ក្រចេះ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រោមអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការមេបញ្ជាការងកងរាជអាវុធហត្ថ មេបញ្ជាការមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ស្នងការស្នងការរងនគរបាលខេត្ត នាយកធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំចៅសង្កាត់ ស្មៀនឃុំសង្កាត់ និងមន្ត្រីរាជការសរុបប្រមាណជា ៤៥០នាក់។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា រយៈពេល១ថ្ងៃ មក នេះអង្គសន្និបាតបានចូលរួមធ្វើ ការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្ត អាជ្ញាធរ មន្ទីរជំនាញ បានអនុវត្តនាឆ្នាំ២០១៩កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្ត ដើមី្បឆ្លើយតបទៅនឹងតម្រូវការក្នុងក្រប ខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិដើមី្បឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិក្លាយជាស្ថាប័ន អភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈតាមបែបវិមជ្ឈការ និងសហវិមជ្ឈការ។
លោក ពេជ្រ ប៊ុនធិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តក្រចេះ បានថ្លែងជម្រុញស្នើឲ្យរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបន្តរួមសហការគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបដិវត្តពណ៌។ នាឱកាសនោះផងដែរ លោក បានមានប្រសាសន៍ផ្តាំផ្ញើមួយចំនួនទៀតរួមមាន៖
១- អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
២- ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម ជាពិសេសផ្តោតលើសក្តានុពលទេសចរណ៍ក្នុងខេត្ត ដោយត្រូវពង្រឹងគុណភាពសេវាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សំដៅបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
៣- ផ្តោតការយកចិត្តទុក្ខដាក់លើការគ្រប់គ្រងគុណភាពសំណង់ សំរាម កាកសំណង់រឹងរាវ និងការគ្រប់គ្រងបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព ដែលចាំបាច់ត្រូវគិតគូរអំពីវិធានការ និងដំណោះស្រាយ លើបញ្ហាប្រឈមទាំងនោះឲ្យបានសមស្រប និងទាន់ពេលវេលា។
៤- អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខាងផ្នែកនយោបាយ យ៉ាងមុតមាំក្នុងការជំរុញកិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យមានការវិវត្តទៅមុខជាបន្តបន្ទាប់ ដោយផ្តោតជាសំខាន់ ទៅលើការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
៥- អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។
៦- អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់នូវបទល្មើសឆ្លងដែន។
៧- ការពង្រឹងរបៀបរបបការងារក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ ជាមួយក្រុមប្រឹក្សារបស់ខ្លួន ស្របតាមច្បាប់រៀបចំអង្គការ និងគោលការណ៍ណែនាំនានាជាធរមានជាពិសេសនោះ មន្ទីរសុខាភិបាលខេត្ត ត្រូរបន្តពង្រឹង និងយកចិត្តទុកដាក់ក្នុងការតាមដាន និងអប់រំផ្សព្វផ្សាយ ដើម្បីទប់ស្កាត់នូវជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ដើម្បីប្រជាជនយើង និងប្រទេសយើង គ្មានការឆ្លង និងស្លាប់ដោយជម្ងឺនេះ៕