បទអត្ថាធិប្បាយ
សៀន
វិបុត្រ
ប្រឆាំងដើម្បីអភិវឌ្ឍ ឬប្រឆាំងដើម្បីបំផ្លាញជាតិ?
ក្រោយការប្រកាសលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
នៃរដ្ឋសភា គេបានឃើញយ៉ាងច្បាស់ពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនពួកគាត់បានសម្រេចផ្តល់សេចក្តីទុកចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា
ដែលគេស្រឡាញ់ គេពេញចិត្ត និងគេជឿជាក់។ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានបញ្ជាក់ថា
ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព។
ទោះជាលទ្ធផលបានបង្ហាញជាក់ស្តែងបែបនេះហើយក្តី
ក៏គណបក្សប្រឆាំងមិនទទួលស្គាល់ការពិតនោះឡើយ បែរជាដើរបង្កព្យុះភ្លៀង ស្ទើរគ្រប់ទីកន្លែងទៅវិញ។
គណបក្សប្រឆាំងបានដើរភូតកុហក បោកប្រាស់ប្រជារាស្ត្រឲ្យជឿលើខ្លួន
ហើកៀងគរពួកគាត់ឲ្យមកធ្វើបាតុកម្មឥតឈប់ឈរ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់
ដោយប្រើពាក្យយ៉ាងអសុរស គ្មានសីលធម៌ថា រាជរដ្ឋាភិបាលសព្វថ្ងៃជារាជរដ្ឋាភិបាលមិនគ្រប់ទឹក
រាជរដ្ឋាភិបាលគម្រក់។ ល ។
ក្នុងន័យនេះ យើងសូមសួរទៅលោកសម រង្ស៊ី
និងលោកកឹម សុខា ថា តើអ្នកទាំងពីរដឹងទេថា មានគណបក្សនយោបាយប៉ុន្មាន ដែលបានចុះក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល៥
នៃរដ្ឋសភានោះ? តើមានគណបក្សប៉ុន្មានដែលទទួលបានអាសនៈ នៅក្នុងរដ្ឋសភា?
តើគណបក្សណាដែលក្បត់នឹងរដ្ឋធម្មនុញ្ញ មិនទទួលស្គាល់ការកោះប្រជុំ របស់
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានោះ?
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៥នេះ
គឺបង្កើតឡើងដោយភាពត្រឹមត្រូវ ស្របច្បាប់ គឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងត្រូវឃ្លាំមើលដោយយកចិត្តទុកដាក់ពីសំណាក់អ្នកសង្កេតការណ៍ជាតិ
និងអន្តរជាតិ។ អង្គការសហប្រជាជាតិក្តី បណ្តាប្រទេសជាមិត្តនឹងកម្ពុជាក្តី
បានទទួលស្គាល់រាជរដ្ឋាភិបាល ដែលទើបនឹងបង្កើតឡើងនេះ។
គណបក្សប្រឆាំងធ្វើអ្វីៗ ដើម្បីតែអំណាចរបស់ខ្លួន
និងបក្ខពួកខ្លួនតែប៉ុណ្ណោះ មិនបានគិតពីផលប្រយោជន៍ប្រជារាស្ត្រ
និងជាតិជាធំនោះទេ។ រាល់សកម្មភាពរបស់ខ្លួនគ្រប់យ៉ាង គឺធ្វើដើម្បីតែ មហិច្ឆតារបស់ខ្លួនតែម្យ៉ាង
មិនគិតប្រយោជន៍ជាតិ មិនគោរពច្បាប់ប្រទេសឡើយ។
សួរថាពេលដែលប្រជាជនជួបបញ្ហាគ្រោះទឹកជំនន់
តើគណបក្សប្រឆាំងបានធ្វើអ្វីខ្លះ? មេបក្សប្រឆាំងគិតតែអំពាវនាវឲ្យប្រជាជនចូលរួមធ្វើបាតុកម្មឲ្យបានច្រើនកុះករ។
គេសប្បាយចិត្តនឹងឃើញអ្នកគាំទ្ររបស់គេនៅស្រែចម្ការ បិទទ្វាផ្ទះ ចោលគោ ក្របី
វេចបាយកញ្ចប់មកចូលរួមបាតុកម្មរបស់ពួកគេ។ លើសពីលើនេះ ពួកគេបានសុំបិណ្ឌបាតប្រជាជន
ឲ្យចូលមូលនិធិសង្រ្គោះជាតិ ដើម្បីផ្គង់ផ្គង់ការធ្វើបាតុកម្មរបស់ខ្លួន
ដោយមិនគិតគូរពីប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ឡើយ។ ថែមពីលើនេះទៀត នៅពេលដែលប្រទេសកំពុងត្រូវការជំនួយ
ត្រូវការការវិនិយោគទុនពីបរទេស ដើម្បីអភិវឌ្ឍប្រទេសជាតិ គណបក្សប្រឆាំងបែរជាអំពាវនាវម្តងហើយម្តងទៀត
ព្រមទាំងបានចេញលិខិតចំហមួយ ផ្ញើឲ្យបរទេស ឈប់ផ្តល់ជំនួយ ឈប់ផ្តល់ប្រាក់កម្ចី
និងឈប់វិនិយោគនៅកម្ពុជាតទៅទៀតជាដើម។ ពួកនេះបានស្រែកឡាំប៉ាដាក់គេ ដោយចោទបំភាន់ការពិតថា
រាជរដ្ឋាភិបាលសព្វថ្ងៃមិនស្របច្បាប់។
មកដល់ពេលនេះ
គណបក្សប្រឆាំងនៅតែមិនព្រមទទួលស្គាល់ថាខ្លួនចាញ់ទៀត នៅតែក្រាញននៀល ចង់បានតំណែងនាយករដ្ឋមន្ត្រី
ដោយមិនខ្វល់ពីអ្វីទាំងអស់ ឲ្យតែខ្លួនបានអំណាច។ លោកសម រង្ស៊ី និងលោកកឹម
សុខា តែងតែនិយាយថា ខ្លួនចង់លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន
តែអ្នកទាំងពីរមិនបានគិតទេថា ប្រជាពលរដ្ឋភាគច្រើនជាកសិករ អ្នកស្រែចម្ការ រកស៊ី
ដើម្បីចិញ្ចឹមជីវិតគ្រួសារ។ មួយវិញទៀត
រដូវនេះ ជារដូវប្រមែប្រមូលផលស្រូវ
ផលដំណាំផងនោះ ។ ចុះបើពួកគាត់រវល់តែមកចូលរួមធ្វើបាតុកម្ម តើជីវិត
និងជីវភាពក្រុមគ្រួសារទាំងមូលនឹងក្លាយទៅជាយ៉ាងណាទៅ? ហើយចុះ
កសិផលរបស់ពួកគាត់វិញនោះ តើពួកគាត់ត្រូវទុកផល ដែលត្រូវច្រូតកាត់
ឬទុកឲ្យបន្លែ ដែលត្រូវបេះ ឲ្យចោលខូច ឬយ៉ាងណា?
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយចំពោះប្រជាពលរដ្ឋនោះ
គឺក្តីរំពឹងដែលពួកគេផ្ញើសេចក្តីទំនុកចិត្តលើលោកសម រង្ស៊ី និងលោកកឹម
សុខានោះ ត្រូវបានបុគ្គលទាំងពីររូបនេះ ជាន់ឈ្លីស្ទើរទាំងស្រុងទៅហើយ
ដូចជាមូលនិធិដែលបងប្អូនប្រជាពលរដ្ឋបានខិតខំរៃអង្គាស បេះពីមាត់ ពង្រាត់ពីក
យកមកចូលរួមជាមួយគណបក្សសង្រ្គោះជាតិបានចំនួនជាង១០ម៉ឺនដុល្លារនោះ ត្រូវបានបុគ្គលល្មោភអំណាចទាំងពីរ
កេងប្រវ័ញ្ចស្ទើរគ្មានសល់។ បើសិនជាមេបក្សប្រឆាំងគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រ
និងប្រទេសជាតិជាធំពិតមែននោះ ច្បាស់ជាមេបក្សប្រឆាំងមិនយកប្រជារាស្ត្រធ្វើជាឈ្នាន់នយោបាយ
ដើម្បីឈានទៅរកអំណាច ដែលខ្លួនតែងតែស្រមៃចង់បាន នោះទេ។
ដូច្នេះ
គណបក្សប្រឆាំងគួរតែរួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនទៅមុខ
កុំឲ្យបរទេសមួយចំនួនមាក់ងាយប្រទេសយើង។ បើជាខ្មែរ ត្រូវតែស្រឡាញ់ខ្មែរ ដូចពាក្យថា
«ខ្មែរតែមួយ អនាគតតែមួយ» កុំប្រឆាំងដើម្បីអំណាចបុគ្គល
ឬដើម្បីបំផ្លាញជាតិ គួរតែប្រឆាំងដើម្បីស្ថាបនាប្រទេសទើបប្រសើរ។ ហេតុនេះ គណបក្សប្រឆាំងគួរបញ្ឈប់នូវរាល់ទង្វើទាំងឡាយដែលមិនបានផ្តល់ផលប្រយោជន៍ចំពោះប្រជាជន
និងប្រទេសជាតិតទៀតទៅ។
អំពីអ្នកនិពន្ធ ៖ សៀន វិបុត្រ ជាជនពិការភ្នែកទាំងពីរ
បញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តឆ្នាំ២០១០
បញ្ចប់វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់
ផ្នែករដ្ឋបាលទូទៅ និងនយោបាយ
នៅសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១១