាង៣០ម៉ឺនសំឡេង បើធៀបនឹងសំឡេង នៃការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣៕






Cambodia All Stars នឹងប៉ះជាមួយ Muangthong United នៅថ្ងៃទី១៦ កក្កដា ក្នុងជំនួបមិត្តភាព

ក្រុមបាល់ទាត់ Muangthong United ដែល​ជើង​ខ្លាំង​នៅ​លីក​កំពូល​របស់​ថៃ នឹង​ធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៤និង២០​នាទី ល្ងាច​ថ្ងៃ​សុក្រ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម Cambodia All Stars នៅ​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​នេះ។

ក្រុម​ទាំង​២​នឹង​ធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ ដែលនឹង​ធ្វើ​ឡើង​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រប់ៗគ្នាស្រឡាញ់សន្តិភាព!

យោងតាមទំព័រហ្វេសប៊ុករបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៧នេះ បានបង្ហោះសារថា៖
-គ្រប់ៗគ្នាស្រឡាញ់សន្តិភាព!
-គ្រប់ៗគ្នា ពេញចិត្តនឹងការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ!
-គ្រប់ៗគ្នា បានឃើញនិងដឹងច្បាស់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំដែលនៅរួមសុខរួមទុក្ខជា មួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ!
-គ្រប់ៗគ្នា នៅតែជឿទុកចិត្ត គាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ
-គណបក្សប្រជាជនកម្ពុជា ឈ្នះ គឺប្រជាពលរដ្ឋកម្ពុជា ឈ្នះទាំងអស់គ្នា៕





អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយមន្ទីរជំនាញ និងសមត្ថកិច្ច​សហការ​ជាមួយអាជ្ញាធរ​ ត្រូវបន្ត​រឹតបន្តឹង​ និងផ្សព្វផ្សាយ​ច្បាប់ស្ដីពី​ចរាចរណ៍​ផ្លូវគោក​

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តន៍ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅអនុវត្ត ឆមាសទី២ បានជម្រុញអោយមន្ទីរជំនាញ និងសមត្ថកិច្ចសហការជាមួយអាជ្ញាធរត្រូវបន្តរឹតបន្តឹង និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកអោយប្រជាជនយល់ និងចូលរួមទាំងអស់គ្នា។
កិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក កែវ ពៅ ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង៨ ចៅសង្កាត់ទាំង៤ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមសរុបចំនួន ១២៣នាក់។
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថា មន្ទីរជំនាញពាក់ព័ន្ធ និង សមត្ថកិច្ចត្រូវពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរដែនដី ត្រូវបន្តផ្សព្វផ្សាយគ្រប់រូបភាពជាពិសេស ក្នុងវេទិកាសាធារណៈ និង បន្តយកចិត្តទុក្ខដាក់ពិនិត្យរថយន្តដឹកលើសទំងន់ រថយន្តដឹកសំពីងសំពោង រថយន្តដឹកកម្មករ ពិនិត្យលូ និង រថយន្តដឹកដីលើសបច្ចេកទេស ពិនិត្យមើល និងត្រួតពិនិត្យបច្ចេកទេសគោយន្តកន្ត្រៃ និង រថយន្តកែឆ្នៃគ្រប់ប្រភេទផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា លើសពីនោះក៏ត្រូវពង្រឹងយន្តការលើការរស់នៅ លើទីសាធារណៈពិន័យរថយន្តតកន្ទុយ ពង្រឹងបន្ថែមមន្ត្រីអ្នកអនុវត្តន៍ច្បាប់ ធ្វើយ៉ាងណាអោយការអនុវត្តទៅប្រកបដោយតម្លាភាព ប្រសិទ្ធភាព ហើយការដាក់វិន័យទៅប្រជាពលរដ្ឋ ដែលធ្វើខុសអោយគាត់ទទួលយកបានទាំងអ្នកធំ និងអ្នកតូចមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់៕